Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន បន្ត​គាំទ្រ​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ជំរុញ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ លើកកម្ពស់​ជីវភាពរ​ស់​នៅ​របស់​ប្រជាជន និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​លើគ្រប់​វិស័យ​

spot_img

​ភ្នំពេញ​៖ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បានចេញ​សេចក្តីប្រកាស​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ ឯកឧត្តម ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ រដ្ឋមន្ត្រីការបរទេស​ជប៉ុន នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​២១ ដល់​ថ្ងៃទី ២២ ខែសីហា ឆ្នាំ​២០២០ ដោយ​ភាគី​ទាំងពីរ​(​កម្ពុជា​និង​ជប៉ុន​) ក៏បាន​សម្តែង​សេចក្តីប្រាថ្នា​រួម​ក្នុងការ​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់ វិស័យ ជាពិសេស កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ សុខាភិបាល អប់រំ និង​វប្បធម៌​។​

​នៅ​រសៀល​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២០ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ (MOTEGI Toshimitsu) រដ្ឋមន្ត្រីការបរទេស​ជប៉ុន នៅ​ទីស្តីការ​​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។​

​នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២០ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ (MOTEGI Toshimitsu) រដ្ឋមន្ត្រីការបរទេស​ជប៉ុន ។​

ឯកឧត្តម MOTEGI Toshimitsu រដ្ឋមន្ត្រីការបរទេស​ជប៉ុន បាន​អញ្ជើញ មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ពីថ្ងៃ​ទី​២១ ដល់​២២ ខែសីហា ឆ្នាំ​២០២០ ដើម្បី​ពង្រឹងពង្រីក ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដោយបាន​ចូលជួប​សម្តែង​ការគួរសម សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ចូលរួម​ពិសា​អាហារ​ថ្ងៃត្រង់ រៀបចំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ព្រមទាំង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

​ឯកឧត្តម ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ បាន​សម្តែង​ការអបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ ដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​សម្រេចបាន​វឌ្ឍន​ភាព​សេដ្ឋកិច្ច -​សង្គម​យ៉ាង ខ្លាំងក្លា និង​ទប់ស្កាត់បាន​ដោយ​ជោគជ័យ​នូវ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុងប្រទេស​កម្ពុជា​។ ភាគី​កម្ពុជា ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​ជប៉ុន​ដែ​ល​បាន​ចូលរួមចំណែក​ធំធេង ដល់​សន្តិភាព និង​ការអភិវឌ្ឍ​នៅ​កម្ពុជា ហើយ​ថ្មីៗ​នេះ បានផ្តល់​ជំនួយ​ដល់​កម្ពុជា​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ កូ​វីដ​- ១៩ និង​បាន​ជួយឧបត្ថម្ភ​ដល់​ពលរដ្ឋ និង​កម្មសិក្សាការី​ខ្មែរ​ស្នាក់នៅ​ជប៉ុន ដែល​ជួប​ការលំបាក ដោយសារ​ជំងឺ​រាលដាល​នេះ​។ ភាគី​កម្ពុជា កោតសរសើរ​កិច្ចប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល និង​ប្រជាជន ជប៉ុន​ដែល​បាន​ចាត់វិធានការ​ម៉ឺងម៉ាត់ ដើម្បី​គ្រប់គ្រង​ការ​រាលដាល​ជំងឺ​កូ​វីដ​- ១៩​។ ភាគី​ទាំង​ពីរបាន ប្តេជ្ញាចិត្ត​ជាមួយគ្នា​ថា នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​នេះ ទន្ទឹមគ្នា​នឹង​ការស្តារ សេដ្ឋកិច្ច -​សង្គម​ឡើងវិញ​។​

​ភាគី​ទាំងពីរ បាន​សម្តែង​ការពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ ព្រមទាំង​បាន​ឯកភាពគ្នា​បន្ត​ពូន​ជ្រុំ​ឱ្យ​កាន់តែ​ល្អប្រសើរ ថែមទៀត​។ ដើម្បី​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​សកម្មភាព​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​២ ដែល​រង ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​-១៩ ភាគី​ទាំង​ពីរបាន​ឯកភាព​ឲ្យ​បើក​ឡើងវិញ​តាម​ដំណាក់កាល និង​ជា​បណ្តើរៗ​នូវ​ការធ្វើដំណើរ​ឆ្លងដែនរ​វាង​កម្ពុជា និង​ជប៉ុន សម្រាប់​អ្នកដំណើរ​ក្នុង​គោលដៅ​បំពេញការងារ និង​ធុរកិច្ច ដោយ​គោរព​យ៉ាង​ម៉ឺងម៉ាត់​នូវ​វិធានការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​។ ភាគី​ទាំងពីរ​នឹងធ្វើ​ការ​ជាមួយ អាជ្ញា​ធរមាន​សមត្ថកិច្ច​រៀងខ្លួន​ដើម្បី​ចាប់ផ្តើម​ការធ្វើដំណើ​រឆ្ល​ង​ដែន​សម្រាប់​ការ​ស្នាក់នៅ​​លើស​១៤​ថ្ងៃ -​ច្រកចូល​សម្រាប់​ការ​ស្នាក់នៅ – នៅ​ដើមខែ​កញ្ញា ឆ្នាំ​២០២០ និង​ព​ន្លឿ​ន​កិច្ចពិភាក្សា​ស្តីពី​ការអនុវត្ត​ការធ្វើដំណើរ​ឆ្លងដែន​ស​ម្រា​ប់​ការ​ស្នាក់នៅ​រយៈពេល​ខ្លី​ជាង​១៤​ថ្ងៃ “​ច្រក​សម្រាប់​ធុរកិច្ច​។​

