Friday, September 17, 2021

កម្មករនិយោជិត​នៃ​ក្រុមហ៊ុន​ភូមិ​វប្បធម៌​កម្ពុជា​នៅ​ខេត្តសៀមរាប​ធ្វើការ​តវ៉ា ទាមទារ​ឱ្យមាន​ការចរចា និង​សង​ប្រាក់​២០%​នៃ​ប្រាក់​ឈ្នួល បន្ទាប់ពី​ក្រុមហ៊ុន​កាត់​

​សៀមរាប​៖ កម្មករនិយោជិត​នៃ​ក្រុមហ៊ុន​ភូមិ​វប្បធម៌​កម្ពុជា​នៅ​ខេត្តសៀមរាប​បានធ្វើការ​តវ៉ា​ជាច្រើន​ថ្ងៃ​មកហើយ​ដោយ​ទាមទារ​ឱ្យមាន​ការចរចា និង​សង​ប្រាក់​២០%​នៃ​ប្រាក់​ឈ្នួល ព្រមទាំង​ប្រាក់​ថ្លៃ​អាហារ​ប្រចាំថ្ងៃ​មកវិញ បន្ទាប់ពី​ក្រុមហ៊ុន​បាន​កាត់​ដោយ​សំអាង​លើ​វិបត្តិ​កូ​វីដ​១៩​។​

​ឯកឧត្តម​ខៀវ​កាញារីទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បានលើកឡើង​ក្នុង​ហ្វេ​ស​ប៊ុ​កថា ពិតមែនតែ​រាជរដ្ឋាភិបាល​ឲ្យ​ឈប់​មួយអាទិត្យ (​បូក​ថែម ២ ថ្ងៃ​ទៀត​) តែ​មិនមែន​ស្ថាប័ន​ទាំងអស់​គ្មាន​អ្នកប្រចាំការ​ទេ ។ គាត់​ស្រែក​ច្រើន​ថ្ងៃ​ហើយ​ទោះ​ត្រូវ​ឬ​ខុស គួរ​មាន​អ្នក​ចុះទៅ​ដោះស្រាយ​ផង – មុខ​ភូមិ​វប្បធម៌ ក្រុង​សៀមរាប នៅ ថ្ងៃទី ២២ សីហា ២០២០​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​លោក​Harry Koy តំណាង ក្រុមហ៊ុន​ភូមិ​វប្បធម៌​កម្ពុជា​នៅ​ខេត្តសៀមរាប​បាន​រាយការណ៍​ជម្រាប​ឯកឧត្តម​ក្រុម​តន្ត្រី​ក្រសួង​ព័ត៌មាន​ថា​យោងតាម​ការទាមទារ​រ​បស់​បុគ្គលិក​មួយចំនួន​តូច​ដែល​កំពុងតែ​ប្រមូលផ្តុំ​នៅ​ខា​មុខ​ភូមិ​វប្បធម៌ ខ្ញុំបាទ​សូម​ផ្តល់ព័ត៌មាន​ពិតជា​ក់លាក់​ជូន​ឯកឧត្តម​ដូចតទៅ​៖ ដោយសារ​ជម្ងឺ​កូ​វីដ​១៩ បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប មាន​ភោជនីយដ្ឋាន សណ្ឋាគារ និង ផ្ទះសំណាក់​ត្រូវបាន​បិទ ចំណែកឯ​រមណីយដ្ឋាន ភូមិ​វប្បធម៌​ក៏​ទទួលរង​នូវ​ផលប៉ះពាល់​យ៉ាងខ្លាំង​ផងដែរ ។​
​ភូមិ​វប្បធម៌​គឺ​ពឹង​លើ​ភ្ញៀវទេសចរ​អន្តរជាតិ និង​ទេសចរ​ជាតិ តែ​ក្នុងអំឡុងពេល​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ ភូមិ​វប្បធម៌​មិនមាន​ប្រាក់ចំណូល ពិបាក​ក្នុងការ​ទ្រទ្រង់​នៃ​ការចំណាយ​របស់​ក្រុមហ៊ុន ដូច្នេះ​ក្រុមហ៊ុន​បានសម្រេច​ដូចតទៅ​៖

1. កាត់​ប្រាក់ខែ​២០% ហើយ​កាត់បន្ថយ​ម៉ោង​ធ្វើការ​២០%​ដូចគ្នា ចំពោះ​បុគ្គលិក​ដែលមាន​ប្រាក់ខែ​ក្រោម​២០០$ គឺ​មិនបាន​កាត់​នោះទេ​។​

2. ថ្លៃ​បាយ​ប្រចាំខែ​ក្រុមហ៊ុន​កាត់​មិន​ផ្តល់ជូន ទាំង​ថ្នាក់ដឹកនាំ​និង​បុគ្គលិក​។​

​ប៉ុន្តែ​ដោយមាន​ការ​ញុះញង់ និង​បំផុសបំផុល​ពី​ខាង​សហជីព ក្នុងការ​អូសទាញ​បុគ្គលិក​មួយចំនួន​តូច​អោយធ្វើ​ការតវ៉ា​។

​លោក​ក៏​សូម​ជម្រាប​ជា​ព័​ត៌​ជូន​ដល់​ឯកឧត្តម ឲ្យ​បាន​ជ្រាបថា នៅក្នុង​ភូមិ​វប្បធម៌​ពុំ​មានរឿង​អយុត្តិធម៌ រហូតដល់​មានការ​តវ៉ា​នោះទេ បុគ្គលិក​ដែល​ចេញទៅ​តវ៉ា​ដឹកនាំ​ដោយ​សហជីព​មាន​ចំនួន​តែ​៤០​នាក់​ប៉ុណ្ណោះ នៃ​បុគ្គលិក​៣១០​នាក់​។​

​សូមបញ្ជាក់ថា កម្មករនិយោជិត​នៃ​ក្រុមហ៊ុន​ភូមិ​វប្បធម៌​កម្ពុជា​នៅ​ខេត្តសៀមរាប​បានធ្វើការ​តវ៉ា​ជាច្រើន​ថ្ងៃ​មកហើយ​ដោយ​ទាមទារ​ឱ្យមាន​ការចរចា​អនុសញ្ញា​រួមជាមួយ​សហជីព និង​សង​ប្រាក់​២០%​នៃ​ប្រាក់​ឈ្នួល ព្រមទាំង​ប្រាក់​ថ្លៃ​អាហារ​ប្រចាំថ្ងៃ​មកវិញ បន្ទាប់ពី​ក្រុមហ៊ុន​បាន​កាត់​ដោយ​សំអាង​លើ​វិបត្តិ​កូ​វីដ​១៩​។ នៅថ្ងៃនេះ​ទៀត​សហជីព​បានប្រកាស​ធ្វើ​កូដកម្ម​រហូត​ទាល់​តែមាន​ដំណោះស្រាយ ខណៈ​ការចរចា​កន្លងមក​នៅ​មិនទាន់​ឯកភាពគ្នា​។ ប៉ុន្តែ លោក លឹម សុ​ផា ប្រធាន​សហជីព​ប្រចាំ​ក្រុមហ៊ុន​ភូមិ​វប្បធម៌​កម្ពុជា បាន​គូសបញ្ជាក់ថា ជំហ​របស់​កម្មករនិយោជិត​គឺ​ចង់​ឲ្យ​មាន​ដំណោះស្រាយ​ឆាប់​ដើម្បី​ចូលធ្វើការ​វិញ​៕ ដោយ​៖​កូ​ឡាប​