ពំនូកខ្សាច់ ដែលត្រូវបានចាក់គរចោលបន្តៗគ្នា ស្ថិតនៅលើខឿនពុះចែកទ្រូងផ្លូវនៃចំណុចផ្លូវមួយកន្លែង ក្នុងខេត្តកំពង់ធំ ឃើញថា បានកំពុងបង្កជាបញ្ហាធ្វើឲ្យអ្នកធ្វើដំណើរ ពិសេសរថយន្តតូចធំ មានការធុញទ្រាន់ជាខ្លាំង ព្រោះតែពិបាកនឹងបើកគេចពំនូកខ្សាច់ទាំងនោះ ដែលហៀរចូលក្នុងចំណីផ្លូវ។
បើតាមប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងផ្លូវនោះ បានប្រាប់ឲ្យដឹងថា ពំនូកខ្សាច់ទាំងនេះ ត្រូវបានគេយកមកចាក់ទុកចោលយូរខែមកហើយ ដោយពុំឃើញធ្វើអ្វីនោះទេ។ ហេតុនេះ ពួកគាត់ពិតមានការព្រួយបារម្ភជាខ្លាំង ចំពោះសុវត្ថិភាពបងប្អូនអ្នកធ្វើដំណើរ ជាពិសេសអ្នកដែលពុំធ្លាប់ធ្វើដំណើរឆ្លងកាត់ផ្លូវនេះ អាចជួបគ្រោះថ្នាក់ជាពិសេសនៅពេលយប់ ព្រោះតែអាចវាក់នឹងពំនូកខ្សាច់ទាំងនេះដែលហៀរចូលចំណីផ្លូវចាក់បន្តកន្ទុយគ្នាបែបនេះ។
ជាមួយគ្នានេះផងដែរ ប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរ ក៏សំណូមពរដល់ក្រសួងសាធារណការ និងដឹកជញ្ជូន មេត្តាចុះត្រួតពិនិត្យ ដោះស្រាយបញ្ហាដែលកំពុងបង្កហានិភ័យគ្រោះថ្នាក់នេះផង៕ ដោយ៖ លឹម ហុង