​ភាគី​កម្ពុជា​បាន​អរគុណ​រដ្ឋាភិបាល​ជប៉ុន​ដែល​បន្ត​ផ្តល់ជំនួយ​ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច និង​សង្គមកិច្ច​របស់​កម្ពុជា​។ ឯកឧត្តម ម៉ូ​តេ​ហ្គី បានបញ្ជាក់​ពី ការប្តេជ្ញាចិត្ត​របស់​ជ​ប៉ុន​ក្នុង​ការបន្ត​គាំទ្រ​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ជំរុញ​ដំណើរ ការ​លទ្ធិប្រជាធិបតេយ្យ លើកកម្ពស់​ជីវភាពរ​ស់​នៅ​របស់​ប្រជាជន និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​លើ គ្រប់​វិស័យ​។ ភាគី​ទាំងពីរ ក៏បាន​ពិភាក្សា​អំពី​ដំណើរការ​អនុវត្ត​គម្រោង​សំខាន់ៗ​នៅ​កម្ពុជា រួមទាំង គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​ក្រុងព្រះសីហនុ ផែ​កុងតឺន័រ​ថ្មី​នៅ​ក្រុងព្រះសីហនុ និង​ផ្លូវជាតិ​លេខ​៥ ដែល នឹង​រួមចំណែក​ដល់​ការពង្រីក​សកម្មភាព​វិនិយោគ និង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ខណៈ ដែល​កម្ពុជា​បាន​ប្តេជ្ញា​បន្ត​ខិតខំ​កែលំអ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​ភាគី​ទាំងពីរ ក៏បាន​សម្តែង​សេចក្តីប្រាថ្នា​រួម​ក្នុងការ​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់ វិស័យ ជាពិសេស កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ សុខាភិបាល អប់រំ និង​វប្បធម៌​។ ភាគី​ជប៉ុន បាន​សម្តែង​នូវ​ឆន្ទៈ​គាំទ្រ​កិច្ចប្រឹងប្រែង​​របស់​កម្ពុជា​ក្នុង​ការកសាង​សមត្ថភាព ឧស្សាហកម្ម​កែឆ្នៃ​កសិផល និង​ឧស្សាហកម្ម​ប្រើ​បច្ចេកវិទ្យា​ទំនើប និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​អភិរក្ស ប្រាសាទបុរាណ​នៅ​កម្ពុជា​។ ភាគី​កម្ពុជា បាន​សម្តែង​ការពេញចិត្ត​ចំពោះ​សកម្មភាព​ជំរុញ​ការប្រាស្រ័យ ទាក់ទង​ផ្នែក​វប្បធម៌ និង​អប់រំ របស់​ការិយាល័យ​ទំនាក់ទំនង​មជ្ឈមណ្ឌល​អាស៊ី​នៃ​មូលនិធិ​ជប៉ុន នៅ​ភ្នំពេញ ហើយ​ស្វាគមន៍​ឱ្យ​ការិយាល័យ​នេះ​បន្ត​តាំងនៅ​ជា​អចិន្ត្រៃយ៍​ក្នុងប្រទេស​កម្ពុជា​។​

​ភាគី​ទាំងពីរ បាន​ផ្លាស់ប្តូរ​ទស្សន​លើ​បញ្ហា​ក្នុង​តំបន់​និង​អន្តរជាតិ​មួយចំនួន ដែលជា​ប្រយោជន៍ រួម ដូចជា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង កិច្ចខិតខំ​ដើម្បី​សម្រេច​ឱ្យបាន​ឆាប់​នូវ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) និង​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ គំនិត​នៃ ទស្សនវិស័យ​អាស៊ាន​ស្តីពី​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក និង​ចក្ខុវិស័យ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​សេរី និង​បើកចំហរ ដែល ផ្តួចផ្តើម​ដោយ​ជប៉ុន​។ ភាគី​ទាំងពីរ បាន​ឯកភាព​បន្ត​គាំទ្រ គ្នា​ទៅវិញទៅមក ទាំង​ក្នុង​ក្របខ័ណ្ឌ​តំបន់ នឹង​អន្តរជាតិ និង​ធ្វើការ​ជិតស្និទ្ធ ដើម្បី​ធ្វើការ​បន្សំ​គ្នា​នូវ​រាល់​គំនិត​ផ្តួចផ្តើម​ទាំងអស់ ដែលមាន​គោលដៅ ក្នុងការ​លើកកម្ពស់​ស​ន្តិ​ភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​បរិ​យា​ប័ន្ន​។ ភាគី​កម្ពុជា​អរគុណ​ជប៉ុន ចំពោះ​ការគាំទ្រ​គម្រោង​អភិវឌ្ឍន៍​ក្រោម​ក្របខ័ណ្ឌ​តំបន់ ជាពិសេស កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន និង​ការបង្កើត​មជ្ឈមណ្ឌល​អាស៊ាន​សម្រាប់​គ្រប់គ្រង​ភាពអាសន្ន​សុខភាព​សាធារណៈ និង​ជំងឺឆ្លង​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សម្តែង​ការរីករាយ​ក្នុងការ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ ថ្នាក់​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ជប៉ុន ដែល​នឹង​រៀបចំឡើង​នៅ​ដើមឆ្នាំ ២០២១ នៅ​ប្រទេស​ជប៉ុន​។ ឯកឧត្តម ម៉ូ​តេ​ហ្គី បានបញ្ជាក់​សាជាថ្មី​នូវ​ការគាំទ្រ​របស់​ជប៉ុន សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ី -​អឺរ៉ុប​លើក ទី​១៣ ដែល​នឹង​រៀបចំ​ដោយ​កម្ពុជា នៅ​ពាក់កណ្តាល​ឆ្នាំ ២០២១ ឱ្យ​ទទួលបាន​ជោគជ័យ​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×