Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេស​ជប៉ុន​៖ ប្រទេស​ជប៉ុន​នឹង​បន្ត​ផ្តល់​ការគាំទ្រ​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​អាច​ដើរ​លើ​មាគ៌ា​សំដៅ​ទៅរក​ទិសដៅ​នៃ​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​របស់ខ្លួន

spot_img

​ភ្នំពេញ​៖ ឯកឧត្តម ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ រដ្ឋមន្ត្រីការបរទេស​ជប៉ុន មុននឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៣ ខ​ខែសីហា​បាន​ផ្ញើ​សារ​ជម្រាបសួរ​ប្រជាជន​កម្ពុជា​ជាទី​រាប់អាន ដោយ​លោក​ថា ប្រទេស​ជប៉ុន​នឹង​បន្ត​ផ្តល់​ការគាំទ្រ​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​អាច​ដើរ​លើ​មាគ៌ា​សំដៅ​ទៅរក​ទិសដៅ​នៃ​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​របស់ខ្លួន ដោយ​បញ្ចូល​កម្លាំង​យុវជន​ជា​សសរទ្រូង​។ នេះ​បើតាម​ការផ្សព្វផ្សាយ​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០២០​។​

​លោក​បាន​លើកឡើងថា ថ្ងៃនេះ​ខ្ញុំ​បានមក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ជា​លើកដំបូង ក្រោយពី​ខ្ញុំ​បានទទួល​ដំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​។ កន្លងមកនេះ ខ្ញុំ​ធ្លាប់​បានមក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ប៉ុន្មាន​លើក​រួចមកហើយ ហើយ​អ្វីដែល​ដិត​ជាប់​នៅក្នុង​ចិត្ត​របស់ខ្ញុំ​មិនអាច​បំភ្លេចបាន​នោះ​គឺ​សម្រស់​ថ្ងៃ​លិច​មើល​ពី​ប្រាសាទអង្គរវត្ត​។​

​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ផ្សព្វផ្សាយ​ «​សារ​របស់​ឯកឧត្តម ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ រដ្ឋមន្ត្រីការបរទេស​ជប៉ុន​» ជម្រាបសួរ​ប្រជាជន​កម្ពុជា​ជាទី​រាប់អាន​!

​ថ្ងៃនេះ​ខ្ញុំ​បានមក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ជា​លើកដំបូង ក្រោយពី​ខ្ញុំ​បានទទួល​ដំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​។ កន្លងមកនេះ ខ្ញុំ​ធ្លាប់​បានមក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ប៉ុន្មាន​លើក​រួចមកហើយ ហើយ​អ្វីដែល​ដិត​ជាប់​នៅក្នុង​ចិត្ត​របស់ខ្ញុំ​មិនអាច​បំភ្លេចបាន​នោះ​គឺ​សម្រស់​ថ្ងៃ​លិច​មើល​ពី​ប្រាសាទអង្គរវត្ត​។ កាលពី​ឆ្នាំ​២០១៤ ក្នុងនាម​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម ខ្ញុំ​បានមក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ជាមួយ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ជប៉ុន​ជាច្រើន ដើម្បី​ជំរុញ​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​ផងដែរ​។

​ក្រោយ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ប្រទេស​ជប៉ុន​បានរួម​ដំណើរ​ជួយ​គាំទ្រ​ដល់​ដំណើរការ​ស្វែងរក​សន្តិ​ភាព ការ​ស្តារឡើងវិញ​ក៏ដូចជា​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់​របស់​ប្រទេស​កម្ពុជា ដែល​នេះ​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ចំណងមិត្តភាព​នៃ​ប្រទេស​ទាំងពីរ ហើយ​ទំនាក់ទំនង​នេះ​មាន​ភាព​ស៊ីជម្រៅ​ថែមទៀត​ក្នុង​វិស័យ​ផ្សេងៗ​ដូចជា នយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និង​ការផ្លាស់ប្តូរ​ធនធានមនុស្ស​ជាដើម​។ បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំ​២០១៤ ដែល​ខ្ញុំ​បានធ្វើ​ដំណើរ​ទស្សនកិច្ច​លើក​មុន ចំនួន​ប្រជាជន​ជប៉ុន​នៅ​កម្ពុជា​បាន​កើនឡើង​២.២​ដង (​ពី​១,៧៩៣​នាក់ ដល់​៣,៩៣៤​នាក់​) រីឯ​ក្រុមហ៊ុន​ជប៉ុន​កើន​២.៧​ដង (​ពី​១៤២​ក្រុមហ៊ុន ដល់​៣៨៨​ក្រុមហ៊ុន​)​។ ចំណែកឯ​ពាណិជ្ជកម្ម​ទ្វេភាគី​កើន​២.៣​ដង (​ពី​១០០​លាន​ដុល្លា​អាមេរិក​រហូត ដល់​២៣០​លាន​ដុល្លា​អាមេរិក​)​។ ប្រជាជន​កម្ពុជា​ដែល​កំពុង​រស់នៅ​ប្រទេស​ជប៉ុន​កើន​៤.៣​ដង (​ពី​៣,៤៣៦​នាក់ ដល់​១៥,០២០​នាក់​)​។ ប្រទេស​កម្ពុជា​ស្ថិតនៅ​ទី​កណ្តាល​នៃ​ច្រករបៀង​សេដ្ឋកិច្ច​ភាគខាងត្បូង​ដែល​ត​ភ្ជាប់​តំបន់​មេគង្គ និង​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន ជា​យុវជន​វ័យក្មេង និង​ស្វាហាប់​អាយុ​ក្រោម​២៥​ឆ្នាំ ដែល​នេះ​ជា​សក្តានុពល​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​មាន​ភាព​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​។​

