Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្វើ​មេ​ប៉ុស្តិ​មិន​ចង់ បែរ​ជា​ចង់​ជាប់គុក ជនដៃដល់ និង​ជន​ពាក់ព័ន្ធ​សរុប​៥​នាក់ ជា​កម្លាំងប្រដាប់អាវុធ ក្នុងករណី​បាញ់​សម្លាប់​មនុស្ស​៣​នាក់ នៅ​ខេត្ត​មណ្ឌលគិរី ចាប់​ខ្លូន​ទាំងអស់​

spot_img

​ភ្នំពេញ ​៖​ ជនដៃដល់ និង​ជន​ពាក់ព័ន្ធ​សរុប​៥​នាក់ ជា​កម្លាំងប្រដាប់អាវុធ ក្នុងករណី​បាញ់​សម្លាប់​មនុស្ស​៣​នាក់ នៅ​ខេត្ត​មណ្ឌលគិរី ចាប់​ខ្លូន​ទាំងអស់​គិត​ត្រឹម​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ ពោល​ត្រឹម​រយៈពេល​៣​យប់ ៤​ថ្ងៃ សំណុំរឿង​ឃាតកម្ម​បាញ់​សម្លាប់​មនុស្ស​៣​នាក់ នៅ​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ។​ជនដៃដល់ និង​ជន​ពាក់ព័ន្ធ​សុទ្ធតែ​ជា​កងកម្លាំង​ប្រដាប់អាវុធ (​នគរបាល​២​នាក់ និង​យោធា​៣​នាក់​) ត្រូវបាន​ចាប់ខ្លួន​ជា​បន្ដបន្ទាប់ និង​កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​បន្ដ​តាម​នីតិវិធី​ច្បាប់​។​

​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា​៖​ជនដៃដល់ និង​ជន​ពាក់ព័ន្ធ​ទាំង​៥​នាក់ រួមមាន ទី​១៖​ឈ្មោះ ផល ពេញ ជា​នាយ​នគរបាល​ប៉ុស្ដិ៍​អូរ​រ​លែ នៃ​វរ​ការពារ​ព្រំដែន​លេខ​៦២១ ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី ត្រូវបាន​ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃ ទី​០២ ខែ​កុម្ភៈ ស្ថិត​នៅ​ហាង​គុយទាវ​មួយកន្លែង ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ គឺជា​អ្នកបាញ់​ផ្ទាល់​ទៅលើ​ជនរងគ្រោះ​ទាំង​៣​នាក់​, ទី​២៖​ឈ្មោះ កើត វេ​ហា ហៅ​ឆៃ ជា​ទាហាន​ការពារ​ព្រំដែន ត្រូវបាន​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​៣១ ខែ​មករា ជា​ជន​ពាក់ព័ន្ធ និង​ទី​៣៖​ឈ្មោះ កើត វេ​តា ជា​ទាហាន​ការពារ​ព្រំដែន​, ទី​៤៖​ឈ្មោះ ឡាយ សា​វី ជា​ទាហាន​ការពារ​ព្រំដែន និង​ទី​៥៖​ឈ្មោះ ទន់ ធារ៉ា ជា​មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​អូរ​រ​លែ ដែល​អ្នក​ទាំង​៣​នេះ ត្រូវបាន​ចាប់ខ្លួន​នៅ​យប់​ថ្ងៃទី​០១ ខែ​កុម្ភៈ​។​

​សម្ថ​ត​កិច្ច​បន្តថា​៖​ជនរងគ្រោះ​ទាំង​៣​នាក់ រួមមាន​៖ មន្ដ្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ឈ្មោះ សេក វឌ្ឍនា​, មន្ដ្រី​ឧទ្យានុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ឈ្មោះ តើ​ន សុខ​ណៃ និង​បុគ្គលិក​អង្គការ​សមាគម អភិ​រក្សា​សត្វព្រៃ Wildlife Conservation Society (WCS) ឈ្មោះ ថុល ខ្នា ដែល​ការបាញ់ប្រហារ​នេះ​ផ្តើមចេញ​ពី​បទល្មើស​ព្រៃឈើ​។​

​ជុំវិញ​ប្រតិបត្តិការ​តាម​ចាប់​ជនដៃដល់ និង​ជន​ពាក់ព័ន្ធ​ទាំង​៥​នាក់ លោក​ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​ក្រុម​ស៊ើបអង្កេត ក្នុង​ករណី​ឃាតកម្ម របស់​គណៈកម្មាធិការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់​ជាតិ​ឲ្យដឹង​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ កម្លាំង​សមត្ថកិច្ច របស់​ថ្នាក់​ជាតិ (​អាវុធហត្ថ ក្រសួង​បរិស្ថាន និង​នគរបាល​ជាតិ​) ជាង​៣០​នាក់ ក្រោម​ការបញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា សហការ​ជាមួយ​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត​មណ្ឌលគិរី បាន​ទទួល​ជោគជ័យ​ក្រោយ​ជនល្មើស និង​ជន​ពាក់ព័ន្ធ​ទាំង​៥​នាក់ ត្រូវបាន​ចាប់ខ្លួន​ជា​បន្ដបន្ទាប់ និង​កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ​។​

