Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​កាសែត​ហុងកុង​ដ៏​មាន​ឥទ្ធិពល និង​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​ប៉េកាំង ត្រូវ​ចាប់ខ្លួន​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​

spot_img

​លោក Jimmy Lai អ្នក​ដែលមាន​អំណាច និង​ឥទ្ធិពល​ម្នាក់​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហុងកុង ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ចន្ទ​នេះ ក្រោយ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ពីបទ​ឃុបឃិត​ជាមួយ​កងកម្លាំង​បរទេស​។
​ការចាប់ខ្លួន​លោក បង្ហាញ​ឲ្យ​កាន់តែ​ឃើញ​ខ្លាំង​ពី​ការបង្ក្រាប​លើ​អ្នកគាំទ្រ​ប្រជាធិបតេយ្យ​។​

​ជំនួយការ​របស់លោក​ផ្ទាល់​ឈ្មោះ Mark Simon បាន​ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ដូច្នេះ​ថា “​ពួកគេ​ចាប់គាត់​នៅផ្ទះ កាលពី​ព្រឹក​ម៉ោង ៧​។ មេធាវី​ពួកយើង​កំពុងតែ​ធ្វើដំណើរ​ទៅកាន់​ប៉ុស្តិ៍​ប៉ូលិស​”​។​

​លោក​បន្ថែមថា សមាជិក​មួយចំនួន​នៃ​ក្រុម​ផ្សព្វផ្សាយ​របស់លោក Jimmy Lai ក៏​ត្រូវបាន​ចាប់ខ្លួន​ផងដែរ​។​

​លោក Jimmy Lai ជា​ម្ចាស់​កាសែត Apple Daily និង​ទស្សនា​វ​ដ្តី Next Magazine ដែលជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ និង​ជា​អ្នក​រិះគន់​ក្រុង​ប៉េកាំង​។​

​សូម​រំលឹកថា កាលពី​ពីរ​សប្តាហ៍​មុនពេល រដ្ឋាភិបាល​ចិន​បានចេញ​ច្បាប់​សន្តិសុខសម្រាប់​ទីក្រុង​ហុងកុង លោក Jimmy Lai បាន​ថ្លែងប្រាប់ AFP នៅ​ពាក់កណ្តាល​ខែមិថុនា​ដូច្នេះ​ថា “​ខ្ញុំ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​គុក​។ ប្រសិន​វា​កើតឡើង ខ្ញុំ​នឹងមាន​ឱកាស​អាន​សៀវភៅ​ដែល​ខ្ញុំ​មិន​ធ្លាប់​អាន​។ អ្វីដែល​ខ្ញុំ​អាចធ្វើ​បាន​គឺ ត្រូវតែ​វិជ្ជមាន​”​។​

​ច្បាប់​សន្តិសុខ​របស់​ក្រុង​ប៉េកាំង​មាន​គោលបំណង​ទប់ស្កាត់​ការ​ផ្តាច់ខ្លួន ភេរវកម្ម និង​ការឃុបឃិត​ជាមួយ​បរទេស ប៉ុន្តែ​អ្នកជំនាញ​បាន​រិះគន់ថា ច្បាប់​នោះ​នឹង​បំផ្លាញ​ដល់​ស្វ័យភាព​កម្រិត​ខ្ពស់​របស់​ហុងកុង​។​

​ទាំង​ចិន និង​ហុងកុង បាន​និយាយថា ច្បាប់​នោះ​នឹងមិន​ប៉ះពាល់​ដល់​សេរីភាព​ប្រជាជន​ឡើយ​។​

​ទីក្រុង​ហុងកុង ត្រូវបាន​អង់គ្លេស​ប្រគល់​ទៅ​ឲ្យ​ចិន​វិញ កាលពី​ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៧ ក្រោម​កិច្ចព្រមព្រៀង​មួយ ដែល​ផ្តល់​សេរីភាព និង​ស្វ័យភាព​កម្រិត​ខ្ពស់​ដល់ទី​ក្រុង​ហុងកុង​រយៈពេល ៥០​ឆ្នាំ​។ ហុងកុង​ជា​ផ្នែក​មួយ​របស់​ចិន ប៉ុន្តែ​ហុងកុង​មាន​ប្រព័ន្ធ​ដឹកនាំ​ដោយឡែក​ពី​ចិន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP​

spot_img
×