Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ​ថា កិច្ចព្រមព្រៀង​សន្តិភាព​រវាង​អ៊ី​ស្រា​អ៊ែ​ល និង​អារ៉ាប់​រួម ត្រួសត្រាយ​ផ្លូវ​ដល់​ការលក់​អាវុធ​អា​មេ​រិច កាន់តែច្រើន​ទៅ​តំបន់​អារ៉ាប់​

spot_img

​អ្នកជំនាញ​និយាយថា ការធ្វើ​ឲ្យ​ទំនាក់ទំនង​ការទូត​រវាង​អ៊ី​ស្រា​អ៊ែ​ល និង​អារ៉ាប់​រួម​មក​ធម្មតា​វិញ អាចជួយ​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការលក់​អាវុធ​អា​មេ​រិច​កាន់តែច្រើន ទៅកាន់​ប្រទេស​អារ៉ាប់​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​។​

​ការ​ថ្លែង​បែបនេះ​របស់​អ្នកជំនាញ កើតឡើង​បន្ទាប់ពី ប្រទេស​អ៊ី​ស្រា​អ៊ែ​ល និង​អារ៉ាប់​រួម បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​ការទូត​វិលត្រឡប់​មករក​ភាព​ធម្មតា​វិញ និង​បង្កើត​ទំនាក់ទំនង​ថ្មី​ឲ្យ​ទូលំទូលាយ ក្រោម​កិច្ចព្រមព្រៀង​សន្តិ​ភាពជា​ប្រវត្តិសាស្ត្រ ដែលមាន​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​ជា​មេអណ្តើក​។​

​កិច្ចព្រមព្រៀង​នោះ បានធ្វើ​ឲ្យ​ប្រទេស​អារ៉ាប់​រួម​ក្លាយជា​ប្រទេស​ទី ៣​ក្នុង​តំបន់​ឈូង​សមុទ្រ​ដែល​បានធ្វើ​កិច្ចព្រមព្រៀង​នោះ​ជាមួយនឹង​ប្រទេស​អ៊ី​ស្រា​អ៊ែ​ល​។ អ៊ី​ស្រា​អ៊ែ​ល​បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយនឹង​អេ​ហ្សី​ប ក្នុង​ឆ្នាំ ១៩៧៩ និង​ជាមួយ​ហ្ស៊​កដា​នី ក្នុង​ឆ្នាំ ១៩៩៤​។​

​ឯកអគ្គរដ្ឋទូត​អា​មេ​រិច​ប្រចាំ​ប្រទេស​អ៊ី​ស្រា​អ៊ែ​ល លោក David Friedman និយាយថា “​នៅពេល​អារ៉ាប់​រួម​កាន់តែច្រើន​ក្លាយជា​មិត្ត និង​ដៃគូ​របស់​អ៊ី​ស្រា​អ៊ែ​ល និង​ក្លាយជា​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​របស់​អា​មេ​រិច ខ្ញុំ​គិតថា ជាការ​ផ្លាស់ប្តូរ​ការវាយតម្លៃ​លើ​ការគំរាមកំហែង និង​អាចមាន​ប្រយោជន៍​ដល់​អារ៉ាប់​រួម​”​។​

​អា​មេ​រិច​បានធ្វើការ​ធានាថា អ៊ី​ស្រា​អ៊ែ​ល​ទទួលបាន​អាវុធ​កាន់តែ​ទំនើប​របស់​អា​មេ​រិច​ជាង ប្រទេស​ក្នុង​តំបន់​អារ៉ាប់​ទទួលបាន​។ ឧទាហរណ៍ គឺថា យន្តហោះ​ចំបាំង F-`35 ដែល​ផលិត​ដោយ​ក្រុមហ៊ុន​អា​មេ​រិច Lockheed Martin ដែល​អ៊ី​ស្រា​អ៊ែ​ល​បាន​ប្រើប្រាស់​ក្នុងការ​ប្រយុទ្ធ ប៉ុន្តែ​បច្ចុប្បន្ន ប្រទេស​អារ៉ាប់​រួម​មិនអាច​ទិញ​បានទេ​។​

​លោក David Makovsky នាយក​គម្រោង​អំពី​ទំនាក់ទំនង​អ៊ី​ស្រា​អ៊ែ​ល​-​អារ៉ាប់​នៅ​វិទ្យាស្ថាន​គោលនយោបាយ​អាស៊ី​ខាងលិច បាន​និយាយថា “​វា​គឺជា​កិច្ចព្រមព្រៀង​ឈ្នះ សម្រាប់​ប្រទេស​អារ៉ាប់​រួម ដែល​នឹង​អាចមាន​សិទ្ធិ​ទទួលបាន​ការលក់​អាវុធ ដែល​ខ្លួន​មិន​ទទួលបាន​ពីមុន ដោយសារតែ​ការ​រឹតត្បិត​ផ្នែក​យោធា ដោយសារតែ​មានការ​ព្រួយបារម្ភ​ពី​ការប្រើប្រាស់​បច្ចេកវិទ្យា​នោះ​ប្រឆាំងនឹង​អ៊ី​ស្រា​អ៊ែ​ល​”​។​

​កាលពី​ខែឧសភា ក្រសួងការបរទេស​អា​មេ​រិច​បានអនុម័ត​ការលក់​រថ​ពាស​ដែល​មួយ​ទឹក​ចំនួន ៤.៥៦៩​គ្រឿង​ទៅអោយ​ប្រទេស​អារ៉ាប់​រួម ក្នុងតម្លៃ ៥៥៦​លាន​ដុល្លារ​។​

​សមាជិកសភា​អា​មេ​រិច​បាន​ព្យាយាម​ទប់​គម្រោង​របស់​រដ្ឋបាល​លោក​ដូ​ណា​ល់ ត្រាំ ក្នុង​ការលក់​អាវុធ ដែលជា​ពិសេស​លក់​ទៅ​ឲ្យ​ប្រទេស​អារ៉ាប់​ប៊ី សៅ​អូឌីត និង​អារ៉ាប់​រួម ដើម្បី​ដាក់​សម្ពាធ​លើ​ប្រទេស​ទាំងនោះ ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​កំណត់ត្រា​សិទ្ធិមនុស្ស និង​ធ្វើ​បន្ថែមទៀត ដើម្បី​កុំ​ឲ្យ​មានការ​ស្លាប់​ដល់​ជន​ស៊ី​ល នៅក្នុង​យុទ្ធនាការ​តាម​ដែនអាកាស​ប្រឆាំងនឹង​ក្រុម​ឧទ្ទាម Houthi ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ ក្នុង​សង្គ្រាម​នៅ​ប្រទេស​យេ​មែន​៕

​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


spot_img
×