Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ណែនាំ​រដ្ឋបាលខេត្ត និង​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្តក្រចេះ ខិតខំ​ដោះស្រាយ ជម្លោះដីធ្លី បង្ក្រាប​បទល្មើស​ព្រៃឈើ​

spot_img

​ក្រចេះ ៖ សម្ដេច​ក្រឡាហោម បាន​ណែនាំ​រដ្ឋបាលខេត្ត និង​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្តក្រចេះ ត្រូវ​បន្ត​ចូលរួម​សហការ និង​អនុវត្ត​ឱ្យបាន​ជោគជ័យ​នូវ​កំណែទម្រង់​វិ​ម្ឈ​ការ និង​វិសហមជ្ឈការ ពិសេស​ការផ្ទេរ​មុខងារ សិទ្ធិ អំណាច ធនធាន និង​ថវិកា​ពី​ថ្នាក់ជាតិ មក​ថ្នាក់ក្រោម​ជាតិ លើ​កម្ពស់​ការអភិរក្ស​ធនធានធម្មជាតិ ខិតខំ​ដោះស្រាយ និង​សម្របសម្រួល​ជម្លោះ​នានា​នៅ​មូលដ្ឋាន ពិសេស​ជម្លោះដីធ្លី ដោយ​ឈរលើ​គោលការណ៍​សន្តិវិធី និង​ច្បាប់ ព្រមទាំង​លុបបំបាត់​ការអន្តរាគមន៍​ខុស​តួនាទី និង​សមត្ថកិច្ច បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ពិសេស​បទល្មើស​ព្រៃឈើ គ្រឿងញៀន និង​អំពើ​លួច​ឆក់​ប្លន់​។

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៥ ខែសីហា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តក្រចេះ ប្រារព្ធ​នៅ​សាល​មហោរស្រព ស្ថិតនៅ​ក្រុង​ក្រចេះ ខេត្តក្រចេះ​។​

​ឯកឧត្តម វ៉ា ថន អភិបាល​នៃ​គណ​អភិបាល​ខេត្តក្រចេះ បានធ្វើ​របាយការណ៍​ស្វាគមន៍​ជូន​សម្ដេច ព្រមទាំង​អង្គពិធី ដោយបាន​គូសបញ្ជាក់​អំពី​ទិដ្ឋភាព​ទូទៅ និង​វឌ្ឍនភាព​នៃ​វិស័យ​សំខាន់ៗ​ក្នុង​រដ្ឋបាល​ខេត្តក្រចេះ ដូចជា​វិស័យ​កសិកម្ម​, អប់រំ​, សុខាភិបាល​, កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ពិសេស​ការផ្ដល់សេវា​ធារ​ណៈ និង​ការធ្វើ​វេទិកាសាធារណៈ​, ការទប់ស្កាត់​ការកាប់​រុករាន​ទន្ទ្រាន​ដីព្រៃ និង​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​បន្តថា​រដ្ឋបាលខេត្ត​ក្រចេះ បាន​យកចិត្តទុកដាក់​អនុវត្ត​យ៉ាងសកម្ម និង​ប្រកបដោយ​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ដោយបាន​អនុវត្ត​វិធានការ​ផ្សព្វផ្សាយ​អប់រំ​, ត្រួតពិនិត្យ​សុខភាព​ជូន​ប្រជាពលរដ្ឋ​ឆ្លងកាត់​ព្រំដែន និង​វិល​ពី​ក្រៅប្រទេស​, រៀបចំ​ទីតាំង និង​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​, និង​ការអនុវត្ត​គោលនយោបាយ​ឧបត្ថម្ភ​ប្រាក់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុងអំឡុងពេល​វិបត្តិ​កូ​វីដ​១៩​។​

