Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ម៉ែន វិបុល ជំរុញ​ឲ្យ​ពលទាហាន ត្រូវការពារ​សុខសន្តិភាព​និង​រាជរដ្ឋាភិបាល និង​រួមគ្នា​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩

spot_img

​ខេត្តស្វាយរៀង​៖ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព រដ្ឋបាលខេត្ត បានធ្វើ​ការជំរុញ​ដល់​នាយទាហាន​នាយទាហានរង និង​ពលទាហាន ត្រូវតែ​ការពារ​ឲ្យ​បាន​ដាច់ខាត​នូវ​សន្តិភាព និង​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​កើតចេញពី​ការបោះឆ្នោត និង​រួមគ្នា​ប្រយុទ្ធ​ជំងឺ​កូ​វីដ​១៩ នៃ​រលក​ទី​២ ដោយ​ផ្តើមចេញពី​ការធ្វើ​អនាម័យ​ជាប្រចាំ​។​

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​ដូច្នេះ ក្នុងឱកាស​ដែល​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​រៀបរយ យុទ្ធវិធី​ថ្មើរជើង​បច្ចេកទេស អប់រំ​ចិត្តសាស្ត្រ និង​ក្បាច់គុន នៅ​ទីបញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០​។​

​លោក​បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ក្តី​នឹករលឹក ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ នៅ​តំបន់សឹករង​ស្វាយរៀង​ផងដែរ​។​

​លោក​អភិបាលខេត្ត បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង នាយទាហាន នាយទាហានរង ពលទាហាន​ទាំងអស់ ដែល​កន្លងមក បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​កិច្ចការ​សង្គម និង​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ពេល​ជួបប្រទះ​នូវ​គ្រោះមហន្តរាយធម្មជាតិ គ្រោះថ្នាក់​សង្គម​ផ្សេងៗ និង​ក្នុង​ការងារ​ថែរក្សា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ នៅក្នុង​ខេត្ត​បានល្អ​ប្រសើរ ជាពិសេស​នៅក្នុង​ដំណើរការ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក អាណត្តិ​ទី​៣ ឆ្នាំ​២០១៩​។​

​លោក ម៉ែន វិបុល បាន​បញ្ជាក់ថា ចំពោះ​វគ្គ​ហ្វឹកហ្វឺន​ដែល​រៀបចំ​នៅថ្ងៃនេះ ជា​លើក​ទី​៣ ហើយ​ដែល​កាលពី​លើក​ទី​១ គឺ​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​លំ​ហាត់​របៀប ក្បាច់គុន អប់រំ​ចិត្តសាស្ត្រ នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៦ និង​លើក​ទី​២ វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ការពារ​ព្រំដែន នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ និង​លើក​ទី​៣ ធ្វើឡើង​នៅថ្ងៃនេះ​។

