Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ និង​សមាគម​ចំនួន ៥៦៨៣ កំពុង​ធ្វើ​សកម្មភាព​ដោយ​សេរី នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​អះអាងថា គម្រោង​កសាង​សមត្ថភាព​ដល់​តំណាង​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា នឹង​ផ្តល់ឱកាស​សម្រាប់​ការសន្ទនា ប្រកបដោយ​បរិ​យា​ប័ន្ន​លើ​បញ្ហា​នានា រវាង​អង្គការ​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ​ជាមួយ និង​អាជ្ញាធរ​សាធារណៈ ពិសេស​ការជួយ​កសាង​សមត្ថភាព​ស្ថាប័ន​របស់​អង្គការ​សង្គម​ស៊ីវិល អង្គការ​សហគមន៍​មូលដ្ឋាន និង​មន្ត្រី​របស់​រាជរដ្ឋាភិបាល ខណៈ​អង្គការ និង​សមាគម​សរុប​ចំនួន ៥៦៨៣ ដែល​កំពុង​ធ្វើ​សកម្មភាព​ដោយ​សេរី នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ថ្លែង​បែបនេះ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី បើក​សិក្ខាសាលា​លើ​គម្រោង​កសាង​សមត្ថភាព ដល់​តំណាង​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា នា​ថ្ងៃទី​១០ ខែ សីហា ឆ្នាំ ២០២០ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដែលជា​គំនិត​ផ្តួចផ្តើម​របស់ UNDP ក្រោម​ជំនួយ​ឧ​ប្ថ​ម្ភ​របស់​រដ្ឋាភិបាល​ជប៉ុន ដោយមាន​ការចូលរួម​ពី​ឯកឧត្តម Masahiro Mikami ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក Nick Beresford តំណាង​អង្គការ UNSP ប្រចាំ​ប្រទេស​កម្ពុជា ព្រមជាមួយ​តំណាង​បណ្តា​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​៤០​រូប​ផងដែរ​។​

​ឯកឧត្តម ប៊ុន ហុន បាន​មានប្រសាសន៍​សាទរ​ចំពោះ​ការដាក់​ឲ្យ​ដំណើការ​លើ​គម្រោង​ដ៏​មាន​សារសំខាន់​នេះ ព្រោះថា គម្រោង​នេះ​នឹង​ផ្តល់ឱកាស​សម្រាប់​ការសន្ទនា ប្រកបដោយ​បរិ​យា​ប័ន្ន​លើ​បញ្ហា​នានា រវាង​អង្គការ​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ​ជាមួយ និង​អាជ្ញាធរ​សាធារណៈ ពិសេស​ការជួយ​កសាង​សមត្ថភាព​ស្ថាប័ន​របស់​អង្គការ​សង្គម​ស៊ីវិល អង្គការ​សហគមន៍​មូលដ្ឋាន និង​មន្ត្រី​របស់​រាជរដ្ឋាភិបាល​ផងដែរ​។

​ឯកឧត្តម​បាន​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​ក្រសួងមហាផ្ទៃ​ជា​សេនាធិការ តែងតែ​គាំទ្រ​នូវ​រាល់​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល និង​បានចាត់ទុក​អង្គការ​សង្គម​ស៊ីវិល​ជា​ដៃគូ​ដ៏​ល្អ ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ ស្ទើរ​គ្រប់​វិស័យ​ដែលមាន​ជាអាទិ៍ រួមមាន វិស័យ​អប់រំ សុខាភិបាល សាសនា កសិកម្ម បរិស្ថាន និង​ធនធានធម្មជាតិ​។​ល​។ រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ជំរុញ​គាំទ្រ និង​ជួយ​សម្រួល​ដោះស្រាយ​នូវ​សំណើ សំណូមពរ និង​បញ្ហា​ប្រឈម​របស់​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​អង្គការ​សង្គម​ស៊ីវិល អាចធ្វើ​សកម្មភាព​របស់ខ្លួន ស្របតាម​ច្បាប់​ដោយ​រលូន​តាមរយៈ​យន្តការ​នានា ដូចជា​ការរៀបចំ​ឲ្យ​មាន​វេទិកា ស្តីពី​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដែល​ក្រសួងមហាផ្ទៃ​បាន​កំណត់ថា វេទិកា​នេះ​ត្រូវតែ​រៀបចំ​ធ្វើឡើង​ឲ្យ​បាន​យ៉ាងតិច​ចំនួន​ពីរដង​ក្នុង​មួយឆ្នាំ ក្នុង​គោលបំណង​ផ្តល់​លទ្ធភាព​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​រាជរដ្ឋាភិបាល ឬ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បាន​ជួប​សន្ទនា​គ្នា និង​ពិភាក្សា ព្រមទាំង​ស្តាប់​នូវ​សំណើ សំណូមពរ និង​បញ្ហា​ប្រឈម​របស់​អង្គការ​សង្គម​ស៊ីវិល និង​ការ​ផ្តល់នូវ​ដំណោះស្រាយ​សមស្រប​ពី​រាជរដ្ឋាភិបាល ឬ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ លើសពីនេះទៅទៀត ក្រសួងមហាផ្ទៃ​បានរៀបចំ​ប្រជុំពិភាក្សា ពី​គ្រោះ​យោបល់​ចំនួន ៦​លើក​មកហើយ ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល​មកពី​គ្រប់​វិស័យ ដើម្បី​ពិភាក្សា​លើ​សំណើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ចំនួន ១៧​មាត្រា​។

​ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងមហាផ្ទៃ មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​ធ្វើ​ឲ្យ​មាន​លំហរ​សង្គម​ស៊ីវិល ជាក់ស្តែង​រហូតមកដល់​បច្ចុប្បន្ននេះ​មាន​អង្គការ និង​សមាគម​សរុប​ចំនួន ៥៦៨៣ ដែល​កំពុង​ធ្វើ​សកម្មភាព​ដោយ​សេរី នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ឯកឧត្តម ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ជប៉ុន​, អង្គការ UNDP និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត ដែល​តែងតែ​ចូលរួមចំណែក​យ៉ាងសកម្ម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ក្នុង​កិច្ចការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×