Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​អន្តរក្រសួង នឹងធ្វើ​ការពិចារណា​លើ​កង្វល់​និង​អនុសាសន៍​របស់លោក​ស្រី រ៉ូ​ណា ស្មី​ត ចំពោះ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​រាយការណ៍​ប្រាប់ លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ថា ក្រុមការងារ​បានធ្វើ​បច្ចុប្បន្នភាព និង​បញ្ចប់​រួចហើយ​នូវ​របាយការណ៍​សិទ្ធិមនុស្ស និង​យន្តការ​នៃ​ការស៊ើបអង្កេត​និង​ដោះស្រាយ​ពាក្យបណ្តឹង របស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដោយ​រង់ចាំ​ការពិនិត្យ​សម្រេច​ចុង​ក្រោយពី​អន្តរក្រសួង​ពាក់ព័ន្ធ រួច​នឹង​បញ្ជូនទៅ អ​.​ស​.​ប​, តែម្តង​។​

ឯកឧត្ដម កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ដឹកនាំ​កិច្ច​ជំនួប​ជាមួយ លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា តាម​ប្រព័ន្ធ​វីដេអូ ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួងមហាផ្ទៃ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួងយុត្តិធម៌ ក្រសួង​ព័ត៌មាន និង​ក្រសួងសុខាភិបាល នៅ​ម៉ោង​១៥:០០ ដល់ ១៧:៣០ នៅ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០​។​

​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​ជំនួប​រវាង​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា និង លោកស្រី រ៉ូ​ណា ស្មី​ត អ្នក​រាយ​កាណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា តាមរយៈ​ប្រព័ន្ធ​វីដេអូ បាន​លើកឡើងថា តប​តាម​ការស្នើសុំ​មកកាន់​រាជរដ្ឋាភិបាល​កម្ពុជា របស់លោក​ស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដើម្បី​ជួបពិភាក្សា​ការងារ​មុនពេល​លោកស្រី​ឡើង​ថ្លែងការណ៍​អំពី​របាយការណ៍​របស់​ខ្លួន​នៅក្នុង​ខែតុលា ឆ្នាំ​២០២០ នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នាទី​ក្រុង​ហ្សឺ​ណែវ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បានរៀបចំ​សម្របសម្រួល​ឱ្យមាន​កិច្ច​ជំនួប​តាមរយៈ​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃ​អង្គារ ៧​កើត ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០ ពី​ម៉ោង ១៥:០០ ដល់ ១៧:៣០ ) រសៀល នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា (​គ​.​ស​.​ម​.​ក​.)​។​

​កិច្ច​ជំនួប​នេះ​ដឹកនាំ​ដោយ​ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន គ​.​ស​.​ម​.​ក​. ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួងមហាផ្ទៃ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួងយុត្តិធម៌ ក្រសួង​ព័ត៌មាន និង​ក្រសួងសុខាភិបាល ដើម្បី​ចូលរួមចំណែក​ផ្ដល់នូវ​ព័ត៌មាន​ឱ្យបាន​គ្រប់​ជ្រុង ជ្រោយ តាម​ប្រធានបទ​ដែល​លោកស្រី​បានលើកឡើង​ដូចខាងក្រោម​៖

១.​ការងារ​របាយការណ៍​សិទ្ធិមនុស្ស និង​យន្តការ​នៃ​ការស៊ើបអង្កេត​និង​ដោះស្រាយ​ពាក្យបណ្តឹង របស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​៖ គ​.​ស​.​ម .​ក​. បានធ្វើ​បទ​បង្ហាញជូន​លោកស្រី រ៉ូ​ណា ស្មី​ត នូវ​វឌ្ឍនភាព​នៃ​ការងារ​របាយការណ៍​សិទ្ធិមនុស្ស​ជូន​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​.) ដូចខាងក្រោម​៖ • ឯកសារ​គោល​រួម​សម្រាប់​បាយ​ការណ៍​នីមួយៗ (Common Corr Documint) ៖ ក្រុមការងារ​បានធ្វើ​បច្ចុប្បន្នភាព និង​បញ្ចប់​រួចហើយ ដោយ​រង់ចាំ​ការពិនិត្យ​សម្រេច​ចុង​ក្រោយពី​អន្តរក្រសួង​ពាក់ព័ន្ធ រួច​នឹង​បញ្ជូនទៅ អ​.​ស​.​ប​, តែម្តង​។​

