Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈរដ្ឋមន្ត្រី អនុម័ត​ទាំងស្រុង ដោយ​គ្មាន​ការកែប្រែ​លើ សេចក្តីព្រាងច្បាប់​ចំនួន​បួន​

spot_img

ភ្នំពេញ​៖ នៅ​ថ្ងៃ​សុក្រ ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ គណៈរដ្ឋមន្ត្រី​នឹង​បើក​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អ​ធីបតី​ភាពដ៏​ខ្ពង់ខ្ពស់​របស់​សម្តេចអ​គ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​ដូចខាងក្រោម​៖

១. សេចក្តីព្រាង​ច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម​មាត្រា ៣៤​ថ្មី មាត្រា​៤២ មាត្រា​៤៩ មាត្រា​៥៣ និង​មាត្រា​១១៨​ថ្មី នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ២.​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​។ ៣.​សេចក្តពីព្រាងច្បាប់​ស្តីវិ​សោធនកម្ម​មាត្រា​២៦ មាត្រា​២៧​ថ្មី មាត្រា​២៨ មាត្រា​៣១ និង​មាត្រា​៣២ នៃ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​។​ ៤.​សេចក្តីព្រាងច្បាប់​ស្តីពី​អាជ្ញា​បណ្ណ​បញ្ជា​សម្រាប់​សុខភាព​សាធារណៈ​។ ៥.​បញ្ហា​ផ្សេងៗ​។​

​បើ​តាម​លោក​លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែងថា កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ត្រូវបាន​អនុម័ត​ទាំងស្រុង ដោយ​គ្មាន​ការកែប្រែ​លើ សេចក្តីព្រាងច្បាប់​ទាំង​បួន​។​

កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី បានអនុម័ត​ទាំងស្រុង​លើ​របៀបវារៈ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី “​អាជ្ញា​បណ្ណ​បញ្ជា​សម្រាប់​សុខភាព​សាធារណៈ​”​ខ្លឹមសារ​សង្ខេប​មាន​ដូចខាងក្រោម​៖

​សេចក្ដីព្រាងច្បាប់​នេះ​បាន​រៀបចំឡើង​ដោយ​ផ្អែក​តាម​វាក្យខណ្ឌ​ទី​៦ នៃ​សេចក្ដីប្រកាស​ទីក្រុង ដូ​ហា (Doha) ស្ដីពី​កិច្ចព្រមព្រៀង​ទិដ្ឋភាព​ពាណិជ្ជកម្ម​ទាក់ទង​នឹង​កម្ម​សិទ្ធ​បញ្ញា​សម្រាប់​សុខភាព​សាធារណៈ តាម​សេចក្ដីសម្រេច​របស់​អគ្គ​ក្រុមប្រឹក្សា​នៃ​អង្គការ​ពានិជ្ជកម្ម​ពិភពលោក​។​

​ក្រសួង​សុខាភិបាល​បាន​សហការ និង​ពី​គ្រោះ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ក្រសួង​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​និង​អង្គការ​សុខភាព​ពិភពលោក ខិតខំ​ព្យាយាម​រៀបចំ​សេចក្ដីព្រៀងច្បាប់​ស្ដីពី​ការផ្ដល់​អាជ្ញាប័ណ្ណ​សម្រាប់​សុខភាព​សាធារណៈ​នេះ​ឡើង ដែល​ជា​តម្រូវការ​ចាំបាច់​សម្រាប់​ប្រទេស​កម្ពុជា​។​

​សេចក្ដីព្រាងច្បាប់​នេះ​មាន​គោលបំណង​លើកកម្ពស់​សិទ្ធ​ទទួលបាន​ផលិតផល​ឱសថ សម្រាប់​សុខភាព​សាធារណៈ​តាមរយៈ​ការផ្ដល់​អាជ្ញា​បណ្ណ​បញ្ជា​អោយ​ផលិត នាំចេញ​និង​នាំចូល នូវ​ផលិតផល​ឱសថ​ក្នុង​កាលៈទេសៈ​ប្រទេសជាតិ​មាន​អាសន្ន ឫ​កាលៈទេសៈ​បន្ទាន់​ផ្សេងទៀត ឫ​ប្រើប្រាស់​ជា​សាធារណៈ​មិន​មាន​លក្ខណៈ​ពានិជ្ជកម្ម ឫ​កាលៈទេស​បន្ទាន់​ផ្សេងទៀត ឫ​ប្រើប្រាស់​ជា​សាធារណៈ​មិន​មាន​លក្ខណៈ​ពានិជ្ជកម្ម ឫ​ស្ថានភាព​សុខភាព​សាធារណៈ​ផ្សេង​ទៀត​ដែល​កំណត់​ដោយ​ក្រសួង​សុខាភិបាល​។​