​ក្នុង​រយៈពេល​ស្រាវជ្រាវ​ទាំងយប់ ទាំង​ថ្ងៃ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ លោក​ឧត្តមសេនីយ៍ បញ្ជាក់ថា សាក្សី​រួម​មាន មន្ដ្រី កងកម្លាំងប្រដាប់អាវុធ និង​ប្រជាជន​ចំនួន​៩​នាក់ ត្រូវ​ហៅ​មក​សួរនាំ​ជា​បន្ដបន្ទាប់ ពាក់ព័ន្ធ​អំពើ​ឃាតកម្ម ដើម្បី​ប្រមូល​ភ័ស្ដុតាង​បន្ថែម ព្រមទាំង​វត្ថុតាង​ជា​កាំភ្លើង​ក៏​ត្រូវបាន​សមត្ថកិច្ច​ដ​ក​ហូត​ផងដែរ​។ អំពើ​ឃាតកម្ម​នេះ​មជ្ឈម​ដ្ឋា​ន​នានា​ពិតជា​ចង់ដឹង ពី​មូលហេតុ​ពិតប្រាកដ​ដែល​នាំឲ្យ​មាន​ការបាញ់​សម្លាប់​ទៅលើជ​ន​រងគ្រោះ​ទាំង​៣​នាក់​។​

​ចម្លើយសារភាព​របស់​ជនដៃដល់ ផល ពេញ ដែល​បាន​ប្រាប់​ទៅ​ក្រុម​សមត្ថកិច្ច​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​៖​ដំបូង​ឡើយ​ពោល​នៅ​ថ្ងៃកើតហេតុ​ទី​៣០ ខែ​មករា ជនរងគ្រោះ​ទាំង​៤​នាក់ (​រត់គេចខ្លួន​បាន​ម្នាក់​) បាន​ជិះ​ម៉ូតូ​២​គ្រឿង ល្បាត​ក្នុង​ព្រៃ ហើយ​ក៏​ជួប​ជនជាតិ​វៀតណាម​មួយក្រុម ដោយ​មានរ​ណា​យន្ដ កំពុង​កាប់ និង​អា​ឈើ​។ ពេល​ឃើញ​ជនជាតិ​វៀតណាម​ទាំង​នោះ កំពុង​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ជនរងគ្រោះ​បាន​ទៅ​ឃាត់ ហើយ​សួរនាំ​ស្រាប់តែ​មាន​មន្រីនគរបាល​ប៉ុស្ដិ៍​ម្នាក់ ដែល​ជា​កូនចៅ​របស់ ផល ពេញ ទៅ​សួរនាំ​គោលបំណង​សម្របសម្រួល​ដោយ​ទារ​លុយ​ប្រមាណ​៥​លាន​ដុង ពី​ក្រុម​ជនជាតិ​វៀតណាម​។​

​ការសម្របសម្រួល​គ្នា​នេះ ជនរងគ្រោះ​ទាំង​៣​នាក់ ក៏​មិន​ថា​អី ប៉ុន្ដែ​ពួកគេ​នៅតែ​ចាប់​ដកហូតរ​ណា​យន្ដ ដាក់​ចង​នៅ​លើ​ម៉ូតូ​រួច​ក៏​ដឹង​ចេញមក ហើយ​ថែម​បាន​រាយការណ៍​ទៅ​កាន់​ព្រះរាជអាជ្ញា ស្រាប់តែ​លោក​ព្រះរាជអាជ្ញា បាន​ទូរស័ព្ទ​ប្រាប់​មេ​បញ្ជាការ​វរ​ការពារ​ព្រំដែន​លេខ​៦២១ ដែល​ជា​មេ​កើយ​របស់​ឈ្មោះ ផល ពេញ​។ ក្រោយ​ទទួល​ទូរស័ព្ទ​ពី​លោក​ព្រះរាជអាជ្ញា​រួចមក មេបញ្ជាការ​វរ ក៏​បាន​ទូរស័ព្ទ​ទៅ​ស្ដីបន្ទោស​ទៅ​ឈ្មោះ ផល ពេញ ស្រាប់តែ​ជន​នេះ ខណៈ​កំពុង​នៅ​ជាមួយ​មន្ដ្រី​យោធា ដែល​ពាក់ព័ន្ធ ក៏​ធ្វើដំណើរ​ស្កាត់​មកជួប​ជនរងគ្រោះ​ទាំង​៤​នាក់​នៅ​ក្បែរ​ភូមិ រួច​បើក​ការបាញ់ ប្រហារ​ទាំង​កម្រោល បណ្ដាលឲ្យ​ស្លាប់​យ៉ាង​ដូច្នេះ​។​

