Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កែលំអ​ផ្លូវថ្នល់ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ និង​សិស្ស​នៅ​តំបន់​ជនបទ​

spot_img

​ខេត្ត​កំពង់ឆ្នាំង ប្រទេស​កម្ពុជា ៖ ចម្ងាយ​ពី​ផ្ទះ ទៅ​សាលារៀន​របស់​ប្អូនស្រី ថា គន្ធា ដែល​ស្ថិតនៅ​តំបន់​ជនបទ​នៅ​ប្រទេស​កម្ពុជា តម្រូវ​ឱ្យ​នាង​ជិះ​កង់​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​។ ប៉ុន្តែ វា​ជា​ការ​ធ្វើ​ដំណើរ​ដែល​នាង​ត្រូវ​ត្រៀម​រៀបចំ​យ៉ាង​ប្រុងប្រយ័ត្ន ជា​រៀងរាល់​ព្រឹក​។ នាង​ពន្យល់ថា “​មុនពេល​ខ្ញុំ​ចាប់ផ្តើម​ជិះ​កង់ ខ្ញុំ​ត្រូវ​ប្រាប់​ខ្លួនឯង​ថា ខ្ញុំ​ត្រូវ​ចងចាំ​ពី​ច្បាប់​ចរាច​រណ៍​” ដូចជា ជិះ​កង់​ប្រកាន់​ខាងស្តាំ និង​ជិះ​ឱ្យ​ឆ្ងាយ​ពី​ផ្លូវ​រថយន្ត ដើម្បី​កុំឱ្យ​ចូល​ទៅក្នុង​ផ្លូវ​របស់​រថយន្ត​។

​មិនយូរ​មុននេះ​ប៉ុន្មាន ផ្លូវ​នេះ​គឺជា​ផ្លូវ​ដែល​ពុំ​មាន​ក្រាល​កៅស៊ូ និង​ជា​ផ្លូវ​ប្រកបដោយ​គ្រោះថ្នាក់​។ ម៉ូតូ​ជិះ​ធ្លាក់​គ្រលុក​ធំៗ ហើយ​រថយន្ត​ដឹក​ទំនិញ​បំភាយ​ធូលី​ក្រាស់ឃ្មឹក​។ ក្នុង​វ័យ ១១ ឆ្នាំ គន្ធា និង​មិត្តភក្តិ​របស់​នាង មិន​ដែល​ខ្វល់​ថា ត្រូវ​ជិះ​កង់​នៅ​ខាង​ណា​ផ្លូវ​នោះ​ឡើយ ហើយក៏​មិន​ខ្វល់​ពេលដែល​ឡាន​មក​​កៀក​នឹង​ពួកគេ​នោះ​ដែរ​។​

​ផ្លូវ​ទៅ​សាលាបឋមសិក្សា​ត្រពាំងថ្ម ក្នុង​ខេត្ត​កំពង់ឆ្នាំង ទើបតែ​ត្រូវបាន​ក្រាល​កៅស៊ូ​កាលពី​ពេល​ថ្មីៗ​នេះ ជា​ផ្នែក​មួយ​នៃ​កម្មវិធី​កែលំអ​ផ្លូវថ្នល់​ដែល​រៀបចំឡើង ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ អាច​ធ្វើ​ដំណើរ​ពេញ​មួយឆ្នាំ ទៅ​ផ្សារ ទៅ​កន្លែង​ធ្វើការ និង​រក​សេវា​នានា​នៅ​ទី​រួម​ខេត្ត និង​តំបន់​បង្កបង្កើនផល​នានា​។ ជាធម្មតា ផ្លូវ​ជនបទ​នៅ​កម្ពុជា គឺជា​ផ្លូវលំ​ដែល​ពុំ​មាន​ក្រាល​កៅស៊ូ និង​តូចចង្អៀត ដែល​ធ្វើឱ្យ​ផ្លូវ​ទាំង​នេះ​ងាយ​ទទួលរង​ការខូចខាត​ដោយ​សារ​ទឹក​ជំនន់​នៅ​រដូវវស្សា​។ ការធ្វើដំណើរ​អាច​ត្រូវការ​ចំណាយ​ពេល​យូរ និង​ប្រកបដោយ​គ្រោះថ្នាក់​។​

