Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្ដេច​ក្រឡាហោម បញ្ជាក់ថា មន្ដ្រី​ខ្លះ​ពឹង​ទៅលើ​សំណើ ឬមួយ​រត់ការ ដើម្បី​ទទួលបាន​តំណែង​ថ្មី , ការធ្វើ​បែបនេះ គឺ​ខុស​ហើយ​

spot_img

​ក្នុង​ពិធី​ប្រកាស​ចូល កាន់​មុខតំណែង អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ថ្ងៃ​ង​ថា មាន​មន្ដ្រី​ខ្លះ​ពឹង​ទៅលើ​សំណើ ឬមួយ​រត់ការ ដើម្បី​ទទួលបាន​តំណែង​ថ្មី​។ សម្តេច​បញ្ជាក់ថា ការធ្វើ​បែប​ដូច្នេះ គឺ​ខុស​ហើយ បើកាលណា រត់ការ​ប្រៀប​ដូច​យើង​មិន​ទុកចិត្ត​ខ្លួនឯង និង​មិន​ទុកចិត្ត​ការវាយតម្លៃ​រប​ស់​ថ្នាក់ដឹកនាំ ដូច្នេះ​កុំ​នាំគ្នា​ធ្វើ​អ៊ីចឹង ត្រូវ​ប្រឹងប្រែង​ធ្វើការ​ងារ​ទើប​ជាការ​ល្អ​។​

​នា​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រកាស ចូលកាន់​មុខតំណែង​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ ដោយមាន​ការចូលរួម​ពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ពន្ធនាគារ​រាជធានី​-​ខេត្ត ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ក៏បាន​ផ្ដាំផ្ញើ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធ​គារ​ទូទាំងប្រទេស ដែល​បាន​ខិតខំ​រួមគ្នា​បំពេញការងារ​យ៉ាងសកម្ម តស៊ូ​ជម្នះ​រាល់​គ្រប់​ការលំបាក ពុះពារ​សម្រេចបាន​សមិទ្ធ​ផល​នានា​ជាច្រើន​។​

​បន្ថែម​ពីនេះ សម្ដេច​ក្រឡាហោម ក៏បាន​ណែនាំ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​រាជធានី​-​ខេត្ត បន្ដ​ខិតខំ​ពុះពារ​ជម្នះ​លើ​ការលំបាក​នានា​ជា​បន្ដទៀត ជាពិសេស ការងារ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុងតែ​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ​ជាស​កល ដើម្បី​ឲ្យ​អង្គភាព​ពន្ធនាគារ ទទួលបាន​នូវ​ភាពជោគជ័យ និង​ស្នាដៃ​ថ្មីៗ​បន្ថែមទៀត ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។​

​ជាងនេះទៅទៀត សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​រៀបរាប់ថា «​មាន​មន្ដ្រី​ខ្លះ​គាត់​ពឹង​ទៅលើ​សំណើ ឬមួយ​រត់ការ ដើម្បី​ទទួលបាន​តំណែង​ថ្មី ការធ្វើ​ដូចនេះ​គឺ​ខុស កាលណា​យើង​រត់ការ​ប្រៀប​ដូច​យើង​មិន​ទុកចិត្ត​ខ្លួនឯង និង​មិន​ទុកចិត្ត​ការវាយតម្លៃ​រប​ស់​ថ្នាក់ដឹកនាំ ចឹ​ង​ហើយ​ពឹង​ទៅលើ​ការ​រត់ការ ខ្ញុំ​គិតថា យើង​ធ្វើ​ចឹ​ង​មិនល្អ​ទេ កុំ​នាំគ្នា​ធ្វើ​ចឹ​ង ត្រូវ​ប្រឹងប្រែង​ធ្វើការ​ងារ​ទើប​ជាការ​ល្អ​»​។​