​ឯកឧត្តម​បាន​សម្ដែង​សេចក្ដីសង្ឃឹម​ជឿជាក់ថា តាមរយៈ​វត្តមាន​ឯកឧត្តម ព្រំ សុខា រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តក្រចេះ រដ្ឋបាលខេត្ត​នឹង​កាន់តែ​ទទួលបាន​ការជួយជ្រោមជ្រែង​ប្រកបដោយ​ស្មារតី​សាមគ្គីភាព ធ្វើឱ្យ​ការងារ​គ្រប់​វិស័យ​បន្ត​មាន​វឌ្ឍនភាព ពិសេស​ការជំរុញ​ប្រសិទ្ធភាព​នៃ​ការងារ​អភិបាលកិច្ច ការផ្ដល់​សេវាសាធារណៈ និង​ការដោះស្រាយ​កង្វល់ សំណូមពរ ព្រមទាំង​បញ្ហា​ប្រឈម​ជូន​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម ព្រំ សុខា រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ បាន​សម្ដែង​មោទនភាព​ចំពោះ​រាជរដ្ឋាភិបាល ដែល​បានផ្ដល់​ជំនឿ​ទុកចិត្ត​ប្រគល់​ភារកិច្ច ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តក្រចេះ​។ ឯកឧត្តម​ក៏បាន​មើលឃើញ​ច្បាស់​ពី​ទំហំ​នៃ​ការទទួលខុសត្រូវ​រប​ស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន ដូច​ប្រសាសន៍​ដ៏​ថ្លៃថ្លា​របស់ សម្ដេច​ក្រឡាហោម​ថា​«​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ពុំមាន​តួនាទី ឬ​សិទ្ធិ​សម្រេច​កិច្ច​ការជំនួស​ក្រសួង​ស្ថាប័ន​នៅ​ថ្នាក់ក្រោម​ជាតិ​ឡើយ​… ហើយក៏​ពុំមាន​តួនាទី​ចាត់ចែង​ការងារ​ជំនួស​រដ្ឋបាល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​ថ្នាក់ក្រោម​ជាតិ​ផងដែរ​»​។​

​ឯកឧត្តម​ប្រធាន​ក្រុមការងារ​បាន​គូសបញ្ជាក់ថា ទន្ទឹមនឹង​លទ្ធភាព ព្រមទាំង​ឱកាស​នាពេល​ប​ច្ចប្ប​ន្ន​នេះ ខេត្តក្រចេះ​នៅតែ​បន្ត​ប្រឈម​នឹង​ឧបសគ្គ​ធំៗ មាន​ជាអាទិ៍ បាតុភាព​អសកម្ម​នៅ​មូលដ្ឋាន​ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី​, បញ្ហា​ព្រៃឈើ​, បញ្ហា​អាជីវកម្ម​រ៉ែ​, និង​បញ្ហា​បរិស្ថាន ព្រម​ទាង​គុណភាព និង​ប្រសិទ្ធិភាព​នៃ​ការផ្ដល់សេវា​សាធារណៈ​ប​ម្រើ​ជីវភាព​ប្រជាជន​នៅ​មូលដ្ឋាន​។ ឯកឧត្តម​បន្តថា​បញ្ហា​នេះ បាន​ជះឥទ្ធិពល​ដល់​សាធារណៈមតិ និង​បង្ក​ការ​ថ្នាំងថ្នាក់​ចំពោះ​ប្រជាពលរដ្ឋ និង​ទាមទារ​ការរួម​គ្នា​ពុះពារ​ដោះស្រាយ​ឱ្យបាន​ជាដាច់ខាត​។​

​អញ្ជើញ​មានប្រសាសន៍​ទៅកាន់​អង្គពិធី​នាឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​កោត​ស​សើរ​ឯកឧត្តម​កិត្តិ​បណ្ឌិត ពេជ្រ ប៊ុនធិន ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស អតីត​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តក្រចេះ ព្រមទាំង​ក្រុមការងារ​គ្រប់លំដាប់​ថ្នាក់ រដ្ឋបាល​គ្រប់​ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាព​នានា ដែល​បាន​រួមគ្នា​ប្រកបដោយ​ស្មា​រី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​ថែរក្សា​ការពារ​សុខសន្តិភាព ស្ថេរភាព​និ​យោ​បាយ សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​។​