​សេដ្ឋកិច្ច​កាន់តែ​មាន​កា​រ​រីកចម្រើន ផ្លូវ​កាន់តែ​ពិបាក​ខណៈពេលដែល​សេដ្ឋកិច្ច​មាន​ការរីកចម្រើន ផ្លូវ​ទាំង​នេះ​កាន់តែ​ខូចខាត​ខ្លាំង​ឡើងៗ​។ ចរាចរណ៍​តាម​ផ្លូវថ្នល់​នៅ​ជុំវិញ​ទន្លេសាប ដែល​ស្ថិតនៅ​ភាគ​កណ្តាល​នៃ​ប្រទេស​កម្ពុជា ត្រូវ​បាន​ព្យាករណ៍​ថា នឹង​កើនឡើង​ដល់ ១២% ជា​រៀងរាល់ឆ្នាំ នៅពេលដែល​ប្រជាពលរដ្ឋ​ទិញ​រថយន្ត​កាន់តែច្រើន និង​ទោចក្រយានយន្ត​មកប្រើប្រាស់ សម្រាប់​ការធើ្វដំណើរ​របស់​ពួកគេ​។ រថយន្ត​ដឹក​លើស​ចំណុះ បង្ក​ឱ្យមាន​ការខូចខាត​បន្ថែមទៀត និង​បង្ក​គ្រោះ​ថ្នាក់​មិន​ត្រឹមតែ​ចំពោះ​អ្នកបើកបរ​តែប៉ុណ្ណោះ​ទេ ថែម​ទាំង​ចំពោះ អ្នក​ថ្មើរជើង និង​អ្នកជិះ​កង់​ផងដែរ​។​

​ច្បាប់​ចរាចរណ៍​ថ្មី​មួយ ត្រូវបាន​ដាក់​ឱ្យ​អនុវត្ត​កាលពី​ឆ្នាំ​មុន​នេះ ប៉ុន្តែ​មាន​ប្រជាជន​ជាច្រើន​នាក់ ពុំបាន​ដឹង​ពី​ច្បាប់​ចរាចរណ៍​នេះឡើយ ហើយក៏​មិន​យល់​ពី​ផ្លាកសញ្ញា​ចរាច​រណ៍​នោះដែរ​។​

​ការ​ក្រាល​កៅស៊ូ​ផ្លូវលំ​ជនបទ នាំឱ្យ​មាន​ការកែលំអ​ជីវ​ភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​យ៉ាងច្រើន​។ ផ្លូវ​ក្រាល​កៅស៊ូ​ធ្វើឱ្យ​ប្រជា​ពលរដ្ឋ​កាន់តែ​ងាយស្រួល​ធ្វើ​ដំណើរ​ទៅ​ទីក្រុង ដើម្បី​លក់​ទំនិញ ស្វែងរក​ការងារ​ធ្វើ និង​ស្វែងរក​សេវា​ថែទាំ​សុខភាព​។ ផ្លូវ​ក្រាល​កៅស៊ូ​ទាំងនេះ ក៏​ធ្វើឱ្យ​ការធ្វើដំណើរ​កាន់តែ​មាន​សុវត្ថិភាព​ផងដែរ​។

​ប៉ុន្តែ ដំបូង​ឡើយ ការ​ទើបតែ​មាន​ផ្លូវ​ក្រាល​កៅស៊ូ​រលោង​បែបនេះ បង្ក​ជា​គ្រោះថ្នាក់​មួយ​ប្រភេទ​ផ្សេងទៀត​នៅ​តាម​ដងផ្លូវ ដោយសារ​អ្នកបើកបរ​ច្រើន​បង្កើនល្បឿន ពេលខ្លះ ក្រោយ​ពេល​ផឹក​គ្រឿង​ស្រវឹង​​រួច​។ នេះ​បង្ក​ឱ្យមាន​ហានិភ័យ​ធំៗ​ដល់​សហគមន៍​នៅ​តំបន់​ជនបទ ជាពិសេស​នៅ​តំបន់​ដែល​មាន​មនុស្ស​ច្រើន​ដូចជា សាលារៀន និង​ផ្សារ​ជាដើម​។​