​សហគមន៍​អន្តរជាតិ កំពុង​ប្រឈម​ជាមួយ​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​១៩​នៅ​ទូទាំង​ពិភពលោក​។ ខ្ញុំ​សូម​កោតសរសើរ ដល់​ប្រទេស​កម្ពុជា​ដែល​កំពុង​គ្រប់គ្រង​បាន​នូវ​ការឆ្លង​រាលដាល​នេះ ដោយ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អ្នកពាក់ព័ន្ធ​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​កិច្ចសហការ​របស់​ប្រជា ជន​។

​ប្រទេស​ជប៉ុន បាន​នាំមុខ​ក្នុង​សហគមន៍​អន្តរជាតិ​ជួយ​ដល់​ប្រទេស​ដែលមាន​ប្រព័ន្ធ​សុខាភិបាល​មាន​កម្រិត ដើម្បី​ទប់ទល់​នឹង​កូ​វីដ​១៩​។ ចំពោះ​ប្រទេស​កម្ពុជា ប្រទេស​ជប៉ុន​កំពុង​ចូលរួមចំណែក​តាមរយៈ​ការផ្តល់​សម្ភារៈ​ពេទ្យ (​អាវ​ពេទ្យ​សម្រាប់​ការពារ និង​ស្រោមដៃ​ជាដើម​)​នៅ​ខែកុម្ភៈ​កន្លងមកនេះ និង​ការផ្តល់​បរិក្ខារ​វេជ្ជសាស្ត្រ និង​កែលម្អ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ក្នុង​ទឹកប្រាក់​ប្រមាណ​៤,២០០​លាន​យ៉េន ព្រមទាំង​ជំនួយ​បច្ចេកទេស​តាម និង​សម្ភារៈ​ផ្សេងៗ​ក្នុង​ទឹកប្រាក់​ប្រមាណ​១​ពាន់​លាន​យ៉េន តាមរយៈ​អង្គការ​អន្តរជាតិ​ផងដែរ​។ ចំណែក​នៅក្នុង​វិស័យ​ឯកជន ក្រុមហ៊ុន​ជប៉ុន​កំពុង​សហការ​ក្នុង​ការផ្តល់​កម្មវិធី​អប់​រំជា​App និង​កម្មវិធីសិក្សា​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត រួមទាំង​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន​ក៏បាន​កំពុង​ផ្សព្វផ្សាយ​នូវ​វិធានការ​បង្ការ​ការឆ្លង​មេរោគ ក៏ដូចជា​គាំទ្រ​ដល់​កុមារ​ដែល​មិនអាច​ចូលរៀន​ដោយសារ​ការបិទ​សាលារៀន​។ ជាមួយគ្នានេះ ក៏មាន​វេជ្ជបណ្ឌិត​ជនជាតិ​ជប៉ុន​មួយចំនួន បានធ្វើ​ដំណើរ​ចូលក្នុង​ប្រទេស​កម្ពុជា ដើម្បី​បំពេញការងារ​ការវះកាត់​បន្ទាន់ និង​ព្យាបាល​ជម្ងឺ​ជូន​ប្រជាជន​កម្ពុជា​ផងដែរ​។​

​ចំណាត់ការ​លើ​វិធានការ​កូ​វីដ​១៩​ទាំងនេះ ក៏បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​មាន​ភា​ព​រឹងមាំ​ផងដែរ​។ ដើម្បី​ពង្រឹង​ទំនាក់ទំនង​នេះ​បន្ថែមទៀត យើង​នឹង​បន្ត​កិច្ចពិភាក្សា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​បើក​ឡើងវិញ​នូវ​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន​ក្នុង​វិស័យ​ធុរកិច្ច​តាម​លក្ខណៈ​សមស្រប​នឹង​ការការពារ​ការឆ្លង​រាលដាល​សារជាថ្មី​នៃ​កូ​វីដ​១៩​។ ម្យ៉ាងវិញទៀត ខ្ញុំ​ក៏មាន​បំណង​ជម្រុញ​នូវ​សាមគ្គីភាព​ឆ្ពោះទៅរក​ការស្តារ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ក្រោយ​ពេលដែល​ការរីក​រាលដាល​កូ​វីដ​១៩​នេះ​ត្រូវ​បានបញ្ចប់​ផងដែរ ។​