​សម្ដេច​ក៏បាន​ថ្លែង​កោត​ស​សើរ​គ្រប់ភាគី​ពាក់ព័ន្ធ​នៃ​រដ្ឋបាល​ខេត្តក្រចេះ ចំពោះ​ការចូលរួម​ពង្រឹង​ការអនុវត្ត​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ក្នុងការ​ទប់ស្កាត់​ការចម្លង​មេរោគ​កូ​វីដ​១៩ និង​បាន​ចូលរួម​ដោះស្រាយ​បញ្ហា​នានា​បណ្ដាលមកពី​វិបត្តិ​នៃ​ជំងឺ​នេះ​, ធានា​ប្រក្រតីភាព​នៃ​ការងារ​គ្រប់គ្រង​រដ្ឋបាល និង​ការផ្ដល់​សេវាសាធារណៈ ព្រមទាំង​អភិវឌ្ឍន៍​ខេត្តក្រចេះ​ឱ្យ​បន្ត​រីកចម្រើន​គ្រប់​វិស័យ រួមចំណែក​រក្សា​លំនឹង​សេដ្ឋកិច្ច និង​សង្គម ក្នុង​កាលៈទេសៈ​ដែល​ពិភពលោក​កំពុង​ទទួលរង​ផលប៉ះពាល់​បណ្ដាលមកពី​ជំងឺ​កូ​វីដ​១៩​។​

​សម្ដេច​បាន​គូសបញ្ជាក់ថា អាស្រ័យ​ដោយមាន​ការកែសម្រួល​ស​មា​ជិ​ក​រាជរដ្ឋាភិបាល​មួយចំនួន រួមទាំង​ការផ្លាស់ប្ដូរ​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​ផង​នោះ រាជរដ្ឋាភិបាល​សម្រេច​ផ្លាស់ប្ដូរ​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តក្រចេះ​ពី​ឯកឧត្តម​កិត្តិ​បណ្ឌិត ពេជ្រ ប៊ុនធិន មកឱ្យ​ឯកឧត្តម ព្រំ សុខា និង​ថា​ការកែសម្រួល​នេះ ជា​អ្វីដែល​រាជរដ្ឋាភិបាល​បាន​អនុវត្ត​ជា​បន្តបន្ទាប់​ដើម្បី​ពង្រឹង និង​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​។​

​សម្ដេច​ក្រឡាហោម ក៏បាន​លើកឡើង​អំពី​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា និង​វិធានការ​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​របស់​រាជរដ្ឋាភិបាល ទាំង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​, ការដោះស្រាយ​ផលប៉ះពាល់​នានា​ពី​ជំងឺ​នេះ និង​ការត្រៀម​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​។ ជាមួយគ្នានេះ សម្ដេច​បាន​គូសបញ្ជាក់ថា ការផ្ទេរ​សមត្ថកិច្ច​សុខាភិបាល​មកឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក៏​ជា​ហេតុផល​មួយ​នៃ​ការធានា​ប្រសិទ្ធភាព​នៃ​ការងារ​ទប់ស្កាត់​ការី​ករាល​ជំងឺ​កូ​វីដ​១៩ ក្នុងនោះ​រដ្ឋបាល​ខេត្តក្រចេះ​បានធ្វើ​ការងារ​នេះ​ទទួលបាន​លទ្ធផល​យ៉ាង​ល្អ​។​

​សម្ដេច​បាន​មានប្រសាសន៍​ទៀតថា រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ប្រែក្លាយ​ទឹកដី​ខេត្តក្រចេះ ទៅជា​តំបន់​កសិក​ឧស្សាហកម្ម និង​ជា​តំបន់​អេកូ​ទេសចរណ៍ ដែល​ធានា​រក្សា​ការពារ​ធនធានធម្មជាតិ បរិស្ថាន សំដៅ​ជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចី​រ​ភព និង​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។ យ៉ាងណាក៏ដោយ សម្ដេច​បានកត់សំគាល់​ថា​ខេត្តក្រចេះ​ក៏​ប្រឈម​នឹង​បញ្ហា​មួយចំនួន ដូចជា​បញ្ហាដីធ្លី ការអភិរក្ស​ធនធាន​ធម្មជាតិ ពិសេស​ព្រៃឈើ និង​បញ្ហា​បរិស្ថាន ដែល​ទាមទារ​នូវ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​ច្បាស់​លាស់ ដើម្បី​ដោះស្រាយ សំដៅ​ធានា​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព សម្រាប់​រយៈពេល​ពី​មធ្យម​ទៅ​រយៈពេល​វែង​។​