​សេចក្ដីព្រៀងច្បាប់​នេះ​មាន​គោលដៅ​កំណត់​លក្ខខណ្ឌ បែបបទ​និង​នីតិវិធី​នៃ​ការផ្ដល់ និង​ការអនុញ្ញាត​អាជ្ញា​បណ្ណ​បញ្ជា​សម្រាប់​សុខភាព​សាធារណៈ និង​មាន​វិសាលភាព​ពាក់ព័ន្ធ​នឹង​ផលិតផល​ឱសថ​ដែល​ការពារ​ដោយ​ប្រកាសនីយបត្រ​តក្កកម្ម​ក្នុង​កាលៈទេសៈ​ប្រទេសជាតិ​មាន​ភាពអាសន្ន ឫ​កាលៈទេសៈ​បន្ទាន់​បំផុត​។​

​សេចក្ដីព្រៀច្បាប់​ស្ដី​ពី​អាជ្ញាបណ្ណ​បញ្ជា​សម្រា​ប់​សុខភាព​សាធារណៈ​នេះ ជា​តម្រូវការ​ចាំបាច់​សម្រាប់​ប្រទេស​កម្ពុជា និង​ផ្ដល់​ផលប្រយោជន៍​សម្រាប់​បម្រើ​សេវា​សាធារណៈ​នៅពេល​មាន​អាសន្ន​។​

​សេចក្ដីព្រៀងច្បាប់​ស្ដីពី​អាជ្ញា​ពណ្ណ​បញ្ជា​សម្រាប់​សុខភាព​សាធារណៈ​នេះ ត្រូវបាន​ប្រជុំ​ពិភាក្សា​ផ្លាស់ប្ដូ​យោបល់​របស់​ក្រុម​ការងារ​បច្ចេកទេស​អន្តរ​ក្រសួង​ចំនួន​១២ លើក និង​ធ្វើ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ចំនួន​៣​លើក​។ នៅ​ឆ្នាំ ២០១៤ សេចក្ដីព្រៀងច្បាប់​នេះ​ត្រូវបាន​លើកយក​មក​ពិភាក្សា​គ្នា​ជា​ថ្មី​ម្ដង​ទៀត​ជាមួយ​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី និង​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ តំណាង​ក្រសួង​សុខាភិបាល តំណាង​ក្រសួង​ពានិជ្ជកម្ម តំណាង​ក្រសួង​ឧស្សាហកម្ម រ៉ែ​និង​ថាមពល​ចំនួន ២៣​លើក​។​

​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​បានអនុម័ត​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​២៦ មាត្រា​២៧​ថ្មី មាត្រា​២៨ មាត្រា​៣១ និង​មាត្រា​៣២ នៃ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​​ខ្លឹមសារ​សង្ខេប​មាន​ដូចខាងក្រោម​៖

​យោង​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​មាន​សិទ្ធ​ពិនិត្យ និង​សម្រេច​អំពី​ករណី​វិវាទកម្ម​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​។ ក្រុមប្រឹក្សាធម្មនុញ្ញ​ត្រូវ​បាន​បង្កើត​ដោយ​ព្រះរាជក្រម​លេខ ជ​ស​/​រក​ម​/០៤៩៨/០៦ ចុះ​ថ្ងៃ​ទី​០៨ ខែ​មេសា ឆ្នាំ​១៩៩៨​។ ដើម្បី​ធានា​ការពារ​ការគោរព​រដ្ឋ​ធម្មនុញ្ញ បកស្រាយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់ និង​សម្រេច​អំពី​ករណី​វិវាទកម្ម​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ហើយ​ដែល​វិវាទ​ទាំងនេះ​ត្រូវបាន​កំណត់ថា​ជា​សម្ថ​កិច្ច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ដោយ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​។​

