Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរ​សាធារណការ​ដឹកជញ្ជូន​ភ្នំពេញ​៖ ហេតុអ្វី​បានជា​មានការ​ជន់​លិច​ដោយ​ទឹកភ្លៀង​ក្នុង​រាជធានី​ភ្នំពេញ​?

spot_img

​ភ្នំពេញ​៖ ស្ថានភាព​ដី​ក្នុង​រាជធានី​ភ្នំពេញ កកើតឡើង​ក្នុង​តំបន់​ភូមិសាស្ត្រ​ទំនាប​លិច​ទឹក​រាង​ជា​បាតខ្ទះ ព័​ទ្ឋ​ជុំវិញ​ដោយ​ការគំរាមកំហែង​ទឹកជំនន់​នៅ​រដូវវស្សា​ពី​បឹង​កប់​ស្រូវ ទន្លេសាប ទន្លេបាសាក់ និង​ស្ទឹង​ព្រែក​ត្នោត ព្រមទាំង​ទទួល​ទឹកជា​ប្រចាំ​ពី​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល​ហូរ​ឆ្លងកាត់​ចូល​រាជធានី​ភ្នំពេញ​មុន​ហូរ​ធ្លាក់​ទៅ​ទន្លេ ។​

​ទឹកទន្លេ​ឡើង​ចាប់ផ្តើម​ពី​ខែកក្កដា ដល់​ខែវិច្ឆិកា ដែល​ធ្វើ​ឲ្យ​ទ្វារ​ទឹក​នៅតាម​ទំនប់​ក្រវ៉ាត់​ក្រុង ត្រូវបាន​បិទ​ចៀសវាង​ទឹក​ហូរ​ចូលក្នុង​ក្រុង ហើយ​ប្រើ​ស្ថានីយ៍​បូមទឹក​ចំនួន ១៤​កន្លែង​បូម​បញ្ចេញ​ក្រៅ​ក្រុង​។

​គួរ​បញ្ជាក់ថា តំបន់​ប្រទេស​អាស៊ីអាគ្នេយ៍​ជា​តំបន់​ដែល​ទទួល​របប​ទឹកភ្លៀង​ធ្លាក់​ច្រើនជាងគេ​បំផុត​នៅលើ​ពិភពលោក ដែលមាន​កំពស់​ជា​មធ្យម​ពី ១២០០​មិល្លីម៉ែត្រ ទៅ ២២០០​មិល្លីម៉ែត្រ ក្នុង​១​ឆ្នាំ​។ រាជធានី​ភ្នំពេញ ស្ថិតក្នុង​តំបន់​ដែល​ភ្លៀង​ធ្លាក់​ច្រើនជាងគេ​លើ​ពិភពលោក​។​

​កត្តា​មួយទៀត ការ​បម្រែបម្រួល​នៃ​អាកាសធាតុ​លើ​ពិភពលោក ភ្លៀង​ធ្លាក់​ខ្លាំង​មាន​រយៈពេល​ខ្លី​។ ជាទូទៅ ទីក្រុង​ស្ទើរតែ​ទាំងអស់​នៅលើ​ពិភពលោក ការដោះស្រាយ​ទឹក​មិន​ឲ្យ​លិច​ទីក្រុង​បាន​ក្នុង​កម្រិត​កំពស់​ទឹកភ្លៀង​ធ្លាក់​ត្រឹម ៤០​ម​ម​ក្នុង​១​ម៉ោង បើ​ភ្លៀង​លើសពីនេះ គឺ​លិច​ទឹក​ហើយ​។ ជាក់ស្តែង​ថ្មីៗ​នេះ ទីក្រុង សេ​អ៊ូ​ល បាងកក ហូជីមិញ សឹង្ហ​បុរី ម៉ានីល​…​ក៏​រង​ការ​ជន់​លិច​ធ្ងន់ធ្ងរ​ដែរ​។ បណ្តាញ​លូ​មាន​ទំហំ​តូច និង​មានការ​ខ្វះខាត មិន​គ្រប់គ្រាន់​។ ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ប្រវែង ២៤៦០​គម បើ​គិតពី​បណ្តាញ​លូ​សងខាង​ផ្លូវ​ត្រូវមាន​បណ្តាញ​លូ​សរុប​ប្រវែង​យ៉ាងតិច ៤៩២០​គីឡូម៉ែត្រ ជាក់ស្តែង​ក្នុង​រាជធានី​ភ្នំពេញ​មានតែ ៨៨០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ដែល​ត្រូវមាន​ការចាំបាច់​អភិវឌ្ឍន៍​បណ្តាញ​លូ​ឲ្យ​បាន​ច្រើន​ថែមទៀត និង​បង្កើន​សមត្ថភាព​បូមទឹក​ឲ្យ​បាន​ខ្ពស់​។​

