Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជម្រុញ​ឲ្យ​ក្រសួង​ស្ថាប័ន​និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ធ ត្រូវអនុវត្ត​ទិសដៅ​ភារកិច្ច​ចំនួន​៥

spot_img

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា បើទោះបី​ពិភពលោក​នៅ​បន្ត​ស្ថិតនៅក្នុង​ស្ថាន​ភាពមិន​ច្បាស់លាស់​នៅឡើយ​ពី​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ កម្ពុជា​ត្រូវតែមាន​ភាពច្បាស់លាស់​និង​ម្ចាស់ការ​លើ​ការងារ​ជាអាទិ​ភា​ចម្បង​ពីរ​គឺ​៖ ទី​១​ការបន្ត​រក្សា​នូវ​ស្ថិរភាព​នយោបាយ​ដែលជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការគ្រប់គ្រង​ស្ថានការណ៍ និង ការរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ឱ្យបាន​ល្អប្រសើរ ទប់ស្កាត់​អតិផរណា​និង​ការឡើង​ថ្លៃទំនិញ​ក្នុង​ទីផ្សារ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជម្រុញ​ឲ្យ​ក្រសួង​ស្ថាប័ន​និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ធ ត្រូវអនុវត្ត​ទិសដៅ​ភារកិច្ច​ចំនួន​៥ គឺ​៖

– ភារកិច្ច​ទី​១ បន្ត​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ កុំឱ្យ​ឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍ ហើយ​ត្រូវ​បន្ត​អនុវត្ត​និង​ចាត់វិធានការ​សុខាភិបាល​ឱ្យបាន​ដិតដល់ នៅ​កន្លែង​ដែលមាន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត ពិសេស​ក្នុងកំឡុងពេល​ឈប់សម្រាក​ខាងមុខនេះ ដើម្បី​ថែរក្សា​សុខុមាលភាព​បស់​ប្រជាពលរដ្ឋ​។ ក្រសួងសុខាភិបាល ត្រូវខិតខំ​ស្ថាបនា​មន្ទីរពិសោធន៍​សម្រាប់​ធ្វើតេស្ត​មើល​មេរោគ​កូ​វីដ​-១៩ បន្ថែម​ពីលើ​មន្ទីរពិសោធន៍​នៅ​រាជធានី​ភ្នំពេញ នៅ​ខេត្ត​សំខាន់​ចំនួន​៣​ទៀត​គឺ ខេត្ត​ព្រះសីហនុ ខេត្តសៀមរាប និង​ខេត្តបាត់ដំបង​។​

– ភារកិច្ច​ទី​២ បន្ត​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​ធានា​សុវត្ថិភាព​ចរាចរណ៍ ដើម្បី​ការពារ​ភាពសុខសាន្ត​និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​។​

– ភារកិច្ច​ទី​៣ បន្ត​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ក្រីក្រ​និង​ងាយ​រងគ្រោះ​ដោយសារ​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ ចំនួន​ពីរ​ខែ​ទៀត​។​

– ភារកិច្ច​ទី​៤ ជំរុញ​និង​លើកទឹកចិត្ត​ការបង្កបង្កើន​ផល​ក្នុង​វិស័យ​កសិកម្ម ដោយ​ប្រមូលផ្ដុំ​ឡើងវិញ​នូវ​កម្លាំង​ពលកម្ម​ពី​វិស័យ​សេវាកម្ម​និង​ឧស្សាហកម្ម ដែល​បាននិងកំពុង​រង​ផលប៉ះពាល់​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​គាំទ្រ​ដល់​ផលិតកម្ម​កសិកម្ម​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​និង​ការនាំ​ចេញទៅ​ទីផ្សារ​ក្រៅប្រទេស ព្រមទាំង​លើកទឹកចិត្ត​ដល់​ប្រជាកសិករ​ទូទាំងប្រទេស ឱ្យធ្វើ​ការចិញ្ចឹម​ត្រី​អណ្ដែង ឱ្យបាន​ច្រើន ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​និង​គាំទ្រ​ដល់​ការនាំ​ចេញទៅ​លក់​នៅក្រៅ​ប្រទេស​។​

– ភារកិច្ច​ទី​៥ អនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ និង​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដោយ​ត្រូវ​បែងចែក​ទៅតាម​ដំណាក់កាល និង​ត្រូវគោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល​។ ចំពោះ​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​និង​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​នឹងត្រូវ​អនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើងវិញ ត្រូវមាន​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ជាពិសេស​អគារសិក្សា​ដែល​ធ្លាប់បាន​ប្រើប្រាស់​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​៕​ ដោយ​៖​កូ​ឡាប​

spot_img
×