Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​លុបបំបាត់​ជំងឺ​ត្រាក់កូម ទទួលស្គាល់​របស់​អង្គការ​សុខភាព​ពិភពលោក​

spot_img

​ភ្នំពេញ​៖ ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​នូវ​សមិទ្ធផល​ដ៏​ធំធេង​ថ្មី​មួយទៀត គឺ​ការលុបបំបាត់​ជំងឺ​ត្រាក់កូម ដែលជា​បញ្ហា​សុខភាព​សាធារណៈ​មួយ​ដែរ​នៅ​កម្ពុជា​។ ជំងឺ​ត្រាក់កូម ជា​ជំងឺ​ភ្នែក​ដែល​កើតឡើង​ដោយ​ការឆ្លង​មេរោគ​បាក់តេរី​ក្លា​មី​ដ្យា ត្រា​កូ​ម៉ា​ទី​ស​។ វា​ជា​ជំងឺឆ្លង​នា​មុខ​គេ​នៅលើ​ពិភពលោក ដែល​បណ្តាល​ឲ្យ​អ្នកជំងឺ​ងងឹតភ្នែក​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី​១២​ខែតុលា​ឆ្នាំ​២០១៧ ស្តីពី ការទទួលស្គាល់​របស់​អង្គការ​សុខភាព​ពិភពលោក នូវ​ការលុបបំបាត់​ជំងឺ​ត្រាក់កូម​នៅ​កម្ពុជា ៖ ការចម្លង​មេរោគ​កើតលើង​តាមរយៈ​ការប៉ះពាល់​ដោយផ្ទាល់​ទឹកភ្នែក ឬ​ពពឹកភ្នែក​របស់​អ្នកជំងឺ ជាពិសេស​ក្មេង​តូចៗ​។ វា​អាច​ចម្លង​តាមរយៈ​សត្វ​រុយ​ដែល​ទុំ​លើ​ភ្នែក ឬ​ច្រមុះ​អ្នកជំងឺ​។ ការ​ចម្លងរោគ​កើតឡើង​ដោយសារ​កង្វះ​អនាម័យ​។​

​នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៦៨ របស់​គណៈកម្មការ​អង្គការ​សុខភាព​ពិភពលោក បំ​បន់​ប៉ាស៊ីហ្វិក​ខាងលិច​នៅ​ទីក្រុង​ប្រីស​ស្បែ​ន ប្រទេស​អូស្ត្រាលី ដោយ​លោក​បណ្ឌិត តេ​ដ្រូ​ស អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក បានប្រគល់​លិខិតបញ្ជាក់​ពី​ការលុបបំបាត់​ជំងឺ​ត្រាក់កូម​នៅ​កម្ពុជា ជូន​ក្រសួងសុខាភិបាល ដែល​ទ​ទួ​ក​យក​ដោយ សកម្មភាព​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន អគ្គនាយក​បច្ចេក​ទេ​សុខាភិបាល និង​ជា​ប្រធាន​គណៈប្រតិភូ នៃ​ក្រសួងសុខាភិបាល តំណាង​លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ។​

លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បាន​មានប្រសាសន៍ថា នៅ​ចន្លោះ​ឆ្នាំ​២០១៤​ដល់​២០១៦ ក្រុម​ត្រួតពិនិត្យ​បានធ្វើការ​វាយតម្លៃ​យ៉ាង​ហ្មត់ចត់ អំពី​ស្ថានភាព​ជំងឺ​ត្រាក់កូម នៅ​កម្ពុជា និង​បាន​សន្និដ្ឋានថា វា​លែង​ជា​បញ្ហា​សុខភាព​សាធារណៈ​ទៀតហើយ​។ ក្រសួង​បាន​លុបបំបាត់​ជំងឺ​ត្រាក់កូម ដែលជា​ជំងឺឆ្លង​តំបន់​ត្រូ​ពិ​កប​ង្ក​នូវ​ការឈឺចាប់ និង​ភាព​ងងឹតភ្នែក​នៅក្នុង​ប្រទេស​កម្ពុជា​។ ការសម្រេចបាន​នូវ​គោលដៅ​នេះ កើតឡើង​ពី​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ការចូលរួម​សស្រាក់​ស​ស្រា​ពី​ថ្នាក់ដឹកនាំ និង​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​មន្ត្រី​សុខាភិបាល​គ្រប់លំដាប់​ថ្នាក់ ព្រមទាំង​ការចូលរួម​របស់​ប្រជាជន​កម្ពុជា​ផងដែរ​។ ម្យ៉ាងវិញទៀត ក្រសួង​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ចែករំលែក​បទពិសោធន៍​នេះ​ដល់​ប្រទេស​នានា ក្នុង​តំបន់​ក៏ដូចជា​ពិភពលោក​។​

​ក្រសួងសុខាភិបាល ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ តាមរយៈ​លទ្ធផល​គួរ​ជាទី​មោទនៈ​នេះ ជូន​ដល់​ថ្នាក់ដឹកនាំ និង​បុគ្គលិក​សុខាភិបាល​គ្រប់លំដាប់​ថ្នាក់ ព្រមទាំង​ដៃគូ​សុខាភិបាល​ទាំងអស់ ដែលមាន​ការប្តេជ្ញាចិត្ត​ខ្ពស់ និង​ចូលរួម​យ៉ាងសកម្ម​ប្រយុទ្ធ​នឹង​ជំងឺ​នេះ​ជាច្រើន​ឆ្នាំកន្លងមក រហូត​ទទួលបាន​ជោគជ័យ​។​

​គួរ​រំលឹក​ផងដែរ កម្មវិធី​ជាតិ​សុខភាព​ភ្នែក​នៅ​ប្រទេស​កម្ពុជា ត្រូវបាន​បង្កើតឡើង​នា​ឆ្នាំ​១៩៩៥ ដោយសារ​ជំងឺ​ត្រាក់កូម​ត្រូ​បានកំណត់​ថា​ជា​បញ្ហា​សុខា​ភាព​សាធារណៈ​មួយ​ដែរ ហើយ​ការលុបបំបាត់​ជំងឺ​នេះ ក៏បាន​ក្លាយជា​គោលដៅ​ដ៏​សំខាន់​មួយ​របស់​ក្រសួងសុខាភិបាល​។​ការវាយតម្លៃ​ជា​បន្តបន្ទាប់ ត្រូវបាន​ធ្វើឡើង​យ​នា​ឆ្នាំ​២០០០ បន្ទាប់មក​មានការ​អនុវត្ត​សកម្មភាព​ត្រួតពិនិត្យ​ជំងឺ​ត្រាក់កូម រួមមាន​ការវះកាត់ ជំងឺ​ប្រែង​ចាក់​ភ្នែក​ចំនួន​១០២៦៤​នាក់ ការព្យាបាល​ភ្នែក​សិស្សសាលា​និង​ប្រជាជន​ក្នុង​សហគមន៍​ក៏ដូចជា​ការអប់រំ​សុខភាព​។ ការខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​ប្រសើរឡើង​ការប្រើប្រាស់​ទឹកស្អាត និង​អនាម័យ​នៅ​ទូទាំងប្រទេស ក៏​ជា​ផ្នែក​មួយ​ដែល​រួមចំណែក​ធ្វើ​ឲ្យ​សម្រេចបាន​នូវ​លទ្ធផល នៃ​ការលុបបំបាត់​ជំងឺ​ត្រាក់កូម​នេះ​ផងដែរ​។​

