Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ជប៉ុន មាន​ជាង ១​ប៊ី​លាន​ដុល្លារ នៅ​ឆ្នាំ​២០២០

spot_img

​ភ្នំពេញ​៖ យោង​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ជប៉ុន JETRO បានឱ្យដឹងថា គិត​ត្រឹម​រយៈពេល ៦​ខែ ឆ្នាំ​២០២០ សរុប​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា ជប៉ុន​មាន​ចំនួន​ជាង ១​ប៊ី​លាន​ដុល្លារ​។ ក្នុងនោះ កម្ពុជា​នាំចេញ​ទៅ​ជប៉ុន មាន​ចំនួន​ទឹកប្រាក់​ជាង ៧៩១,៦៦៩,០០០​ដុល្លារ ដោយឡែក​កម្ពុជា​នាំចូល​ពី​ជប៉ុន​មានទឹក​ប្រាក់​ជាង ២១៨,៦១៥,០០០​ដុល្លារ ។​

​វិនិយោគិន​ជប៉ុន ភាគច្រើន​បាន វិនិយោគ​នៅ​កម្ពុជា ក្នុង​វិស័យ ឧស្សាហកម្ម សណ្ឋាគារ និង ទេសចរណ៍ ធនាគារ សំណង់ និង​អចលនទ្រព្យ និង ជាពិសេស​វិស័យ លក់រាយ ផ្សារ​ទំនើប វិស័យ​សេវាកម្ម និង ភោជនីយដ្ឋាន ជាដើម​។​
​ទិន្នន័យ JETRO បង្ហាញថា ផលិតផល​សំខាន់ៗ ដែល​កម្ពុជា បាន​នាំចេញ ទៅ​ជប៉ុន មានដូចជា ស្បែកជើង សម្លៀកបំពាក់ និង គ្រឿង​បង្គំ​ម៉ាស៊ីន​អគ្គិសនី ចំណែក​ជប៉ុន​នាំចូល មក​កម្ពុជា​វិញ​មាន ផលិតផល​គ្រឿង ម៉ាស៊ីន រថយន្ត គ្រឿង​អេឡិចត្រូនិក គ្រឿងចក្រ​សម្រាប់ វិស័យ​កសិកម្ម និង​គ្រឿង បរិក្ខារ សម្រាប់ លំនៅដ្ឋាន​ជាដើម​។​

​កន្លងមក ជប៉ុន បាន​យក​កម្ពុជា ជា​គោលដៅ វិនិយោគ​ទី​១ សម្រាប់​គម្រោង​វិនិយោគ​ដ៏​សម្បើម នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ជាក់ស្តែង​នៅថ្ងៃនេះ ចាប់ពី​ថ្ងៃទី ២១​ដល់ ២៣ ខែសីហា ឆ្នាំ ២០២០ រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល ៣​ថ្ងៃ ដែល​ដំណើរ​ទស្សនកិច្ច​នេះ នឹង​ជំរុញ​ការស្តារ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​កម្ពុជា នៅក្រោយ​វិ​បិ​ត្ត​កូ​វីដ​១៩​។​

​ប្រទេស​ជប៉ុន បាន​នាំមុខគេ ក្នុង​សហគមន៍​អន្តរជាតិ ដែល​បាន​ជួយ​ដល់​ប្រទេស​ដែលមាន​ប្រព័ន្ធ​សុខាភិបាល​មាន​កម្រិត ដើម្បី​ទប់ទល់​នឹង​ជំងឺ​កូ​វីដ​១៩​។ ប្រទេស​កម្ពុជា ជប៉ុន​បាន​កំពុង​ចូលរួមចំណែក​តាមរយៈ​ការផ្តល់​សម្ភារៈ​ពេទ្យ (​អាវ​ពេទ្យ​សម្រាប់​ការពារ និង​ស្រោមដៃ​ជាដើម​)​នៅ​ខែកុម្ភៈ​កន្លងទៅ និង​ការផ្តល់​បរិក្ខារ​វេជ្ជសាស្ត្រ និង​កែលម្អ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ក្នុង​ទឹកប្រាក់​ប្រមាណ​៤,២០០​លាន​យ៉េន ព្រមទាំង​ជំនួយ​បច្ចេកទេស​តាម និង​សម្ភារ​ផ្សេងៗ​ក្នុង​ទឹកប្រាក់​ប្រមាណ​១​ពាន់​លាន​យ៉េន តាមរយៈ​អង្គការ​អន្តរជាតិ​ផងដែរ​។​

​កាលពី​ឆ្នាំ​២០១៤ ក្នុងនាម​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម ប្រមុខ​ការទូត​ជប៉ុន​រូបនេះ បានមក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ជាមួយ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ជប៉ុន​ជាច្រើន ដើម្បី​ជំរុញ​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​ផងដែរ​។​
​បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំ​២០១៤ ដែល​លោក​បានធ្វើ​ដំណើរ​ទស្សន​កិច្ច​លើក​មុន ចំនួន​ប្រជាជន​ជប៉ុន​នៅ​កម្ពុជា​បាន​កើនឡើង​២.២​ដង (​ពី​១,៧៩៣​នាក់ ដល់​៣,៩៣៤​នាក់​) រីឯ​ក្រុមហ៊ុន​ជប៉ុន​កើន​២.៧​ដង (​ពី​១៤២​ក្រុមហ៊ុន ដល់ ៣៨៨​ក្រុមហ៊ុន​)​។ ចំណែកឯ​ពាណិជ្ជកម្ម​ទ្វេភាគី​កើន​២.៣​ដង (​ពី​១០០​លាន​ដុល្លារ​អាមេរិក​រហូត ដល់​២៣០​លាន​ដុល្លា​អាមេរិក​)​។ ប្រជាជន​កម្ពុជា​ដែល​កំពុង​រស់នៅ​ប្រទេស​ជប៉ុន​កើន ៤.៣​ដង (​ពី​៣,៤៣៦​នាក់ ដល់​១៥,០២០​នាក់​)​។​

​លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ បាន​អះអាងថា ដើម្បី​ពង្រឹង​ទំនាក់ទំនង​នេះ​បន្ថែមទៀត យើង​នឹង​បន្ត​កិច្ចពិភាក្សា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​បើក​ឡើងវិញ​នូវ​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន​ក្នុង​វិស័យ​ធុរកិច្ច តាម​លក្ខណៈ​សមស្រប នឹង​ការការពារ​ការឆ្លង​រាលដាល​សារជាថ្មី​នៃ​កូ​វីដ​១៩​។ ប្រទេស​កម្ពុជា ស្ថិតនៅ​ទី​កណ្តាល​នៃ​ច្រករបៀង​សេដ្ឋកិច្ច​ភាគខាងត្បូង ដែល​ត​ភ្ជាប់​តំបន់​មេគង្គ និង​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន ជា​យុវជន​វ័យក្មេង និង​ស្វាហាប់​អាយុ​ក្រោម ២៥​ឆ្នាំ ដែល​នេះ​ជា​សក្តានុពល ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​មាន​ភាព​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​៕
ដោយ​៖CEN


spot_img
×