​ច្បា់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ត្រូវបាន​ធ្វើ​វិសោធនកម្ម​ជាច្រើនលើក ដែលនាំអោយ​សម្ថ​កិច្ច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​ការប្រែប្រួល​ខ្លះៗ​ទៅតាម​ការកំណត់​របស់​ច្បាប់​នេះ ដែល​ទាមទារ​ឲ្យមាន​ការធ្វើវិសោធនកម្ម​ទៅលើ​ច្បាប់​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តិទៅ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​។ ឆ្លើយតប​នឹង​បរិការណ៍​ខាងលើ ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តិទៅ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​ត្រូវបាន​អនុម័ត​ និង​ប្រកាស​អោយប្រើ​តាម​ព្រះរាជក្រម​លេខ នស​/​រក​ម​/០១០៧/០០៥ ចុះ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០០៧​។​

​បន្ថែម​ជំពូក​ទី​១៥​ថ្មី (​ពីរ​) នៃ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តិទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​ត្រូវបាន​ប្រកាស​អោយប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រក​ម​/០៣១៥/០០២ ចុះ​ថ្ងៃ​ទី​២៦​ខែ​មីនា ឆ្នាំ​២០១៥ បាន​ជំរុញ​អោយ​រដ្ឋសភា និង​ព្រឹទ្ធសភា​អនុម័ត​ច្បាប់​ថ្មីៗ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ជាពិសេស​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​ប្រកាស​អោយប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រក​ម​/០៣១៥/០០៣ ចុះ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៥ និង​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ដែល​ប្រកាស​អោយប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រក​ម​/០៧១៧/០០៦ ចុះ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៧​។​

​សម្ថ​កិច្ច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ក្នុង​ការពិនិត្យ និង​សម្រច​អំពី​ករណី​វិវាទកម្ម​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា មាន​ការពាក់ព័ន្ធ​ជាមួយ​នឹង​ច្បាប់​ស្ដី​ពី​ការបោះឆ្នោយ​ជ្រើសតាំង​តំណាងរាស្ត្រ និង​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ដែល​បទបញ្ញត្តិ​នៃ​ច្បាប់​នេះ បាន​ពន្លាត​សម្ថ​កិច្ច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុង​ការពិនិត្យ និង​សម្រេច​ទៅ​លើ​បណ្ដឹង​របស់​បុគ្គល ដែល​ទទួលរង​ឥទ្ធិពល​ពី​សេចក្ដីសម្រេច​អំពី​ទណ្ឌកម្ម​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ ម្យ៉ាងទៀត ដោយយោង​តាម​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ ដែល​ប្រកាស​អោយប្រើ​ដោយ​ព្រះរាជ​ក​ក្រម​លេខ នស​/​រក​ម​/០៣១៧/០០៣ ចុះ​ថ្ងៃ​ទី​០៧ ខែ​មីនា ឆ្នាំ​២០១៧ ក្រុមប្រឹក្សាធម្មនុញ្ញ​លែង​មាន​សម្ថ​កិច្ច​សម្រេច​លើ​បណ្ដឹង​របស់​គណបក្ស​នយោបាយ ដែល​ក្រសួង​មហាផ្ទៃ​បដិសេធ​មិន​ព្រម​ចុះបញ្ជី​គណបក្សនយោបាយ​ទៀតហើយ​។​

​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ត្រូវបាន​អនុម័ត​ទាំងស្រុង​ដោយ​គ្មាន​ការកែប្រែ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី “​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ”​។​

