Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វ៉ាក់សាំង COVID-19 ទទួលបាន​ការបញ្ជាទិញ​ទុក​មុន​រហូតដល់​ជិត ៦​ពាន់​លាន​ដូ​ស ទូទាំង​ពិភពលោក

spot_img

​បើទោះបីជា​វ៉ាក់សាំង COVID-19 មិនទាន់មាន​ក្រុមហ៊ុន​ណា​បង្កើតបាន​ក៏ដោយ តែមាន​ការបញ្ជាទិញ​ទុក​មុន​រហូតដល់ ៥,៧​ពាន់​លាន​ដូ​ស​ទូទាំង​ពិភពលោក​។
​វ៉ាក់សាំង​ជាច្រើន​កំពុងស្ថិត​ក្នុងការ​អភិវឌ្ឍ​ន៍ និង​មាន​វ៉ាក់សាំង​មួយចំនួន ស្ថិតក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​ការធ្វើ​តេស្ត​សាកល្បង​។​

​វ៉ាក់សាំង​ចំនួន ៥ ដែលមាន ៣​មកពី​ប​ច្ចិ​ម​ប្រទេស និង ២​ទៀត​មកពី​ចិន កំពុងស្ថិត​ក្នុងដំណាក់កាល​ទី ៣​នៃ​ការសាកល្បង​ទៅលើ​មនុស្ស​រាប់ពាន់នាក់​។​

​ប៉ុន្តែ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ មានការ​ប្រកាស​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដោយ ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​អះអាង​ពី​ការបង្កើតបាន​វ៉ាក់សាំង​ឈ្មោះ Sputnik V ដែល​ជួយ​ប្រព័ន្ធ​ការពារ​រាងកាយ​ប្រឆាំងនឹង​វីរុស​កូ​រ៉ូ​ណា​។​

​ខណៈដែល​មន្ទីរពិសោធន៍​ជុំវិញ​ពិភពលោក​កំពុង​ប្រណាំង​គ្នា​អភិវឌ្ឍន៍​វ៉ាក់សាំង ក្រុមហ៊ុន​ផលិត​ទទួលបាន​ហិរញ្ញវត្ថុ​ជាច្រើន ដើម្បី​ជួយ​ពួកគេ​ផលិត​វ៉ាក់សាំង​ឲ្យ​បាន​រាប់លាន​ដូ​ស ដើម្បី​ត្រៀមខ្លួន​ចែកចាយ​នៅក្នុង​ឆ្នាំ ២០២១ ឬ​មុន​បំណាច់​ឆ្នាំនេះ​។​

​ក្នុងចំណោម​ការ​កម្មង់​ទិញ​ទាំងអស់ អា​មេ​រិច​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ជាច្រើន ដើម្បី​នាំយក​វ៉ាក់សាំង​រហូតដល់ ៧០០​លាន​ដូ​ស សម្រាប់​ឲ្យ​ប្រជាជន​អា​មេ​រិច​ប្រើ​ក្នុង​ឆ្នាំ ២០២១​។​

​លុយ​រាប់លាន​ដុល្លារ ត្រូវបាន​ផ្តល់​ទៅដល់​អ្នកបង្កើត​វ៉ាក់សាំង រួមមាន​ជិត ៥០០​លាន​ដុល្លារ ត្រូវបាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន Johnson & Johnson កាលពី​ចុងខែ​មីនា​។​

​កាល​ថ្ងៃ​ម្សិលមិញ​នេះ អា​មេ​រិច​ទើប​ចុះ​កិច្ចព្រមព្រៀង​មានតម្លៃ ១,៥​ពាន់​លាន​ដុល្លារ ដើម្បី​នាំយក​វ៉ាក់សាំង​ចំនួន ១០០​លាន​ដូ​ស ពី​ក្រុមហ៊ុន Moderna​។​