​លោក Shihiru Date អ្នកឯកទេស​ជាន់ខ្ពស់​ផ្នែក​គមនាគមន៍​/​ដឹកជញ្ជូន ដែល​បាន​ដឹកនាំ​គម្រោង​កែលំអ​ផ្លូវលំ​ជនបទ​នៅ​កម្ពុជា​ចំនួន​ពីរ ក្រោម​ការគាំទ្រ​ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី ក្នុង​រយៈពេល ៩ ឆ្នាំ មានប្រសាសន៍ថា “​ស្ថានភាព​ផ្លូវ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ហើយ​ខ្ញុំ​ដឹង​ថា​ចាំបាច់​ត្រូវតែ​ធ្វើ​អ្វី​ម្យ៉ាង​។ ប្រជាពលរដ្ឋ​ទាំងនេះ ពុំ​ដែល​ធ្លាប់​មាន​ផ្លូវ​ក្រាល​កៅស៊ូ កន្លង​មក​ឡើយ ហើយ​ពួកគេ​មាន​ការព្រួយបារម្ភ​ថា ពួកគេ​នឹង​បើកបរ​ក្នុង​ល្បឿន​មួយ​លឿន នៅពេលដែល​ពួកគេ​ទទួល​បាន​ផ្លូវ​ក្រាល​កៅស៊ូ​បែបនេះ​។ យើង​មិន​ចង់​បង្កើត​នូវ​បរិយាកាស ដែល​អាច​បង្ក​គ្រោះថ្នាក់​មួយ​ផ្សេងទៀត ដល់​ប្រជាពលរដ្ឋ​ថ្មើរជើង និង​អ្នកជិះ​កង់​​នោះឡើយ​”​។

​ការរៀបចំ​កម្មវិធី​សុវត្ថិភាព​ផ្លូវថ្នល់​តាម​សហគមន៍​៖​ចន្លោះ​ពី​ឆ្នាំ ២០០៤ ដល់​ឆ្នាំ ២០១៤ ករណី​បាត់បង់​ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា ជា​រៀងរាល់ឆ្នាំ​កើនឡើង​ទ្វេដង រហូតដល់ ១៤ នាក់​ក្នុង​ប្រជាជន ១០០.០០០ នាក់ ខណៈពេល​ដែល​ចំនួន​យានយន្ត​ដែល​ចុះបញ្ជី​មាន​ការកើនឡើង ៥ ដង​។ បើទោះបីជា​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការថយចុះ​បន្តិចបន្តួច​ក្នុង​ឆ្នាំ ២០១៦ យ៉ាងណាក៏ដោយ វា​នៅតែ​ជា​មូលហេតុ​នាំមុខគេ ដែល​ធ្វើឱ្យ​មាន​ការ​បាត់បង់​ជីវិត​នៅក្នុង​ប្រទេស​នេះ​។

​យានយន្ត​ដែល​ធ្វើ​ចរាចរណ៍​នៅតាម​ផ្លូវ ៨០% ជា​ទោចក្រយានយន្ត​។ គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន​នៅតាម​ផ្លូវ​របស់​គម្រោង​នេះ គឺ​បង្កឡើង​ដោយ​ទោចក្រយានយន្ត​។ លោក Date ប្តេជ្ញាចិត្ត​បង្កើនអត្ថប្រយោជន៍​ដែល​ទទួលបាន​ពី​គម្រោង​នេះ​ឱ្យ​ដល់​កម្រិត​អតិបរមា តាមរយៈ​ការកាត់បន្ថយ​ឱ្យនៅ​តិច​បំផុត​នូវ​ហានិភ័យ​ផ្នែក​សុវត្ថិភាព​នៅលើ​ផ្លូវត្រូវ​បាន​កែលំអ ដែល​មាន​ចម្ងាយ​ជាង ៥៤០ គីឡូម៉ែត្រ ឆ្លងកាត់​ខេត្ត​ចំនួន ៧​។

