Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារៈមន្ទីរ​សន្តិភាព​ស​កម្ម​ភាព​កំចាត់មីន បង្ហាញ​ពី​សោ​ក​វិនាសកម្ម​នៃ​សង្គ្រាម​នៅ​កម្ពុជា​

spot_img

ភ្នំពេញ​៖ លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​ថ្លែង​ដោយ​ស្នើ​អញ្ជើញ​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ទៅ​ទស្សនា​សារមន្ទីរ​សន្តិភាព​សកម្មភាព​កំចាត់​មីន ដើម្បី​ស្វែងយល់​បន្ថែម​និង​រំលឹក​ឡើងវិញ ពី​សោក​វិនាសកម្ម​នៃ​សង្គ្រាម​នៅ​លើ​មាតុភូមិ​នេះ​។​

​បើ​តាម​លោក​ហេង រតនា​នាយក​មជ្ឈមណ្ឌល សកម្មភាព​កំចាត់មីន​កម្ពុជា ហៅ​កាត់​ថា ស៊ីម៉ាក់ បាន​បញ្ជាក់​ក្នុងផេក​ហ្វេស​ប៊ុក កាលពី​ថ្ងៃ​ទី​២​ខែ​កុម្ភៈ​ថា វប្បធម៌ ចាក់ចោល​អង្ករ យក​អង្កាម ពិតជា​អាច​កើតមាន​នៅ​សង្គម​កម្ពុជា​ទៀត​មែន​ទេ​? តើ​ប្រជាជន​កម្ពុជា​សុខចិត្ត​បោះចោល​សន្តិភាព បែរ​ជា​ចូលរួម​ចលនា បង្កចលាចល​សង្គម​មែ​ន​ទេ​? សន្តិភាព​ដែល​រក​បាន​មក​វិញ​យ៉ាង​លំបាក​បំផុត ក្រោយពី​សង្គ្រាម​ឆាបឆេះ​លើ​មាតុភូមិ​ជាង​៣០​ឆ្នាំ ដែល​បាន​សម្លាប់​កូន​ខែ្មរ​រាប់លាន​នាក់ (​ប្រមាណ​ជាង​៣​លាន​៨​សែន​នាក់​) និង​បំផ្លាញ​ខ្ទេចខ្ទី​គ្មាន​សល់​នូវ​ហេ​ដ្ឋា​រចនាសម្ពន្ធ័​រូបវន្ត ព្រមទាំង ស្មារតី មនសិកា និង​ដួងព្រលឹង​ខែ្មរ​។ យើង​ត្រូវ​រួម​គ្នា​ជា​កម្លាំង​ថាមពល ក្នុង​ការកសាង​ប្រទេសជាតិ​ឡើងវិញ ដែល​សម្ពាយ​លំបាក​នេះ​ធ្លាក់​មក​លើ​មនុស្ស​ជំនាន់​នេះ ដើម្បី​ទ្រោល​ដោះស្រាយ​និង​ប្រកួតប្រជែង​ជាមួយ​ជាតិ​សាសន៍​ដទៃ ដើម្បី​ធានា​ភាពសុខដុមរមនា​កម្ម​សង្គម​នៃ​មនុស្ស​ជំនាន់​នេះ​និង​ជំនាន់​ក្រោយៗ​ទៀត​។​

​បើ​តាម​អគ្គនាយក​ស៊ីម៉ាក់ ៖ ប្រទេសជាតិ​គ្មាន​គ្រោះអាសន្ន ឬ​កលិយុគ​អ្វី​ទេ​។ គ្មាន​ការ​ចាំបាច់​តំរូវ​ឱយមាន​ចលនា​សង្គ្រោះ​បន្ទាន់​នោះ​ទេ​។ ទង្វើ​ចលនា​ណាមួយ គ្រាន់តែ​ជា​ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​បរទេស​ដើម្បី​បង្ក​អសន្តិសុខ​សង្គម ចលនា​ច​ល​សង្គម និង​ឈាន​ទៅ​រក​សង្គ្រាមស៊ីវិល​ជា​ថ្មី​មិន​ខាន​ឡើយ​។ ភស្តុតាង​មាន​ជា​ឧទាហរណ៍​ជាក់ស្តែង​នៅ​ប្រទេស​កំពុង​មាន​សង្គ្រាម​លើ​លោក​នេះ​មាន​ស្រាប់​ហើយ​។ សូម​ពឹងផ្អែក​ជាតិ​សាសន៍​ខ្លួនឯង មិនមែន​អាង​បរទេស​នោះ​ទេ ពង្រឹង​ភាពជា​ម្ចាស់ លើ​ជោគវាសនា​ជាតិ​សាសន៍​ខ្លួន គ្មាន​ជាតិ​សាសន៍​ណា ពឹង​ផែ្អ​ក​តែ​លើ​ជាតិ​សាសន៍​ដទៃ ហើយ​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ​នោះ​ទេ​។​

