Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចនាយក​រដ្ឋមន្ត្រី គាំទ្រ​តាម​ការស្នើសុំ​របស់​រដ្ឋ​មន្ត្រី​ការបរទេស​ជប៉ុន បើក​ឲ្យ​ដំណើរការ​នូវ​ទំនាក់ទំនង​ឡើងវិញ ដើម្បី​ជំរុញ​វិស័យ​ធុរកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​

spot_img

​ភ្នំពេញ​៖​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​គាំទ្រ​នូវ​ការបើក​ឲ្យ​ដំណើរការ​នូវ​ទំនាក់ទំនង​ឡើងវិញ តាម​ការស្នើសុំ​របស់រ​ដ្ឋ​មន្ត្រី​ការបរទេស​ជ​ប៉ុន ក៏ដូចជា​ជំរុញ​នូវ​វិស័យ​ធុរកិច្ច ពាណិជ្ជកម្ម និង​វិស័យ​ផ្សេងៗ​រវាង​កម្ពុជា និង​ជប៉ុន ដែល​ទាំងអស់នោះ នឹងធ្វើ​ឲ្យ​ទំនាក់ទំនង និង​ការផ្ដល់​ការធ្វើដំណើរ​ទៅវិញទៅមក រវាង​ប្រទេស​ទាំងពីរ​ដែល​អាច​នាំមក​ទំនាក់ទំនង​កាន់តែខ្លាំង​បន្ថែមទៀត និង​ជំរុញ​ដំណើរការ​សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ជា​បន្តទៀត​ផងដែរ ស្រប​ពេលដែល​នៅក្នុង​ឆ្នាំ​២០២០​នេះ រយៈពេល​៩​ខែ ទំហំ​ពាណិជ្ជកម្ម​ប្រទេស​កម្ពុជា​និង​ជប៉ុន មាន​ប្រមាណ​៨០០​លាន​ដុល្លារ​។

​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២២ ខែសីហា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ រដ្ឋមន្ត្រីការបរទេស​ជប៉ុន ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​ក្នុងជំនួប​ពិភាក្សា​នោះ ឯកឧត្តម ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ បាន​គោរព​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​បាន​ចាត់វិធានការ​ល្អប្រសើរ​ក្នុងការ​ទប់ស្កាត់​ជំងឺ covid 19 បាន​យ៉ាង​ល្អប្រសើរ​សម្រាប់​ប្រទេស​កម្ពុជា​។
​ឯកឧត្តម​ក៏បាន​កោតសរសើរ​ចំពោះ​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​ប្រទេស​ក្នុង​ភាពឈ្លាសវៃ ដែល​នាំ​ដល់​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ប្រទេស​កម្ពុជា​។

​ឯកឧត្តម​បានបញ្ជាក់​ទៀតថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​មកកាន់ ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ឆ្នាំ​២០១៤ រហូតមកដល់​ពេលនេះ គឺ​ឯកឧត្តម​បាន​សង្កេតឃើញថា កម្ពុជា​មានការ​អភិវឌ្ឍ​ន៍​រីកចម្រើន​ខ្លាំង​និង​ឆាប់រហ័ស លើសពីនោះ ឯកឧត្តម​ក៏បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា ជប៉ុន​បាន​ត្រៀម​ថវិកា​មួយចំនួន​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ផងដែរ​។

​ឯកឧត្តម ក៏បាន​ស្នើសុំ​ដើម្បី​ធ្វើយ៉ាងណា​បើក​ដំណើរការ​ឡើងវិញ រវាង​ប្រទេស​ទាំងពីរ ដូចជា​ការធ្វើដំណើរ​ទៅវិញទៅមក ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​វិស័យ​ធុរកិច្ច​ផងដែរ​។ លើសពីនេះទៅទៀត ឯក​ឧ​ត្ត​ក៏បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​ផងដែរ​ថា និស្សិត​កម្ពុជា​យើង​ចំនួន​១៩​នាក់​ត្រូវ​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន ក្នុងពេល​ឆាប់​ឆាប់​នេះ​។

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម​ក៏បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា ភាគី​ជប៉ុន​បានធ្វើ​ការសិក្សា​ចប់សព្វគ្រប់​ហើយ ទៅលើ​កំពង់ផែ​ក្រុងព្រះសីហនុ សម្រាប់ធ្វើ​យ៉ាងណា​ឲ្យ​កំពង់ផែ​នោះ​ទទួល​កប៉ាល់​ធំៗ​ចូល​ចត ក្នុងន័យនេះ ឯកឧត្តម​បានស្នើ​សុំ​សម្ដេច​តេ​ជោ ឲ្យ​មានការ​គាំទ្រ​គម្រោង​នេះ​ផងដែរ​។