​ក្នុង​រយៈពេល ៤ ឆ្នាំ លោក​បាន​ធ្វើ​ការងា​រយ៉ា​ង​ជិតស្និទ​ជាមួយ​ក្រសួង​អភិវឌ្ឍន៍ជនបទ ដើម្បី​បង្កើត​កម្មវិធី​សុវត្ថិភាព​ផ្លូវថ្នល់​តាម​សហគមន៍ សំដៅ​ផ្តល់​នូវ​បរិយាកាស​ប្រកបដោយ​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់​ផ្លូវ និង​ប្រជាពលរដ្ឋ ក្នុង​រយៈពេល​វែង​។ កម្មវិធី​នេះ​ផ្តោត​លើ​ការផ្លាស់ប្តូរ​ឥរិយាបទ​អ្នកប្រើប្រាស់​ផ្លូវ ដែលជា​មូលហេតុ​ចំបង​មួយ ដែលនាំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតមានឡើង សូម្បីតែ​នៅក្នុងប្រទេ​ស​អភិវឌ្ឍន៍​។

គំរូ​សម្រាប់​កម្មវិធី​សុវត្ថិភាព​នា​ពេលអនាគត​កម្មវិធី​នេះ​ប្រើប្រាស់​វិធីសាស្ត្រ​ចំនួន ៣៖ ការប្រមូល និង​វិភាគ​ទិន្នន័យ​តំបន់​សុវត្ថិភាព​នៅ​ជុំវិញ​សាលារៀន និង​ការពង្រឹង​ឥរិយាបទ​ក្នុងសង្គម​។ គោលបំណង​ជា​រួម​នៃ​កម្មវិធី​នេះ​គឺ​ដើម្បី​ធានា​ថា ផ្លូវ​ល្អ​ជាង​មុន មិនមែន​មាន​ន័យថា អ្នកបើកបរ​ត្រូវ​បើក​ក្នុង​ល្បឿន​លឿន​ជាង​មុន និង​មាន​គ្រោះថ្នាក់​ច្រើន​ជាង​មុន​នោះ​ឡើយ​។ កម្មវិធី​នេះ​បាន​បង្កើត​ជា​គំរូ​មួយ​ស្តីពី​សុវត្ថិភាព​ផ្លូវថ្នល់ សម្រាប់​យកទៅអនុវត្ត​នៅតាម​តំបន់​ជនបទ​ដទៃទៀត​នៅក្នុង​ប្រទេស​នេះ​។​

​លោក Date មានប្រសាសន៍ថា “​ដើម្បី​សម្រេច​នូវ​លទ្ធផល​យូរអង្វែង យើង​ចាំបាច់​ត្រូវ​ជម្រុញ​ឱ្យ​មាន​ការចូល​រួម​ពី​សហគមន៍​មូលដ្ឋាន​។ ដំណើរការ​នេះ​ត្រូវ​ចាប់ផ្តើម​មុនពេល​ដែល​ការងារ​សាងសង់​ផ្លូវ​ចាប់ផ្តើម ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​មាន​ពេល​ស្វែងយល់​ពីអ្វី​ដែល​ពួកគេ​ត្រូវ​ដឹង មុនពេល​ដែល​បរិមាណ​ចរាច​រណ៍ និង​ល្បឿន​នៃ​ការធ្វើ​ចរាចរណ៍​មាន​ការកើនឡើង​”​។​

ការសម្តែង​ក្នុង​លក្ខណៈ​ជា​សិល្បៈ ការប្រគុំ​តន្ត្រី និង​កម្មវិធី​តាម​វិទ្យុ ក្រោម​ប្រធានបទ​សុវត្ថិភាព ត្រូវបាន​រៀបចំឡើង​ដើម្បី​បញ្ជូន​សារ​ដល់​សហគមន៍ ដែល​មាន​រហូត​ដល់ ៨០% ជា​អ្នក​មិន​ចេះអក្សរ​។ អ្នកភូមិ​ជិត ១០០.០០០ នាក់ បានទទួល​ការបណ្តុះបណ្តាល​ពី​សុវត្ថិភាព​ចរាចរណ៍ ក្រោម​ផែនការ​សកម្មភាព​របស់​ភូមិ​ឃុំ​។ វីដេអូ​ត្រូវបាន​ផលិតឡើង ដើម្បី​ពន្យល់​ឱ្យបាន​ច្បាស់​ពី​ការ​បាត់បង់​ជីវិត ដែល​អាច​កើតមានឡើង​ដោយសារ​ការបើក​បរហួ​ស​ល្បឿន​កំណត់ ការបើក​បរទាំង​ស្រវឹង និង​ការមិន​ពាក់មួក​សុវត្ថិភាព​។ មនុស្សពេញវ័យ​បាន​បង្រៀន​កុមារ​អំពី​របៀប​ដើរ​ឱ្យ​មាន​សុវត្ថិភាព​ទៅ និង​មក​ពី​សាលារៀន ហើយ​ត្រូវ​ដើរ​​បញ្ច្រាស់​ទិស​ចរាចរណ៍​។​

