Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកវិទ្យាសាស្ត្រ​ហុងកុង​ប្រកាសថា បុរស​មាន​សុខ​ភាពល្អ​ម្នាក់​លាប់ COVID-19 ឡើងវិញ​ក្រោយ​ជាសះស្បើយ​បាន​ជិត ៥​ខែ​

spot_img

​អ្នកវិទ្យាសាស្ត្រ​ហុងកុង បានប្រកាស​ពី​ករណី​បុរស​មាន​សុខ​ភាពល្អ​ម្នាក់ វ័យ​ជាង ៣០​ឆ្នាំ​ដែល​បាន​លាប់​ជំងឺ COVID-19 ឡើយ​វិញ បន្ទាប់ពី​ជាសះស្បើយ​អស់​រយៈពេល ៤​ខែ​កន្លះ​។​

​អ្នកវិទ្យាសាស្ត្រ​មកពី​សកល​វិទ្យាល័យ​ហុងកុង​បាន​និយាយថា បណ្តុំ​ហ្សែ​ន​បាន​បង្ហាញថា ពូជ​វីរុស​ពីរ​ប្រភេទ មាន​លក្ខណៈ​ខុសគ្នា​យ៉ាងច្បាស់ ដែល​ធ្វើ​ឲ្យ​វា​ក្លាយជា​ករណី​លាប់​លើកដំបូង​របស់​ពិភពលោក​។​

​អង្គការ​សុខភាព​ពិភពលោក (WHO) បានធ្វើការ​ព្រមាន​ថា វា​មិនមាន​សារសំខាន់​ទេ​ក្នុងការ​ធ្វើការ​សន្និដ្ឋាន​ដោយ​ផ្នែក​ទៅលើ​ករណី​នៃ​អ្នកជំងឺ​តែ​ម្នាក់​។​

​ចំណែក​អ្នកជំនាញ​វិញ បាន​និយាយថា ការ​លាប់​ឡើងវិញ​នោះ​ជា​រឿង​កម្រ និង​មិនមាន​បញ្ហា​ធ្ងន់ធ្ងរ​ឡើយ​។​

​រហូតមកដល់​ពេលនេះ មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ជាង ២៣,៣​លាន​ករណី​ជុំវិញ​ពិភពលោក​។​

​អ្នក​ដែល​ឆ្លង​វីរុស​ទាំងអស់ មានការ​ប្រតិកម្ម​ពី​ប្រព័ន្ធ​ស៊ាំ ខណៈដែល​ខ្លួនប្រាណ​របស់​ពួកគេ​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស និង​ជួយ​ការពារ​ពួកគេ​កុំ​ឲ្យ​វីរុស​កើតឡើង​វិញ​។​

​ការ​ប្រតិកម្ម​ដ៏​ខ្លាំង​បំផុត​ពី​ប្រព័ន្ធ​ស៊ាំ ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ខ្លួន​អ្នកជំងឺ​ដែល​កំពុង​ឈឺ​ធ្ងន់​។​

​ក៏ប៉ុន្តែ​គេ​នៅ​មិនទាន់​បានដឹង​ច្បាស់​ទេ​ថា​តើ ប្រព័ន្ធ​ស៊ាំ ឬ​ការការពារ​នោះ​ខ្លាំង​ប៉ុណ្ណា និង​អាច​នៅបាន​យូរ​ដល់​ណា​ទៀត​។​

​បើតាម​របាយការណ៍រ​បស់​សកល​វិទ្យាល័យ​កុង​កុង បាន​និយាយថា បុរស​នោះបាន​សម្រាក​នៅ​មន្ទីរពេទ្យ​អស់​រយៈពេល ១៤​ថ្ងៃមុន​ពេល​ពេល​គាត់​ជាសះស្បើយ​។ ក្រោយមក គាត់​ត្រូវបាន​ធ្វើតេស្ត​រកឃើញ​មាន​ផ្ទុក​វីរុស​ជា​លើក​ទី ២ ដោយ​មិនមាន​បង្ហាញ​រោគសញ្ញា​អ្វី​ទាំងអស់ បន្ទាប់ពី​មានការ​ធ្វើតេស្ត​លើទឹក​មាត់ នៅក្នុង​អំឡុង​ការត្រួតពិនិត្យ​នៅ​ព្រលានយន្តហោះ​។​

​លោក Brendan Wren សាស្ត្រាចារ្យ​ផ្នែក​រោគសាស្ត្រ នៅ​សាលា​វេជ្ជសាស្ត្រ និង​អនាម័យ​ទីក្រុង​ឡុង​ដ៍ បាន​និយាយថា “​នេះ​គឺជា​ឧទាហរណ៍​ដ៏​កម្រ​នៃ​ការ​លាប់​ជំងឺ​ឡើងវិញ​”​។​

​សូម​រំលឹកថា វីរុស​កូ​រ៉ូ​ណា ឬ COVID-19 បាន​ផ្ទុះ​ចេញ​ដំបូង​ពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន កាលពី​ចុងឆ្នាំ ២០១៩ និង​បាន​រីក​រាលដាល​យ៉ាង​លឿន​ទៅ​ជុំវិញ​ពិភពលោក​។ បើតាម​តួលេខ​ចុងក្រោយ វីរុស​មរណៈ​នេះ​បានសម្លាប់​ជីវិត​មនុស្ស​ជាង ៨០៧.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជាង ២៣,៣​លាន​នាក់​ទូទាំង​ពិភពលោក​៕

​ប្រែ​សម្រួល​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC​

spot_img
×