​អឺរ៉ុប​កម្មង់ ៧០០​លាន​ដូ​ស​

​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ចំនួន ២ គឺ Oxford/AztraZeneca និង Sanofi/GSK បាន​ចុះហត្ថលេខា ឬ​កំពុង​ចរចា​ជាមួយនឹង​គណៈកម្មការ​អឺរ៉ុប ដើម្បី​ផ្តល់​វ៉ាក់សាំង​ចំនួន ៧០០​លាន​ដូ​ស​។​

​ការ​កម្មង់​ទិញ​របស់​អង់គ្លេស ជប៉ុន និង​ប្រេ​ស៊ី​ល​

​ប្រទេស​អង់គ្លេស ដែល​បច្ចុប្បន្ន​លែង​ជា​សមាជិក​សហភាព​អឺរ៉ុប​ទៀត កំពុងធ្វើការ​ចរចា ដើម្បី​កម្មង់​ទិញ​វ៉ាក់សាំង​ចំនួន ២៥០​លាន​ដូ​ស ពី​ក្រុមហ៊ុន​វ៉ាក់សាំង​ចំនួន ៤​។​

​ជប៉ុន​បញ្ជា​ទិញ​ទុក​មុន​នូ​វ៉ាក់សាំង​ចំនួន ៤៩០​លាន​ដូ​ស ពី​អ្នកផ្គង់ផ្គង់​ចំនួន ៣ រួមមាន ២៥០​លាន​ដូ​ស​មកពី​ក្រុមហ៊ុន Novavax របស់​អា​មេ​រិច​។​

​ចំណែក​ប្រេ​ស​ស៊ី​ល​វិញ​បាន​ប្រើប្រាស់​វិធី​ស្រដៀង​គ្នា ដោយបាន​ធ្វើការ​កម្មង់​ទុក​មុន​នូ​វ៉ាក់សាំង​ចំនួន ១០០​លាន​ដូ​ស ពី​ក្រុមហ៊ុន AstraZeneca ដែល​ក្រុមហ៊ុន​នេះ​ចាប់​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន​ចិន Sinovac ដើម្បី​ផលិត​វ៉ាក់សាំង​។

​ចិន និង​រុស្ស៊ី​

​ការធ្វើ​តេស្ត​វ៉ាក់សាំង​ចំនួន ២​របស់​ក្រុមហ៊ុន​ចិន Sinovac និង Sinopharm កំពុងដំណើរការ​យ៉ាង​ល្អ ប៉ុន្តែ​មាន​ដៃគូរ​អន្តរជាតិ​តិចតួច​ប៉ុណ្ណោះ ដែល​ត្រូវ​បានប្រកាស ដោយ​ធ្វើជា​ដៃគូ​ជាមួយនឹង​ប្រេ​ស៊ី​ល និង​មួយទៀត​ជាមួយ​ឥណ្ឌូណេស៊ី​។​

​រុស្ស៊ី​និយាយថា ប្រទេស​ចំនួន ២០​បានធ្វើការ​កម្មង់​ទុក​មុន​នូវ​វ៉ាក់សាំង Sputnik V ចំនួន ១​ពាន់​លាន​ដូ​ស​។ ដោយមាន​ការសហការ​ជាមួយ​ដៃគូរ​បរទេស រុស្ស៊ី​នឹង​អាចមាន​សមត្ថភាព​ផលិត​វ៉ាក់សាំង​បាន​រហូតដល់ ៥០០​លាន​ដូ​ស​ក្នុង​មួយឆ្នាំ នៅក្នុង​ប្រទេស​ចំនួន ៥​។​

​សូម​រំលឹកថា វីរុស​កូ​រ៉ូ​ណា​បាន​ផ្ទុះ​ដំបូង​ចេញពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន កាលពី​ចុងឆ្នាំ ២០១៩ និង​បាន​ឆ្លង​រីក​រាលដាល​យ៉ាង​លឿន​ទៅ​ទូទាំង​ពិភពលោក​។​

​រហូតមកដល់​ពេលនេះ វីរុស​មរណៈ​នេះ បាន​ផ្តាច់ជីវិត​មនុស្ស​ជាង ៧៤០.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជាង ២០​លាន​នាក់​៕

​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP

spot_img
×