Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ព្រឹក​ថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៣

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៣ តាម​ប្រព័ន្ធ​វីដេអូ​។​

​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៣ នៅ​ឆ្​២០២០​នាំ​នេះ ប្រទេស​ឡាវ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​នូវ​កិច្ចប្រជុំ​។ លោក ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ឡាវ និង​លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន ធ្វើជា​សហប្រធាន​នៃ​កិច្ចប្រជុំ​។​

​កិច្ចប្រជុំ​នៅ​ថ្ងៃស្អែក​នេះ រៀបចំឡើង​ក្រោម​មូលបទ «​ពង្រឹង​ភាពជា​ដៃគូ ដើម្បី​វិបុលភាព​រួម​»​។

​ថ្នាក់ដឹកនាំ​ទាំងអស់ នឹង​ពិនិត្យឡើងវិញ​នូវ​វឌ្ឍនភាព ដែល​សម្រេចបាន​ស្របតាម​ទិសដៅ​នៃ​សេចក្ដីថ្លែងការណ៍​សាន់​យ៉ា​ឆ្នាំ​២០១៦, សេចក្ដីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ​ឆ្នាំ​២០១៨ និង​ផែនការ​សកម្មភាព​សម្រាប់​រយៈពេល​៥​ឆ្នាំ ស្តីពី​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (២០១៨-២០២២) កំណត់​ទិសដៅ​អនាគត​សម្រាប់​ការពង្រីក​វិស័យ​នៃ​កិច្ចសហប្រតិបត្តិការ និង​ជំរុញ​បន្ថែម​នូវ​ទំនុកចិត្ត​ទៅវិញទៅមក ក៏ដូចជា​ពង្រឹង​ភាពជា​ដៃគូ​ក្នុងចំណោម​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង​។​

​យោងតាម​ក្រសួងការបរទេស​កម្ពុជា ក្នុង​កិច្ចប្រជុំ​នេះ​ថ្នាក់ដឹកនាំ​ប្រទេស​សមាជិក​មេគង្គ​-​ឡាន​ឆាង នឹង​ផ្តោត​ការយកចិត្តទុកដាក់​ផងដែរ​លើ​កិច្ចខិតខំ​ប្រឹងប្រែង​រួម របស់​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង ក្នុងការ​ដោះស្រាយ​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩ និង​ការលើកកម្ពស់​ការស្តារ​សេដ្ឋកិច្ច​-​សង្គម​ក្រោយ​ជំងឺ​កូ​វីដ​-១៩​។​

​ក្រសួងការបរទេស​បាន​គូសបញ្ជាក់ថា កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៣​នេះ នឹង​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​សន្តិភាព​ប្រកបដោយ​និរន្ត​ភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​យូរអង្វែង​នៅ​តំបន់​មេគង្គ​-​ឡាន​ឆាង ក៏ដូចជា​ការលើកកម្ពស់​សន្តិ​សហ​វិជ្ជមាន ក្នុងចំណោម​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង​។​

​អញ្ជើញ​អម​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចូលរួម​ក្នុង​កិច្ចប្រជុំ​រួមមាន លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង​, លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​, លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជាមួយ​ចំនួន​ទៀត​។​

​សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ត្រូវបាន​ផ្តួចផ្តើម​បង្កើតឡើង​ដោយ​លោក លី ខឺ​ឈាង ក្នុង​កិច្ចប្រជុំ​កំពូល​ចិន​-​អាស៊ាន​លើក​ទី​១៧ កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​យោងតាម​គំនិត​ផ្ដួចផ្ដើម​របស់​ថៃ ស្ដីពី​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៃ​អនុតំបន់​មេគង្គ​-​ឡាន​ឆាង កាលពី​ឆ្នាំ​២០១២​។​