​សូមបញ្ជាក់​ថា សារមន្ទីរ​សន្តិភាព​ស​កម្ម​ភាព​កំចាត់មីន ស្ថិត​នៅ​ទីក្រុង​សៀមរាប ខេត្តសៀមរាប ដែល​ទើបតែ​បង្កើតឡើង ជាដំបូង​នៅ​កម្ពុជា​ផ្តោត​សំខាន់ ទៅលើ​គោលដៅ​ជា​ចម្បង លើ​យុវជន​ដើម្បី​ឲ្យ​ពួកគេ​បាន​សិក្សា​ស្វែងយល់ ពី​ផល​លំបាក​ពេល​ឆ្លងកាត់​សង្គ្រាម ។ សារមន្ទីរ​នេះ សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ។ សារមន្ទីរ​នេះ ដើម្បី​តម្កល់​ទុក​ឯកសារ ស្រាវជ្រាវ​ប្រវត្តិ​សង្គ្រាម នៅ​កម្ពុជា​ពាក់ព័ន្ធ​យុទ្ធភណ្ឌ មិន​ទាន់​ផ្ទុះ​ដែល​ស៊ីម៉ាក់ បាន​ធ្វើ​នៅ​ភូមិ​៤៦​ភាគរយ នៅ​កម្ពុជា សម្រាប់​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ ស្វែងយល់​ពី​ផល​លំបាក សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សម័យ​សង្គ្រាម និង​ចង់បង្ហាញ​ពី​ការខិតខំ របស់​រាជរដ្ឋាភិបាល​ក្នុងការ ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ។ សារមន្ទីរ​នេះ មាន​ទីតាំង​សំខាន់ៗ​ដូចជា សាល​បង្ហាញ​ពី​ប្រភេទ​គ្រាប់មីន បង្ហាញ​ពី​សម្ភារៈ​បរិក្ខារ ដែល​ធ្លាប់​ប្រើប្រាស់​កម្ទេច​គ្រាប់មីន បង្ហាញ​ពី​សម្ភារៈ​ដែល​ទទួលរង ការបំផ្លាញ​គ្រាប់មីន ដូចជា​ត្រាក់ទ័រ គោយន្ត និង​ចំការមីន​សិប្បនិម្មិត ដែល​ធ្វើ​ជា​សមរភូមិ​ប្រយុទ្ធ ។​

​បើ​តាមផេក​ហ្វេស​ប៊ុក​ផ្លូវការ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា មានប្រសាសន៍ថា កម្ពុជា​ដែល​បាន​ឆ្លងកាត់​សង្គ្រាម និង​ការផ្លាស់ប្តូរ​ពី​របប​មួយ​ទៅមួយ គឺ​បាន​ដឹង និង​យល់​ច្បាស់​នូវ​ល​ទ្ឋ ផល​សង្គ្រាម​។ ពិតណាស់ គឺ​កម្ពុជា​ឆ្អែត​នឹង​សង្គ្រាម​។ ប្រសិនបើ​គ្មាន​សង្គ្រាម និង​របប​ប្រល័យ​ពូជសាសន៍ គឺ​កម្ពុជា​ពិតជា​រីកលូតលាស់​យ៉ាងខ្លាំង​។ ដោយសារ​សង្គ្រាម​ជាច្រើន​ទសវត្សរ៍​កន្លងមកនេះ គឺ​បាន​បន្សល់ទុក​នូវ​គ្រាប់មីន​ជា​ច្រើន​កប់​ក្រោម​ដី ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​បានស្លាប់ និង​របួស​ពិការ​។ ទន្ទឹមនឹងនេះ គ្រាប់មីន​គឺ​បាន​រារាំង​ដល់​ការដាំ ដុះ​ដំណាំ​កសិកម្ម​របស់ ប្រជាពលរដ្ឋ​ផង​ដែរ​។ សារមន្ទីរ​សន្តិភាព​ស​កម្ម​ភាព​កំចាត់មីន​នេះ មាន​ការរៀបចំ​ដាក់​បង្ហាញ​អំពី ប្រវត្តិ​សង្គ្រាម សកម្មភាព ក្នុង​សង្គ្រាម ការដោះស្រាយ​បញ្ហា​សំណល់​ជាតិ​ផ្ទុះ​ក្រោយ​សង្គ្រាម និង​ការអភិវឌ្ឍ ក្រោយពេល​បោស សំអាត​សំណល់​ជាតិ​ផ្ទុះ​រួច​។ សារមន្ទីរ​នេះ គឺ​មាន​ប្រយោជន៍​ខ្លាំងណាស់ សម្រាប់​យុវជន យុវតី​ជំនាន់ ដែល​កើត​មិនទាន់​សង្គ្រាម ដើម្បី​សិក្សា​ស្វែងយល់​អំពី​សង្គ្រាម និង​ផលប៉ះពាល់​នានា ដែល​បាន​កើតមានឡើង​នៅក្នុង​ប្រទេស​យើង​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×