Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ដ្រី​ជំនាញ​ចុះ​បិទ​អាជីវកម្ម យានដ្ឋាន​កែច្នៃ និង​ជួសជុល​រថយន្ដ​ខុសច្បាប់ ជាង​៤០​ទីតាំងនៅ​ខណ្ឌ​សែន​សុខ

spot_img

​ភ្នំពេញ ៖ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​បិទ​អាជីវកម្ម យានដ្ឋាន​ដែល​ខុសច្បាប់​ជាង​៤០​ទីតាំងនៅ​ខណ្ឌ​សែន​សុខ​។ ការចុះ​បិទ​នេះ ក្រោយពី​សមត្ថកិច្ច​ជំនាញ រកឃើញ​យានដ្ឋាន​កែច្នៃ និង​ជួសជុល​រថយន្ដ​ខុសច្បាប់​ជាង​៤០​ទីតាំង នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០​នេះ​។​

លោកស្រី បុប្ផា ផានី អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​បិទ​អាជីវកម្ម​យានដ្ឋាន​ដែល​ខុសច្បាប់ ធ្វើឡើង​តាម​អនុសាសន៍ របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ការណែនាំ​របស់ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ត្រូវ​ចុះ​ពិនិត្យ​ភាពស្របច្បាប់ និង​បិទ​ចោល​នូវ​យានដ្ឋាន​ទាំងឡាយណា ដែល​គ្មាន​ច្បាប់​អនុញ្ញាត​។​

​លោកស្រី​បានបញ្ជាក់​ទៀតថា មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានធ្វើ​ការចុះ​បិទ​អាជីវកម្ម​ទីតាំង​យានដ្ឋាន​កែច្នៃ ដែល​នៅ​សេសសល់ មិនទាន់​មានច្បាប់​អនុញ្ញាត​ឲ្យ​អស់ទាំង​ស្រុង ក្នុងនោះ​យានដ្ឋាន​ស្ថិតក្នុង​ខណ្ឌ​សែន​សុខ មាន​យានដ្ឋាន​សរុប​ចំនួន​១១០​ទីតាំង និង​ត្រូវធ្វើ​ការបិទ​ចំនួន​ជាង​៤០ ដែលជា​ទីតាំង​គ្មាន​ច្បាប់​អនុញ្ញាត​។​

​សូមបញ្ជាក់ថា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​បញ្ជា​ឲ្យ​ក្រសួង​ពាក់ព័ន្ធ ត្រូវ​ធ្វើការ​រួមគ្នា​ដើម្បី​ពិនិត្យ និង​ចាត់វិធានការ​ចំពោះ​យានដ្ឋាន​កែច្នៃ​រថយន្ដ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត ព្រោះ​ការ​ដំណើរការ​ឲ្យ​គ្មាន​ច្បាប់ ហើយ​កែច្នៃ​មិន​ត្រឹម​ត្រូវបាន​លក្ខណៈ​បច្ចេកទេស ក៏​ជា​ដើមចម​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​៕​ដោយ៖បញ្ញាស័ក្តិ

 

spot_img
×