​មន្ទីរ​សាធារណការ​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ថា ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និង​ការសាងសង់​លំនៅ​
​ឋាន​ឲ្យ​ស្រប​តម្រូវ​ការរស់នៅរ​បស់​ប្រជាពលរដ្ឋ​ដែល​កាន់តែ​កើនឡើង​ខ្ពស់ (​ពីមុន​ប្រជាជន ៣​សែន​នាក់ កើនឡើង​ជិត ៣​លាន​នាក់​)​បានធ្វើ​ឲ្យ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​តាម​ទំនាប​ដែល​ធ្លាប់​ទទួល​ទឹក និង​ជ្រាបចូល​ដី​បាន​បាត់បង់​រួម​តូច​ដោយ​ចាក់សាប ចាក់​បេតុង ចាក់​កៅស៊ូ​ថ្នល់ ហើយ​ទឹកភ្លៀង​ម្តងៗ​បង្ហូរ​ត្រង់​ទៅ​បណ្តាញ​លូ​តែម្តង និង កង្វះខាត​អណ្តូង​លូបង្ហូរទឹក​ចូល ការ​លួច​បិទ​ភ្ជិត​អណ្តូង​លូ ការ​បន្ទាប​អណ្តូង​លូ​ដើម្បី​យានយន្ត​ឡើង​ចេញចូល​ផ្ទះ​។​

​បញ្ហា​សំរាម​ស្ទះ​កក​បាំង​ផ្លូវ​ទឹកមុខ​អណ្តូង​លូ ការស្ទះ​សំរាម​មុខ​ចម្រុង​ស្ថានីយ៍​បូមទឹក និង​ការចូល​សំរាម​ក្នុង​ម៉ូ​ទ័​រ​បូមទឹក ធ្វើអោយ​ខូច​ម៉ូ​ទ័​រ​ជារឿយៗ​។ ការប្រើប្រាស់​ទឹកស្អាត​ក្នុង​ទីក្រុង​កើនឡើង​ខ្ពស់ ។​ប្រជាជន​ក្នុង​ទីក្រុង​កាន់តែ​កើន ការប្រើប្រាស់​ទឹកស្អាត​កាន់តែ​កើន ធ្វើអោយ​ក្នុង​បណ្តាញ​លូ​ខ្លះ​ពោរពេញ​ដោយ​ទឹក​កខ្វក់ ធ្វើអោយ​កាត់បន្ថយ​សមត្ថភាព​បង្ហូរទឹក​ភ្លៀង​ក្នុង​បំពង់​លូ​។​

​ដោយហេតុ​ដូច​បាន​ជំរាបជូន​ខាងលើ កត្តា​ជាច្រើន​នេះ​រាជធានី​ភ្នំពេញ​ងាយ​នឹង​ប្រឈម​បញ្ហា​ទឹកភ្លៀង​លិច ប៉ុន្តែ​ការដោះស្រាយ​បញ្ហា​ទឹក​លិច​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​តាមរយៈ​ការកសាង​បណ្តាញ​លូ​ថ្មី ប្រវែង ៤៥០​គីឡូម៉ែត្រ ការកសាង​ស្ថានីយ៍​បូមទឹក​ថ្មី​ចំនួន ៨​កន្លែង​ដែល​បង្កើន​សមត្ថភាព​បូ​ម​ទឹក ៣​ដង និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​នៃ​ប្រព័ន្ធ​បង្ហូរទឹក បានធ្វើអោយ​រាជធានី​ភ្នំពេញ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ជាក់ស្តែង ៖ ក​-​បើ​ភ្លៀង​ធ្លាក់​ក្រោម​កំពស់ ៤០​មិល្លីម៉ែត្រ​ក្នុង​១​ម៉ោង ភ្នំពេញ មិន​រង​ការ​លិច​ទឹក​ទេ ឬ​អាច​លិច​ក្នុង​កម្រិត​ស្រាល​បើ​មាន​បញ្ហា​កកស្ទះ​សំរាម​។ ខ​-​បើ​ភ្លៀង​ធ្លាក់​លើសពី​កម្ពស់ ៤០​មិល្លីម៉ែត្រ ភ្នំពេញ​នឹងរង​ការ​លិច​ទឹក​ដូច​បណ្តា​ទីក្រុង​លើ​ពិភពលោក​។ ទោះបីជា​យ៉ាងណាក៏ដោយ ការ​លិច​ទឹក​នៅពេល​បច្ចុប្បន្ននេះ មាន​រយៈពេល​ខ្លី បើ​ធៀប​នឹង​ការលិចលង់​ប៉ុន្មាន​ឆ្នាំមុន ។​