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឱ្យ អគ្គនាយក​ពន្ធនាគារ​ថ្មី ទប់ស្កាត់ និង​លុបបំបាត់​ការ​លួច​ទាក់ទង​តាម​ទូរស័ព្ទ ពី​ក្នុង​ពន្ធនាគារ​ចេញមក​ខាង​ក្រៅពី​សំណាក់​អ្នក​ជាប់ឃុំ​។ សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជា​យ៉ាង​ដូច្នេះ​ថា​៖ «​សន្តិសុខ​កន្លងទៅ ការពិត​ទូទៅ​យើង​ធ្វើ​បានល្អ​ហើយ ក៏ប៉ុន្តែ ការគ្រប់គ្រង​ទំនាក់ទំនង​ចេញមកក្រៅ​បញ្ហា​នេះ យើង​ត្រូវ​ប្តេជ្ញា​ត្រូវធ្វើ​ឱ្យបាន កុំឱ្យ​ការទាក់ទង​មក​ក្រៅ​ថែមទៀត លួច​ទូរស័ព្ទ​យក​ចូល​អី​អញ្ចឹង នេះ​ជា​បញ្ហា ខ្ញុំ​ជឿថា​យើង​រៀបចំ​វិធានការ​ជាក់លាក់ កន្លងទៅ​យើង​បាន​ដោះស្រាយ​បញ្ហា​បាន​មួយចំនួន ដោយមាន​ការវិនិយោគ ពី​វិស័យ​ឯកជន​តែ​មិនបាន​ទទួលជោគជ័យ​ទេ អញ្ចឹង​ហើយ​សុំឱ្យ​បន្តធ្វើ​កិច្ចការងារ​នេះ​បន្តទៀត​»​។​

សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា បញ្ហា​របស់​មន្ត្រី​យើង ក៏​នៅតែ​ជា​បញ្ហា​ប្រឈម​មួយ​ផងដែរ​។ មន្ត្រី​អនុ​រ័ក្ស​ពន្ធនាគារ បច្ចុប្បន្ននេះ កម្ពុ​ជាមាន​ចំនួន ៣.០៧៤​នាក់ ដែល​ចំនួន​នេះ មានការ​ខ្វះខាត​នៅឡើយ ដូច្នេះ តម្រូវឱ្យមាន​ការបង្កើន​ចំនួន​ផងដែរ​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា «​ខ្ញុំ​មាន​ជំនឿ​ទៅលើ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ដ្រី​ក្រសួងយុត្តិធម៌ លើ​យុទ្ធនា​ការដោះស្រាយ​សំណុំរឿង​កកស្ទះ តែ​មិនដឹងថា ការដោះស្រាយ​សំណុំរឿង​កកស្ទះ​នេះ វា​អាចជួយ​សម្រាល​ដល់​អ្នក​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ដែរ ឬទេ​? ខ្ញុំ​ក៏បាន​រំលឹក ឯកឧត្តម កើត រិ​ទ្ធ ដែរ​ថា សំណុំរឿង​កកស្ទះ​មនុស្ស​នៅក្រៅ​ឃុំ​កុំអាលសិន ត្រូវ​ជំរុញ​សំណុំរឿង​ដែល​កកស្ទះ ហើយ​មនុស្ស​នៅជាប់​ឃុំ​។ សំណុំរឿង​ដែល​មិនមាន​អ្នក​ជាប់ឃុំ មិនទាន់​ជា​អាទិភាព​នៅឡើយ​ទេ ។ អាទិភាព​ចម្បង គឺ​សំណុំរឿង​ទាំងឡាយណា​ដែលមាន​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​។ ការធ្វើ​បែបនេះ សំដៅ​សម្រួល​ដល់ ភាព​ច​ង្អៀ​ន​ណែន នៅក្នុង​ពន្ធនាគារ​នាពេល​បច្ចុប្បន្ន​។​

