Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ បញ្ជា​ឲ្យ​លោក​វ៉ា គឹមហុង ចុះទៅ​ជួប​ប្រជាពលរដ្ឋ​មួយចំនួន ដែល​អះអាងថា បាត់​ដី​នៅ​ខេត្ត​ត្បូងឃ្មុំ​

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជា​ទៅ លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​លើ​កិច្ចការ​ព្រំដែន ឱ្យ​ចុះទៅ​ជួប​ប្រជាពលរដ្ឋ​មួយចំនួន ដែល​អះអាងថា បាត់​ដី​នៅ​ខេត្ត​ត្បូងឃ្មុំ​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បែបនេះ នៅក្នុង​កិច្ចប្រជុំ​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដើម្បី​បូកសរុប​ការងារ​ឆមាស​ទី​៤ ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០​នេះ​។​

​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០​នេះ​បាន​សរសេរ​សារ​នៅលើ Facebook របស់លោក​ថា​៖ “​សម្តេច​តេ​ជោ​បាន​បញ្ជា​ឲ្យ​ឯកឧត្តម វ៉ា គឹមហុង​ចុះទៅ​ជួប​ពលរដ្ឋ​ដែល​អះអាងថា​បាត់​ដី​នៅ​ខេត្ត​ត្បូងឃ្មុំ ក្រោយ​បោះបង្គោល​ព្រំដែន តប​តាម​សំនួរ​របស់ខ្ញុំ ដែល​បាន​សួរ​ទៅកាន់​នាយករដ្ឋមន្ត្រី​”​។​

​នៅ​បទ​អ​ន្តា​រគម​ន៍​របស់​ប្រតិភូ​គណបក្ស​យុវជន​កម្ពុជា គឺ លោក ពេជ្រ ស្រស់ មាន​សំណួរ ចំនួន​៣ សំណួរ ដើម្បី​ជូន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​ហើយ ។ សំណួរ​ខ្ញុំបាទ​មាន​ដូចតទៅ​នេះ​៖ (១).​តើ​ស​.​ជ​.​ណ រាជរដ្ឋាភិបាល បានចេញ​ជូន​ប្រតិភូ​បក្ស ដើម្បី​ដោះស្រាយ​ទំនាស់​ជូន ប្រជាពលរដ្ឋ​មានតម្លៃ​ជា​លិខិតគតិយុត្ត​ដែរឬទេ ? ពីព្រោះ​ប្រជាពលរដ្ឋ​ដែល​ទទួលបាន ស​.​ជ .​ណ ពី​រាជរដ្ឋាភិបាល ដើម្បី​ដោះស្រាយ​ជូន​ពួកគាត់​តាមរយៈ​ប្រតិភូ​បក្ស​នីមួយៗ ជាពិសេស​តាមរយៈ​ប្រតិភូ​បក្ស​យុវជន​កម្ពុជា​តែម្តង គឺមាន ស​.​ជ ស​.​ជ​.​ណ នោះ ទេ ។ ស​.​ជ​.​ណ មួយចំនួនធំ​ជាប់គាំង​គ្មាន​មន្ត្រី ចុះ​ពិនិត្យ និង​ដោះស្រាយ​តាម​ស្មារតី​។​

(២ ) .​តើ​រាជរដ្ឋាភិបាល​មាន​ត​ម្រោ​ង​បញ្ជូន​អ្នកជំនាញ​ព្រំដែន​ទៅ​ជួប​ប្រជាពលរដ្ឋ​ដែល អះអាងថា​បាត់​ដី​ពួកគាត់​ក្រោយ​បោះបង្គោល​ព្រំដែន ជាមួយ​វៀតណាម​រួចរាល់​ក្នុងស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​ដែរឬទេ​? ដោយហេតុថា ឯកឧត្តម វ៉ា គឹមហុង ធ្លាប់បាន​អះអាងថា បើ​មាន​ប្រជាពលរដ្ឋ​ណាមួយ អះអាងថា បាត់​ដី​ដោយសារតែ​បោះបង្គោល​ព្រំដែន ពី​គណៈកម្មការ​ព្រំដែន គឺ​ប្រជាពលរដ្ឋ​នោះ​អាច​ប្តឹង មក​គណៈកម្មការ​ព្រំដែន ដើម្បី​គណៈកម្មការ​ព្រំដែន ចាត់​មន្ត្រី​ជំនាញ​ឲ្យ​ចុះទៅពិនិត្យ និង​ដោះស្រាយ ជូន​ប្រជាពលរដ្ឋ​នោះ ហើយ​ការអះអាង​របស់ ឯកឧត្តម វ៉ា គឹមហុង ខាងលើ​គឺធ្វើឡើង​ក្នុង​កិច្ចប្រជុំ​រវាង គណៈកម្មការ​ព្រំដែន ជាមួយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ កន្លងទៅ​។​

