Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តុលាការ​ឃុំខ្លួន លោក សួង សុ​ភ័​ណ្ឌ ក្រោម​បទចោទប្រកាន់ ញុះញង់​ឲ្យ​មាន​ភាពវឹកវរ និង​បង្ក​អសន្តិសុខ​ដល់​សង្គមជាតិ​

spot_img

ភ្នំពេញ​៖ លោក សោ សុ​តា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់ លោក សួង សុ​ភ័​ណ្ឌ ពីបទ​ញុះញង់​ឲ្យ​មាន​ភាពវឹកវរ និង​បង្ក​អសន្តិសុខ​ដល់​សង្គមជាតិ ហើយ​លោក​ចៅក្រម ក៏បាន​ចេញ​ដីការ​បង្គាប់​ឲ្យ​នាំខ្លួន​លោក សួង សុ​ភ័​ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ទៅ​ដាក់ពន្ធនាគារ ដើម្បី​រង់ចាំ​ការជំនុំជម្រះ​ទោស​តាម​កំណត់​នីតិវីធី​ច្បាប់ នា​ល្ងាច​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០២០​។​

​សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២០ លោក ឆាយ ហុង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​លោក សួង សុ​ភ័​ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ពីបទ ញុះញង់​ឲ្យ​មាន​ភាពវឹកវរ និង​បង្ក​អសន្តិសុខ​ដល់​សង្គមជាតិ តាម​បញ្ញត្តិ​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ រួច​បាន​បញ្ជូន​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើប បន្ត​តាម​នីតិវិធី​។

​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២០​នេះ បាន​បញ្ជូន លោក សួង សុ​ភ័​ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ទៅដល់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​។

​លោក សួន សុ​ភ័​ណ្ឌ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​រសៀល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​បទល្មើស​ជាក់ស្ដែង ញុះញង់​បំភ្លៃ​ការពិត​លើ​បញ្ហា​ព្រំដែន បន្ទាប់ពី​លោក​បានធ្វើ​ត្រាប់​តាម លោក រ៉ុង ឈុន កៀរគរ​កម្លាំង​យុវជន​ចុះទៅ​តំបន់​ព្រំដែន នៅ​ខេត្ត​ត្បូងឃ្មុំ ហើយ​វាយប្រហារ​រាជរដ្ឋាភិបាល​អំពី​ការបោះបង្គោល​ព្រំដែន​។​

​បន្ទាប់ពី​ចុះទៅ​តំបន់​ព្រំដែន​នេះ លោក សួង សុ​ភ័​ណ្ឌ ក្នុងនាម​គណបក្ស​ខ្មែរ​ឈ្នះ បានចេញ​សេចក្តីថ្លែងការណ៍​មួយ កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ ដោយ​ព្រមាន​អំពី​ការធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង លោក​រ៉ុង ឈុន ដែល​ត្រូវបាន​តុលាការ​ឃុំខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រំដែន​នេះ​ផងដែរ​។ លោក​សួង​សុ​ភ័​ណ្ឌ ត្រូវបាន​ចាប់ខ្លួន ក្នុង​បទល្មើស​ជាក់ស្ដែង​ទាក់ទង​នឹង​ការ​ញុះញង់​បំភ្លៃ​ការពិត​លើ​បញ្ហា​ព្រំដែន និង​ចោទប្រកាន់​មួលបង្កាច់​ទម្លាក់កំហុស​លើ គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ថា​ប្រព្រឹត្តល្មើស​ក្បត់ជាតិ​៕​ដោយ​៖​កូ​ឡាប​

spot_img
×