Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល​កម្ពុ​ជា ជំរុញ​ឲ្យ​អាជ្ញាធរខេត្ត​ស្វាយរៀង បន្ត​ចាត់វិធានការ​ឆ្លើយតប ឱ្យបាន​ទាន់ពេលវេលា និង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩

spot_img

​ខេត្តស្វាយរៀង ៖ លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​កម្ពុជា បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្តស្វាយរៀង និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ បន្ត​ចាត់វិធានការ​ឆ្លើយតប ឱ្យបាន​ទាន់ពេលវេលា និង ធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​អ្នកធ្វើដំណើរ​មកពី​ក្រៅប្រទេស​ចូល​ខេត្ត ។​

​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​ខេត្ត នា​ព្រឹក​ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០​នេះ បាន​អញ្ជើញ​ជួបប្រជុំ​ពិភាក្សា​ជាមួយ គណៈប្រតិភូ​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ដឹកនាំ​ដោយ​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​កម្ពុជា​។

​លោក​អភិបាលខេត្ត បាន​ថ្លែង​នូវ​ការ​អំណរគុណ​ចំពោះ​ប្រតិភូ ក្រសួងសុខាភិបាល ដែល​បាន​ឆ្លៀតពេល​ដ៏​មមាញឹក ចុះ​បំពេញបេសកកម្ម​នៅ​ខេត្តស្វាយរៀង ដើម្បី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ក្នុង​គោលបំណង​បង្ការ​ទប់ស្កាត់ នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​ពិភពលោក ក៏ដូចជា ប្រទេស​កម្ពុជា​ជួបប្រទះ​សព្វថ្ងៃ​។

​លោក​អភិបាលខេត្ត​បាន​បន្តថា សព្វថ្ងៃ​ដោយសារ​យើង​មាន​ថ្នាក់ដឹកនាំ ប្រកបដោយ​យុទ្ធសាស្ត្រ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា លោក​បានដាក់​ចេញ​នូវ​វិធានការ​ឆ្លើយតប ទៅនឹង​សភាពការណ៍​ជាក់ស្តែង​ទើប​ប្រទេស​កម្ពុជា យើង​មិន​ទទួលរង​ឥទ្ធិពល​ខ្លាំង ដោយសា​ជំងឺ​កូ​វីដ​១៩​នេះ ក្នុងនោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន មាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​ការពារ​។

​លោកស្រី​រដ្ឋលេខាធិការ បាន​ថ្លែង​នូវ​ការ​កោត​ស​សើរ ចំពោះ​ការខិតខំ​ប្រឹងប្រែង របស់​រដ្ឋបាលខេត្ត និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ចូលរួម​ប្រយុទ្ធប្រឆាំង​និង​ជំងឺ​កូ​វីដ​១៩ ព្រមទាំង​កិច្ចការងារ​ផ្សេងៗ​ទៀត ដែល​ក្រសួងសុខាភិបាល បាន​ជូនដំណឹង​ជា​បន្ត​បន្តបន្ទាប់​នាពេល​កន្លងមក ក្នុងនោះ​ក្នុងនាម​ក្រសួងសុខាភិបាល ក៏​សូម​អបអរសាទរ​ប្រជា​ជា​ពលរដ្ឋ​ខេត្តស្វាយរៀង គិត​មក​ត្រឹម​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០​នេះ ពុំទាន់​រកឃើញ​ករណី​វិជ្ជមាន ទៅលើ​ប្រជាពលរដ្ឋ​ណាមួយ​ឡើយ​។

​លោកស្រី​បាន​បន្តថា ក្នុងនាម​ក្រសួងសុខាភិបាល មាន​ជំនឿ​យ៉ាង​មុតមាំ​ថា រដ្ឋបាលខេត្ត​ស្វាយរៀង និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ នៅតែ​បន្ត​ចាត់វិធានការ​ឆ្លើយតប ឱ្យបាន​ទាន់ពេលវេលា​ទៅ​ដូចជា ការធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​អ្នកធ្វើដំណើរ​មកពី​ក្រៅប្រទេស​ចូល​ខេត្ត និង​វិធានការ​ចាំបាច់​មួយចំនួន​ទៀត ជាពិសេស​បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន​បន្ថែមទៀត និង​បន្ត​ជំរុញ​ការផ្សព្វផ្សាយ​ដល់​ពលរដ្ឋ ភ្ញៀវ ទេសចរ ឲ្យ​រក្សាបាន​នូវ​វិធាន​អនាម័យ ដោយ​ការ​លាងដៃ​នឹង សាប៊ូ អាល់កុល ពាក់​ម៉ាស ការរក្សា​គម្លាត​សុវត្ថិភាព ដោយ​ត្រូវ​សម្រប​ខ្លួន​ទៅនឹង​របត់​ថ្មី នៃ​បរិបទ​សង្គម​បច្ចុប្បន្ននេះ​៕​ដោយ​៖ វ៉ៃ​កូ​

 

spot_img
×