Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គាំទ្រ​នូវ​សំណើ​របស់​ចិន ក្នុង​វិស័យ​អាទិភាព​ចំនួន​៤ ពាក់ព័ន្ធ​នឹង​អនាគត នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​

spot_img

​ភ្នំពេញ​៖ ពាក់ព័ន្ធ​នឹង​អនាគត​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​សម្ដែង​នូវ​ការវាយតម្លៃ​ខ្ពស់ ចំពោះ​ចក្ខុវិស័យ​ការងារ​របស់ លោកនាយក​រដ្ឋមន្ត្រី លី កឺ​ឈាង (Li Keqiang) និង​គាំទ្រ​នូវ​សំណើ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​វិស័យ​អាទិភាព​ចំនួន​៤​។

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៤ ខែសីហា ឆ្នាំ​២០២០ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៣ តាម​ប្រព័ន្ធ​វីដេអូ (video conference) ពី​វិមាន​សន្តិភាព​។​

​អញ្ជើញ​អម សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៅក្នុង​កិច្ចប្រជុំ​ព្រឹក​នេះ មាន​សមាសភាព ឯ​ឧ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង​, ឯ​ឧ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​, ឯ​ឧ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ឯ​ឧ ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង ឯ​ឧ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជាមួយ​ចំនួន​ទៀត​។​

​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៣ ឆ្នាំ​២០២០ នេះ គឺ​ប្រទេស​ឡាវ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ ដែលមាន ឯ​ឧ ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ឡាវ និង ឯ​ឧ លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន ធ្វើជា​សហប្រធាន​នៃ​កិច្ចប្រជុំ ក្រោម​មូលបទ «​ពង្រឹង​ភាពជា​ដៃគូ ដើម្បី​វិបុលភាព​រួម​»​។ ថ្នាក់ដឹកនាំ​ទាំងអស់ នឹង​ពិនិត្យឡើងវិញ​នូវ​វឌ្ឍនភាព ដែល​សម្រេចបាន​ស្របតាម​ទិសដៅ​នៃ​សេចក្ដីថ្លែងការណ៍​សាន់​យ៉ា​ឆ្នាំ​២០១៦, សេចក្ដីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ​ឆ្នាំ​២០១៨ និង​ផែនការ​សកម្មភាព​សម្រាប់​រយៈពេល​៥​ឆ្នាំ ស្តីពី​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (២០១៨-២០២២) កំណត់​ទិសដៅ​អនាគត​សម្រាប់​ការពង្រីក​វិស័យ​នៃ​កិច្ចសហប្រតិបត្តិការ និង​ជំរុញ​បន្ថែម​នូវ​ទំនុកចិត្ត​ទៅវិញទៅមក ក៏ដូចជា​ពង្រឹង​ភាពជា​ដៃគូ​ក្នុងចំណោម​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង​ទាំង​៦ ដែលមាន ១)​កម្ពុជា ២)​ថៃ ៣)​ឡាវ ៤)​មី​យ៉ាន់​ម៉ា ៥)​វៀតណាម និង ៦)​ចិន ។​

​នៅក្នុង​កិច្ចប្រជុំ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងថា ៖ ក្នុង​បរិការណ៍​ដែល​កំណើនសេដ្ឋកិច្ច​សក​ល​មានការ​ធ្លាក់ចុះ ការបង្កើត និង​រក្សា​ឱ្យបាន​នូវ​ប្រភព​កំណើន​ថ្មី នៅក្នុង​អនុតំបន់​របស់​យើង គឺជា​កត្តាចាំបាច់​ដែល​មិនអាច​ខ្វះ​បាន​។ ដូចនេះ យើង​ត្រូវខិតខំ​ព​នឿន​ការរៀបចំ និង​ការសម្រេច​ឱ្យបាន នូវ ខ្សែក្រវាត់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មេគង្គ​-​ឡាន​ឆាង (ML EDB) ដែល​នឹង​ក្លាយជា​ក្បាលម៉ាស៊ីន​ថ្មី នៃ​កំណើន​សម្រាប់​អនុតំបន់​យើង​។ ការលើកកម្ពស់​នូវ​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​គុណភាព ព្រមទាំង​ការតភ្ជាប់ និង​កិច្ចសហប្រតិបត្តិការ ផ្នែក​ឧស្សាហកម្ម និង​ជំរុញ​បន្ថែមទៀត នូវ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន និង ពង្រឹង​ការធ្វើសមាហរណកម្ម ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ នៃ​អនុតំបន់​របស់​យើង ចូលទៅក្នុង​ខ្សែ​ច្រវាក់​តម្លៃ​សកល​។ ជាមួយគ្នានេះ ការធ្វើឱ្យ​ប្រសើរឡើង​នូវ​កិច្ចសហប្រតិបត្តិការ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក៏​នឹង​ជួយ​លើកកម្ពស់​ភាព​ប្រកួតប្រជែង រយៈពេល​វែង​នៃ​អនុតំបន់​របស់​យើង​ផងដែរ​។ ក្នុងន័យនេះ សម្តេច​សូម​គាំទ្រ​នូវ​វិធានការ​ទាំងឡាយ ដែលមាន​ចែង នៅក្នុង​សេចក្ដីថ្លែងការណ៍​រួម​របស់​សហប្រធាន​។​

​សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា អស់​រយៈពេល​៥​ឆ្នាំ​មកហើយ ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​សាន​យ៉ា សម្តេច​ជឿជាក់ថា​នេះ​គឺជា​ពេលវេលា​សមស្រប​មួយ ដែល​យើង​ត្រូវ​ផ្តួចផ្តើម​ធ្វើការ​វាយតម្លៃ ដោយ​ផ្អែកលើ​ប្រព័ន្ធ​តាមដាន និង​វាយតម្លៃ​ច្បាស់លាស់​មួយ ដើម្បី​ធានា នូវ​ប្រសិទ្ធភាព នៃ​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​។ ជាក់ស្តែង ចាប់តាំងពី​ពេលដែល​ដាក់ឱ្យ​ដំណើរការ​នូវ​មូលនិធិ​ពិសេស នៃ​កិច្ចសហប្រតិបត្តិការ​នេះ ក្នុង​ឆ្នាំ​២០១៦​មក កម្ពុជា​បានទទួល​គម្រោង​ចំនួន​៥៥ ដែល​គ្របដណ្ដប់​លើ​សកម្មភាព សហប្រតិបត្តិការ​ជាក់លាក់ ហើយ​យើង​មានជំនឿថា បាន​នាំមក​នូវ​ការអភិវឌ្ឍ​ជាក់ស្តែង និង​បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​លើកកម្ពស់​សុ​ខុ​មាល​ភាព របស់​ប្រជាជន​យើងទាំងអស់គ្នា​។​

​ពាក់ព័ន្ធ​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែលជា​ប្រធានបទ​ដ៏​ក្តៅ​បំផុត​ក្នុង​ឆ្នាំ​២០២០ យើង​ត្រូវ​បង្ហាញ​ពី​សាមគ្គីភាព និង ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​សត្រូវ​រួម​នេះ ដើម្បី​ធានាថា​ជំងឺ​នេះ​នឹងមិន​បំផ្លិចបំផ្លាញ​សេដ្ឋកិច្ច និង​សុខភាព​សាធារណៈ​របស់​ជាតិ​យើង ជាពិសេស​គឺ​មិន​បំផ្លាញ​អនាគត​ប្រកបដោយ​វិបុលភាព​សម្រាប់​តំបន់​របស់​យើង​។ នៅក្នុង​បរិការណ៍​នេះ ការលើកកម្ពស់​ឱ្យ​កាន់តែ​ស៊ីជម្រៅ នូវ​សមាហរណកម្ម​តំបន់ និង​ពហុភាគី​និយម​ប្រកបដោយ​ប្រសិទ្ធភាព គឺជា​អាទិភាព​ពិសេស ២​បន្ថែមទៀត នៃ​សកម្មភាព​រួម​របស់​យើង​។ ជាមួយគ្នានេះដែរ សម្តេច​តេ​ជោ​ក៏​សូម​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​មិត្ត​ចិន​ក្នុង​ការផលិត​វ៉ាក់សាំង និង​ការប្តេជ្ញាចិត្ត​ផ្តល់​វ៉ាក់សាំង​នេះ ក្នុង​ថ្លៃ​មួយ​សមស្រប សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​។​

​ពាក់ព័ន្ធ​នឹង​អនាគត​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​សម្ដែង​នូវ​ការវាយតម្លៃ​ខ្ពស់ ចំពោះ​ចក្ខុវិស័យ​ការងារ​របស់ លោកនាយក​រដ្ឋមន្ត្រី លី កឺ​ឈាង (Li Keqiang) និង​គាំទ្រ​នូវ​សំណើ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​វិស័យ​អាទិភាព​ចំនួន​៤ រួមមាន​៖ ១៖ ការតភ្ជាប់​តាមរយៈ​ការកសាង​ខ្សែក្រវាត់​អភិវឌ្ឍ​សេដ្ឋកិច្ច​មេគង្គ​-​ឡាន​ឆាង និង​ការជំរុញ​សហ​ថាមភាព​ជាមួយនឹង​ច្រករបៀង​ពាណិជ្ជកម្ម តាម​ដី​-​សមុទ្រ​អន្តរជាតិ​ថ្មី​, ២៖ កិច្ចសហប្រតិបត្តិការ​ធនធានទឹក​, ៣៖ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​វិស័យ កសិកម្ម និង​បរិស្ថាន និង​៤៖ ការលើកកម្ពស់​សុខភាព​សាធារណៈ តាមរយៈ​ការបង្កើតឡើង នូវ​សហគមន៍​សុខភាព​សាធារណៈ​មេគង្គ​-​ឡាន​ឆាង​។​

​សម្តេច​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សហប្រធាន​ទាំងពីរ សម្រាប់​ការរៀបចំ​កិច្ចប្រជុំ​នេះ​ឡើង ប្រកបដោយ ភាពជោគជ័យ​។ ទន្ទឹមនេះ សម្តេច​ក៏​សូម​ឆ្លៀត​យក​ឱកាស​នេះ ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​នឹង​បំពេញ​តួនាទី ជា​សហប្រធាន​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង នៅពេល​ខាងមុខ​ជាមួយ​នឹង​ប្រទេស​ចិន​។​

​ជាមួយគ្នានេះ សម្តេច​ក៏បាន​អះអាង​ដែរ​ថា កម្ពុជា​ប្តេជ្ញាចិត្ត​ដ៏​មុតមាំ​ចំពោះ​កិច្ចសហប្រតិបត្តិការ​មេគង្គ​ឡាន​-​ឆាង ហើយ​កម្ពុជា​ទន្ទឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មី​យ៉ាន់​ម៉ា និង ប្រទេស​សមាជិក​ដទៃទៀត នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ក្នុង​ការកសាង «​សហគមន៍​មួយ​ដែលមាន​អនាគត​រួមគ្នា ប្រកបដោយ​សុខសន្តិភាព និង​វិបុលភាព​»​។​

​ភ្ជាប់​មក​ជាមួយនេះ គឺជា​បទ​អន្តរាគមន៍​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​៣៕
​ដោយ​៖​កូ​ឡាប​

 

 

spot_img
×