Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ធៀន ធៀន មក​សិក្សា​ស្វែងយល់​អំពី​ផលិតផល និង​គុណភាព​នៃ​ផ្លែស្វាយ មៀន ខ្នុរ ទុរេន ដូងក្រអូប និង​ក្រូចថ្លុង​ព្រោះ​មាន​ទីផ្សារ​ខ្ពស់​នៅ​ប្រទេស​ចិន​

spot_img

​ភ្នំពេញ​៖ ក្រុមហ៊ុន​ធៀន ធៀន បាន​ចាប់អារម្មណ៍​លើ គម្រោង​វិនិយោគ ក្នុង​វិស័យ​កសិកម្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់ពី​បាន​ទស្សនកិច្ច​សិក្សា​ស្វែងយល់​អំពី​ផលិតផល និង​គុណភាព​នៃ​ផ្លែស្វាយ មៀន ខ្នុរ ទុរេន ដូងក្រអូប និង​ក្រូចថ្លុង ព្រោះ​មាន​ទីផ្សារ​ខ្ពស់​នៅ​ប្រទេស​ចិន​។​

​នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នា​រសៀល ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន បានអនុញ្ញាត​ឱ្យ​លោក Wang Bingham អគ្គនាយក​ក្រុមហ៊ុន​ធៀន ធៀន និង​សហការី​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ក្នុង​វិស័យ​កសិកម្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

បើតាម​ឯកឧត្តម​រដ្ឋមន្ត្រី​កសិកម្ម​៖ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ប្រជាជន​ចិន​ដែល​តែងតែ​ផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ​មក​កម្ពុជា​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​កសិកម្ម​ដោយ​ភាគី​ចិន​បាន​បង្កើន​បរិមាណ​នៃ​ការ​នាំចូល​អង្ករ​កម្ពុជា​រហូតដល់ ៥០០​ពាន់​តោន និង​ថ្មីៗ​នេះ​បាន​អនុញ្ញាតឱ្យ​កម្ពុជា​នាំចេញ​ចេកអំបូង​លឿង និង​ស្វាយ​ស្រស់​ឆ្ពោះ​ត្រង់​ទៅកាន់​ប្រទេស​ចិន​ផងដែរ​។ ពាក់ព័ន្ធ​នឹង​គម្រោង​វិនិយោគ​ប្រមូល​ទិញ កែច្នៃ វេច​ខ្ចប់ និង​នាំចេញ​ផ្លែឈើ​ស្រស់​កម្ពុជា​ចេញទៅ​ប្រទេស​ចិន​របស់​ក្រុមហ៊ុន ឯកឧត្តម​រដ្ឋមន្ត្រី​ស្វាគមន៍ និង​គាំទ្រ ហើយ​លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា គម្រោង​វិនិយោគ​នេះ​គឺ​ពិតជា​ស្របតាម​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​របស់​ក្រសួង​ក្នុងការ​ជំរុញ​ផលិតកម្ម​កសិកម្ម​ក្នុងស្រុក​តាមរយៈ​ការធ្វើ​ទំនើបកម្ម​កសិកម្ម ការកែច្នៃ វេច​ខ្ចប់ និង​នាំចេញ ដែល​ទាំងអស់នេះ​នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ចជាតិ​។

​លោក Wang Bingham បាន​ថ្លែងថា បន្ទាប់ពី​បាន​ទស្សនកិច្ច​សិក្សា​ស្វែងយល់​អំពី​ផលិតផល និង​គុណភាព​នៃ​ផ្លែស្វាយ មៀន ខ្នុរ ទុរេន ដូងក្រអូប និង​ក្រូចថ្លុង​របស់​កម្ពុជា លោក​ពិត​ជាមាន​ការជឿ​ជាក់​ថា​នឹង​ទទួល​ការគាំទ្រ និង​មាន​ទីផ្សារ​ខ្ពស់​នៅ​ប្រទេស​ចិន​នា​ពេលដែល​ក្រុមហ៊ុន​ដាក់លក់​នៅលើ​ប្រព័ន្ធ​ទីផ្សារ​ពាណិជ្ជកម្ម​ព័ត៌មាន​វិជ្ជា​ផ្ទាល់​របស់​ក្រុមហ៊ុន​។ ហើយ​ដើម្បីឱ្យ​គម្រោង​នេះ​ទទួលបាន​ជោគជ័យ លោក​អគ្គនាយក​ក៏បាន​ស្នើសុំ​យោបល់ និង​អនុសាសន៍​ពី​ឯកឧត្តម​រដ្ឋមន្ត្រី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នឹង​ទីផ្សារ​ប្រមូល​ទិញ និង​នីតិវិធី​នៃ​ការនាំចេញ​ផលិតផល​ខាងលើ​ទៅ​ប្រទេស​ចិន​។

​ជាការ​ឆ្លើយតប ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​ក្រុមហ៊ុន​សហការ​ជាមួយ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា អគ្គនាយកដ្ឋាន​កសិក​ម្ម នាយកដ្ឋាន​សហប្រតិបត្តិ​កា​អន្តរជាតិ និង​នាយកដ្ឋាន​កសិឧស្សាហកម្ម សិក្សា​ស្វែងយល់​បន្ថែម​អំពី​សក្តា​នុ​ពុល​នៃ​ផលិតកម្ម​ឈើ​ហូប​ផ្លៃ​ខាងលើ រួច​រៀបចំ​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ក្រសួង ដើម្បី​ក្រសួង​មានលទ្ធភាព​អាចជួយ​សម្របសម្រួល​ក្នុង​ការធ្វើ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​សហគមន៍ និង​ជាពិសេស​នីតិវិធី​នៃ​ការនាំចេញ​៕ ដោយ​៖​កូ​ឡាប​

spot_img
×