Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ស្នើ​ភាគី​ចិន​ ជួយ​ទិញ​កសិផល​ពី​កម្ពុជា​

spot_img

ទីក្រុង​ប៉េកាំង ប្រទេស​ចិន ៖ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា បាន​ស្នើ​ឲ្យ​ភាគី​ចិន ដែលមាន លោក​Zhong Shan រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន ជួយ​ទិញ​កសិផល​ពី​កម្ពុជា ឲ្យបាន​កាន់តែ​ច្រើន​ថែមទៀត​។ សំណូមពរ​នេះ ត្រូវបាន​លើកឡើង​ក្នុង​ជំនួប​ជាមួយ​លោក Zhong Shan រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។​

​លោក ប៉ាន សូរ​ស័ក្ដិ បាន​ថ្លែងថា ក្រៅពី​អង្ករ​ដែល​ទទួលបាន​កូតា​នាំចូល​ប្រទេស​ចិន​ចំនួន ៣០ ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០១៨​នេះ កម្ពុជា​មាន​កសិផល​ជាច្រើន​ទៀត ដូចជា ដំឡូង​មី ពោត ចេក មៀន ស្វាយ ស្វាយចន្ទី កៅស៊ូ ។​ល​។ ដែល​កំពុង​សំឡឹងមើល​ទីផ្សារ​ប្រទេស​ចិន សម្រាប់​ធ្វើ​ការនាំចេញ​។ ចំពោះ​ម្ស៉ៅដំឡូង​មី ដែល​កំពុង​នាំ​ចូល​ទីផ្សារ ប្រទេស​ចិន លោក​រដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​ភាគី​ចិន ជួយ​សម្រួល​យ៉ាងណា ដើម្បី​ឲ្យ​កម្ពុជា អាច​នាំ​ចូល​ទីផ្សារ​ចិន​បាន​កាន់តែ​ច្រើន​។​

​លោក Zhong Shan រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន បាន​មានប្រសាសន៍ថា ក្នុងនាម​ជា​បងប្អូន​នឹង​គ្នា នឹង​សម្របសម្រួល​ជាមួយ​ផ្នែក​ពាក់ព័ន្ធ ពិសេស​អាជ្ញាធរ AQSIQ ដើម្បី​បង្កើន​ការនាំ​ចូល​កសិផល​ពី​កម្ពុជា​មក​កាន់​ទីផ្សារ​ប្រទេស​ចិន​។​

​លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្ដិ ក៏​បាន​មានប្រសាសន៍​ផងដែរ​ថា កម្ពុជា​នឹង​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ផុលផុស​ថែម​ទៀត តាមរយៈ​ការតាំងពិព័រណ៍​ពាណិជ្ជកម្ម ការរៀបចំ​វេទិកា និង​ជំនួប​ពាណិជ្ជកម្ម​នានា ព្រមទាំង​ការដោះដូរ​ព័ត៌មាន​ពាណិជ្ជកម្ម​ជាមួយ​ភាគី​ចិន​។​

​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ស្តង់ដារ​ម្ហូបអាហារ​, e-Commerce និង ITC ភាគី​ទាំងពីរ​បាន​ឯកភាព​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើការ​លម្អិត​ជាមួយគ្នា បន្ទាប់មក​ជូន​រដ្ឋមន្ត្រី​សម្រេច​។​

​ចំពោះ​សំណើ​របស់​កម្ពុជា ដែល​ស្នើ​ភាគី​ចិន​ជួយ​ជំរុញ​ឲ្យ​បញ្ចប់​ការចរចា RCEP នៅ​ឆ្នាំ​២០១៨ លោក Zhong Shan បានបញ្ជាក់​ថា ប្រាកដ​ណាស់​ចិន​នឹង​ជំរុញ​កិច្ចការ​នេះ ដើម្បី​ផលប្រយោជន៍​តំបន់​ទាំងមូល​។​

​លោក​រដ្ឋមន្ត្រី​ចិន បានស្នើ​កម្ពុជា​ជួយ​ជំរុញ​ឲ្យ​ពាណិជ្ជករ​កម្ពុជា​ចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម​ទំនិញ​នាំចូល ដែល​នឹង​ប្រព្រឹត្តិ​ធ្វើឡើង​នៅ​ទីក្រុង​សៀង​ហៃ នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៨​។ ជា​ការឆ្លើយតប លោក ប៉ាន សូរ​ស័ក្ដិ បាន​ជម្រាប​ភាគី​ចិន​ថា កម្ពុជា​នឹង​ចូលរួម​ពិព័រណ៍​ដ៏​មាន​សារសំខាន់​នេះ ដោយ​ខិតខំ​ជំរុញ​ឲ្យមាន​អ្នក​ចូលរួមបាន​ច្រើន ដើម្បី​បង្ហាញ​ផលិតផល​ខ្មែរ ដល់​អន្តរជាតិ​ឲ្យបាន​ស្គាល់​កាន់តែ​ច្រើន​ថែមទៀ​ត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×