​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង បានកំណត់​នូវ​កិច្ចប្រជុំ​ជាច្រើន បែង​ចែកជា ៤​កម្រិត​។ ក្នុងនោះ​កិច្ចប្រជុំ​ក្រុមការងារ​ធ្វើឡើង ១ ឬ ២​ដង​ក្នុង​មួយឆ្នាំ និង​ទៅតាម​ការចាំបាច់​, កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​ធ្វើឡើង ១​ដង​ក្នុង​មួយឆ្នាំ និង​ទៅតាម​ការចាំបាច់​, កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ធ្វើឡើង ១​ដង​ក្នុង​មួយឆ្នាំ ដោយឡែក​កិច្ចប្រជុំ​កំពូល​វិញ ត្រូវធ្វើឡើង ២​ឆ្នាំ​ម្តង​។​

​កិច្ចប្រជុំ​មេគង្គ​-​ឡាន​ឆាង ត្រូវធ្វើឡើង​ដោយមាន​ប្រទេស​ចិន​ជា​សហប្រធាន​អចិន្ត្រៃយ៍ ហើយ​ប្រទេស​តំបន់​ទន្លេមេគង្គ ត្រូវ​ផ្លាស់ប្តូរ​វេន​ធ្វើជា​សហប្រធាន​ទៅតាម​លំដាប់​តួអក្សរ​។​ ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើក​ទី​១ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២២-២៣ ខែមីនា ឆ្នាំ​២០១៦ នៅ​ទីក្រុង​សាន​យ៉ា ខេត្ត​ហៃ​ណាន ប្រទេស​ចិន ដោយ​ប្រទេស​ចិន និង​ថៃ ធ្វើជា​សហប្រធាន​។​

​សម្រាប់​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើក​ទី​២ ក្នុង​ឆ្នាំ​២០១៨ ត្រូវបាន​ធ្វើឡើង​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​កម្ពុជា និង​ចិន ធ្វើជា​សហប្រធាន​។​ ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ត្រូវបាន​បង្កើតឡើង​ដោយ​គោរព​តាម​គោលការណ៍​កុងសង់ស៊ីស ការបើកចំហរ ការបញ្ចូល​គ្នា សមភាព ការពិគ្រោះ​យោបល់ និង​ការសម្របសម្រួល​ទៅវិញទៅមក ការស្ម័គ្រចិត្ត ការរួមចំណែក និង​ផលប្រយោជន៍​រួម និង​ការគោរព​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ​នានា​។​

​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង បង្កើតឡើង​ក្នុង​គោលបំណង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ បង្កើត​សហគមន៍​មួយ​ដែល​រួម​អនាគត គ្នា​ប្រកបដោយ​ស​និ្ត​ភាព​និង​វិបុលភាព ថែរក្សា​សន្តិភាព ស្ថិរភាព និង​ជំរុញ​ការអភិវឌ្ឍន៍​ក្នុង​តំបន់​ព​ន្លឿ​ន «​ក្រវ៉ាត់​សេដ្ឋកិច្ច និង​វិថី​សូត្រ​» «​វិថី​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១» ដែល​ហៅ​កាត់​ថា «​ផ្លូវ​មួយ​-​ខ្សែក្រវ៉ាត់​មួយ​»​។​

​សូមបញ្ជាក់ថា​មេគង្គ​-​ឡាន​ឆាង មាន​ផ្ទៃ​ទន្លេ​សរុប​ប្រវែង​ប្រមាណ ៤៨៨០​គីឡូម៉ែត្រ ហូរ​កាត់​ប្រទេស​ចំនួន​៦ គឺ​៖ ចិន មី​យ៉ាន់​ម៉ា ថៃ ឡាវ កម្ពុជា និង​វៀតណាម​។ មាន​ផ្ទៃ​ស្ដុក​ទឹក ៧៩៥០០០​គីឡូម៉ែត្រ​ការ៉េ ផ្គត់ផ្គង់​ប្រជាជន​ប្រមាណ ៣២៦​លាន​នាក់​នៅក្នុង​អនុតំបន់​មេគង្គ​-​ឡាន​ឆាង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×