Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​គណៈកម្មការ​ទី​១០ ប្រាប់​អាជ្ញាធរខេត្ត​ស្វាយរៀង ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​អំពើពុករលួយ

spot_img

​ខេត្តស្វាយរៀង​៖ ប្រធាន​គណៈកម្មការ​ទី​១០ បានបញ្ជាក់​ប្រាប់​អាជ្ញាធរខេត្ត​ស្វាយរៀង ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​អំពើពុករលួយ ហើយ​បង្ខិត​សេវាសាធារណៈ​ឱ្យ​កាន់តែ​គៀក​ជិត​ប្រជាពលរដ្ឋ កាន់តែ​ឆ្លើយតប​នឹង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ ឱ្យបាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​។​

​គណៈកម្មការ​ទី​១០ ព្រឹទ្ធសភា បាន​ចុះ​ជួបពិភាក្សា​ជាមួយ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ដើម្បី​សិក្សា​ឈ្វេងយល់​អំពី​ការអភិវឌ្ឍ​ថ្មីៗ​របស់​ខេត្ត វឌ្ឍនភាព និង​បញ្ហា​ប្រឈម នៃ​ការអនុវត្ត​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ ការអនុវត្ត​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ការអភិវឌ្ឍ​មូលដ្ឋាន នៅ​រសៀល​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០​នេះ ដែល​ដឹកនាំ​ដោយ​លោក ម៉ម ប៊ុននាង ប្រធាន​គណៈកម្មការ​ទី​១០ និង​ជា​អ្នកនាំពាក្យ​ព្រឹទ្ធសភា ។

លោក ម៉ែន វិបុល អភិបាលខេត្ត បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​ការ​ឆ្លៀតពេល​ដ៏​មមាញឹក​អញ្ជើញ​ចុះ មក​ឈ្វេងយល់​អំពី​ប្រសិទ្ធភាព ប្រសិទ្ធ​ផល និង​បញ្ហា​ប្រឈម​នានា​ជុំវិញ​ការអភិវឌ្ឍ​មូលដ្ឋាន ពិសេស​ការអនុវត្ត​ច្បាប់ ស្តីពី​ការប្រឆាំង​អំពើពុករលួយ និង​ការងារ​វិមជ្ឈការ វិសហមជ្ឈការ នាពេលនេះ​។

​ក្នុងនោះ​លោក​អភិបាល​បាល​ខេត្ត បាន​ជម្រាបជូន​គណៈប្រតិភូ​អំពី​ស្ថានភាព​ភូមិសាស្ត្រ ប្រជាសាស្ត្រ ការ​អភិ​ឌ្ឍ វឌ្ឍនភាព នៃ​ការអនុវត្ត​ច្បាប់ ការផ្តល់សេវា​រដ្ឋបាល និង​ការបង្ការ​ទប់​ស្តាប់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ជាដើម​។​

​លោក ម៉ម ប៊ុននាង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការអភិវឌ្ឍ​រីកចម្រើន គួរឱ្យកត់សម្គាល់ ក្នុង​អាណត្តិ​ដឹកនាំ​របស់លោក​អភិបាលខេត្ត ដែល​ឆ្លុះបញ្ចាំង​ឱ្យឃើញថា មាន​សន្តិភាព ទើប​មានការ​អភិវឌ្ឍ​រីកចម្រើន ភាព​រីកចម្រើន​នេះ ហើយ គឺ​អាស្រ័យ​ដោយមាន​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី និង​ដោយមាន​ការចូលរួម​អនុវត្ត​ប្រកបដោយ​ការយកចិត្តទុកដាក់ ពី​សំណាក់​ឯកឧត្តម​អភិបាលខេត្ត ក៏ដូចជា​រដ្ឋបាលខេត្ត​ស្វាយរៀង​ទាំងមូល​។

លោក​ប្រធាន​គណៈកម្មការ​ទី​១០ បាន​បញ្ជាក់ថា មន្ត្រី​ទាំងអស់​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​អំពើពុករលួយ ហើយ​បង្ខិត​សេវាសាធារណៈ​ឱ្យ​កាន់តែ​គៀក​ជិត​ប្រជាពលរដ្ឋ កាន់តែ​ឆ្លើយតប​នឹង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ និង​ត្រូវ​ចូលរួម​ធ្វើការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​កើតមានឡើង​ឱ្យបាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​។​

​លោក​បាន​បន្តថា​លទ្ធផល​នៃ​អង្គប្រជុំ​នាពេលនេះ គណៈប្រតិភូ​គណៈកម្មការ​ទី​១០​ព្រឹទ្ធសភា នឹង​នាំយកទៅ​រាយការណ៍ ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​អង្គ​ព្រឹទ្ធសភា ព្រមទាំង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ជូនជ្រាប និង​ចាត់វិធានការ​ដោះស្រាយ​៕ ដោយ​៖​វ៉ៃ​កូ​

spot_img
×