​សម្ដេច​បាន​ណែនាំ​ឱ្យ​ក្រុមការងារ​រាជរដ្ឋាភិបាល ត្រូវ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន គាំទ្រ​រដ្ឋបាល​ខេត្តក្រចេះ មន្ទីរ​អង្គភាព​ជំនាញ និង​កងកម្លាំងប្រដាប់អាវុធ អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​បន្ត​ពង្រឹង​សន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ដោយ​ខិតខំ​ពង្រឹង​ជំនាញ​មន្ត្រី​មាន​សមត្ថកិច្ច​ក្នុង​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ពិសេស​បទល្មើស​ព្រៃឈើ គ្រឿងញៀន និង​អំពើ​លួច​ឆក់​ប្លន់ ដោយ​ខិតខំ​បំផុស​ចលនា​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​តាមរយៈ​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។​

​សម្ដេច​បាន​សម្ដែង​ក្ដីបារម្ភ​ចំពោះ​ការចែក​ចាយ​គ្រឿងញៀន​នៅតាម​តំបន់​ជនបទ និង​បាន​ណែ​នាំឱ្យ​រដ្ឋបាលខេត្ត​ក្រង​ស្រុក​ឃុំ​សង្កាត់​ទូទាំង​ខេត្តក្រចេះ បន្ត​យកចិត្តទុកដាក់​ដោះស្រាយ​ទប់ស្កាត់​កុំឱ្យ​គ្រឿងញៀន​រាលដាល​ចូលទៅក្នុង​សហគមន៍​ជនបទ​។ ជាមួយគ្នានេះ សម្ដេច​ក៏បាន​ណែនាំ​បន្ត​ដឹកនាំ​អនុវត្ត​ការ​រឹតបន្តឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ដែលជា​ឃាតករ​សម្លាប់​ជីវិត​ប្រជាពលរដ្ឋ និង​ធ្វើឱ្យមាន​អ្នករងរបួស និង​ខូចខាត​ទ្រព្យសម្បត្តិ​ជា​រៀងរាល់ថ្ងៃ ខណៈ​ចាប់តាំងពី​មានការ​រឹតបន្តឹង​ច្បាប់​មក សម្ដេច​អះអាងថា​ចំនួន​អ្នកស្លាប់ និង​របួស​បាន​ថយចុះ​ប្រមាណ​ពាក់កណ្ដាល បើ​ធៀប​នឹង​មុនពេល​មានការ​អនុវត្ត​ច្បាប់​។​
​សម្ដេច​បាន​បន្ត​ណែ​នាំឱ្យ​រដ្ឋបាលខេត្ត​យកចិត្តទុកដាក់​អនុវត្ត​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ព្រមទាំង​អង្គការ​សុខភាព​ពិភពលោក ក្នុងការ​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​តាម​សហគមន៍ ពិសេស​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ចំពោះ​អំឡុងពេល​នៃ​ការឈប់​សំរាក​សង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី និង​ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ប្រើប្រាស់​សក្ដានុពល​ក្នុង​ខេត្ត​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច និង​បង្កើត​ការងារ​នានា​នៅក្នុង​ខេត្ត​ជូន​ប្រជាពលរដ្ឋ ហើយ​ត្រូវ​បន្ត​យកចិត្តទុកដាក់​គាំទ្រ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​១៩ ស្របតាម​កម្មវិធី​រប​ស់រាជ​រដ្ឋាភិបាល​។​

