Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាល​ខេត្តព្រៃវែង ៧ នាក់ ដែល​ចាប់​ប្រជាពលរដ្ឋ​វាយ​ធ្វើ​ទារុណកម្ម​គាប​ស៊ីលុយ​ត្រូវ​ដាក់វិន័យ និង​ផ្ទេរ​ភារកិច្ច​

spot_img

ព្រៃវែង​៖ ទីបំផុត​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និង ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានសម្រេច​ដាក់វិន័យ​លេី​មន្ត្រីនគរបាល​ខេត្តព្រៃវែង​ចំនួន ៧ នាក់​។​

​ក្រោយ​មាន​លិខិត​សម្រេច​របស់​សម្ដេច​ក្រឡា​ហោម ស ខេង និង​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន នៅ​រសៀល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សុខ មនោ​រម្យ អនុប្រធាននាយកដ្ឋាន​បុគ្គលិក តំណាង​នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ បាន​ចុះ​ពង្រឹង​របៀបរបប​ការងារ​ដល់​មន្ដ្រីនគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​។​

​សូមបញ្ជាក់ថា ការដាក់វិន័យ​លើ​កងកម្លាំង​នគរបាលជាតិ​មួយក្រុម​ចំនួន 7 នាក់​នេះ បានធ្វើ​ឡើង​ដោយ​ពាក់ព័ន្ធ​នឹង​សកម្មភាព នាពេល​កន្លងទៅ​ដែល​បាន​ចុះបង្ក្រាប​គ្រឿងញៀន និង​បាន​ប្រើ​ហិង្សា​និង​ប្រជាពលរដ្ឋ​ស្លូតត្រង់​ជាពិសេស​វាយ​ធ្វើបាប​គណៈ​កម្ម​ឡើង​មាន​របួស​ជាំ​ពេញ​ខ្លួន​និង​ចំ​រិត​ទារលុយ​រាប់លាន​រៀល​ជា​ថ្នូរ​នឹង​ការដោះលែង​ជនរងគ្រោះ​ឲ្យ​មាន​សេរីភាព​វិញ រហូត​មានការ​រិះគន់​យ៉ាងខ្លាំង​តាម​បណ្តាញ​សង្គម ។​

​យោងតាម​សេចក្ដីសម្រេច​របស់ សម្ដេច​ក្រឡាហោម ស ខេង និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានសម្រេច​ដូចខាងក្រោម​៖

១) សម្រួល​ភារកិច្ច ឧ​ត្ត​ម​សេនីយ៍​ត្រី ថោង វណ្ឌី ពី​ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន ខេត្តព្រៃវែង មកជា​ស្នងការរង ដោយ​មិន​ទទួល​ផែន​អ្វី​ទាំងអស់ ព្រមទាំង​ទទួលបាន​ការព្រមាន​លើក​ទី​១​។​

២) អនុវត្ត​វិន័យ​ក្រោមរូបភាព ព្រមាន​លើក​ទី​១ ចំពោះ​វរសេនីយ៍ឯក ពៅ ជី​វ័​ន្ដ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន ខេត្តព្រៃវែង មូលហេតុ​ល្មើស​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ​។​

៣) ដកហូត​មុខតំណែង លោក​អនុសេនីយ៍ឯក ទូច ធារ៉ា ពី​នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ឲ្យ​មកជា​មន្ដ្រី និង​បន្ដ​ឋានន្ដរស័ក្ដិ​មួយ​ថ្នាក់ មក​នៅត្រឹម​អនុសេនីយ៍ទោ (​ស័ក្ដិ​២) មូលហេតុ​ល្មើស​វិន័យ​កងកម្លាំង​នគរបាលជាតិ ហើយ​មន្ដ្រីនគរបាល​រូបនេះ ត្រូវ​មក​បង្ហាញមុខ​នៅ​ការិយាល័យ​បុគ្គលិក នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង រៀងរាល់​ម៉ោង​ធ្វើការ រហូត​មានការ​សម្រេច​ជាថ្មី​។​

៤) ដកហូត​តំណែង​អនុសេនីយ៍ឯក ស៉ី បូ ពី​នាយផ្នែក​ស្រាវជ្រាវ និង​ស៉ើ​ប​អង្កេត នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ឲ្យ​មកជា​មន្ដ្រី មូលហេតុ​ល្មើស​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ ហើយ​ត្រូវ​មក​បង្ហាញមុខ​នៅ​ការិយាល័យ​បុគ្គលិក នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង រៀងរាល់​ម៉ោង​ធ្វើការ រហូត​មានការ​សម្រេច​ជាថ្មី​។​

៥) ត្រូវអនុវត្ត​វិន័យ​ចំពោះ​មន្ដ្រីនគរបាល​៣​រូប​ទៀត នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ក្រោមរូបភាព​បន្ថយ​ឋានន្ដរស័ក្ដិ​មួយ​ថ្នាក់ មានឈ្មោះ​ដូចតទៅ​៖ អនុសេនីយ៍ឯក ហេង ចាន់​រតនា ឲ្យ​មកជា​មន្ដ្រី​ត្រឹម​អនុសេនីយ៍ទោ​, អនុសេនីយ៍ឯក សៀក ចាន់​ធឿន ជាម​ន្ដ្រី​មក​នៅត្រឹម​ថ្នាក់ អនុសេនីយ៍ទោ និង​អនុសេនីយ៍ទោ យុន តារា​ភ័​ស្ដ ជាម​ន្ដ្រី​ឲ្យ​មក​នៅត្រឹម​អនុសេនីយ៍ត្រី មូលហេតុ​ល្មើស​វិន័យ​របស់​កង​កងកម្លាំង​នគរបាលជាតិ​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×