​អង្គការ​សុខភាព​ពិភពលោក ប្រកាស​ទទួលស្គាល់​ការលុបបំបាត់​ជំងឺ​ត្រាក់កូម​ថា​លេង​ជា​បញ្ហា​សុខភាព​សាធារណៈ​លុះត្រាតែ​ប្រទេស​នោះ​អាច​បង្ហាញ​នូវ​៖ ១)​កុមារ​អាយុ​ពី​១​ដល់​៩​ឆ្នា មាន​ចំនួន​តិចជាង​៥​ភាគរយ មាន​រោគសញ្ញា​សកម្ម ជំងឺ​ត្រាក់កូម ដែល​ត្រូវ​ព្យាបាល​ដោយ​ថ្នាំ​ដំណក់​អង់​ទី​ប៊ី​យ៉ូ​ទិ​ក ២)​ប្រជាជន​អាយុ​លើ​ពី​១៥​ឆ្នាំ ក្នុង​ទម្រង់​ជំងឺ​ត្រាក់កូម​ប្រែង​ចាក់​ភ្នែក​ធ្ងន់ធ្ងរ មាន​អត្រា​តិចជាង​០,២​ភាគរយ និង​៣)​ប្រព័ន្ធ​សុខាភិបាល​អាច​កំណត់ និង​គ្រប់គ្រង​គ្រប់​ករណី​ថ្មី​នៃ​ជំងឺ​ប្រែង​ចាក់​ភ្នែក​។​

​លោក​វេជ្ជបណ្ឌិត លូវ យ៉ុង​ហ្គ័​រ តំណាង​អង្គការ​សុខា​ភាព​ពិភពលោក​ប្រចាំ​កម្ពុជា បាន​លើកឡើងថា ការទទួលបាន​លិខិតបញ្ជាក់​នាពេលនេះ គឺ​បញ្ជាក់​ពី​សមិទ្ធផល​ថ្មី​មួយទៀត ដែល​សម្រេចបាន​នៅក្នុង​វិស័យ​សុខាភិបាល​កម្ពុជា ។ ការ​ចម្លងជំងឺ​ត្រាក់កូម​បង្ក​ផលប៉ះពាល់​ម្តង​ហើយ​ម្តងទៀត​ដល់​កុមារ និង​សហគមន៍​ក៏ដូចជា​ឈានទៅរក​ការ​ងងឹតភ្នែក​ដែល​មិនអាច​ព្យាបាល​បាន​។ ការពិការ​ភ្នែក ឬ​ងងឹតភ្នែក​ជា​លទ្ធផល​ធ្ងន់ធ្ងរ ក្នុង​បទពិសោធន៍​ជីវិត​របស់​អ្នកជំងឺ​ផ្ទាល់ និង​គ្រួសារ​របស់​ពួកគេ ដែលជា​ធម្មតា​បានកើត​ឡើង​ក្នុងចំណោម​អ្នកក្រីក្រ​បំផុត​។ ប្រទេស​កម្ពុជា បាន​ជំនះ​ឧបសគ្គ​បញ្ហា​សុខភាព​សាធារណៈ​នេះ ដោយបាន​សម្រេចចិត្ត​ត្រឹមត្រូវ​សម្រាប់​សុខភាព​ប្រជាជន​របស់ខ្លួន​។​

​ក្រសួងសុខាភិបាល កំពុង​អនុវត្ត​កម្មវិធី​តាមដាន​ជំងឺ​ប្រែង​ចាក់​ភ្នែក ដើម្បី​ធានាថា គ្រប់​អ្នកជំងឺ​ដែល​បាន​រកឃើញថា​មាន​ជំងឺ​ប្រែង​ចាក់​ភ្នែក​ត្រូវបាន​ព្យាបាល​ភ្លាមៗ ហើយ​កម្មវិធី​ជាតិ​សុខាភិបាល​ភ្នែក​តាមដាន​របាយការណ៍​ពី​ផ្នែក​ពិនិត្យ​ព្យាបាល​ភ្នែក​៕​ដោយ​៖​ជាលី​

  

spot_img
×