​របាយការណ៍​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​៖ បាន​ដាក់ជូន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស អ​.​ស​.​ប . នា​ខែមេសា ឆ្នាំ​២០១៩ ហើយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​នឹង​ដឹកនាំ​ក្រុមការងារ​អន្តរក្រសួង​ទៅ​ការពារ​របាយការណ៍​នេះ​នៅ​ចំពោះមុខ​គណៈកម្មការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ផងដែរ​នៅ​ខែ មីនា ឆ្នាំ​២០២១​។

​របាយការណ៍​សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ បាន​បញ្ជូនទៅ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​បញ្ជូន​បន្តទៅ អ​.​ស​.​ប​. កាលពី​ខែកញ្ញា ឆ្នាំ ២០១៩ កន្លងទៅនេះ​។​

​របាយការណ៍​ស្តីពី​ការលុបបំបាត់​រាល់​ទម្រ​ង់​នៃ​ការរើសអើង​ពូជសាសន៍​៖ បាន​បញ្ជូនទៅ អ​.​ស​.​ប​.​ឆ្នាំ​២០១៧ និង​បាន​ទៅ​ការពារ​កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

របាយការណ៍​ស្តីពី​ការការពារ​ជន​គ្រប់រូប​ពី​ការបាត់​ខ្លួន​ដោយ​បង្ខំ​៖ ក្រុមការងារ​ផ្ទៃក្នុង បានបញ្ចប់​នូវ សេចក្តីព្រាង​ដំបូង និង​ត្រៀម​ដាក់​ពិគ្រោះ​យោបល់​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​។​

​របាយការណ៍​ពិនិត្យ​ជា​សកល​តាម​កាលកំណត់ (UPR)៖ បានធ្វើការ​ផ្សព្វផ្សាយ​អនុសាសន៍​ដែល​បាន​ទទួលយក ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​អនុវត្ត និង​គ្រោង​រៀបចំ​កិច្ចប្រជុំ ដើម្បី​ត្រួតពិនិត្យ ការអនុវត្ត​អនុសាសន៍​ទាំងនោះ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ក្រោយ​ស្ថានភាព​កូ​វីដ​-១៩​ធូរស្រាល​។ ចំពោះ​របាយការណ៍​សិទ្ធិមនុស្ស ដែល​ស្ថិតនៅក្រោម​ការទទួលខុសត្រូវ​របស់​ក្រសួង ស្ថាប័ន ដទៃទៀត គ​.​ស​. ម​. ក បានធ្វើការ​ទាក់ទង​និង​សម្របសម្រួល​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន​ទាំង នោះ ដើម្បី​បញ្ចប់​ឱ្យបាន​ទាន់ពេល​។ គ​.​ស​.​ម​.​ក​. តែង​ចុះ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ជាប្រចាំ និង​ត្រួតពិនិត្យ​ការរំលោភ​សិទ្ធិមនុស្ស​នៅតាម​ពន្ធនាគារ មណ្ឌល​អប់រំ​កែប្រែ កន្លែង​ឃុំឃាំង និង​មណ្ឌល​ស្តារនីតិសម្បទា ដោយ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ជំរុញឱ្យមាន​ការដោះស្រាយ​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​។​

​គ​.​ស​.​ម​.​ក​. ក៏បាន​បង្ហាញ​នូវ​លទ្ធផល​នៃ​ការដោះស្រាយ​ប្រកបដោយ​ភាព​ជោគ​ជ័យ​នៃ​ករពើ​រំលោភ​សិទ្ធិមនុស្ស​មួយចំនួន ជា​ឧទាហរណ៍​ជាក់ស្តែង នៅ​ដើមឆ្នាំ​២០២០​នេះ ជនដៃដល់​ត្រូវបាន​បញ្ជូនទៅ​តុលាការ​ដើម្បី​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​។ ពាក់ព័ន្ធ​នឹង​យន្តការ​នៃ​ការទទួល​និង​ដោះស្រាយ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ គ​.​ស​.​ម​.​ក​. មាន​ក្រុមការងារ​ចុះ​ស៊ើបអង្កេត​ផ្ទាល់​ដល់ទី​កន្លែង ហើយក៏​មានការ​ចូលរួម​ផងដែរ​ពី​ក្រុមអ្នកច្បាប់ និង មេធាវី​ស្ម័គ្រចិត្ត ដើម្បី​ផ្តល់ជំនួយ​ផ្នែក​ច្បាប់​ដល់​ពលរដ្ឋ រួមមាន​៖ ការប្រឹក្សា​ច្បាប់ ការសម្រុះសម្រួល​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ និង​ការការពារ​ក្តី​នៅ​សវនាការ​។​

