Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម បញ្ជា​ឱ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ឯកឧត្តម ចាន់ អ៊ា​ន ចុះ​ពិនិត្យ​ករណី​ស្នងការ​នគរបាល​ខេត្តកំពង់ធំ បៀតបៀន​កេរ្តិ៍ខ្មាស​លើ​នគរបាល​នារី​

spot_img

​ភ្នំពេញ ៖ បន្ទាប់ពី​បែកធ្លាយ​ករណី​ស្នងការ​នគរបាល​ខេត្តកំពង់ធំ បៀតបៀន​កេរ្តិ៍ខ្មាស​លើ​នគរបាល​នារី​ជា​កូនចៅ​របស់ខ្លួន​រួចមក សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តម​រដ្ឋលេខាធិកា​រ ចាន់ អ៊ា​ន និង​ភាគី​ពាក់ព័ន្ធ​មួយចំនួន ចុះ​ពិនិត្យមើល​សកម្មភាពរ​បស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ ដែល​បាន​បៀតបៀន​កេរ្តិ៍ខ្មាស់​ទៅលើ​ពួកគេ​។​

​ថ្លែង​ក្រោយ​បញ្ចប់​ពិធី ប្រកាស​ចូលកាន់​មុខតំណែង សមាជិក​គណៈកម្មាធិកា​រ​ជាតិ ប្រឆាំង​ទារុណកម្ម បំពាក់​ឋានន្តរស័ក្តិ និង​គ្រឿង​ឥស្សរិយយស ជូន​មន្ត្រី​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ ប្រឆាំង​ទារុណកម្ម កាលពី​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ សម្ដេច​ក្រឡាហោម ស ខេង ថ្លែងប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន​ថា «​ខ្ញុំ​បានទទួល​ព័ត៌មាន​នេះ ហើយក៏​បញ្ជូនទៅ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ឯកឧត្តម​រដ្ឋលេខាធិកា​រ ចាន់ អ៊ា​ន ក៏ដូចជា អភិបាលខេត្ត​កំពង់ធំ ដើម្បី​ពិនិត្យ​ករណីនេះ ។ ប៉ុន្ដែ​ព័ត៌មាន​ជាបឋម ទាក់ទង​បញ្ហា​នឹង គឺ​មិនមែន​ថ្មី​ទេ រឿង​យូរហើយ​»​។​

​សម្ដេច​ក្រឡាហោម បញ្ជាក់ថា រហូតមកដល់​ពេលនេះ ខ្ញុំ​មិនទាន់​សម្រេច​ដោះស្រាយ​យ៉ាងម៉េច​នៅឡើយ រង់ចាំ​ក្រុមការងារ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​។ លើសពីនេះ​ទៀត សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​រំលឹកថា នាពេល​កន្លងទៅ សម្ដេច​បានធ្វើ​លិខិត ព្រមាន​ស្នងការ​នគរបាល​ខេត្តកំពង់ធំ​រួច​ម្ដង​ហើយ​។ ក្រោយពី​ការព្រមាន​ហើយ សម្ដេច ក៏បាន​ឲ្យ​សន្យាថា បើ​មិន​កែប្រែ​ទ នឹង​ឈាន​ទៅមួយ​ជំហាន​ទៀត គឺ​ការដកតំណែង ឬ​ចាត់វិធានការ រដ្ឋបាល​ណាមួយ​ធ្ងន់​ជាង​នេះ​។​

​នៅ​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០​នេះដែរ លោកស្រី ចក់ សុភាព ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ថ្លែង​សា​រលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ (Chak Sopheap) បាន​អំពាវនាវ “​ដល់​ស្ថាន​ដែល​ពាក់ព័ន្ធ ចូលរួម​ដោះស្រាយ​បញ្ហា​បំពាន​លើ​ស្ត្រី ដាក់ទោស​ទណ្ឌ​លើ​ជនល្មើស​តាមផ្លូវ​ច្បាប់ ដោយ​មិនមាន​ការលើកលែង​ដោយសារ​ឋានៈ ឬ​ក្រុម​បក្ខពួក (​លុបបំបាត់​នូវ​វប្បធម៌​និ​ទណ្ឌ​ភាព​) នោះ​ទើប​ជាការ​ធានា​នូវ​សីលធម៌ សេចក្តីថ្លៃថ្នូរ និង​សណ្តាប់ធ្នាប់​សង្គម មិនមែន​ដោយ​ការ​កំហិត​លើ​សម្លៀកបំពាក់​របស់​ស្ត្រី ឬ​ការដាក់បន្ទុក​បន្ថែម ដោយសារ​ការ​ស្លៀកពាក់ ឬ​ឥរិយាបទ​ណាមួយ​របស់​ស្ត្រី ជា​មូលហេតុ​នៃ​អំពើ​ហឹ​ង្សា ឬ​បៀតបៀន​នោះឡើយ​។ ខ្ញុំ​ក៏​សង្ឃឹមថា បុគ្គល​ទាំងឡាយ​ដែល​អះអាងថា គាំទ្រ​ដល់​ការរក្សា​នូវ​សេចក្តីថ្លៃថ្នូរ​សម្រាប់​ស្ត្រី នឹងចូលរួម​ទាមទារ និង​ផ្តល់នូវ​យុត្តិធម៌ ដល់​ស្ត្រី​គ្រប់រូប​ដែល​បាន​រងគ្រោះ ដូច​ករណីនេះ​ជាដើម​”​។​

