Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល​ក្រើនរំលឹក​ជាថ្មី​ម្ដងទៀត​ ចំពោះ​ការ​​ការពារ​ការចម្លង​វីរុស​កូ​រីដ​-១៩ ក្នុងអំឡុងពេល​ឈប់សម្រាក​

spot_img

​ភ្នំពេញ​៖​បើតាម​សេចក្តីណែនាំ​ក្រើនរំលឹក​របស់​ក្រសួងសុខាភិបាល ការការពារ​ការចម្លង​វីរុស​កូ​រីដ​-១៩ក្នុងអំឡុងពេល​ឈប់សម្រាក​ពីថ្ងៃ​ទី​១៧ ដល់ទី​២១ ខែ សីហា ឆ្នាំ​២០២០ ដើម្បី​សង​ថ្ងៃ​ឈប់សម្រាក​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​។​

​ក្រសួងសុខាភិបាល សូម​គោរព​ជម្រាបជូន​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាបថា យោងតាម​អនុក្រឹត្យ​លេខ ១០១ អនក្រ​.​បក ចុះ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០ ស្តីពី​ការអនុញ្ញាតឱ្យ​មន្ត្រីរាជការ និយោជិត កម្មករ ឈប់ សម្រាក​ការងារ​នៅ​ថ្ងៃទី​១៧ ទី​១៨ ទី​១៩ ទី​២០ និង​ទី​២១ ខែសីហា ឆ្នាំ​២០២០ ដែលជា​ការសម្រេច​ដ៏​ខ្ពង់ខ្ពស់ របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឲ្យ​មានការ​ឈប់សម្រាក ដើម្បី​សង​ថ្ងៃ​ឈប់សម្រាក​ពី​ការងារ​របស់​មន្ត្រីរាជកា​រ និយោជិត កម្មករ ក្នុង​ពិធី បុណ្យចូលឆ្នាំថ្មី​ប្រពៃ​ណ៌​ជាតិ ឆ្នាំជូត ទោស័ក ដែល​ត្រូវបាន​លើក​ការឈប់​សម្រាក​ការងារ​របស់​មន្ត្រីរាជកា​រ និយោជិត កម្មករ នៅ​ថ្ងៃទី​១៣ ទី​១៤ ទី​១៥ និង​ទី​១៦ ខែមេសា ឆ្នាំ​២០២០ កន្លងទៅ ដោយសារ​បញ្ហា​កូ​វីដ​-១៩​។​

​ការឈប់​សម្រាក​ក្នុង​រយៈពេល​យូរ នា​សប្តាហ៍​ខាងមុខនេះ បងប្អូន​ប្រជាពលរដ្ឋ នឹង​អាចមាន​ការធ្វើដំណើរ ទៅ​ជួបជុំ​ក្រុមគ្រួសារ​នៅ​ស្រុកកំណើត ឬក៏​អាចមាន​ការដើរ​លេង​កំសាន្ត​ផងដែរ​។ ក្នុងករណីនេះ ក្រសួងសុខាភិបាល​បានធ្វើ​ការណែនាំ​តាមរយៈ​ការចេញ​នូវ​សេចក្តី​ជូន​ព័ត៌មាន​ជារឿយៗ ក៏ដូចជា​តាមរយៈ​ការធ្វើ​បទសម្ភាសន៍ ជាច្រើនលើក​តាម​ទូរទស្សន៍​នានា នាពេល​កន្លងមក​រួច​មកហើយ ក៏ប៉ុន្តែ ក្រសួង​បាន​សង្កេតឃើញថា បងប្អូន យើង​ភាគច្រើន ហាក់ដូចជា​បាន​ភ្លេច និង​មិនបាន​អនុវត្ត​ការការពារ​ខ្លួន​បាន​ត្រឹមត្រូវ​ទៅតាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល​ឡើយ​។ ដូច្នេះ ក្រសួង សូម​ធ្វើ​ការណែនាំ​ក្រើនរំលឹក​សារជាថ្មី​ម្តងទៀត សូម​បងប្អូន​ប្រជា ពលរដ្ឋ​ទាំងអស់ បន្ត​អនុវត្ត​ការការពារ​ការចម្លង​វីរុស​កូ​វីដ​-១៩ ឱ្យបាន​ខ្ជាប់​ខ្លួន ហើយ​ក្រសួងសុខាភិបាល សូម បញ្ជាក់ជូន​ថា បើទោះបីជា​ប្រទេស​កម្ពុជា មិនទាន់មាន​ការចម្លង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​ក៏ដោយ ក៏​វីរុស កូ​វីដ -១៩ នេះ នៅតែ​កំពុង​បន្ត​រាតត្បាត​យ៉ាងខ្លាំង​នៅលើ​ពិភពលោក និង​នៅក្នុង​តំបន់ ហើយ​ការរកឃើញ​វិជ្ជមាន វីរុស​កូ​វីដ​-១៩ លើ​អ្នកដំណើរ​ជា​បន្តបន្ទាប់​កន្លងមក​នេះ បានមក​ពញ្ញាក់​ស្មារតី​បុគ្គល​គ្រប់រូប កុំ​ឲ្យ​ភ្លេចខ្លួន ដោយ បានបង្ហាញ​ច្បាស់​ណាស់​ថា ការចម្លង​វីរុស​កូ​វីដ​-១៩ នៅតែមាន​នៅឡើយ និង​នៅតែ​ជា​ហានិភ័យ​សម្រាប់​មនុស្ស គ្រប់រូប ទោះជា​ក្នុង​រូបភាព​នាំ​ចូលមកក្នុង​ប្រទេស​ក៏ដោយ ក៏​យើង​មិនត្រូវ​មានការ​ធ្វេសប្រហែស ដោយ​ត្រូវការពារ ខ្លួន​តាម​ការណែនាំ​ឱ្យបាន​ត្រឹមត្រូវ ហើយ​មិនត្រូវ​មើលរំលង​នូវ​លទ្ធភាព​នៃ​ការចម្លង​រហ័ស​នៃ​វីរុស​ដ៏​កាច​សាហាវ នេះ ដែល​នឹង​អាច​កើតមាន​គ្រប់ពេលវេលា គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង​ទាំងអស់​។​

