Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល ច្រានចោល​ការផ្សាយ​សារព័ត៌មាន​មួយចំនួន ទាក់ទង​នឹង​ជនជាតិ​ចិន​៦​នាក់ មាន​ផ្ទុកមេរោគ​កូ​វីដ​១៩

spot_img

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុ​ជា ធ្វើការ​ច្រានចោល​ទាំងស្រុង​ចំពោះ​ការផ្សាយ​របស់​សារព័ត៌មាន Cambodia Daily និង​សារព័ត៌មាន UCA News ដែល​បាន​ផ្សាយ​ថា ក្រសួងសុខាភិបាល​ព្រួយបារម្ភ​ពី​ករណី​ជនជាតិ​ចិន​ចំនួន​៦​នាក់ ដែល​បានធ្វើ​តេស្ត​វិជ្ជមាន​វីរុស​កូ​វីដ ១៩ ហើយ​ត្រូវបាន​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ជំរុញ​មិន​ឲ្យ​មានការ​ដាក់បញ្ចូល​ក្នុង​សេចក្តីរាយការណ៍​របស់​ក្រសួង​ជូន​សាធារណជន ជាប្រចាំ​ថ្ងៃនោះ​។​

​ការច្រានចោល​របស់​ក្រសួងសុខាភិបាល​នេះ គឺ​បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១៨ ខែសីហា​នេះ បន្ទាប់​សារព័ត៌មាន​ទាំងពីរ​ខាងលើនេះ​បាន សរសេរ​ក្នុង​អត្ថបទ​របស់ខ្លួន​ថា ជនជាតិ​ចិន​ចំនួន​៦​នាក់​បាន​ផ្ទុកមេរោគ​កូ​វិដ​១៩ ខណៈ​ក្រសួង អះអាងថា ជនជាតិ​ចិន​ទាំង​៦​នាក់​ត្រូវបាន​ធ្វើតេស្ត​ចំនួន​បួន​លើក​ហើយ ដោយ​អវិជ្ជមាន​នូវ​មេរោគ​កូ​វិដ​នេះ​។​

​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងប្រាប់​បណ្ដាញសារព័ត៌មាន​តាមរយៈ​តេ​លេ​ក្រាម​នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០ នេះ​ថា ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ធ្វើការ​ច្រានចោល​ទាំងស្រុង នូវ​ការចុះផ្សាយ​របស់​សារព័ត៌មាន Cambodia Daily ដែល​ដាក់​ចំណងជើង​ថា “Mystery in Cambodia over missing Covid-positive Chinese – The Cambodia Daily” និង​ការចុះផ្សាយ​របស់​សារព័ត៌មាន UCA News ដែលមាន​ចំណងជើង​ថា “Mystery in Cambodia over missing Covid-positive Chinese – UCA News” ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២០ កន្លងទៅនេះ​។

​ការចុះផ្សាយ​នេះ គឺជា​ការផ្សាយ​ព័ត៌មាន​មិន​ត្រឹមត្រូវ និង​មិន​ពិត ហើយ​ការដែល​បានសរសេរថា​៖ ក្រសួងសុខាភិបាល​ព្រួយបារម្ភ​ពី​ករណី​ជនជាតិ​ចិន​ចំនួន ៦​នាក់​ដែល​បានធ្វើ​តេស្ត​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ជម្រុញ​មិន​ឲ្យ​មានការ​ដាក់បញ្ចូល​ក្នុង​សេចក្តីរាយការណ៍ របស់​ក្រសួង​ជូន​សាធារណជន​ជាប្រចាំ​ថ្ងៃ ក៏​ជា​ព័ត៌មាន​មិន​ពិត​ដែរ​។