​តាម​ការសារភាព​ដដែល​នេះ ក្រៅពី​ខឹង​រឿង​ជនរងគ្រោះ​ទូរស័ព្ទ ទៅកាន់​ព្រះរាជអាជ្ញា និង​ចាប់​វត្ថុតាង​របស់​ជន​ជាតិ​វៀតណាម រឿង​ខឹង​មួយទៀត​នោះ គឺ​ជនរងគ្រោះ​ចូល​ល្បាត​នៅ​តំបន់​នោះ មិន​សុំ​សហ​ការណ៍​ពី​ខ្លួន ព្រោះ​អាច​នឹង​មាន​បញ្ហា​កើត​ឡើង​ជាមួយ​ភាគី​វៀតណាម ដោយ​សារ​ជា​ព្រំប្រទល់​ជាប់​គ្នា​»​។​

​លោក​ឧត្តមសេនីយ៍ ហុង វិណុល បាន​ថ្លែងថា សម្រាប់​គណៈបញ្ជាការ​ឯកភាព​ខេត្ត​មណ្ឌលគិរី គឺ​បាន​អនុវត្តតាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ត្រឹមត្រូវ​ហើយ លើ​កិច្ច​ការពារ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ប៉ុន្តែ​បញ្ហា​ទាំងនេះ បាន​កើតឡើង​ដោយសារតែ​មាន​បុគ្គល​មួយ​ប៉ុណ្ណោះ​។​

​គិត​ត្រឹម​ម៉ោង​ប្រមាណ​០៧៖១៥​នាទី​យប់​ថ្ងៃទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ ជនដៃដល់​ដែល​ជា​នាយ​នគរបាល​ប៉ុស្តិ៍​អូរ​រ​លែ ផល ពេញ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បញ្ចប់​ការសួរនាំ​ហើយ មុន​បញ្ជូន​ទៅ​ខេត្ត​ម​ណ្ឌ​ល​គិរី​វិញ​អាច​ធ្វើឡើង​នៅ​ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។​

​លោក បាន​បន្យថា​៖​បន្ទាប់ពី​ត្រូវ​បាន​ចាប់ខ្លួន នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ខណៈ​កំពុង​រត់គេចខ្លួន​ទៅ​កាន់​ស្រុកកំណើត នៅឯ​ខេត្ត​ព្រៃវែង នាយ​នគរបាល​ប៉ុស្តិ៍​អូរ​រ​លែ ផល ពេញ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា រូបគេ​គឺជា​អ្នក​បាញ់សម្លាប់​ជនរងគ្រោះ​ទាំង​៣​នាក់ ពិតប្រាកដ​មែន ដោយ​ផ្តើមចេញពី​ការទាស់ទែង​គ្នា​។ នេះ​បើ​តាម​លោក​ឧត្តមសេនីយ៍ សូ សុវណ្ណ ស្នងការរង​នគរបាល​ខេត្ត​មណ្ឌលគិរី​។​

​លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ថ្លែងថា​៖​គណៈកម្មាធិការ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់ជាតិ ក្រោម​ការបញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មាធិការ ដែល​មាន​មន្ដ្រី​អាវុធហត្ថ មន្ដ្រី​បរិស្ថាន និង​មន្ដ្រីនគរបាល​ជាតិ បាន​ចុះ​ទៅ​ទីតាំង​កើតហេតុ ដើម្បី​បើក​ការស៊ើបអង្កេត និង​ស្រាវជ្រាវ​ទៅ​តាម​ជំនាញ​ជាក់ស្ដែង ជុំវិញ​ហេតុ​ផ្ទុះ​អាវុធ​ដែល​កើតឡើង បន្ទាប់​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ចេញ​បញ្ជា​ជាបន្ទាន់​ឲ្យកម្លាំង​សមត្ថកិច្ច នៃ​គណៈកម្មាធិការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់ជាតិ ឲ្យ​ចុះ​ស្រាវជ្រាវ​ទាំងយប់​។​

​គួរបញ្ជាក់​ថា ការ​បាញ់ប្រហារ​នេះ បាន​កើតឡើង​នៅ​ចំណុច​ប៉ុស្ដិ៍​អូរ​រ​លែ ក្នុង​ភូមិសាស្ដ្រ​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី នៅ​ចន្លោះ​ម៉ោង​៤ ទៅ​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៨ បាន​បណ្ដាលឲ្យ​ស្លាប់​មនុស្ស​៣​នាក់​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×