(៣).​តើ​រាជរដ្ឋាភិបាល នឹង​បង្ហាញ​ឯកសារ ស្តីពី​ការបោះបង្គោល​ព្រំដែន​ជាមួយនឹង ប្រទេសជិតខាង ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យល់ដឹង​ផង​បាន​ឬទេ ? ចំពោះ​សំណួរ ទី​២ និង​សំណួរ​ទី​៣ ខាងលើ នេះ​ខ្ញុំ​មាន​គោលបំណង​បញ្ចប់​ភាពចម្រូងចម្រាស់​រវាង​ខ្មែរ និង​ខ្មែរ​គ្នាឯង​ជុំវិញ​រឿង​ព្រំដែន​។ អាស្រ័យ​ដូច​បាន​គោរព និង​ជម្រាបជូន​ខាងលើ សូម​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី មេត្តា​ពិនិត្យ និង​ដោះស្រាយ​ដោយ​ក្តី​អនុគ្រោះ​។​

“​សម្ដេច​តេ​ជោ​ហ៊ុន សែន ក៏​បញ្ជា​ឱ្យ​លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី បើក​សិក្ខាសាលា​មួយ ឲ្យ​ប្រជាពលរដ្ឋ សិស្ស និស្សិត​ចូល​ស្តាប់​និង​សួរនាំ អំពី​រឿង​ព្រំដែន​នេះ​ទៀតផង​” នេះ​បើតាម​លោក ពេជ្រ ស្រស់​បញ្ជាក់​បែបនេះ​។​

​សូមបញ្ជាក់ថា បញ្ហា​ព្រំដែន​ខេត្ត​ត្បូងឃ្មុំ កាលពីពេល​ថ្មីៗ​នេះ ត្រូវបាន​អ្នកគាំទ្រ​អតីត​ក្រុមប្រឆាំង លោក រ៉ុង ឈុន និង លោក សួង សុ​ភ័​ណ្ឌ ចុះទៅ​ញុះញង់ និង​បំផុសបំផុល​ប្រជាពលរដ្ឋ ដើម្បី​តវ៉ា​ចំពោះ​ការបោះបង្គោល​ព្រំដែន​។ ទោះជា​យ៉ាងនេះ​ក្តី ទាំង​លោក រ៉ុង ឈុន និង លោក សួង សុ​ភ័​ណ្ឌ សុទ្ធតែ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ហើយ​តុលាការ​បាន​ចោទប្រកាន់​លោក រ៉ុង ឈុន ពីបទ «​ញុះញង់​បង្ក​ឲ្យ​មាន ភាព​វិក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» និង​ចោទប្រកាន់ លោក សួង សុ​ភ័​ណ្ឌ ពីបទ​ញុះញង់​ឲ្យ​មាន​ភាពវឹកវរ និង​បង្ក​អសន្តិសុខ ដល់​សង្គមជាតិ ហើយ​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​។ នៅពេលនេះ លោក រ៉ុង ឈុន និង​លោក សួង សោ​ភ័​ណ្ឌ កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​បទ​ចោទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្កឱ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៤៩៤ និង​តាម​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ តុលាការ បានចាត់ទុក​បទល្មើស​របស់លោក រ៉ុង ឈុន និង​លោក សួង សោ​ភ័​ណ្ឌ ថា​ជា​បទល្មើស​ជាក់ស្តែង​៕
​ដោយ​បញ្ញា​ស័ក្តិ​

 

spot_img
×