Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ហា​កូ​វីដ​១៩ ៖ ក្នុង​ខណ្ឌ​ណាមួយ​មានការ​បើក​ឌី​ស្កូ​ថេ​ក ឬ បើក​កន្លែង​ជួបជុំគ្នា​ពពាក់ពពូន អភិបាលខណ្ឌ​នោះ ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​

spot_img

​ភ្នំពេញ​៖ ពាក់ព័ន្ធ​នឹង​បញ្ហា​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ អភិបាល​រាជធានី បាន​ណែនាំ​ឲ្យ​អភិបាលខណ្ឌ​ទាំង​១៤ មើល​រាល់​ក្លឹប​កម្សាន្ត ដែល​បាន​កែប្រែ​ទៅជា​ភោជនីយដ្ឋាន ដោយមាន​តន្ត្រី​កំដរ ការរក្សា​គម្លាត​សង្គម តើ​បាន​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួង​ដែរឬទេ​? ហើយ​បើ​រកឃើញថា នៅក្នុង​ខណ្ឌ​ណាមួយ​មានការ​បើក​ឌី​ស្កូ​ថេ​ក ឬ បើក​កន្លែង​ជួបជុំគ្នា​ពពាក់ពពូន អភិបាលខណ្ឌ​នោះ ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។

អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង បាន​ជំរុញ​ឱ្យ​មន្ទីរ​សុខាភិបាល ស្ថាប័ន​ពាក់ព័ន្ធ និង​ថ្នាក់ដឹកនាំ​ខណ្ឌ​ទាំង​១៤ បង្កើន​ការយកចិត្តទុកដាក់​ឱ្យ​កាន់តែ​ខ្លាំងក្លា លើ​ការបង្ការ​ទប់ស្កាត់ និង​ផ្សព្វផ្សាយ អប់រំ នូវ​វិធាន​ទាំងឡាយ​របស់​ក្រសួងសុខាភិបាល នៅតាម​មូលដ្ឋាន​របស់ខ្លួន​ឱ្យបាន​ផុស​ផុស ស្រប​ពេលដែល​ប្រទេសជិតខាង​មួយចំនួន កំពុងមាន​ការកើនឡើង​នៃ​អ្នក​ឆ្លង និង​អ្នកស្លាប់​ជា​បន្តបន្ទាប់​។​

​នៅក្នុង​ប្រជុំ​ជាមួយ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ និង ថ្នាក់ដឹកនាំ​ខណ្ឌ​ទាំងអស់ នា​រសៀល​ថ្ងៃទី​១២ ខែ សីហា ឆ្នាំ​២០២០​នេះ ឯកឧត្តម ឃួ​ង ស្រេង បាន​ជំរុញ​ឱ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត និង​មាន​ចំណាត់ការ​ដោយ​ការទទួលខុសត្រូវ ចំពោះ​ការចូលរួម​យុទ្ធនា​ការការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ បើទោះជា​មាន​ប្រទេស​មហាអំណាច​មួយចំនួន បានបង្ហាញ​ពី​ការរកឃើញ​វ៉ាក់សាំង​ព្យាបាល​កូ​វីដ​១៩​ហើយ​ក្តី ប៉ុន្តែ​សម្រាប់​កម្ពុជា​យើង គឺ​មិនអាច​ធ្វេសប្រហែស​បានឡើយ ដូចដែល​ប្រមុខ​រាជរដ្ឋាភិបាល តែងតែ​លើក​ឡើងជា​ញឹកញាប់ ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ មិន​ថា​កាលៈទេសៈ​ណា​នោះទេ គឺ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ត្រូវតែ​បន្ត​អប់រំ ផ្សព្វផ្សាយ នូវ​វិធាន​នានា​ដែល​ក្រសួង​សុខ​ភិ​បាល​បានដាក់​ចេញ ជាពិសេស​ប្រជាពលរដ្ឋ​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ដោយ​ខ្លួនឯង​គ្រប់ពេលវេលា​។​