​លោក​អភិបាលខេត្ត បាន​ផ្ដាំផ្ញើ​ដល់​នាយទាហាន នាយទាហានរង ពលទាហាន និង​សិក្ខាកាម​ទាំងអស់ នូវ​កិច្ច​ការសំខាន់ៗ​មួយចំនួនទៀត ដូចជា ត្រូវតែ​ការពារ​ឲ្យ​បាន​ដាច់ខាត​នូវ​សន្តិភាព និង​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​កើត ចេញពី​ការបោះឆ្នោត ។ ត្រូវ​រក្សា​ការស្មោះត្រង់​ដាច់ខាត​ចំពោះ​ជាតិ​មាតុភូមិ និង​លើកកម្ពស់​មនសិការ​ស្នេហា​ជាតិ គោរព​ឲ្យ​បាន​ម៉ឺងម៉ាត់ រាល់​តួនាទី​ភារកិច្ច​របស់​កងទ័ព ក្នុងការ​ពង្រឹង​ខឿន​ការពារជាតិ ការពារ​ឯករាជ្យភាព សន្តិភាព ការពារ​បន្ទាត់​ព្រំដែន និង​បូរណភាព​ទឹកដី​។ លើ​មូលដ្ឋាន​នេះ ត្រូវ​ត្រៀមខ្លួន​ជានិច្ច ដើម្បី​អនុវត្ត និង​ធ្វើ​ឲ្យ​បានសម្រេច​ជោគជ័យ នូវ​រាល់​បទបញ្ជា​របស់​រាជ​រដ្ឋាភិបាល របស់​ក្រសួងការពារជាតិ និង​អគ្គបញ្ជាការ​ដែល​ប្រគល់ជូន ។ ត្រូវ​ចូលរួម​ថែរក្សា​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ភូមិសាស្ត្រ​ខេត្ត និង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ។ ត្រូវ​រក្សា​ការ​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ​ប្រសើរ ជាពិសេស​ជួរ​នាយទាហាន និង​មេបញ្ជាការ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌ គោរព​វិន័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ។ ក្រៅពី​វគ្គ​ហ្វឹកហ្វឺន​នេះ ពលទាហាន​យើង​ទាំងអស់ ក៏ត្រូវ​ខិតខំ​ហ្វឹកហ្វឺន​រៀនសូត្រ និង​ពង្រឹងសមត្ថភាព​ជំនាញ​វិជ្ជាជីវៈ​ផ្សេងៗ​ឲ្យ​បាន​ជាប់​ជាប្រចាំ ព្រមទាំង​ត្រូវ​លើកកម្ពស់​ស្មារតី​ទទួលខុស ត្រូវ​ក្នុងការ​គ្រប់គ្រង​ថែរក្សា​សម្ភារ បរិក្ខា សព្វាវុធ និង​គ្រឿង​បំពាក់​ផ្សេងៗ​ឲ្យ​បានល្អ ប្រើប្រាស់​ឲ្យ​ចំ​ទិសដៅ និង​ទុកដាក់​ថែរក្សា​ឲ្យ​បាន​ត្រឹមត្រូវ ។​

​បើតាម​លោក​អភិបាលខេត្ត ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​កម្លាំង​ទ័ព​ឲ្យ​បាន​ហ្មត់ចត់ និង​មាន​វិធានការ​ជាក់ស្ដែង​ក្នុងការ​ចិញ្ចឹម​ទ័ព លើកកម្ពស់​ជីវភាពរ​ស់​នៅ និង​ការថែរក្សា​សុខុមាលភាព​យោធិន​ឲ្យ​បាន​មាំមួន ចៀសវាង​ជំងឺឆ្លង​ផ្សេងៗ ព្រមទាំង​ត្រូវខិតខំ​កសាង​ជំរំ​ជម្រក​ស្នាក់នៅ​ឲ្យ​បាន​សមរម្យ និង​ធានា​សុវត្ថិភាព​បានល្អ និង​សូម​ឲ្យ​កងកម្លាំង​របស់​យើង បន្ត​យកចិត្តទុកដាក់​ថែរក្សា​អនាម័យ រស់នៅ​ស្អាត ហូប​ស្អាត លាង​សម្អាត​ដៃ និង​ពាក់​ម៉ាស​ឲ្យ​បានជា​ប្រចាំ ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​វគ្គ​ហ្វឹកហ្វឺន​របស់​យើង​ត្រូវ​ប្រតិបត្តិ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ស្របតាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល (​វាស់​កម្ដៅ ពាក់​ម៉ាស មាន​ជែ​ល ឬ​ទឹក​អាល់កុល​សម្រាប់​លាងដៃ និង​រក្សា​គម្លាត​សង្គម​) ។ ត្រូវ​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ដែនដី អង្គភាព​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ ក្នុង​គោលដៅ​ពង្រឹង​ការទំនាក់ទំនង បង្កើន​ការជឿជាក់ ការស្រឡាញ់​រាប់អាន​ពី​ប្រជាពលរដ្ឋ និង​ជួយ​ប្រជាពលរដ្ឋ​ពេល​មាន​គ្រោះមហន្តរាយ​នានា​ជាយថាហេតុ​៕​ដោយ​៖ វ៉ៃ​កូ​

 

spot_img
×