Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតកម្ម​ដ៏​ព្រៃផ្សៃ​! ប្អូនថ្លៃ​យក​ចប​វាយ​សម្លាប់​បងថ្លៃ​យក​សព​ទៅ​កប់​ខាងក្រោយ​ផ្ទះ ហើយ​រត់គេច​ទៅ​លាក់ខ្លួន​១​ឆ្នាំ ត្រូវ​ចាប់ខ្លួន​ហើយ​(វីដេអូ)

spot_img

​សៀមរាប​៖ នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប នៅ​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់ វាយ​សម្លាប់​បងថ្លៃ​រប​ស់​ខ្លួន នៅក្នុង​ក្រុង​សៀមរាប កាលពី​ឆ្នាំ​២០១៩​កន្លងទៅ ហើយ​គេច​ទៅ​លាក់ខ្លួន នៅឯ ខេត្តពោធិ៍សាត់ ត្រូវបាន​ចាប់ខ្លួន​ហើយ ។​

​ន​នគរបាល​ព្រហ្មទណ្ឌ បានបញ្ជាក់​ពី​ដំណើររឿង​ថា កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ មាន​ប្រជាពលរដ្ឋ​ឈ្មោះ​សុ​គុណ វីឡា ភេទ​ស្រី អាយុ​៣៩​ឆ្នាំ​រស់នៅ​ភូមិ​តា​គង់ សង្កាត់​សំបួរ ក្រុង​សៀមរាប ខេត្តសៀមរាប បានមក​រាយការណ៍​ដ​ល់​សមត្ថកិច្ច​យើង​ថា ខ្លួន​បាន​បាត់​ប្តី​ឈ្មោះ​ញ៉ា​ង វណ្ណ​នី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ចាប់តាំងពី​អំឡុង​ខែឧសភា ឆ្នាំ​២០១៩​មក​ម្លេះ ដោយ​មិនដឹង​ជា​ទៅ​ទីណា​នោះទេ ក្រោយពី​ទទួល​សេចក្តីរាយការណ៍​កម្លាំង​ចំណុះ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ក៏បាន​ជួយ​ស្រាវជ្រាវ និង​ប្រកាស​ស្វែងរក ។

​លុះដល់​នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៥:០០​នាទី​ក៏មាន​សេចក្តីរាយការណ៍​ពី​លោកនាយ​ប៉ុស្តិ៍​សង្កាត់​សំបួរ​ថា នៅ​ភូមិ​តា​គង់ សង្កាត់​សំបួរ ក្រុង​សៀមរាប ខេត្តសៀមរាប មាន​ពំនូកដី​មួយ មាន​ធុំ​ក្លិនស្អុយ​ចេញពី​ពំនូកដី​នៅ​រោង​ផ្ទះបាយ ខាងក្រោយ​ផ្ទះ​ឈ្មោះ ញ៉ា​ង់ វណ្ណ​នី ក្រោយពី​ទទួល​សេចក្តីរាយការណ៍ លោក​វរសេនីយ៍ទោ​នួន ស័ក្តិ​ចំរើន​រិ​ទ្ធ អធិការរង​ទទួលបន្ទុក​ផ្នែក​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ដឹកនាំ​កម្លាំង ចុះ​ដល់​កន្លែងកើតហេតុ និង​បាន​ជីក​គាស់​កន្លែង​មាន​ក្លិនស្អុយ​ឡើង ទើប​ដឹងថា​ជា​សាកសព​របស់​មនុស្ស ។

​ក្រោយ​ពេលធ្វើ​កោសល្យវិច័យ ទើប​សមត្ថកិច្ច​យើង​ដឹងថា កន្លែង​ដែលមាន​ក្លិនស្អុយ​កប់​ក្នុង​ដី​នោះ ជា​សាកសព​មនុស្ស​ស្លាប់ ដោយ​អំពើ​ឃាតកម្ម ដែល​ជនរងគ្រោះ​ឈ្មោះ​ញ៉ា​ង វណ្ណ​នី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​ប្តី​របស់​ឈ្មោះ​សុ​គុណ វីឡា ដែល​បាន​បាត់​ខ្លួន​ក្នុងអំឡុង​ខែឧសភា ឆ្នាំ​២០១៩ កន្លងទៅ ។​បន្ទាប់ពី​ពិនិត្យ​សព​រួចរាល់​ហើយ យើង​បានធ្វើការ​ប្រគល់​សព ជូន​គ្រួសារ​ជនរងគ្រោះ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​បាន​បើក​ការស្រាវជ្រាវ នឹង​បំភ្លឺ​សាក្សី​នៅ​ជុំវិញ​កន្លែងកើតហេតុ​។

