Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សោកស្តាយ ចំពោះ​សេចក្ដីថ្លែងការណ៍ របស់​គណបក្ស​ខ្មែរ​ឈ្នះ ដែលជា​ទង្វើ​ឆ្លៀត​បោកប្រាស់​សាធារណមតិ ពាក់ព័ន្ធ​បាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង រ៉ុង ឈុន

spot_img

​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បដិសេធ​យ៉ាង​ដាច់អហង្ការ និង​ថ្កោលទោស​ចំពោះ​សេចក្ដីថ្លែងការណ៍ របស់​គណបក្ស​ខ្មែរ​ឈ្នះ ដែលជា​ទង្វើ​ឆ្លៀត​បោកប្រាស់​សាធារណមតិ ដើម្បី​ទទួលបាន​ការចាប់ អារម្មណ៍​ពី​សាធារណជន​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១១ ខៃ​សីហា ឆ្នាំ​២០២០​នេះ បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​សេចក្តីថ្លែងការណ៍​បំភ្លៃ​ការពិត របស់​គណបក្ស​ខ្មែរ​ឈ្នះ ដែល​របាយការណ៍​នេះ ពាក់ព័ន្ធ​នឹង​ការធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន​។​

​សេចក្តីប្រកាស​ព័ត៌មាន​នេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​សម្ដែង​នូវ​ការសោកស្ដាយ​យ៉ាងខ្លាំង ចំពោះ​សេចក្ដីថ្លែងការណ៍​លេខ ១០៨/២០ គ​.​ខ​.​ឈ​. ចុះ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ របស់​គណបក្ស​ខ្មែរ​ឈ្នះ ដែលមាន​ខ្លឹមសារ​ប្រាស់ចាក​ពី​ស្មារតី​នៃ​កិច្ចប្រជុំ រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​គណបក្ស​ខ្មែរ​ឈ្នះ នា​រសៀល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ នៅ​សាលា​រាជធានី​ភ្នំពេញ ដែល​បានធ្វើការ​ចោទប្រកាន់​មកលើ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ថា បានដាក់​បម្រាម ដោយ​ហាមឃាត់​ចំពោះ​ការប្រកាស ដឹកនាំ​ធ្វើបាតុកម្ម​ទាមទារ​ដោះលែង​លោក រ៉ុង ឈុន និង​ថែមទាំង​លើកឡើង​ខុសពី​ការពិត​ទាំងស្រុង​ថា អាចមាន​ការ ប៉ះទង្គិច និង​ឈានទៅដល់​ការចាប់ខ្លួន​បាតុករ ពាក់ព័ន្ធ​ការដាក់​បម្រាម​យ៉ាង​តឹងរ៉ឹង​នេះ​»​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជម្រាបជូន​សាធារណជន បណ្ដា​សារព័ត៌មាន​ជាតិ​-​អន្តរជាតិ និង​បណ្ដាញ​សង្គម ទាំងអស់​មេត្តា​ជ្រាបថា ក្រោយពី​ទទួលបាន​លិខិត​ជូនដំណឹង នៃ​ការធ្វើ​បាតុកម្ម​របស់ គណបក្ស​ខ្មែរ​ឈ្នះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ និង​អ្នកពាក់ព័ន្ធ ដើម្បី​ជួបប្រជុំ​ពិភាក្សា​អំពី​គោលបំណង និង​ការថែរក្សា សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ក្នុងកំលុងពេល​ធ្វើបាតុកម្ម​ខាងលើ​។ ក្នុង​កិច្ចពិភាក្សា​នេះ លោក យិន ជឿន តំណាង​គណបក្ស​ខ្មែរ​ឈ្នះ បានលើកឡើង​អំពី​គោលបំណង និង​ដំណើរការ​ប្រព្រឹត្តទៅ​នៃ​បាតុកម្ម ដោយមាន​អ្នកចូលរួម​ជាច្រើន​ពាន់​នាក់​។​

​បន្ទាប់មក តំណាង​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជម្រាប​ជូនទៅ​តំណាង​គណបក្ស​ខ្មែរ​ឈ្នះ​ថា ការជូនដំណឹង​ធ្វើ បាតុកម្ម​នេះ មាន​លក្ខណៈ​មិន​សមស្រប ទៅនឹង​ស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ ១៩ និង​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នានា ដូចជា លិខិត​លេខ ០៩៧ សខល ចុះ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២០ របស់​ក្រសួងសុខាភិបាល ស្ដីពី​ការជំរុញ​អប់រំ​សុខភាព​ជូន​ប្រជាជន និង​ពង្រឹង​ការងារ​តាមដាន​ការអនុវត្ត​វិធានការ​ការពារ​រលក​ទី​២ នៃ​ការចម្លង ជំងឺ​កូ​វីដ​១៩ មាត្រា​៩ នៃ​ច្បាប់​ស្ដីពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ហើយ​គោលបំណង​នៃ​ការធ្វើ​បាតុកម្ម​ទាមទារ​ឱ្យមាន​ការ ដោះលែង​ទៀតសោត មិន​ស្រប​មាត្រា ៥២២ មាត្រា ៥២៣ និង​មាត្រា ៦០៧ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​បន្ទាប់ពី​ធ្វើការ​ពិភាក្សាគ្នា​អស់​រយៈពេល​ប្រមាណ​ជា ២​ម៉ោង តំណាង​គណបក្ស​ខ្មែរ​ឈ្នះ​បាន​ឯកភាព តាម​ការលើកឡើង​រប​ស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​យល់ព្រម​លើក​ពេល​នៃ​ការធ្វើ​បាតុកម្ម និង​ជូនដំណឹង​ពី​ការធ្វើ បាតុកម្ម​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជាថ្មី​ម្ដងទៀត តាម​ពេលវេលា និង​ស្ថាន​ភាពសមស្រប​។ ក្នុងន័យនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​បដិសេធ​យ៉ាង​ដាច់អហង្ការ និង​ថ្កោលទោស​ចំពោះ​សេចក្ដីថ្លែងការណ៍ របស់​គណបក្ស​ខ្មែរ​ឈ្នះ​ខាងលើ ដែលជា​ទង្វើ​ឆ្លៀត​បោកប្រាស់​សាធារណមតិ ដើម្បី​ទទួលបាន​ការចាប់ អារម្មណ៍​ពី​សាធារណជន​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ស្នើឱ្យ​គណបក្ស​ខ្មែរ​ឈ្នះ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ច្បាប់ និង​លិខិតបទដ្ឋាន គតិយុត្ត​នានា មុន​នឹងធ្វើ​សេចក្ដីថ្លែងការណ៍ ហើយ​ត្រូវធ្វើ​ការកែប្រែ​ជាបន្ទាន់​នូវ​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍ ចុះ​ថ្ងៃ ទី​១១ ខែសីហា ឆ្នាំ​២០២០ ឱ្យ​ស្របតាម​កំណត់ហេតុ​ប្រជុំ ចុះ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ចៀសវាង​ការភ័ន្តច្រឡំ​ពី​សាធារណជន​៕ ដោយ​៖​កូ​ឡាប​

spot_img
×