Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៦​ខែ ឆ្នាំ​២០២០ អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី ខេត្ត ទទួលបាន​ចំណូល​៩,៣២៦,៥៧៣.២២១​ដុល្លារ

spot_img

​ភ្នំពេញ​៖ ពាក់ព័ន្ធ​នឹង​វឌ្ឍនភាព និង​បញ្ហា​ប្រឈម នៃ​ការផ្តល់សេវា​រដ្ឋបាល នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០២០ អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី ខេត្ត ទទួលបាន​បម្រើសេវា​បាន​ចំនួន​២៩០.២៥៩ សេវា ទទួលបាន​ចំណូល​ចំនួន​៣៧.៣០៦.២៩២.៨៨៧​រៀល ស្មើនឹង​៩,៣២៦,៥៧៣.២២១​ដុល្លារ​។

​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ បើក​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព និង​បញ្ហា​ប្រឈម នៃ​ការផ្តល់សេវា​រដ្ឋបាល នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្រោម​អធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមាន​ការចូលរួម​ពី អគ្គនាយករង ប្រធាន អនុ​ប្រ​ធា​នាយកដ្ឋាន នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ នាយក នាយករង​រដ្ឋបាល​រាជធានី​-​ខេត្ត ប្រធាន​អង្គភាព​ច្រកចេញចូល​តែមួយ​នៃ​រាជធានី ខេត្ត ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ផងដែរ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល បាន​មានប្រសាសន៍ថា ដោយសារ​មាន​បញ្ហា​នៃ​ជម្ងឺ​កូ​វីដ​-១៩ ទើប​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព និង​បញ្ហា​ប្រឈម នៃ​ការផ្តល់សេវា​រដ្ឋបាល​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវបាន​ពន្យារពេល​មួយរយៈ​ចាប់តាំងពី​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩​កន្លងមក ដោយសារ​ស្ថានភាព​ជម្ងឺ​កូ​វីដ​-១៩ ប៉ុន្តែ​ដោយ​មើលឃើញ​មានការ​ងារ​ជាច្រើន​ត្រូវ​ពិនិត្យ និង​ពិភាក្សាគ្នា ទើប​យើង​សម្រេច​រៀបចំ​កិច្ចប្រជុំ​នេះ​ឡើង ទទឹម​នេះ​យើង​ក៏ត្រូវ​បន្ត​ពង្រឹង​ការការពារ​ឱ្យបាន​ខ្ពស់ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​-១៩ ក្នុងពេល​យើង​ជួបជុំគ្នា​នាពេលនេះ ដោយ​មិនមាន​ឱ្យមាន​ការធ្វេសប្រហែស​បាន​ឡើយ​។

​ឯកឧត្តម បាន​បន្តថា កាលពី​កិច្ចប្រជុំ​ចុងឆ្នាំ ២០១៩​នោះ គឺ​យើង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​មួយចំនួន​រួចហើយ និង​បាន​ជួប​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ ហើយ​មកដល់ពេលនេះ​បញ្ហា​ទាំងអស់នេះ​ក៏ត្រូវ​បាន​ដោះស្រាយបាន​មួយចំនួន​រួចហើយ ដោយឡែក​ថ្ងៃនេះ​យើង​និង​ពិនិត្យ​លើ​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​បន្ថែមទៀត ដើម្បី​ដោះស្រាយ​បន្ត ធ្វើយ៉ាងណា​ឱ្យ​ការងារ​បម្រើសេវា​រដ្ឋបាល នៅ​ថ្នាក់ក្រោម​ជាតិ​មាន​ភាពសមស្រប ឆ្លើយតបបាន​ទាន់ពេលវេលា និង​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។​

​លោក បួន ហេង ប្រធាន​នាយកដ្ឋាន​មុខងារ និង​ធនធាន នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ បានធ្វើ​សេចក្តីរាយការណ៍​ស្តីពី​វឌ្ឍនភាព​ការងារ​ក្នុង​រយៈពេល​កន្លងមក​ថា អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី ខេត្ត បានរៀបចំ​កម្មវិធី​ព័ត៌មានវិទ្យា​សម្រាប់​គ្រប់គ្រង និង​ផ្តល់​សេវា​នៅក្នុង​អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី ខេត្ត និង​បាន​ដាក់ឱ្យ​ដំណើរការ​សាកល្បង​កម្ម​វិធី​ព័ត៌មានវិទ្យា​នេះ​នៅ​រាជធានី ខេត្ត​បាន​ចំនួន​៩​គោលដៅ​រួមមាន​៖ រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តកំពត ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់​។

​ប្រធាន​នាយកដ្ឋាន​មុខងារ និង​ធនធាន បាន​ថ្លែងបន្តថា លើសពីនេះ​ទៀត ក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០២០ អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី ខេត្ត​ទទួលបាន​លទ្ធផល​រួមមាន​៖ បម្រើសេវា​បាន​ចំនួន​២៩០.២៥៩ សេវា និង​ចំណូល​សេវា​សរុប​ចំនួន​៣៧.៣០៦.២៩២.៨៨៧​រៀល ស្មើនឹង​៩,៣២៦,៥៧៣.២២១​ដុល្លារ​អា​មេ​រិច​។
​ដោយឡែក​សម្រាប់​ការិយាល័យ​ច្រកចេញចូល​តែមួយ​ក្រុង ស្រុក ខណ្ឌ ទាំង​១១៥​គោលដៅ​ទូទាំង​រាជធានី​ខេត្ត ក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០២០​នេះ បាន​បម្រើ​ស​សេវា​សរុប ចំនួន​៨៧៥.០៨៧.​សេវា និង​ចំណូល​សរុប​ចំនួន ៧.៩១៦.៥១៧.៣៤៧​រៀល ប្រហែល​១,៩៧៩,១២៩.៣៣៦ ដុល្លារ​អា​មេ​រិច​។​

​សូម​ជម្រាប​ផងដែរ​ថា កាលពី​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០ កន្លងទៅនេះ អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ ទើប​ទទួលបាន​ជ័យលាភី​ពានរង្វាន់​សេវា​រដ្ឋបាល​អេឡិចត្រូនិក​ល្អ​បំផុត​ប្រចាំឆ្នាំ លើ​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី ខេត្ត ដែល​វាយតម្លៃ​ជ្រើសរើស​ដោយ​គណៈ​ចៅក្រម​នៃ​កម្មវិធី Cambodia ICT Awards 2020​។​

​សូមបញ្ជាក់ថា កម្មវិធី​ពានរង្វាន់​បច្ចេកវិទ្យា​គ​មនាគ​មន៍ និង​ព័ត៌មាន​កម្ពុជា Cambodia ICT Awards ឬ​ហៅ​កាត់​ថា CICTA (see-ta) គឺជា​កម្មវិធី​ពានរង្វាន់​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន​ថ្នាក់ជាតិ​ធំជាងគេ​បំផុត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ដោយមាន​ការគាំទ្រ​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×