Sunday, September 19, 2021

អា​មេ​រិច​ចុះ​កិច្ចព្រមព្រៀង​តម្លៃ ១,៥​ពាន់​លាន​ដុល្លា ទិញ​វ៉ាក់សាំង COVID-19 ចំនួន ១០០​លាន​ដូ​ស​ពី​ក្រុមហ៊ុន Moderna

សហរដ្ឋ​អា​មេ​រិច​បានសម្រេច​កិច្ចព្រមព្រៀង​តម្លៃ ១,៥​ពាន់​លាន​ដុល្លា​រជាមួយនឹង​ក្រុមហ៊ុន​ផលិត​ថ្នាំ Moderna ដើម្បី​ទទួលបាន​វ៉ាក់សាំង COVID-19 ចំនួន ១០០​លាន​ដូ​ស (dose)​។ នេះ​បើតាម​ក្រុមហ៊ុន និង​សេត​វិមាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ អា​មេ​រិច​បាន​បង្កើត​កិច្ចព្រមព្រៀង​ដើម្បី​យក​វ៉ាក់សាំង COVID-19 រាប់លាន​ដូ​ស​ពី​ក្រុមហ៊ុន​ជាច្រើន ដែលជា​ផ្នែក​មួយ​នៃ​ដៃគូ​រវាង​ឯកជន និង​រដ្ឋ ដែលមាន​គោលបំណង​ចែកចាយ​វ៉ាក់សាំង​ក្នុងប្រទេស​នៅ​បំណាច់​ឆ្នាំនេះ​។​

​វ៉ាក់សាំង​ដែល​ព្រមព្រៀង​គ្មា​មានតម្លៃ​ចន្លោះ​ពី ២០​ដុល្លា​ទៅ ៤២​ដុល្លា​ក្នុង​មួយ​ដូ​ស​។​

​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Moderna មាន​ឈ្មោះថា mRNA-1273​។ វា​គឺជា​វ៉ាក់សាំង​មួយ​ក្នុងចំណោម​វ៉ាក់សាំង​ផ្សេងទៀត​ដែល​បាន​ឈានដល់​ការសាកល្បង​ដំណាក់កាល​ចុងក្រោយ ហើយ​វា​នឹង​បញ្ចប់​ការសាកល្បង​នៅក្នុង​ខែកញ្ញា​ខាងមុខ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន​នៅក្នុង​ខែ​នេះ​។​

​អា​មេ​រិច​បាន​បង្កើត​កិច្ចព្រមព្រៀង​ជាច្រើន​ដើម្បី​នាំយក​វ៉ាក់សាំង COVID-19 ពី​ក្រុមហ៊ុន Johnson & Johnson ក្រុមហ៊ុន AstraZeneca Plc ក្រុមហ៊ុន Pfizer Inc and BioNTech SE និង Sanofi SA and GlaxoSmithKline Plc​។​

​កិច្ចព្រមព្រៀង​នោះ​នឹងត្រូវ​ផលិត​វ៉ាក់សាំង​ច្រើនជាង ៥០០​លាន​ដូ​ស​សម្រាប់​អា​មេ​រិច​។ កិច្ចព្រមព្រៀង​ខ្លះ ក៏​ផ្តល់​ជម្រើស​ឲ្យ​អា​មេ​រិច​ទិញ​វ៉ាក់សាំង​បន្ថែម​ដែរ​។​

​សូម​រំលឹក​ផងដែរ​ថា អា​មេ​រិច​បានផ្តល់​ទឹកប្រាក់ ១​ពាន់​លាន​ដុល្លា​កាលពីមុន ដល់​ក្រុមហ៊ុន Moderna សម្រាប់​ការស្រាវជ្រាវ​របស់ខ្លួន នាំ​ឲ្យ​ថវិការ​សរុប​ដែល​អា​មេ​រិច​ចំណាយ​ជាមួយ​ក្រុមហ៊ុន​មានតម្លៃ ២,៥​ពាន់​លាន​ដុល្លា​។​

​ក្រៅពី​អា​មេ​រិច ក៏មាន​ប្រទេស​ផ្សេងៗ​ទៀត ដូចជា ជប៉ុន អង់គ្លេស កាណាដា ក៏បាន​បង្កើត​កិច្ចព្រមព្រៀង​ស្រដៀង​គ្នា​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​ថ្នាំ​៕

​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​