​ដោយ​ការខិតខំ​ប្រឹងប្រែង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​បណ្តាញ​លូ ទីតាំង​ដែល​ធ្លាប់​លិច​ទឹក​ធ្ងន់ធ្ងរ​ចំនួន ៣២​ទីតាំង ត្រូវបាន​ដោះស្រាយ​ការ​លិច​ទឹក និង​កាត់បន្ថយ​លិច​ទឹក តំបន់​ខ្លះ​ពីមុន​បើ​ភ្លៀង​ពី​ពេល​រសៀល ស្អែក​ឡើង​ធ្លាប់​លិច​នៅ​បន្ត​ប្រើ​រយៈពេល​លិច​១០​ម៉ោង ទៅ​៤៨​ម៉ោង​ឯណោះ ប៉ុន្តែ​បច្ចុប្បន្ន​អាច​លិច​ត្រឹម ១៥​នាទី ឬ ៣០​នាទី ឬ​១​ម៉ោង​ប៉ុណ្ណោះ ដូចជា​៖
-​តំបន់​ផ្សារ​ទួល​ទំពូង ដោះស្រាយបាន ៩០%
-​តំបន់​មហាវិថី ម៉ៅ សេទុង មុខ​ស្ថានទូត​ចិន ដោះស្រាយបាន ៩០%-​តំបន់​មុខ​ព្រះបរមរាជវាំង និង​រដ្ឋសភា បាន​ដោះស្រាយ ៩០%
-​តំបន់​មហាវិថី ហ្សា​ដឺ​ហ្គោល ដោះស្រាយបាន ៩០%
-​តំបន់​មុខ​វត្ត​មហាមន្ត្រី ដោះស្រាយបាន ៩០%
-​តំបន់​ខាងកើត​ពហុ​កីឡា​ជាតិ​អូឡាំពិក រង្វង់​មូល​សំពៅ​មាស ដោះស្រាយបាន ៩០%
-​មហាវិថី​ម៉ៅ សេទុង មុខ​អតីត​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់ ដោះស្រាយបាន ៩០%
-​ផ្លូវ សុខ ហុក ដោះស្រាយបាន ៩០%
-​ផ្សារ​ចាស់ ដោះស្រាយបាន ៧០% អាច​លិច​ត្រឹម ១៥​នាទី​ទៅ ២០​នាទី​
-​មហាវិថី កម្ពុជា​ក្រោម ដោះស្រាយបាន ៧០% អាច​លិច​ត្រឹម ១៥​នាទី ទៅ​១​ម៉ោង​។​ល​។​

​ដើម្បី​កាត់បន្ថយ​ការលិចលង់​ដោយ​ទឹកភ្លៀង ត្រូវមាន​ការចូលរួម​ចំណែក និង​សហការ​ពី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការកាយ​សំរាម​មុខ​អណ្តូង​លូ ចៀសវាង​បិទ​ភ្ជិត និង​បន្ទាប​អណ្តូង​លូ ថែរក្សា​បណ្តាញ​លូ ។ ជាមួយគ្នានេះ អាជ្ញាធរ​នឹង​ខិតខំ​កសាង​បណ្តាញ​លូ​ថ្មី ប្រឡាយ​បន្ថែមទៀត​ដែល​កំពុង​ខ្វះខាត និង​កសាង​ស្ថានីយ៍​បូមទឹក​ថ្មី​បន្ថែម​។ ក្រោយពី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​បណ្តាញ​លូ​ប្រឡាយ និង​ស្ថានីយ៍​បូមទឹក​ថ្មី​ជាច្រើន បានធ្វើ​ឲ្យ​តំបន់​ដែល​ធ្លា​ប់រង​ការលិចលង់​រយៈពេល​យូរ មកជា​តំបន់​រង​ការលិចលង់​រយៈពេល​ខ្លី ជួនកាល​ត្រឹម ១៥​នាទី ទៅ​១​ម៉ោង​ប៉ុណ្ណោះ មិនអាច​លិច​ដល់​ថ្ងៃ​បន្ទាប់​ដូច​មុន​ឡើយ​៕
​ដោយ​៖CEN

spot_img
×