តំបន់​សុវត្ថិភាព​ជិត​សាលារៀន ត្រូវបាន​កំណត់ និង​មាន​ការបំពាក់​ឧបករណ៍ ដូចជា ទួល​បន្ថយល្បឿន ដែល​ត្រូវបាន​ដាក់​នៅ​ពេល​ចាប់ផ្តើម និង​ពេល​បញ្ចប់​ម៉ោង​សិក្សា​របស់​សិស្ស ដើម្បី​ឱ្យ​យានយន្ត​នានា​បន្ថយល្បឿន​មក​នៅត្រឹម ៣០ គីឡូម៉ែត្រ​ក្នុង ១ ម៉ោង និង​ដើម្បី​បញ្ឈប់រថយន្ត​ទាំងនោះ​នៅ​តំបន់​ដែល​សិស្ស​ឆ្លងផ្លូវ​។ ​រហូតមកដល់​ពេលនេះ មាន​សិស្សានុសិស្ស​ប្រមាណ​ជា ២៦.០០០ នាក់​បាន​ទទួល​ការបណ្តុះ​បណ្តាល​អំពី​អ្វី​ដែល​ត្រូវធ្វើ និង​អ្វី​ដែល​មិន​ត្រូវ​ធ្វើ ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ចរាចរណ៍​។ ក្នុង​ព្រឹត្តិការណ៍​បង្កើន​ការយល់ដឹង​ទាំងនេះ ពួកគេ​បាន​ទទួល​មួក​ការពារ​ដោយ​មិន​គិតថ្លៃ និង​កងដៃ​ចំណាំងផ្លាត ក៏ដូចជា​រង្វាន់​សម្រាប់​ការចូលរួម​ក្នុង​សកម្មភាព​ផ្សេងៗ​ដូចជា សកម្មភាព​ឆ្លើយ​សំណួរ​អំពី​សុវត្ថិភាព​ជាដើម​។

​លោក អ៊ុច កុសល អាយុ ២៥ ឆ្នាំ ជា​គ្រូ​នៅ​សាលាបឋមសិក្សា​ត្រពាំងថ្ម​នេះ មានប្រសាសន៍ថា “​នៅពេល​ផ្លូវ​មិនល្អ មនុស្ស​បើកបរ​យឺតៗ ប៉ុន្តែ​ឥឡូវនេះ ពួកគេ​បើកបរ​លឿនៗ​។ យើង​ប្រាប់​សិស្ស​ឱ្យ​ដើរ​នៅ​ខាងឆ្វេង​ដៃ​បញ្ច្រាស់​ទិស​ចរាចរណ៍ និង​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​រថយន្ត​ធំៗ​”​។
​ប៉ុន្តែ សម្រាប់​កុមារ​តូចៗ ពួកគេ​ងាយ​នឹង​វិល​ទៅរក​ទម្លាប់​ចាស់ៗ​មិនល្អ​វិញ​ណាស់​។ ដូច្នេះ អ្នក​ដែល​ទទួលបាន​ការគោរព​នៅក្នុង​សហគមន៍ ដូចជា ចាស់​ព្រឹទ្ធាចារ្យ​ក្នុង​ភូមិ មន្ត្រីនគរបាល និង​មេឃុំ បាន​លើកទឹកចិត្ត​ឱ្យ​អ្នកប្រើប្រាស់​ផ្លូវ​ក្នុង​ភូមិ គោរព​ច្បាប់​ចរាច​រណ៍ ឈប់​បើកបរ​ហួស​ល្បឿន ពាក់មួក​សុវត្ថិភាព និង​មិន​ត្រូវ​បើកបរ​ក្រោយពេល​ប្រើ​ជាតិ​ស្រវឹង​ឡើយ​។

