Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ស្នើឱ្យ​សរសេរ​ឈ្មោះ​ខេត្ត និង​ទីតាំង​នានា ជា​អក្សរ​ឡាតាំង ឱ្យមាន​ការឯកភាព​

spot_img

​ភ្នំពេញ​៖ ក្នុង​បំណង​ស្វែងរក​ការឯកភាព​គ្នា ក្នុងការ​សរសេរ​អក្សរ​ឡាតាំង​លើ​ឈ្មោះ​ខេត្ត និង​ទីតាំង​សាធារណៈ​នានា ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ​កិច្ចពិភាក្សា​តុមូល​ស្តីពី «​បទពិសោធ និង​បញ្ហា​គោលការណ៍​ក្នុងការ​ប្រើប្រាស់​អក្សរ​ឡាតាំង សម្រាប់​កត់​សូរ​ភាសា​ខ្មែរ ករណី​អសាធារណនាម​» នៅ ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០​នា​រាជបណ្ឌិត្យសភាកម្ពុជា ។​

​ដោយបាន​ពិនិត្យ​មើលឃើញថា ក្នុងពេល​កន្លងមក ការប្រើ​អក្សរ​ឡាតាំង​ក្នុងការ​សរសេរ​អសាធារណនាម​ខ្មែរ មិនទាន់មាន​ការឯកភាព​គ្នា​នៅឡើយ ហេតុនេះ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានសម្រេច​រៀបចំ​កិច្ចពិភាក្សា​តុមូល​ស្តីពី «​បទពិសោធ​និង​បញ្ហា​គោលការណ៍​ក្នុងការ​ប្រើប្រាស់​អក្សរ​ឡាតាំង សម្រាប់​កត់​សូរ​ភាសា​ខ្មែរ ករណី​អសាធារណនាម​» ដើម្បី​ស្វែងរក​មតិយោបល់​និង​អនុសាសន៍​ពី​អ្នកចូលរួម ជាពិសេស​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា នឹង​ការប្រើប្រាស់​អក្សរ​ឡាតាំង​សម្រាប់​សរសេរ​អសាធារណនាម ដើម្បី​ពង្រីក​គំនិត​និង​ទស្សនៈ​ក្នុងការ​កែលម្អ និង​សម្រេចបាន​នូវ​គោលការណ៍​រួមមួយ​សម្រាប់​ខែ្មរ​។​
​នៅ​កិច្ចពិភាក្សា​តុមូល​ដែល​បាន​ប្រារព្ធ​រៀបចំឡើង នៅក្នុង​សាល​មរតក​សិល្បៈ​ខ្មែរ ឯកឧត្តម​បណ្ឌិត ហ៊ាន សុខុម ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​បាន​ថ្លែងថា ក្នុងសម័យ​សកលភាវូបនីយកម្ម ការប្រើប្រាស់​អក្សរ​ឡាតាំង​សម្រាប់​សរសេរ​អសាធារណនាម​ខ្មែរ​មាន​ភាពចាំបាច់​។ ក្នុង​ជីវភាព​ប្រចាំថ្ងៃ ការប្រើប្រាស់​ឈ្មោះ​ជា​អក្សរ​ឡាតាំង​ក៏​ចាំបាច់​ណាស់ដែរ ក្នុងការ​ធ្វើលិខិត​អត្រានុកូលដ្ឋាន លិខិតឆ្លងដែន​ជាដើម​។ ម្យ៉ាងទៀត តម្រូវការ​សរសេរ​ឈ្មោះ​ខេត្ត ស្រុក ឃុំ ភូមិ ផ្លូវ ទីកន្លែង ប្រាសាទ ឧទ្យាន ជា​អក្សរ​ឡាតាំង​ក៏មាន​ភាពចាំបាច់​ដូចគ្នា​។​

​ជាក់ស្តែង ឯកឧត្តម​បណ្ឌិត ហ៊ាន សុខុម បានលើកឡើង​បន្ថែមថា​៖«​កន្លងមក ការប្រើ​អក្សរ​ឡាតាំង​ក្នុងការ​សរសេរ​អសាធារណនាម​ខ្មែរ មិនទាន់មាន​ឯកភាពគ្នា​នៅឡើយ​ទេ​។ ចំពោះ​ការ​កត់​សូរ ឈ្មោះ​ខេត្តតាកែវ មាន​សំណេរ​ដោយ​ប្រើ​អក្សរ​ឡាតាំង​ច្រើនបែប «Takeo» «Takaev» និង «Takev» រីឯ​ឈ្មោះ​ខេត្តក្រចេះ មាន​សំណេរ​ដោយ​ប្រើ​អក្សរ​ឡាតាំង​«Kratie» និង «Krachech»​។ ហេតុនេះ​កិច្ចពិភាក្សា​តុមូល​នេះ នឹង​បង្ហាញ​ដល់​សាធារណជន​អំពី​ប្រវត្តិ ទំនោរ និង​បទពិសោធ​របស់​អ្នកប្រើប្រាស់​ក្នុងការ​ប្រើ​អក្សរ​ឡាតាំង សម្រាប់​សរសេរ​អសាធារណនាម និង​សំណើ​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​។​

​បន្ទាប់ពី​កិច្ចពិភាក្សា​នេះ ឯកឧត្តម​បណ្ឌិត ហ៊ាន សុខុម រំពឹង​ជឿជាក់ថា នឹង​ទទួលបាន​មតិយោបល់ និង​អនុសាសន៍​ពី​អ្នកចូលរួម ជាពិសេស​ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​អក្សរ​ឡាតាំង សម្រាប់​សរសេរ​អសាធារណនាម​ដើម្បី​ពង្រីក​គំនិត និង​ទស្សនៈ​ក្នុងការ​កែលម្អ និង​សម្រេចបាន​នូវ​គោលការណ៍​រួមមួយ​សម្រាប់​ជនជាតិខ្មែរ ដែលជា​ម្ចាស់​ភាសា​អាច​ទទួលយកបាន​ដោយ​សុទ្ធចិត្ត​។​
​សមាសភាព​អញ្ជើញ​ចូលរួម​កិច្ចពិភាក្សា​តុមូល​នេះ រួមមាន​៖ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ មន្ត្រី​រាជបណ្ឌិត្យសភាកម្ពុជា វាគ្មិន​មកពី​ក្រសួង​ពាក់ព័ន្ធ ក្រសួង​អប់រំ​, ក្រសួងផែនការ និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រួមទាំង​មន្ត្រី​ស្រាវជ្រាវ និង​និស្សិត​សរុប​ចំនួន​ប្រមាណ ១០០​នាក់​៕ ដោយ​៖​កូ​ឡាប​

   

spot_img
×