​ក្រសួងសុខាភិបាល សូម​គោរព​បញ្ជាក់ជូន​សាធារណជន និង​សារព័ត៌មាន​ទាំងពីរ​ខាងលើនេះ​ថា​៖ ក្រសួង​តែងតែ​ចេញផ្សាយ​ព័ត៌មាន​ស្តីពី​ការរកឃើញ​អ្នក វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី អ្នក​ព្យាបាល​ជាសះស្បើយ និង​អ្នក​កំពុង​នៅ​សម្រាក​ព្យា​ល​បាល​ក្នុង​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន ប្រកបដោយ​តម្លាភាព ដោយ​មិនមាន​ការលាក់លៀម​អ្វី​ទាំងអស់ ហើយក៏​មិនមាន​ការបាត់​ករណី​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ​។ ចំណែកឯ​ករណី​ជនជាតិ​ចិន​ទាំង ៦​នាក់​ដែល​បានលើកឡើង​នោះ គឺ​មិនមាន​ភាពអាថ៌កំបាំង​អ្វី​នោះឡើយ​ដោយ​ពួកគាត់​ទាំង ៦​នាក់​នេះ មាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ដែល​មិនមាន​ភាពចាំបាច់​ដែល​ត្រូវ​រាយការណ៍​ជា​សាធារណៈ ដូចដែល​ក្រសួង មិនបាន​រាយការណ៍​នូវ​រាល់​បុគ្គល​ដែលមាន លទ្ធផល​អវិជ្ជមាន​វី​រុស​កូ​វីដ​-១៩ តាំងពី​ចាប់ផ្តើម​មានការ​រកឃើញ​អ្នកជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​កម្ពុ​ជាម​ក​ម្ល៉េះ លើកលែងតែ​អ្នក​ដែល​ត្រូវបាន​ពិនិត្យ​ព្យាបាល​ជាសះស្បើយ​តែប៉ុណ្ណោះ​។ ដោយសារ​មានការ​ចុះផ្សាយ​ធ្វើ​ឲ្យ​មានការ​យល់ច្រឡំ បង្ក​ឲ្យ​មាន​ភាពមិនច្បាស់លាស់​លើ​វិធានការ និង​ការខិតខំ​របស់​ក្រុមការងារ​ទាំងថ្ងៃទាំងយប់​នោះ ក្រសួងសុខាភិបាល សូម​ជម្រាប​បញ្ជាក់ជូន​ផងដែរ​ថា ជនជាតិ​ចិន​ទាំង ៦​នាក់​នេះ គឺ​ពេលមកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ កន្លងទៅ ក្រុមការងារ​អន្តរ​វិស័យ ដែលមាន​ក្រុមការងារ​ក្រសួងសុខាភិបាល​ផងដែរ​នោះ បាន​ខិតខំ​បំពេញភារកិច្ច​បាន​យ៉ាង​ហ្មត់ចត់ រហូតដល់​រំលងអធ្រាត្រ​ដោយ​មិន​ទាំង​បាន​សម្រាក​ផង​នោះ បានធ្វើ​តេស្ត​ពួកគាត់​ពេលមកដល់​ភ្លាម និង​ឲ្យ​ពួកគាត់​នៅ​ដាច់ដោយឡែក នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​លទ្ធផល ហើយ​បន្ទាប់មក ក៏​ទទួលបាន​លទ្ធផល​មាន​ភាពមិនច្បាស់លាស់ និង​ដោយមាន​កិច្ចសហការ​ល្អ​ពី​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ក្រុមការងារ​បាន​ចាត់ចែង​ដើម្បី​ធ្វើតេស្ត​សារ​ឡើងវិញ ដែលជា​លទ្ធផល​នៃ​ការធ្វើ​តេស្ត​លើក​ទី​ពីរ​នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២០ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ជនជាតិ​ចិន​ទាំង ៦​នាក់​នោះ មិនមាន​ផ្ទុក​នៅ​វីរុស​កូ​វីដ​-១៩ នោះឡើយ​។ នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០ តេស្ត​លើក​ទី​៣ ក៏បាន​ធ្វើឡើង​ទៀត ដោយ​ទទួលបាន​លទ្ធផល​អវិជ្ជមាន និង​បានអនុញ្ញាត​ឲ្យ​ចេញពី​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ ទៅ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ទីកន្លែង​ស្នាក់នៅ​របស់​ពួកគាត់ ក្រោម​ការតាមដាន​រប​ស់​ក្រុមការងារ និង​ការជួយ​សហការ​ពី​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​។ រហូតមកដល់​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២០ ពួកគាត់​ទាំង ៦​នាក់​នេះ មិនមាន​បញ្ហា​សុខភាព​អ្វី​គួរ​ឲ្យ​កត់សម្គាល់ ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នោះឡើយ ហើយ​តេស្ត​លើក​ទី​៤ ក៏បាន​ធ្វើឡើង​បន្ថែមទៀត ដោយ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​វីរុស​-១៩ ដែរ​។