​ព្រះសង្ឃ​ក៏​បាន​ជួយ​ពង្រឹង​គោល​គំនិត​ទាំងនេះ​នៅ​វត្ត​អារាម​ផងដែរ ជាពិសេស​ក្នុង​កំឡុងពិធីបុណ្យ​សាសនា ដូចជា បុណ្យ​ភ្ជុំ​បិណ្យ នៅពេលដែល​ប្រជាពលរដ្ឋ​កម្ពុជា​ធ្វើ​ដំណើរ​ទៅ​ស្រុកកំណើត ដើម្បី​ធ្វើបុណ្យ​ដល់​ញាតិ​ការ ដែល​បាន​ចែក​ឋានរ​បស់​ពួកគេ​ជា​ដើម​។
​សារ​អប់រំ​ទាំងនេះ​ត្រូវបាន​យល់​ជ្រួតជ្រាប​៖

ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យបាន​ច្រើន ត្រូវការ​ពេលវេលា និង​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​។ ប៉ុន្តែ​បើ​តាម​លោក សុង សុផល ដែលជា​អ្នក​គ្រប់គ្រង​គម្រោង​កែលំអ​ផ្លូវ​ជនបទ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ សារ​អប់រំ​ទាំងនេះ​កំពុង​ត្រូវ​បាន​យល់​ជ្រួតជ្រៀប​ដោយ​ប្រជាពលរដ្ឋ​។ ផ្លូវថ្នល់​ដែល​មាន​សុវត្ថិភាព​ជាង​មុន​មានន័យ​ថា ប្រជាពលរដ្ឋ​ដូចជា ម្ចាស់​ហាង អ្នកស្រី កង រ៉ុន អាយុ ៦៣ ឆ្នាំ អាច​ទទួល​បាន​ប្រយោជន៍​ពេញលេញ ពី​ការភ្ជាប់​ទំនាក់ទំនង​ដឹកជញ្ជូន​ល្អប្រសើរ​ជាង​មុន​បែបនេះ​។

អាជីវកម្ម​របស់​គាត់​នៅ​តំបន់​ប្រជុំជន​ទំនប់ ជា​អ្នកលក់​ប្រហុក និង​គ្រឿងឧបភោគ​បរិភោគ និង​គ្រឿងទេស​ដទៃទៀត មាន​ការរីកចម្រើន ៣ ដង​។ ផ្សារ​ដែល​ធ្លាប់តែ​មាន​ដី​ហុយ​ទ្រលោម ឥឡូវនេះ បាន​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​រស់​រវើក​។ គាត់​បាន​និយាយថា “​នៅពេល​ផ្លូវ​ល្អ មនុស្ស​ធ្វើ​ដំណើរ​ច្រើន ហើយ​ឥឡូវនេះ អ្នកណា​ក៏​ឆ្លងកាត់​តំបន់​នេះដែរ​”​។​ ​អត្ថប្រយោជន៍​ទាំងនេះ​នឹង​សាយភាយ​បន្តិច​ម្តងៗ​ក្នុង​សហគមន៍ ជាពិសេស​នៅពេល​ដែល​ការគោរព​ច្បាប់​ចរាច​រណ៍ ក្លាយ​ជា​ទម្លាប់​ធម្មតារ​បស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ជនបទ​ក្នុង​ប្រទេស​កម្ពុជា​។

​ប្អូនស្រី ថា គន្ធា កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឱ្យមាន​ការគោរព​ច្បាប់​ចរាចរណ៍​បែបនេះ​។ “​ឥឡូវនេះ ខ្ញុំ​គោរព​ច្បាប់​ចរាចរណ៍ ហើយ​ខ្ញុំ​នឹង​ខិតខំ​ឱ្យ​បងប្អូន​ប្រុស​ស្រី​ទាំង ៤ នាក់​របស់​ខ្ញុំ គោរព​ច្បាប់​ចរាចរណ៍​ដែរ​”៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×