​សម្ដេច​ក្រឡាហោម​ក៏បាន​ណែ​រដ្ឋបាលខេត្ត និង​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត ត្រូវ​បន្ត​ចូលរួម​សហការ និង​អនុវត្ត​ឱ្យបាន​ជោគជ័យ​នូវ​កំណែទម្រង់​វិ​ម្ឈ​ការ និង​វិសហមជ្ឈការ ពិសេស​ការផ្ទេរ​មុខងារ សិទ្ធិ អំណាច ធនធាន និង​ថវិកា​ពី​ថ្នាក់ជាតិ មក​ថ្នាក់ក្រោម​ជាតិ​, លើ​កម្ពស់​ការអភិរក្ស​ធនធានធម្មជាតិ​, ខិតខំ​ដោះស្រាយ និង​សម្របសម្រួល​ជម្លោះ​នានា​នៅ​មូលដ្ឋាន ពិសេស​ជម្លោះដីធ្លី ដោយ​ឈរលើ​គោលការណ៍​សន្តិវិធី និង​ច្បាប់ ព្រមទាំង​លុបបំបាត់​ការអន្តរាគមន៍​ខុស​តួនាទី និង​សមត្ថកិច្ច​, គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​រៀបចំ​ដែនដី ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម​, ពង្រឹង និង​លើកកម្ពស់​ការផ្ដល់សេវា​សាធារណៈ​, ពង្រឹង​លើកកម្ពស់​វិស័យ​ទេសចរណ៍​, ស្វែងយល់​ពី​តម្រូវ​ការចាំបាច់​ក្នុង​មូលដ្ឋាន ជនជាតិដើម​ភាគតិច និង​ប្រជាពលរដ្ឋ​ក្រីក្រ​។​

​សម្ដេច​ក្រឡាហោម ក៏បាន​ទាញ​ចំណាប់អារម្មណ៍​ឱ្យ​រដ្ឋបាល​ខេត្តក្រចេះ សិក្សា​រៀបចំ​ប្លង់​តំបន់​អភិវឌ្ឍន៍ និង​កំណត់​តំបន់​ត្រូវ​អភិរក្ស ដោយ​ភ្ជាប់​នឹង​ការអភិរក្ស​ធនធានធម្មជាតិ និង​ត្រូវ​កំណត់​ប្លង់គោល​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​បញ្ចៀស​បញ្ហា​អាណាធិបតេយ្យ​នៅពេល​មាន​សន្ទុះ​នៃ​ការអភិវឌ្ឍ ត្រូវ​រៀបចំ​ផែនការ​លើកស្ទួយ​បងប្អូន​ជនជាតិដើម​ភាគតិច​ឱ្យបាន​ល្អប្រសើរ ព្រមទាំង​រៀបចំ​ការបណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស​ក្នុង​ខេត្ត ដើម្បី​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការ​បំពេញការងា​រ​ទៅតាម​ទស្សនៈវិស័យ​របស់​ខេត្ត និង​រាជរដ្ឋាភិបាល​។​

​មុននឹង​បញ្ចប់ សម្ដេច​បាន​ណែនាំ​ឱ្យ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តក្រចេះ ត្រូវ​ពិភាក្សា​រៀបចំ​វិធីសាស្ត្រ​ជាក់ស្ដែង​ដោយ​ផ្អែកលើ​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល ដោយ​ប្រធាន​ក្រុមការងារ ត្រូវ​ដឹកនាំ និង​ទទួលខុសត្រូវ​គ្រប់គ្រង​សកម្មភាព​ការងារ ក្នុងការ​ត្រួតពិនិត្យ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​នៅ​គ្រប់​មូលដ្ឋាន​ទូទាំង​ខេត្ត ដោយ​ក្រុមការងារ​មិនមាន​តួនាទី និង​សិទ្ធិ​សម្រេច​ជំនួស​ក្រសួង​ជំនាញ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នោះទេ ប៉ុន្តែ​ត្រូវ​សម្របសម្រួល និង​ជួយ​គាំទ្រ​ដល់​កិច្ចការ​ទាំងឡាយ​របស់​រដ្ឋបាលខេត្ត ដើម្បី​សម្រេចបាន​ជោគជ័យ​ក្នុង​ការងារ​បំរើ​ជាតិ និង​ប្រជាជន​៕​ដោយ​៖​កូ​ឡាប​

spot_img
×