​សូមជម្រាបថា ឯកឧត្តម ឆែម សាវុធ ឋានន្ដរស័ក្តិ​ឧ​ត្ត​ម​អគ្គា​ន​រក្ស​ថ្នាក់​លេខ​១ ត្រូវបាន​ប្រកាស​ឱ្យចូល កាន់​មុខតំណែង​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ ជំនួស​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត ចាន់ គឹម​សេង ដែល​ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់ បង្គាប់​តែងតាំង​មុខតំណែង​ថ្មី ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត ចាន់ គឹម​សេង អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បាន​អាន​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគា​រថា ការ​ការគ្រប់គ្រង​ពន្ធនាគារ នាពេល​កន្លងទៅ សម្រេចបាន​ដូចជា ការគ្រប់គ្រង​ពន្ធនាគារ​តាម​បទដ្ឋាន​ធានាបាន​សន្ដិសុខ​សុវត្ថិភាព និង​មនុស្សធម៌ រក្សាបាន​នូវ​សន្ដិសុខ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ពន្ធនាគារ បង្ការ​ទប់ស្កាត់​ប្រកប ដោយ​សុវត្ថិភាព ហើយ​ទប់ស្កាត់​របស់​ហាមឃាត់​ចូលក្នុង​ពន្ធនាគារ ដើម្បី​យក​ប្រព្រឹត្តិ​បទល្មើស​ផ្សេងៗ​។ បានការ​ពារ​សុវត្ថិភាព​ការដឹង​ជញ្ជូន​អ្នក​ជាប់ពន្ធនាគារ ពី​ពន្ធនាគារ​មួយ ទៅ​ពន្ធនាគារ​មួយទៀត ដើម្បី​សម្រាល​ភាព​ចង្អៀត​ណែ ក៏ដូចជា ការដឹកជញ្ជូន​ជន​ជាប់ឃុំ​ទៅកាន់​សាលាជម្រះក្ដី​គ្រប់ ថ្នាក់ ហើយ​ទៅពិនិត្យ​ព្យាបាល និង​សង្គ្រោះបន្ទាន់​ចំពោះ​អ្នកជំងឺ​ក្នុង​ពន្ធនាគារ​។​

ឯ​ឧ​ត្ត​ម ឆែម សាវុធ ឋានន្ដរស័ក្តិ​ឧ​ត្ត​ម​អគ្គា​ន​រក្ស​ថ្នាក់​លេខ​១ បាន​ឡើង​ធ្វើ​សេចក្តីរាយការណ៍ និង​ប្តេជ្ញាចិត្ត​ថា ទី​១-​ប្ដេជ្ញាចិត្ត​អនុវត្ត​ឲ្យ​បាន​ម៉ឹង​ម៉ា​ត​ចំពោះ រដ្ឋធម្មនុញ្ញ និង​គោល​ណែនាំ​នានា​របស់​រាជរដ្ឋាភិបាល និង​របស់​ក្រសួងមហាផ្ទៃ ទី​២-​ប្ដេជ្ញា​អនុវត្ត​គ្រប់គ្រង​ឲ្យ​បាន​ជោគជ័យ​កម្មវិធី​នយោបាយ​ដំណាក់កាល​ទី​៤ ឲ្យ​មាន​ប្រសិទ្ធិភាព ទី​៣-​ប្ដេជ្ញា​គោរព​និង​អនុវត្ត​ណែនាំ និង​បង្ហាញ​និង​ផ្ដល់​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​ក្រឡាហោម ស ខេង ក៏ដូចជា ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ដើម្បី​គ្រប់គ្រង និង​ដឹកនាំ​ដោយ​ប្រសិទ្ធភាព តម្លាភាព ទី​៤-​ប្ដេជ្ញា ប្រកាន់​ភ្ជាប់​នូវ​គុណសម្បត្តិ​៤​យ៉ាង ឆ​ន្ទះ ម្ចាស់ការ មនសិការ និង​វប្បធម៌​សេវាសាធារណៈ និង​ទី​៥-​ប្ដេជ្ញា​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បាន​រឹងមាំ ជាដើម​៕
​ដោយ​៖​កូ​ឡាប​


spot_img
×