​ក្រសួងសុខាភិបាល​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ចំពោះ​ការយកចិត្តទុកដាក់​ចូល​រួម​ទប់ស្កាត់ ការចម្លង​វីរុស​កូ​វីដ -១៩​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ហើយ​ក្រសួង ក៏​សូម​អំពាវនាវ​ដល់​សារ​ធា​រណ​ជន​ទាំងអស់ សូម​ចូលរួម​អនុវត្តតាម​ការណែនាំ​ខាងលើនេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ចូលរួមចំណែក​កាត់ផ្តាច់​ការចម្លង វីរុស​កូ​វីដ -១៩ ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ និង​កុំ​ឲ្យ​មានការ​ចម្លង​ទៅ​សហគមន៍​។ ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ មាន​បញ្ហា​សុខភាព ឬ​មាន​ជំងឺ ឬ​សង្ស័យថា​មានការ​ឆ្លង​ជំងឺ សូម​ប្រញាប់ ទៅ​ស្វែងរក​ការពិនិត្យ​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​រដ្ឋ ឬ​ទំនាក់ទំនង​តាម​លេខ​ផ្តល់ជូន​ខាងក្រោម​នេះ​។ ក្រសួងសុខាភិបាល បន្ត​ជូនដំណឹង​ដល់​សាធារណជន​អំពី​ការវិវត្តន៍​នៃ​បញ្ហា​សុខភាព តាម​ទំព័រ ហ្វេ​ស​ប៊ុ​ក និង​គេហទំព័រ​របស់​ក្រសួង www.cdcmoh.gov.kh ដែល​គេហទំព័រ​នេះ​មាន​សម្ភារៈ​អប់រំ​សុខភាព​ដែល​អាច ទាញយក​មកប្រើប្រាស់​បាន​។ សម្រាប់​ព័ត៌មាន​បន្ថែម មាន​បញ្ហា​សុខភាព សូម​ទាក់ទង​មក​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយ​ឥតគិតថ្លៃ ឬ​ទំនាក់ទំនង​ក្រសួងសុខាភិបាល តាម​លេខ​ទូរស័ព្ទ​៖ ០១២ ៨២៥ ៤៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ។​

​ក្រសួងសុខាភិបាល សូម​ជូនពរ​ដល់​បង​ប្អូន​សារ​ធារ​ណ​ជន​ទាំងអស់ ទទួលបាន​នូវ​សុខភាព​ល្អ ជៀសផុត ពី​ការចម្លង​វីរុស​កូ​វីដ​-១៩ សម្រាប់​បុគ្គល​ផ្ទាល់ សម្រាប់​ក្រុមគ្រួសារ និង​សម្រាប់​សហគមន៍ មិនមាន​ការចម្លង​វីរុស​កូ​វីដ​-១៩ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕ ដោយ​៖​កូ​ឡាប​

spot_img
×