២. វិធានការ​ឆ្លើយតប​នឹង​ជំងឺ​កូ​វី​៧-១៩៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​ប្រយុទ្ធប្រឆាំង និង ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយបាន​ដាក់ចេញ​ជា​វិធានការ​បង្ការ និង​ទប់ស្កាត់​ការចម្លង​ដែល មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​សម្រាប់​បង្ការ​ជា​សាធារណៈ ការគ្រប់គ្រង ការធ្វើ​រោគវិនិច្ឆ័យ និង​ការព្យាបាល ដោយ​មិន​គិតពី​ជាតិ​សាសន៍ សាសនា និង​ឱ​ន្នា​ការ​នយោបាយ​ឡើយ និង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ជនក្រីក្រ និង​ជន​ងាយ​រងគ្រោះ​។ សិទ្ធិ​រស់រានមានជីវិត​ត្រូវបាន​ផ្តល់​ជា​អាទិភាព សិទ្ធិ​ទទួលបាន​ព័ត៌មាន​តាមរយៈ​នៃ ការផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ជូន​ដល់​ប្រជាពលរដ្ឋ ហើយ​រាជរដ្ឋាភិបាល​បាន​បញ្ចេញ​នូវ​កញ្ចប់​ថវិកា​ជូន ពលរដ្ឋ​ក្រីក្រ​ដែល​ទទួលរង​ផលប៉ះពាល់​ពី​ឥទ្ធិពល​កូ​វីដ​-១៩ ដែលជា​ការធានា​ដល់​សិទ្ធ​ផ្នែក​សេដ្ឋកិច្ច​របស់ ពលរដ្ឋ​។​

៣. សេរីភាព​នៃ​ការបញ្ចេញមតិ ការជួបជុំ និង​សមាគម​៖ កម្ពុជា​គោរព​នូវ​សេរីភាព​នៃ​ការបញ្ចេញមតិ​និង​មិន​មានការ​រឹតត្បិត​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ និង​ការជួបជុំ​ទេ មានតែ​វិធានការ​ច្បាប់​ចំពោះ​អ្នក​ដែល បញ្ចេញមតិ​និង​ជួបជុំ​ដោយ​បំពាន​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​តែប៉ុណ្ណោះ​។ សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន ក្រុមការងារ​បច្ចេកទេស​បានបញ្ចប់​រួចរាល់​ហើយ នឹង​ដាក់ជូន​គណៈរដ្ឋមន្ត្រី​អនុម័ត​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។

​ពាក់ព័ន្ធ​នឹង​លំហ​សង្គម​ស៊ីវិល រាជ​រដ្ឋា​បាល​បាន​បង្កើត​ក្រុមការងារ​របស់​រាជរ​ដ្ឋា​ភិ​បាល​ដើម្បី​សម្របសម្រួល​ដោះស្រាយ​សំណើ និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល​។ រាជរដ្ឋាភិបាល​បាន​ចាត់វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​កើតឡើង​ជាយថាហេតុ ។ យន្តការ​ក្រុមការងារ របស់​រាជរដ្ឋាភិបាល​បង្កើតឡើង​ដើម្បី​សម្របសម្រួល​ដោះស្រាយ​សំណើ និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល ហើយ​ក្រសួងមហាផ្ទៃ​បាន​ពិនិត្យឃើញ​ជារួម​ថា ការធ្វើសកម្មភាព​រប​ស់​អង្គការ​សង្គម​ស៊ីវិល​នៅតាម​មូលដ្ឋាន​មាន​ភាពល្អប្រសើរ​ជាធម្មតា​ដោយ​មិន​មានការ​រឹតត្បិត​ឡើយ​។ ក្រុមការងារ​ក៏​បាននិងកំពុង​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​សង្គម​ស៊ីវិល អំពី​ការធ្វើ​វិសោធនកម្ម​ច្បាប់ ស្តីពី​ការបង្កើត​សមាគម និង​អង្គការ មិនមែន​រដ្ឋាភិបាល​ផងដែរ​។​