​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព កាលពី​ម្សិលមិញ​បាន​ប្រាប់​កាសែត​ក្នុងស្រុក​មួយ​ថា លោកស្រី​មានការ​កោតសរសើរ យ៉ាងខ្លាំង​ចំពោះ​ស្ត្រី ដែល​ចេញ​មុខមក​សំដែង នូវ​ការសោកស្តាយ​របស់​ពួកគេ ប៉ុន្តែ​ពេលនេះ​មានការ​ព្រួយបារម្ភ អំពី​សុវត្ថិភាព​របស់​ពួកគេ​។ លោកស្រី បាន​និយាយថា លោកស្រី​នឹង​តាមដាន​ដោយផ្ទាល់ នូវ​សកម្មភាព​ណាមួយ ដើម្បី​ឆ្លើយតប​នឹង​បណ្តឹង​នេះ​។​

​លោកស្រី បាន​និយាយថា​“ ករណីនេះ ក៏​ឆ្លុះបញ្ចាំង​ពី​ករណី​ផ្សេងទៀត ដែល​ស្ត្រី​ប្រឈម​នឹង​ការយាយី ការ​អាម៉ាស់មុខ ឬ​ការរំលោភបំពាន នៅពេល​បំពេញភារកិច្ច​របស់​ពួកគេ​” ។ វា​កើតឡើង​មិន​ត្រឹមតែ​នៅក្នុង​វិស័យ​សេវាកម្ម​ស៊ីវិល​ទេ វា​កើតឡើង​នៅក្នុង​រោងចក្រ និង​ក្នុង​វិស័យ​ឯកជន​ផងដែរ​។ ខ្ញុំ​សង្ឃឹមថា អាជ្ញាធរ​ថ្នាក់ខ្ពស់​នឹង​ចាត់វិធានការ និង​ផ្តល់​យុត្តិធម៌ ដោយ​ធានាឱ្យមាន​ការឆ្លើយតប​ភ្លាមៗ និង​វិជ្ជមាន​ចំពោះ​គ្រប់​ករណី​ទាំងអស់នោះ​” ។​
​លោកស្រី សុភាព បាន​និយាយថា មានការ​យល់ច្រឡំ​ជាទូទៅ នៅក្នុង​សង្គម​ដែល​ស្តីបន្ទោស​ស្ត្រី ចំពោះ​សកម្មភាព​នៃ​ការ​ជឿនលឿន ដែល​មិន​ចង់បាន​ដោយ​បុរស ហើយ​ដែល​ត្រូវការ​ផ្លាស់ប្តូរ​។​

​យោងតាម​លិខិត​គោរព​ជូន​សម្ដេច​ក្រឡាហោម ស ខេង របស់​តំណាង​នគ​បាល​នារី កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា «​នាង​ខ្ញុំ​ជា​មន្ដ្រីនគរបាល​នារី នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ធំ (​ជនរងគ្រោះ​) សូម​គោរព​រាយការណ៍ និង​សូម​សម្ដេច​ក្រឡាហោម ស ខេង មេត្តាជួយ​រក​យុត្តិធម៌​ឲ្យ​នាង​ខ្ញុំ​ជា​ជនរងគ្រោះ ដោយសារ​ប្រព្រឹត្ត​អំពើ ពុំគប្បី​មកលើ​នាង​ខ្ញុំ ជា​ស្ដ្រី​មាន​ភាពទន់ខ្សោយ​ពី​សំណាក់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ដែលជា​ស្នងការ​នគរបាល​ខេត្តកំពង់ធំ​»​។​

​ក្នុង​លិខិត​នោះ រៀបរាប់ថា «​នៅ​អំឡុង​ឆ្នាំ​២០១៨-២០១៩ ពួកនាង​ខ្ញុំ​មួយចំនួន​ត្រូវបាន​លោក ឧ​ត្ត​ម សេនីយ៍​ទោ អ៊ុក កុសល ហៅ​ពួកនាង​ខ្ញុំ​ឲ្យ​ទៅ​ជួប​គាត់ នៅក្នុង​បន្ទប់ធ្វើការ​របស់គាត់ ដើម្បី​សួរនាំ​កិច្ចការងារ​មួយចំនួន ។ ដោយ​យល់ឃើញថា គាត់​ជា​ថ្នាក់ដឹកនាំ ពួកនាង​ខ្ញុំ ក៏បាន​ទៅ​ជួប​គាត់​ម្នាក់​ម្ដងៗ តាម​ការ​ណាត់​របស់គាត់​។ ពេល​ចូលដល់​ក្នុង​បន្ទប់​តែ​ពីរ នាក់ លោកស្នងការ​ក៏​សួរនាំ​ថា ពាក់​ស័​ក្ដិ៍​ប៉ុន្មាន​? ហើយ​មុខតំណែង​ជា​អ្វី​សព្វថ្ងៃ​? ហើយ​ចង់បាន​មុខតំណែង ឬ​ឡើង​ស័​ក្តិ៍​អត់​? បើ​ចង់បាន​ចាំ​បង​ជួយ ព្រោះ​បង ជា​ស្នងការ និង​ជា​ប្រធាន​អង្គភាព ចង់​ធ្វើ​អ្វី​ក៏បាន​ដែរ ឲ្យ​តែ​អូន​ព្រម​ស្រលាញ់​បង​។ ម្យ៉ាងទៀត បើ​អូន​ព្រម​ស្រលាញ់​បង កុំ​បារម្ភ​ខ្លាច​មានកូន​អី ព្រោះ​ទឹកកាម​បង គ្មាន​មេជី​វិត​បង្ក​កំណើត​ទេ​។ ពេលឮ​ពាក្យសំដី​ទាំងអស់នេះ នាង​ខ្ញុំ​ហួសចិត្ត​មិន​នឹកស្មានថា គាត់​ហ៊ាន​និយាយ​ពាក្យសំដី​បែបនេះ មកលើ​នាង​ខ្ញុំ​ជា​កូនចៅ​»៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×