​កាលពី​ខែមករា​ឆ្នាំនេះ ខ្ញុំ​បាន​ជួប​ជាមួយ​យុវជន​កម្ពុជា​ដែលមាន​ចំណាប់អារម្មណ៍​លើ​ន​យោ​​បាយ​ចំនួន​១០​រូប ដែល​បានមក​ធ្វើ​ទស្សនា​កិច្ច​នៅ​ប្រទេស​ជប៉ុន ហើយ​ពួកគាត់​ទាំងអស់គ្នា​បាន​សម្តែង​ចេញ​នូវ​ស្មារតី​ចង់​អភិ​វិ​ឌ្ឍ​ប្រទេស​របស់ខ្លួន​ខ្លាំងណាស់​។ ប្រទេស​កម្ពុ​ជាមាន​ធនធានមនុស្ស​ប្រៀបដូចជា​កំពូល​នៃ​ប្រាសាទអង្គរវត្ត និង​ប្រាសាទអង្គរធំ ដែល​ត្រូវបាន​ទ្រ​ដោយ​ថ្ម​រឹងមាំ​ដាក់​បន្តុប​លើ​គ្នា​ជាច្រើន​ដើម្បី​ឲ្យ​ខ្ពស់​។ ម្យ៉ាងវិញទៀត ដូចគ្នា​នឹង​យុគសម័យ​អង្គរ​ដែល​បាន​រីកចម្រើន​លូតលាស់​ដោយ​ការរួមរស់​ជាមួយគ្នា និង​ការ​លាយ​បញ្ចូល​គ្នា​រវាង​សាសនា​ហិណ្ឌូ និង​ព្រះពុទ្ធសាសនា ប្រទេស​កម្ពុ​ជាមាន​ប្រវត្តិ និង​ប្រពៃណី​ទទួលយក​វប្បធម៌ គំនិត​ខុសៗ​គ្នា និង​ធនធានមនុស្ស​ផ្សេងៗ​គ្នា​ផងដែរ​។ ប្រទេស​ជប៉ុន​នឹង​បន្ត​ផ្តល់​ការគាំទ្រ​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​អាច​ដើរ​លើ​មាគ៌ា​សំដៅ​ទៅរក​ទិសដៅ​នៃ​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​របស់ខ្លួន ដោយ​បញ្ចូល​កម្លាំង​យុវជន​ជា​សសរទ្រូង​។​

​ខ្ញុំ​ទន្ទឹងរង់ចាំ​នឹង​ជួបពិភាក្សា​យ៉ាង​ស្មោះ​អស់ពី​ចិត្ត​ជាមួយ​សម្តេច​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស ដើម្បី​បន្ត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​ប្រទេស​យើង​ទាំងពីរ​កាន់ តែ​រីកចម្រើន​ថែមទៀត​។​

​សូមបញ្ជាក់ថា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​អង្គារ ទី ១១ ខែសីហា ឆ្នាំ​២០២០ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា ឯកឧត្តម ម៉ូត​ហ្គី តូ​ស៊ី​មី​សី (MOTEGI Toshimitsu) រដ្ឋមន្ត្រីការបរទេស​ជប៉ុន នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី ២១ ដល់​ថ្ងៃទី ២៣ ខែសីហា ឆ្នាំ​២០២០ នឹង ជួយ​ពង្រឹងពង្រីក​ថែមទៀត​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់ រវាង ប្រទេស​ទាំងពីរ​នៅលើ​គ្រប់​វិស័យ ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ។​

​ក្នុងអំឡុងពេល​ទស្សន​កិច្ច ឯកឧត្តម ម៉ូ​តេ​ហ្វី តូ​ស៊ី​មី​សឺ នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរ សម​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ ដែល​នៅក្នុង​ឱកាស​នោះ បញ្ហា​ទ្វេភាគី​និង​ពហុភាគី​មួយចំនួន​ដែលជា ចំណាប់អារម្មណ៍​រួម នឹងត្រូវ​បាន​លើក​យកមក​ពិភាក្សា​។​

​ក្នុងអំឡុងពេល​ស្នាក់នៅ​រាជធានី​ភ្នំពេញ ឯកឧត្តម ម៉ូត​ហ្គី តូ​ស៊ី​មី​សឺ នឹង​អញ្ជើញ​ទៅ​គោរព វិញ្ញាណក្ខន្ធ​នៅ​ចេតិយ​របស់ លោក អាត់​ស៊ូ​រ៉ូ ណា​កាតា អតីត​បុគ្គលិក​ស្ម័គ្រចិត្ត​ជប៉ុន​របស់​អង្គការសហប្រជាជាតិ និង លោក ហា​រូ​យូគី តា​កាតា អតីតមន្ត្រី​ប៉ូលិស​ស៊ីវិល​របស់​អ៊ុនតាក់​។ ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ ឯកឧត្តម ម៉ូ​តេ​ហ្វី តូ​ស៊ី​មី​សី នៅ​ព្រះរាជាណាចក្រ​កម្ពុជា នឹង ជួយ​ពង្រឹងពង្រីក​ថែមទៀត​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់ រវាង ប្រទេស​ទាំងពីរ​នៅលើ​គ្រប់​វិស័យ ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ហើយក៏​ជាការ​បង្ហាញ​នូវ​សាមគ្គីភាព​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩៕ ​ដោយ​៖​កូ​ឡាប​

spot_img
×