​ដូច្នេះ ក្រសួងសុខាភិបាល សូម​ច្រានចោល​ទាំងស្រុង​នូវ​ការចុះផ្សាយ​ព័ត៌មាន របស់​សារព័ត៌មាន​កាំបូ​ឌា​ដេលី និង UCA News ខាងលើ ដែល​បានលើកឡើង​ផ្ទុយ​ពី​ការពិត​ទាំងស្រុង ហើយ​ក្រសួង ក៏​មិនដែល​បានបញ្ជាក់​ជូន ឬ​ផ្តល់ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​ជនជាតិ​ចិន​ទាំង ៦​នាក់ និង​ការបារម្ភ​របស់​ក្រសួង ឬ​ខ្លឹមសារ​ព័ត៌មាន​ទៅ​សារព័ត៌មាន​ទាំងពីរ​ខាងលើនេះ នោះដែរ​។

​ក្រសួង សូម​អំពាវនាវ ដល់​អ្នកសារព័ត៌មាន​ទាំងអស់ ចូលរួម​សហការ​ជាមួយ​ក្រសួងសុខាភិបាល ដើម្បី​ទទួលបាន​ព័ត៌មាន​ពិតប្រាកដ សម្រាប់​ការផ្សព្វផ្សាយ​ព័ត៌មាន ឲ្យ​មាន​ភាពត្រឹមត្រូវ ចៀសវាង​ធ្វើ​ឲ្យ​មាន​ភាពច្របូកច្របល់​ក្នុងសង្គម ដោយសារតែ​ព័ត៌មាន​មិន​ច្បាស់លាស់ មិន​ពិត ឬ​ចេះតែ​សរសេរ​លើកឡើង ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ឬ​មិនដឹង​រឿង​ពិត​នៃ​ហេតុការណ៍ ដែល​អាចធ្វើ​ឲ្យ​ប៉ះ ពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​សង្គម និង​ប្រទេសជាតិ​ផងដែរ​។

​ក្រសួងសុខាភិបាល ស្នើសុំ​ឲ្យ​មានការ​កែតម្រូវ​នូវ​ការចុះផ្សាយ​ព័ត៌មាន​របស់​សារព័ត៌មាន​កាំបូ​ឌា​ដេលី និង UCA News ស្តីពី​ករណី​ជនជាតិ​ចិន​ទាំង ៦​នាក់ ដូច​ក្រសួង​បាន​បញ្ជាក់ជូន​ខាងលើនេះ​ស្រាប់​។

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន​ទាំងអស់​មេត្តា​ជ្រាប និង​ចូលរួម​លុបបំបាត់​ព័ត៌មាន​មិន​ច្បាស់លាស់ ព័ត៌មាន​មិន​ពិត ព័ត៌មាន​ខុស ឬ​ព័ត៌មាន​ប្រឌិត ដើម្បី​រក្សា​សេចក្តីថ្លៃថ្នូរ​ក្នុងសង្គម និង​មិនមាន​ភាពចលាចល​ក្នុងសង្គម​ផងដែរ​៕ ដោយ​៖​កូ​ឡាប​

spot_img
×