​ខ្លឹមសារ​សង្ខេប​មាន​ដូចខាងក្រោម​ ៖

​យោងតាម​រដ្ឋធម្មនុញ្ញ ប្រទេស​កម្ពុជា​ជា​ព្រះរាជាណាចក្រ​ដែល​មាន​ព្រះមហាក្សត្រ​ទ្រង់​ជា​ព្រះប្រមុខរដ្ឋ​មួយជីវិត ដោយ​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ និង​តាម​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ នៅក្នុង​ការបំពេញ​ឋានៈ​ជា​ព្រះប្រមុខរដ្ឋ អង្គ​ព្រះមហាក្សត្រ​ត្រូវបាន​ធានា​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ ជាពិសេស​កថាខណ្ឌ​ទី​៣​នៃ​មាត្រា​៧​ដែល​ចែង​ថា អង្គ​ព្រះមហាក្សត្រ​មិន​អាច​រំលោភ​បំពាន​បានឡើយ​។ ទន្ទឹម​នេះ​តាម​ការសិក្សា​ស្រាវជ្រាវ​ច្បាប់​របស់​បណ្ដា​ប្រទេស​រាជានិយម​មួយ​ចំនួន អំពើ​ប៉ះពាល់​ទោះបី​តាម​រូបភាព​ណាក៏ដោយ​ដល់​អង្គ​ព្រះមហាក្សត្រ​ត្រូវបាន​ចាត់ទុក​ជា​បទឧក្រិដ្ឋ ឫ​មជ្ឈិម ដែល​ត្រូវ​ផ្ដន្ទាទោស​យ៉ាងធ្ងន់ធ្ងរ​។​

​ដូចនេះ​ដើម្បី​ធានា​លើកស្ទួយ និង​ការពារ​ព្រះ​ចេស្ដា និង​ព្រះ​កិត្តិនាម​របស់​អង្គ​ព្រះមហាក្សត្រ ដែល​ជា​ព្រះប្រមុខរដ្ឋ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពស់​ខ្ពស់​បំផុត​នៃ​ប្រជាជាតិ​ខ្មែរ ស្របតាម​មាត្រា​៧ នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដោយ​មាន​សំណើ​ពី​ក្រុមប្រឹក្សាធម្មនុញ្ញ​ផង​នោះ​អំពី​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​ត្រូវ​កំណត់​ជា​បទល្មើស​ព្រហ្មទណ្ឌ​។ យោង​តាម​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវបាន​ប្រកាស​អោយប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រក​ម​/១១០៩/០២២ ចុះ​ថ្ងៃ​ទី​៣០ ខែវិច្ឆិការ ឆ្នាំ​២០០៩ គឺ​មាន​បទបញ្ញត្តិ​មួយចំនួន​ចែង​អំពី​ការរំលោភ​បំពាន​ដល់​អង្គ​ព្រះមហាក្សត្រ​ដែល​ត្រូវបាន​រៀបចំ​ប្រមូលផ្ដុំ​ក្នុង​ជំពូក​ទី​១ នៃ​មាតិការ​ទី​១ ស្ដី​ពី​ការប៉ះពាល់​ដល់​ស្ថាប័ន​ចម្បង​របស់​រដ្ឋ ក្នុង​គន្ថី​ទី​៤ ស្ដី​ពី​បទល្មើស​ប្រឆាំង​នឹជាតិ​។ ក្នុងន័យនេះ បទល្មើស​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​រៀបចំ​ជា​មាត្រា​ថ្មី មួយ​បន្ថែ គឺ​មាត្រា ៤៣៧ ស្ទួន ដោយ​បញ្ចូល​ទៅ​ក្នុង​ជំពូក​ទី​១ នៃ​មាតិកា​ទី​១​នៃ​គន្ថី​ទី​៤ នៃ​ក្រម​ព្រហ្មទណ្ឌ ដែលមាន​ខ្លឹមសារ​ជារួម​ថា “ ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ០១​ឆ្នាំ ទៅ​០៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​១០​លាន​រៀល​។ ចំពោះ​នីតីបុគ្គល​ក៏​អាច​ត្រូវបាន​ផ្តនា្ទទោស​ពិន័​យ​ជា​ប្រាក់ ១០​លាន​រៀល ទៅ​៥០​លាន​រៀល ព្រមទាំង​ទោស​បន្ថែម​មួយ ឬ​ច្រើន ក្នុងករណី​ដែល​តុលាការ​រក​ឃើញថា​មាន​ពិរុទ្ធភាព​ពាក់ព័ន្ទ​នឹង​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​”​។​

​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​បានអនុម័ត​ទាំងស្រុង​ដោយ​គ្មាន​ការកែប្រែ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី “​ច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម​មាត្រា​៣៤​ថ្មី មាត្រា​៤២ មាត្រា​៤៩ មាត្រា​៥៣ និង​មាត្រា​១១៨​ថ្មី នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ខ្លឹមសារ​សង្ខេប​មាន​ដូចខាងក្រោម​៖