​ឯកឧត្តម អភិបាល បាន​ថ្លែង​ផងដែរ អំពី​យន្តការ នៃ​ការតាមដាន​ចំពោះ​អ្នក​មកពី​បរទេស តាមរយៈ​ការធ្វើ​ច​ត្តា​ឡី​ស័ក បើ​ទោះ​ពួកគាត់​មក​តាម​មធ្យោបាយ​ណាក៏ដោយ ត្រូវតែ​ដឹង​គ្រប់​មូលដ្ឋាន ដើម្បី​បន្តធ្វើ​ច​ត្តា​ឡី​ស័ក អ្នក​ទាំងនោះ​ឱ្យបាន​ត្រឹមត្រូវ​នឹង​ប្រាកដថា ពួកគាត់​ពិតជា​អវិជ្ជមាន​កូ​វីដ​១៩​។​

​ឯកឧត្តម ឃួ​ង ស្រេង បញ្ជាក់ថា អភិបាលខណ្ឌ​ទាំង​១៤ ត្រូវ​មើល​រាល់​ក្លឹប​កម្សាន្ត ដែល​បាន​កែប្រែ​ទៅជា​ភោជនីយដ្ឋាន ដោយមាន​តន្ត្រី​កំដរ តើ​បាន​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួង​ដែរឬទេ ជាពិសេស ការរក្សា​គម្លាត​សង្គម​។ ហើយ​បើ​រកឃើញថា នៅក្នុង​ខណ្ឌ​ណាមួយ​មានការ​បើក​ឌី​ស្កូ​ថេ​ក ឬ បើក​កន្លែង​ជួបជុំគ្នា​ពពាក់ពពូន​នោះ អភិបាលខណ្ឌ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។
ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ធ្លាប់បាន​លើកឡើង​ហើយ​ថា ក្នុងនាម​អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច ពាក់ព័ន្ធ​នឹង​កូ​វីត​–១៩​នេះ យើង​កុំ​ហ៊ាន​ពេក ហើយក៏​កុំ​ខ្លាច​ពេក​ដែរ ដែល​ធ្វើ​ឲ្យ​បាត់បង់​ម្ចាស់ការ​។​

” បើ​ក្លឹប​និង​ខារ៉ាអូខេ​ខាង​ទាំងនោះ មិនបាន​ប្រែ​ក្លាយទៅជា​ភោជនីយដ្ឋាន​ទេ​តែ​បែរជា លួច​បើក​ជា​ក្លឹប ខារ៉ាអូខេ ហើយ​ត្រូវបាន​កម្លាំង​មាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ធ្វើការ បង្ក្រាបបាន​ជាក់ស្តែង​នោះ នោះអាជ្ញាធរ​ខណ្ឌ​នោះ នឹងមាន​បញ្ហា​ប្រឈមមុខ​ជាមួយនឹង​ក្រសួងមហាផ្ទៃ​និង​រាជរដ្ឋាភិបាល​ហើយ​” អភិបាល​រាជធានី​ភ្នំពេញ​បញ្ជាក់បន្ថែម​យ៉ាង​ដូច្នេះ​។​

​ឯកឧត្តម​បញ្ជាក់ទៀតថា “​យើង​អាច​ភ្លេច​កូ​វីដ​១៩ ប៉ុន្តែ​កូ​វីដ​១៩ មិន​ភ្លេច​យើង​គ្រប់គ្នា​ទេ តែ​ហ៊ាន​ធ្វេសប្រហែស​និង​មាន​ហានិភ័យ​ជា​កើតឡើង​ជាមិនខាន​” ជាពិសេស​នៅតាម​ផ្សារ​នានា ត្រូវតែ​រៀបចំ​ធ្វើ​អនាម័យ និង​បាញ់​អាល់កុល​ជាប្រចាំ ដើម្បី​ការពារ​កុំ​ឱ្យមាន​ការរីក​រាលដាល នៅក្នុង​សហគមន៍​របស់​យើង ដោយ​ផ្តើម​ការទទួលខុសត្រូវ​ចេញពី​យើង​គ្រប់គ្នា សហគមន៍​យើង និង​ការយកចិត្តទុកដាក់​ខ្ពស់​ពី​អាជ្ញាធរ​មូលដ្ឋាន​៕​ដោយ​៖​កូ​ឡាប​

spot_img
×