៤. ការត្រួតពិនិត្យ​លើ​លិខិតបទដ្ឋាន​គតិយុត្ត​និង​វឌ្ឍនភាព​នៃ​ការកែទម្រង់​ប្រព័ន្ធយុត្តិធម៌​៖ ក្រសួងយុត្តិធម៌​កំពុងធ្វើការ​ត្រួតពិនិត្យ​ឡើងវិញ នូវ​បទដ្ឋាន​គតិយុត្ត​ដែល​កំពុង​អនុវត្ត និង​រៀបចំ​បទដ្ឋាន​គតិយុត្ត​ថ្មី មួយចំនួន​ផងដែរ ដែលមាន​សារសំខាន់​ក្នុង​វិស័យ​យុត្តិធម៌ ដើម្បីឱ្យ​ស្របតាម​គោលការណ៍​សិទ្ធិមនុស្ស​អន្តរ ជាតិ និង​ឆ្លើយតប​តាម​បរិបទ​សង្គម​របស់​ក​ម្ពុ​ជា និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​។ ក្រសួងយុត្តិធម៌ ក៏បាន បង្ហាញ​នូវ​យន្តការ​នៃ​ការអនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី ខេត្ត ក្នុង​គោលដៅ​បង្កើន​ប្រសិទ្ធភាព​នៃ​សេវា​យុត្តិធម៌ បង្កើន​សមត្ថភាព​រប​ស់​តុលាការ​ក្នុងការ​ដោះស្រាយ សំណុំរឿង​ក្តី​បាន​ឆាប់រ​ហ័យ​ប្រកបដោយ​ភាពត្រឹមត្រូវ​និង​យុត្តិធម៌ និង​រួមចំណែក​ក្នុងការ​ដោះស្រាយ​ភាព ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ផងដែរ​។​

​ជាការ​ឆ្លើយតប លោកស្រី រ៉ូ​ណា ស្មី​ត បានធ្វើការ​វាយតម្លៃ​ខ្ពស់​ជា​វិជ្ជមាន និង​កោតសរសើរ​អំពី​កិច្ច ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ដែល​បង្ហាញ​ដោយ និង​អន្តរក្រសួង​ទៅលើ​ប្រធានបទ នីមួយៗ​ខាងលើ ហើយ​និង​លើកទឹកចិត្ត​ឱ្យ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ជាមួយនឹង​លទ្ធផល​ជា​វិជ្ជមាន​នេះ​ជា​បន្តទៀត​។ ទន្ទឹមនឹងនេះ​លោកស្រី រ៉ូ​ណា ស្មី​ត ក៏បាន​បង្ហាញ​ពី​ក្តីកង្វល់​និង​ផ្តល់​ជា​អនុសាសន៍​មួយចំនួន​ផងដែរ​​ដែល​សុទ្ធតែជា​អ្វីដែល​រដ្ឋា​ភិបាល​បាននិងកំពុង​អនុវត្ត ដូចខាងក្រោម​៖

– ការទប់ស្កាត់ នូវ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ព័ត៌មាន​ក្លែងក្លាយ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​។​

-​ការរៀបចំ​និង​ការធ្វើ​វិសោធនកម្ម​ច្បាប់​មួយចំនួន ដោយមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​និង​ស្របតាម​គោលការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ មានដូចជា​ក្រមព្រហ្មទណ្ឌ ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល សេចក្តីព្រាងច្បាប់​ស្តីពី​សណ្តាប់ធ្នាប់​សាធារណៈ និង​សេចក្តីព្រាងច្បាប់​ស្តីពី​ការបង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​ជាដើម​។

​លោកស្រី​ក៏បាន​បញ្ជាក់​ផងដែរ​ថា​លោកស្រី​រីករាយ​នឹងចូលរួម​ផ្តល់យោបល់​លើ​ការរៀបចំ និង​វិសោធនកម្ម​ច្បាប់ និង​សេចក្តីព្រាងច្បាប់​ទាំងនោះ​។​

​លោកស្រី​មានការ​បារម្ភ ពី​ការ​រឹតត្បិត​សិទ្ធិសេរីភាព​បញ្ចេញមតិ និង​ការជួបជុំ​តវ៉ា តែ​លោកស្រី​មិន​គាំទ្រ​នូវ​ការជួបជុំ​បញ្ចេញមតិ​ដែល​បំពាន​ច្បាប់ បំពាន​សិទ្ធិសេរីភាព​អ្នកដទៃ បង្កឱ្យមាន​ការរើសអើង​ពូជសាសន៍ អំពើហិង្សា និង​ភាពចលាចល​ពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​សង្គម​។​

លោកស្រី​មានការ​ព្រួយបារម្ភ​ពី​ការកើនឡើង​នៃ​ការឃុំខ្លួន​បណ្តោះអាសន្ន និង​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ស្របពេល​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ -១៩​។​

គ​.​ស​.​ម​.​ក​, និង​អន្តរក្រសួង​នឹងធ្វើ​ការពិចារណា​លើ​កង្វល់​និង​អនុសាសន៍​របស់​លោកស្រី ហើយ​និង​
​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ទៀត ដើម្បី​ធ្វើឱ្យ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាន់​តែមាន​ភាពល្អ​
​ប្រសើរឡើង​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×