​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ប្រទេស​ដែល​ធ្លាប់​មាន​អារ្យធម៌​ដ៏​ឧត្តុង្គឧត្តម មាន​ឥស្សរភាព និង​កិត្យានុភាព ខ្ពស់​ខ្ពង់​។ ប្រវិត្តសាស្ត្រ​នា​ទសវត្ស​ឆ្នាំ​៧០ បានបង្ហាញ​ប្រាប់​ប្រជាជន​ស​ខ្មែរ​គ្រប់​រូប​ឲ្យបាន​យល់ដឹ​ង និង​ចងចាំ​ឥត​មាន​ថ្ងៃ​ភ្លេច​ថា នយោបាយ​វាតទី​និយម​របស់​បរទេស និង​ការជ្រៀតជ្រែក​ពី​ខាងក្រៅ បាន​ធ្វើឲ្យ​ប្រជាជាតិ​មួយ​នេះ​ស្គាល់​នូវ​ការបែកបាក់ និង​បាន​ធ្លាក់​ទៅក្នុង​ភ្នក់ភ្លើងសង្គ្រាម​អស់​ជាង​ពីរ​ទសវត្ស ធ្វើឲ្យ​ប្រជាជន​ខ្មែរ​រាប់​លាន​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង​បង្ក​ឲ្យ​ប្រទេស​ជាតិរង​នូវ​សោក​វិនាស​អន្តរាយ​គួរឲ្យ​សោកស្តាយ​ជាទីបំផុត​។ កិច្ចព្រមព្រៀង​ស្តីពី​ដំណោះស្រាយ​នយោបាយ​រួម​មួយ​នៃ​ជម្លោះ​កម្ពុជា នា​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ បាន​បង្ក​លក្ខណៈ​ឲ្យមាន​ការរៀបចំ​ការបោះឆ្នោត​ថ្នាក់​ជាតិ​មួយនៅ​ក្នុង​ឆ្នាំ ១៩៩៣ ហើយ​សភាធម្មនុញ្ញ​ដែល​កើតចេញពី​ការបោះឆ្នោត​នេះ បាន​រៀបចំ​នូវ​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ សម្រាប់​កម្ពុជា ដែល​ត្រូវបាន​ប្រកាស​ឲ្យប្រើ​កាលពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣​។ ទន្ទឹមនឹងនេះ នយោបាយ​ឈ្នះ​-​ឈ្នះ បាន​រំលាយ​ចោល​នូវ​អង្គការ​ចាត់តាំង​ខាង​នយោបាយ និង​យោធា​របស់​ខ្មែរក្រហម នៅ​ឆ្នាំ ១៩៩៨ និង​បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព និង​ឯកភាព​ទឹកដី​ពេញលេញ ដែល​ជា​បុរេ​លក្ខខណ្ឌ​មិន​អាច​ខ្វះ​បាន​សម្រាប់​ស្ថិរភាព និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​រហូតមក​ដល់​បុច្ចប្បន្ន​។​

​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​រដ្ឋ​ដែល​មាន​ឯករាជ្យ និង​អធិបតេយ្យ​ពេញ​បរិបូរណ៌ ជា​រដ្ឋ​ស្មើភាព និង​ស្មើ​សិទ្ធិ​ជា​មួយ​និង​រដ្ឋ​ដទៃទៀត នៅ​ក្នុង​សាកលលោក​។ ឯករាជ្យ​ជាតិ និង​អធិបតេយ្យ​ជាតិ គឺជា​ដួងព្រលឹង​មួយ​របស់​ជាតិ ហើយ​ត្រូវតែ​ទទួលបាន​ការគោរព​ដោយ​ពេញលេញ​។ រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​ចែង​យ៉ាងច្បាស់​ថា ព្រះរាជាណាចក្រ​កម្ពុជា ជា​រដ្ឋ​ឯករាជ្យ និង​អធិបតេយ្យ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា មាន​កាតព្វកិច្ច​ត្រូវ​ការពារ​ជា​ដាច់ខាត​នូវ​ឯករាជ្យ និង​អធិបតេយ្យ​នេះ​។ ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ក៏​ចែង​ការពារ​អធិបតេយ្យ​នៃ​រដ្ឋ​ជា​សមាជិក​យ៉ាងច្បាស់​ថា គ្មាន​រដ្ឋ​ណាមួយ​មាន​សិទ្ធិ​ទៅ​លូកលាន់​ដោយផ្ទាល់ ឫ​ដោយ​ប្រយោល ទោះ​ក្នុង​ហេតុផល​ណា​ក៏​ដោយ នៅក្នុង​កិច្ចការ​ផ្ទៃក្នុង ឫ​បញ្ហា​ដែល​ប៉ះពាល់​ដល់​បូរណភាព​ទឹកដី ឬ​ឯករាជ្យភាព​នយោបាយរ​បស់​ប្រទេស​ដទៃ​បានឡើយ (​មាត្រា ២.៤ និង ២.៧ នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​)​។​

