Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ព្រមាន​ថា នឹង​កំទិច​កូរ៉េ​ខាងជើង​តែ​ម្តង បើ​របប​នេះ​វាយប្រហារ​នុយក្លេអ៊ែរ លើ​ខ្លួន​ ​និង​សម្ព័ន្ធមិត្ត​

spot_img

មហាអំណាច​យោធា​ពិភពលោក អា​មេ​រិច បាន​សច្ចា​ថា នឹង​វាយ​កំទិច​របប​កូរ៉េខាងជើង​ឲ្យ​រលត់ ប្រសិន​ជា​របប​នេះ​ហ៊ាន​វាយប្រហារនុយក្លេអ៊ែរ​លើ​អា​មេ​រិច ឬក៏​សម្ព័ន្ធមិត្ត​។ 

​ការព្រមាន​នេះ​ធ្វើឡើង​នៅ​ក្នុង​ការពិនិត្យ​មើល​ឡើងវិញ​ពី​គោលនយោបាយ​នុយក្លេអ៊ែរ​របស់​អា​មេ​រិច​ ​ដែល​បាន​ដាក់ចេញ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​។​

​នៅក្នុង​ឯកសារ​កំរាស់ ៧៤​ទំព័រ​បានបញ្ជាក់​ថា “​យុទ្ធសាស្ត្រ​របស់​យើង​សំរាប់​កូរ៉េខាងជើង បាន​បញ្ជាក់​យ៉ាង​ច្បាស់លាស់​ថា រាល់​ការវាយប្រហារ​ដោយ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ប្រឆាំងនឹង​អា​មេ​រិច ឬក៏​សម្ព័ន្ធ និង​ដៃគូ​គឺ​មិន​អាច​ទទួលយកបាន ហើយ​ជា​លទ្ធផល​នឹង​ធ្វើឲ្យ​របប​នោះ​ដល់​ទីបញ្ចប់​”​។​

​ឯកសារ​បញ្ជាក់​ទៀត​ថា “​មន្ត្រី​កូរ៉េខាងជើង​អះអាងថា ពួកគេ​នឹង​មិន​បោះបង់​ចោល​អាវុធ​នុយ ក្លេ​អ៊ែរ​ទេ ហើយ​ឥឡូវនេះ កូរ៉េខាងជើង​កំពុងតែ​ស្ថិតនៅ​ចំងាយ​តែ​ប៉ុន្មាន​ខែ​ទៀត ប៉ុណ្ណោះ​ក្នុង​ការ សម្រេច​បាន​សមត្ថភាព វាយប្រហារ​អា​មេ​រិច​ជាមួយនឹង​មី​ស៊ី​ល​បំពាក់​នុយក្លេអ៊ែរ​”​។

​អា​មេ​រិច​ក៏​បាន​បញ្ជាក់​សារ​ជា​ថ្មី​ទៀត​ដែរ​ថា កម្មវិធី​នុយក្លេអ៊ែរ​ខុស​ច្បាប់​របស់​កូរ៉េខាងជើង ​ត្រូវតែ​លុបបំបាត់​ចោល​ទាំងស្រុង ដើម្បី​ធ្វើឲ្យ​ឧបទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​។​

​នៅក្នុង​គោលនយោបាយ​នុយក្លេអ៊ែ​រ អា​មេ​រិច​ក៏​បាន​បញ្ជាក់​ពី​ភាពគ្រោះថ្នាក់​នៃ​ការលក់​អាវុធ​​នុយក្លេអ៊ែ​រ និង​បច្ចេកវិទ្យា​របស់​កូរ៉េខាងជើង​ទៅ​ឲ្យ​ប្រទេស​ដទៃ​។ កម្មវិធី​នុយក្លេអ៊ែរ​របស់​របប​នេះ​ ក៏​ធ្វើឲ្យ​មាន​ការកើនឡើង​សម្ពាធ​យ៉ាងខ្លាំង​ទៅលើ​ប្រទេស​ផ្សេងៗ ក្នុងការ​ខិតខំ​កសាង​នុយក្លេអ៊ែ​រ​​របស់​ខ្លួន​ដើម្បី​ការពារ​ខ្លួន​ពី​ការវាយប្រហារ​ដោយ​នុយក្លេអ៊ែរ​។​

​ជុំវិញ​បញ្ហា​នេះដែរ អា​មេ​រិច​បញ្ជាក់ថា “​ពួក​យើង​នឹង​ឲ្យ​កូរ៉េខាងជើង​ទទួលខុស​ត្រូវ​ទាំងអស់​ចំពោះ​រាល់​ការផ្ទេរ​បច្ចេកវិទ្យា​អាវុធ​នុយក្លេអ៊ែរ ឧបករណ៏ ឬ​ជំនាញ​ទៅកាន់​រដ្ឋ​ដទៃ​”​។​

​សូម​រំលឹក​ផង​ដែរ​ថា កាលពី​ឆ្នាំមុន របប​ព្យុងយ៉ាង បាន​ធ្វើ​ការបាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​ចំនួន ៣​លើក​ដែល​ខ្លួន​អះអាងថា អាច​មាន​សមត្ថភាព​វាយប្រហារ​ដល់​ទឹកដី​អា​មេ​រិច និង​ទាំង​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី ៦​របស់ខ្លួន​៕ សុភ័ក្ត្រ

spot_img
×