​ជាការ​ឆ្លើយតប សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​សំដែង​នូវ​ក្តី​រីករាយ ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​សារ​ជាថ្មីទៀត បន្ទាប់ពី​បាន​ជួប​កាលពី​ឆ្នាំ​២០១៤ កន្លងទៅ​។ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី​ក៏បាន​អរគុណ​ដល់​រដ្ឋាភិបាល​ជប៉ុន ចំពោះ​ជំនួយ​ដែល​បានផ្ដល់​មក​កម្ពុជា នា​រយៈពេល​កន្លងមក និង​ជំនួយ​ក្នុងការ​ចូលរួម​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ និង​អរគុណ​ទៅដល់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​ជួយ​ពលករ ក៏ដូចជា​ដល់​និស្សិត​កម្ពុជា ដែល​កំពុងតែ​សិក្សា និង​បម្រើ​ការងារ​នៅឯ​ប្រទេស​ជប៉ុន​។

​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ក៏បាន​គាំទ្រ​នូវ​ការបើក​ឲ្យ​ដំណើរការ​នូវ​ទំនាក់ទំនង​ឡើងវិញ ក៏ដូចជា​ជំរុញ​នូវ​វិស័យ​ធុរកិច្ច ពាណិជ្ជកម្ម និង​វិស័យ​ផ្សេងៗ​រវាង​កម្ពុជា និង​ជប៉ុន ដែល​ទាំងអស់នោះ នឹងធ្វើ​ឲ្យ​ទំនាក់ទំនង និង​ការផ្ដល់​ការធ្វើដំណើរ​ទៅវិញទៅមក រវាង​ប្រទេស​ទាំងពីរ​ដែល​អាច​នាំមក​ទំនាក់ទំនង​កាន់តែខ្លាំង​បន្ថែមទៀត និង​ជំរុញ​ដំណើរការ​សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ជា​បន្តទៀត​ផងដែរ​។

​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ក្នុង​ឆ្នាំ​២០១៩ កម្ពុជា​- ជប៉ុន​មាន​ទំហំ​ពាណិជ្ជកម្ម​ប្រមាណ​២​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុងនោះ​កម្ពុជា​នាំ​ចេញទៅ​ជប៉ុន​១,២ ពាន់​លាន​ដុល្លារ​ហើយ​ជប៉ុន​នាំ​ចូលមក​កម្ពុជា​វិញ​០,៨ ពាន់​លាន​ដុល្លារ ។ ដោយឡែក​នៅក្នុង​ឆ្នាំ​២០២០ នេះ រយៈពេល​៩​ខែ ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​មាន​ប្រមាណ​៨០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុងនោះ​កម្ពុជា​នាំ​ចេញទៅ​ជប៉ុន​ប្រមាណ​៥០០​លាន​ដុល្លារ និង​ជប៉ុន​នាំ​ចូលមក​កម្ពុជា​ប្រមាណ​៣០០​លាន​ដុល្លារ​។
​សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍​បន្ថែមថា ចំពោះ​ការបើក​ដំណើរការ​ឡើងវិញ​នៃ​ប្រទេស​ទាំងពីរ សម្តេច​បានស្នើ​ឲ្យ​មានការ​ហោះហើរ​ឡើងវិញ​របស់​ក្រុមហ៊ុន​អាណា​ណា ដែល​ការហោះហើរ​នេះ នឹង​អាច​នាំអោយ​ការធ្វើដំណើរ​រវាង​ប្រទេស​ទាំងពីរ​មាន​សភាពការណ៍​ធម្មតា​ឡើងវិញ ជាពិសេស​ត្រូវអនុវត្ត​នូវ​វិធានការ​មួយចំនួន​ផងដែរ​។ សម្តេច​តេ​ជោ​បន្តថា ការហោះហើរ​ឡើងវិញ​នេះ នាំអោយមាន​ការកើនឡើង​ក្នុង​ទំហំ​ពាណិជ្ជកម្ម​ការ និង​វិនិយោគ​ផងដែរ​។
​ជាទី​បញ្ចប់​សម្ដេច​តេ​ជោ ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​ជប៉ុន ដែល​បាន​ជួយ​ដល់​កម្ពុជា​ជាពិសេស​ជាមួយនឹង​កម្មវិធី​ជំនួយ​ក្រៅប្រទេស ដែល​រាល់​គម្រោង​ទាំងនោះ​មិនមាន​ការពន្យា ឬ​បញ្ឈប់​នោះទេ ផ្ទុយទៅវិញ​កំពុងតែ​ដំណើរការ​ជា​ប្រក្រតី​៕
​ដោយ​៖​កូ​ឡាប​

spot_img
×