​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កំណត់ថា ព្រះរាជាណាចក្រ​កម្ពុជា​អនុវត្ត​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ ក្នុងន័យនេះ គណបក្សនយោបាយ គឺជា​តួអង្គ​ដ៏​សំខាន់ នៅ​ក្នុង​កិច្ចដំណើរការ​នៃ​ប្រជាធិតេយ្យ​កម្ពុជា​ដើម្បី​ប្រកួតប្រជែង​ក្នុង​ការដឹកនាំ​ប្រទេស​។

ដូចនេះ ទាំង​គណបក្ស​នយោបាយ ទាំង​ប្រជាពលរដ្ឋ​ខ្មែរ ត្រូវគោរព​គោលការណ៍​អធិបតេយ្យ​ជាតិ និង​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្សហើយ​ត្រូវមាន​កាតព្វកិច្ច​រួមចំណែក​កសាង​ប្រទេសជាតិ និង​ការពារ​មាតុភូមិ​។ ការការពារ​ឯករាជ្យ​ ​អធិបតេយ្យ​ជាតិ និង​ការតម្កល់​ផលប្រយោជន៍​ខ្មែរ​ជាធំ​គឺជា​កាតព្វកិច្ច​របស់​គ​ណ​បក្សនយោបាយ អ្នកនយោបាយ អ្នកនយោបាយ​ខ្មែរ​ពី​គ្រប់​និន្នាការ និង​ជា​កាតព្វកិច្ច​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​។ ក្នុង​ស្មារតី​នេះដែរ រដ្ឋធម្មនុញ្ញ​ក៏​បាន​កំណត់​ឲ្យ​សមាជិករ​ដ្ឋ​សភា ព្រឹទ្ធសភា និង​រាជរដ្ឋាភិបាល ត្រូវធ្វើ​សច្ចាប្រណិធាន​មុន​ចូល​កាន់ដំណែង នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ ព្រះភ័ក្ត្រ​នៃ​សម្តេច​សង្ឃរាជ និង​ទេវតា​រក្សា​សេត្វច្ឆត្រ ដោយ​សច្ចា​បេ្ត​ជ្ញាដាច់ខាត​ការពារ​ឯករាជ្យ​ទាំង​ស្រុង​នៃ​មាតុភូមិ​កម្ពុជា អធិបតេយ្យ​ជាតិ​ពេញបរិបូរណ៍​នឹងមិន​អនុញ្ញាត​ជាដាច់ខាត ឲ្យ​ជន​ណាមួយ​ក៏ដោយ ដែល​ចង់​ជ្រៀតជ្រែក​ចូលក្នុង ផ្ទៃក្នុង​នៃ​កម្ពុជា ឫ​មក​បង្គាប់បញ្ជា​ចំពោះ​គោលនយោបាយ​ជាតិ និង​អន្តរជាតិ​របស់​កម្ពុជា​បានឡើយ ព្រមទាំង​មិន​បម្រើ​ជា​ដាច់ខាត​នូវ​ផលប្រយោជន៍​បរទេស ហើយ​ធ្វើឲ្យ​ខូច​ប្រយោជន៍​របស់​ប្រជារាស្ត្រ ប្រជាជាតិ និង​មាតុភូមិ​កម្ពុជា​។ ទាំង​បទពិសោធន៍​ជាតិ ទាំង​បទពិសោធន៍​អន្តរជាតិ បង្ហាញ​យ៉ាង​ច្បាស់​ថា ការបែកបាក់​ជាតិ និង​ការ​បង្កលក្ខណៈ​ឲ្យ​បរទេស​អាច​ជ្រៀតជ្រែក​ចូលទៅក្នុង​កិច្ចការ​ផ្ទៃក្នុង​ជាតិ​របស់​ខ្លួន គឺ​នឹង​នាំទៅ​ដល់​សង្គ្រាម និង​វិនាស​អន្តរាយ​។ ដូចនេះ ទាំង​គណបក្ស​នយោបាយ ទាំង​អ្នក​នយោបាយ ទាំង​ប្រជាពលរដ្ឋ​ខ្មែរ​ពី​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់ ត្រូវ​បេ្ត​ជ្ញា​រួម​គ្នា​ការពារ​ឯករាជ្យ​ជាតិ អធិបតេយ្យ​ជាតិ ប្រឆាំង​ដាច់ខាត​សកម្មភាព​ជ្រៀតជ្រែក​ពី​ខាងក្រៅ និង​មិន​ត្រូវ​ធ្វើ​សកម្មភាព​ណាមួយ​ប្រឆាំង​នឹង​ផលប្រយោជន៍​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ឡើយ​។​