​បន្ទាប់ពី​បានធ្វើការ​ស្រាវជ្រាវ នឹង​បំភ្លឺ​សាក្សី​នៅ​ជុំវិញ​កន្លែងកើតហេតុ កម្លាំង​នគរបាល​ផ្នែក​យុត្តិធម៌​ក្រុង​សៀមរាប បានធ្វើ​ការកំណត់​មុខសញ្ញា ជនសង្ស័យ​ដែល​ប្រព្រឹត្ត​អំពើ​ដ៏​ព្រៃផ្សៃ​នេះ​បាន គឺមាន​ឈ្មោះ​សុ​គុណ ច័ន្ទ​តារា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ដែល​ត្រូវជា​ប្អូនបង្កើត​របស់​ឈ្មោះ​សុ​គុណ វីឡា នឹង​ត្រូវជា​ប្អូនថ្លៃ​ជនរងគ្រោះ ដែល​បានគេច​ខ្លួន​មុនពេល​សមត្ថកិច្ច​យើង​ចុះ​ទៅដល់​កន្លែងកើតហេតុ​។​

​បន្ទាប់មក​កម្លាំង​នគរបាល​ផ្នែក​យុត្តិធម៌​ក្រុង​សៀមរាប​យើង បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ រហូតដល់​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០ លោក ជូ លឹម​ហ៊ាង ជា​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប បានចេញ​ដីកា​លេខ​៤៨៣​ន​.​ខ​.​ស​/​ឈ បង្គាប់​ឲ្យ​នាំខ្លួន ជនសង្ស័យ​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។

​ដោយមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់ ពី សំណាក់ លោកស្នងការ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ភឹង ចិន្តា​រ៉េត​ស្នងការរង ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តសៀមរាប ក៏ដូចជា​លោក​វរសេនីយ៍ឯក ណុប​សារ៉ាក់ អធិការនគរបាល​ក្រុង​សៀមរាប នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២០ បន្ទាប់ពី​យើង​បានធ្វើ​ការកំណត់​ទីតាំង​របស់​ជនសង្ស័យ​ខាងលើ​សម្ងំ​លាក់ខ្លួន​ហើយ​នោះ លោក​វរសេនីយ៍ទោ នួន ស័ក្តិ​ចំរើន រិ​ទ្ធ បាន​ដឹកនាំ​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ សហការ ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ូ លីដា ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ នៅក្នុង​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ និង​យកមក​ស្នងការដ្ឋាន​ន​គ​របាល​ខេត្តពោធិ៍សាត់ ដើម្បី​ធ្វើការ​សួរនាំ​។

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​វាយ​សម្លាប់​ជនរងគ្រោះ​ឈ្មោះ​ញ៉ា​ង វណ្ណ​នី នឹង​ចបកាប់ ចំ​លលាដ៍ក្បាល ចំនួន​២​ដង នឹង​វាយ​ត្រូវ​ដៃ​បណ្តាល​ឲ្យ​បាក់​ចំនួន​១​ដង រួច​អូស​យក​សព​ទៅ​កប់​នៅផ្ទះ​ខាងក្រោយ​ផ្ទះ​ពិតមែន​។​

​ជនសង្ស័យ​ត្រូវបាន​នគរបាល​ក្រុង​សៀមរាប នាំខ្លួន​មក​ក្រុង​សៀមរាប​វិញ នៅ​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០២០​នេះ ហើយ​នាំទៅ​កន្លែងកើតហេតុ និង​បានធ្វើការ​ហូត​វត្ថុតាង​បាន​មួយចំនួន រួច​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល​នេះ និង​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​តាម​ដីកា​លេខ​១០៦៦/២០២០​ហើយ​ផងដែរ​៕​ដោយ​៖​កូ​ឡាប​

spot_img
×