Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ៖ ជំរុញ​ឲ្យ​ទប់ស្កាត់​ការនាំចូល​គ្រឿងញៀន​នៅ​តាម​ច្រកព្រំដែន​

spot_img

​ភ្នំពេញ ៖ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ដាស់តឿន​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ត្រួតពិនិត្យ​មុខសញ្ញា​ប្រើប្រាស់ និង​ជនរងគ្រោះ​ដោយសារ​ថ្នាំញៀន រស់នៅ​តំបន់​គ្រប់គ្រង​របស់​ខ្លួន ឲ្យបាន​ត្រឹមត្រូវ ដើម្បី​ផ្តល់​ភាពងាយស្រួល ក្នុង​ការកំណត់​តួលេខ​ឲ្យបាន​ច្បាស់លាស់ និង​បង្កើន​ការទប់ស្កាត់​ការនាំ​ចូល​គ្រឿងញៀន​ពី​ច្រក​ព្រំដែន​ឡាវ​បន្ថែមទៀត ខណៈ​ការ​នាំចូល​គ្រឿងញៀន​ពី​តំបន់​ភាគ​ឦសាន​នេះ នៅតែ​មាន​កម្រិត​ខ្ពស់​ជាង​តំបន់​ផ្សេងៗ​ទៀត​នោះ ។​

​លោកនាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ថ្លែង​នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ឆ្នាំ​២០១៧ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ និង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​នៃ​ការអនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើ​ក​ទី​២ ឆ្នាំ​២០១៧ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ​។ លោក បាន​បន្តទៀតថា ការនាំ​ចូល​នូវ​គ្រឿងញៀន​ពី​តំបន់​ព្រំដែន​ឡាវ និង​ផ្លូវអាកាស​នៅតែ​ច្រើនជាងគេ ។ ជាក់ស្តែង​កាលពី​ឆ្នាំ​២០១៧​កន្លងទៅនេះ អាជ្ញាធរ​សមត្ថកិច្ច​ចាប់​រឹបអូស​គ្រឿងញៀន​ពី​ច្រក​ព្រំដែន​នោះ​បាន​ប្រមាណ​ជាង​មួយ​រយ​គីឡូក្រាម ហើយ​បើ​តាម​ផែនការ​នៅ​ឆ្នាំ​២០១៨ ត្រូវតែ​នាំគ្នា​ខិតខំ​ទប់ស្កាត់ និង​ពង្រឹង​នៅ​ច្រក​នោះ​បន្ថែមទៀត ដើម្បី​សន្តិសុខ និង​សុវត្ថិភាព​របស់​ពលរដ្ឋ​ខ្មែរ ។​

​នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់ទៀតថា បណ្តា​ខេត្ត​នៅ​ភាគ​ឦសាន្ត​ប្រទេស​នៅ​តែ​ជា​ខេត្ត ដែល​បន្ត​មាន​សកម្មភាព​លួច​ចរាចរ​នាំ​ចូល​គ្រឿងញៀន​ដោយ ខុសច្បាប់​ទោះបី​យើង​បង្ក្រាបបាន​ចំ​ករណី​ធំៗ និង​កាត់ផ្តាច់​ខ្សែរយៈ​ទាក់ទង​ជាច្រើន​ហើយ​ក៏​ដោយ ។ ឧក្រិដ្ឋជន​អន្តរជាតិ​នៅតែ​ព្យាយាម​ប៉ុនប៉ង​ប្រើប្រាស់​កម្ពុជា ធ្វើ​ជា​ប្រទេស​ផលិត​កែច្នៃ និង​ឆ្លងកាត់​គ្រឿងញៀន​ខុសច្បាប់​តាម​គ្រប់​រូបភាព​ទាំង​ផ្លូវគោក ទឹក និង​អាកាស ។​

​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន់ បាន​ថ្លែងថា “​ទោះបីជា​ចំនួន​អ្នកប្រើប្រាស់ មាន​ការថយចុះ​ចំនួន​១២​ភាគរយ​ក្តី តែ​មាន​ករណី​ខ្លះ​គួរឲ្យ​សង្ស័យ ដូច្នេះ​សូម​គណៈ​អភិបាល​រាជធានី​-​ខេត្ត រួម​ជាមួយ​គណៈ​អភិបាល គ្រប់គ្រង​បញ្ហា​គ្រឿងញៀន រាជធានី​-​ខេត្ត ទាំងអស់​ត្រូវ​តាមដាន​ឡើងវិញ អំពី​បញ្ហា​ខាងលើនេះ ដើម្បី​ធ្វើ​យ៉ាងណា​តម្រង​គោលដៅ​ឆ្នាំ​២០១៨​នេះ ទៅរក​ការបង្ក្រាប ឲ្យចំ​គោលដៅ​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន ឲ្យមាន​ប្រសិទ្ធភាព​”​។​

​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន់ បានបញ្ជាក់ បច្ចុប្បន្ននេះ ការព្យាបាល និង​បន្សាប​ជនរងគ្រោះ​ដោយសារ​ថ្នាំញៀន មាន​ភាពល្អប្រសើរ​ដោយ គ្រប់គ្រង​បាន​កើនឡើង​៩​ភាគរយ បើ​តាម​ការរាយការណ៍​របស់​មន្ត្រី​ជំនាញ ជនរងគ្រោះ​ដោយសារ​ថ្នាំញៀន នៅសល់​ប្រមាណ​ជាង​២០០០​នាក់ ដែល​មិន​បាន​ព្យាបាល​។​

​លោកនាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បានឲ្យដឹងថា កាលពី​ឆ្នាំ​២០១៧​កន្លងទៅនេះ បទល្មើស​គ្រឿងញៀន​បង្ក្រាប​បាន ៨.១៧៣​ករណី បើ​ប្រៀបធៀប​ឆ្នាំ​២០១៦​កន្លងទៅ​មាន​ការកើនឡើង ៩២,៤៨​ភាគរយ ដែល​ឆ្នាំ​២០១៦ មាន​ត្រឹមតែ​៤.២៤៦​ករណី​នោះ ។​


​ជនសង្ស័យ​ឃាត់ខ្លួន​បាន​ចំនួន ១៧.៧៩៥​នាក់ កើនឡើង​ចំនួន ៧.៨៦២​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ហើយ​រឹបអូស​គ្រឿងញៀន​ពី​ជនល្មើស​បាន​ជិត​បី​រយ​គីឡូក្រាម ។ ដោយឡែក​សម្រាប់​ឆ្នាំ​២០១៧​នេះ ក្រុម​ការងារ​បាន​បន្សា​ប​គ្រឿងញៀន ដល់​អ្នកញៀន​គ្រឿងញៀន​បាន​ប្រមាណ​ជាង​មួយ​ម៉ឺន​នាក់​ផងដែរ ហើយ​បាន​បញ្ជូន​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួក​គេ​វិញ​ចំនួន​ជាង​ប្រាំបី​ពាន់​នាក់ ប៉ុន្តែ​ក្នុង​ចំណោម​ជាង​ប្រាំបី​ពាន់​នាក់ ដែល​បាន​បញ្ជូន​ទៅ​ផ្ទះ​វិញ​នោះ​បាន​លាប់​ឡើងវិញ​ចំនួន​ជាង​មួយ​ពាន់​នាក់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×