​ដើម្បី​ឆ្លើយតប​នឹង​ស្មារតី​ខាងលើ​នេះ​ប្រកបដោយ​ភាព​ឱឡារិក ជាពិសេស ដើម្បី​លើកស្ទួយ​តម្លៃ​ជាតិខ្មែរ ក្នុង​បុព្វហេតុ​ការពារ​ឯករាជ្យ​ជាតិ អធិតេ​យ្យជាតិ និង​ឯករាជ្យ​ជាតិ ប្រឆាំង​នឹង​ការជ្រៀតជ្រែក​ពី​ខាងក្រៅ តាម​គ្រប់​រូបភាព ព្រមទាំង​ដើម្បី​លើកស្ទួយ​ការតម្កល់​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ស្នើ​ធ្វើ​វិសោធនកម្ម ត្រង់​មាត្រា ៣៤​ថ្មី​, មាត្រា ៤២, មាត្រា​៤៩, និង​មាត្រា​៥៣​។ ដោយឡែក ឆ្លង​តាម​បទពិសោធន៍​ការងារ​ជាក់ស្តែង​នៃ​អង្គ​នៃ​អង្គ​នីតិប្រតិបត្តិ និង ដើម្បី​ឆ្លើយតប​ឲ្យបាន​ត្រឹមត្រូវ​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ ទាក់ទង​នឹង​ការទទួលខុសត្រូវ​របស់​សមាជិក​រាជរ​ដ្ឋា​ភិបាល​ចំពោះមុខ​រដ្ឋសភា ក៏​ដូចជា​ផ្អែក​លើ​បទពិសោធន៍​នៃ​ការងារ​អភិបាលកិច្ច​បណ្តា​ប្រទេស​ជឿនលឿន​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ ក្នុងឋានៈ​ជា​ប្រមុខរដ្ឋ​រាជរដ្ឋាភិបាល ខ្ញុំ​ក៏​មាន​ភាពចាំបាច់ សូម​ស្នើ​ធ្វើ​វិសោធនកម្ម​មាត្រា ១១៨​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​ដោយ​ដកចេញ​វិញ​នូវ​តំណែង​រដ្ឋលេខាធិការ​ពី​សមាសភាព រដ្ឋាភិបាល​។ ការធ្វើ​វិសោធនកម្ម​មាត្រា ១១៨​ថ្មី នេះ​មិន​ត្រឹមតែ​អាច​បន្ថយ​ចំនួន​សមាភាព​រាជរដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ដល់​ការពង្រឹង​ការទទួលខុសត្រូវ​ខ្ពស់​របស់​សមាជិក រាជរដ្ឋាភិបាល​ចំពោះមុខ​រដ្ឋសភា និង​ការបង្កើន​ប្រសិទ្ធភាព​នៃ​ការងារ​របស់​អង្គនីតិប្រតិបត្តិ​តាមរយៈ​ការកែទម្រង់​លើ​រចនាសម្ព័ន្ធ និង​អភិបាលកិច្ច​នៃ​អង្គនីតិប្រតិបត្តិ នឹង​អង្គ​មុខងារសាធារណៈ​ផងដែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×