ភ្នំពេញ៖ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៦សីហា បានសរសេរសារលើហ្វេសប៊ុកថា
ខ្ញុំមិនចង់លូកដៃរឿងទំនាស់ ខេម ទេ ប៉ុន្តែគ្រាន់តែខ្ញុំចង់ផ្តល់ជាទស្សនទានក្នុងរឿងនេះបន្តិចចុះ។
លោកបន្តថា បើធ្វើជាដើមឈើធំ កុំខ្លាចអ្នកចូលជ្រកម្លប់ នឹងកុំខឹងនៅពេលគេចាកចេញឈប់ជ្រកម្លប់របស់ខ្លួន
ពីព្រោះថាគឺគ្រប់មនុស្សតែងតែមានការផ្លាស់ប្តូរ។
បើខ្លួនជាឪពុករបស់គេគឺកុំខឹងកូននៅពេលដែលកូនឈប់រស់នៅជាមួយយើង ពីព្រោះថាការកូនចាកចេញរបស់កូនគឺជម្រើសរបស់កូនដើម្បីទៅកសាងអនាគត ហើយក្នុងនាមជាឪពុក គឺ ត្រូវតែសប្បាយចិត្ត នៅពេល ដែលកូនមានភាពរឹងមាំហ៊ានចាកចេញពីយើង ម្យ៉ាងទៀតគួរជូនពរកូន។
ចំពោះអ្នកដែលបានជ្រកក្រោមម្លប់ ដើមឈើធំមុននឹងចាកចេញពីក្រោមដើមឈើរនោះគឺត្រូវបោះសំអាតនូវសំរាមដែលខ្លួនប្រើប្រាស់ពេលខ្លួននៅជ្រកក្រោមដើមឈើនោះឲ្យស្អាតសិនមុននឹងចាកចេញបន្តដំណើរ ទៅមុខ បន្តទៀត។
ចំពោះកូន បើទោះបីធំដឹងក្តីអាចដើរហើរបានដោយខ្លួនឯងយ៉ាងណាក៏ដោយគឺដាច់ខាតកុំភ្លេចឪពុកដែលជាអ្នកផ្តល់កំណើត និង ថែទាំតាំងតែពីយើងនៅជាទារក ហើយអ្វីដែលកូនត្រូវធ្វើ គឺនៅពេលដែលកូនចាកចេញពីឪពុកហើយមានភាពចម្រុងចម្រើន គឺ កុំភ្លេចគុណអ្នកធ្លាប់ផ្តល់កំណើត និងជួយយើងពីដំបូងទី។
“សរុបសេចក្តីមកជម្លោះរបស់ខេម និងថៅកែគឺគ្មានអ្នកឈ្នះ និងមានតែអ្នកចាញ់ និងខាតដោយថៅកែគឺបង្ហាញពីភាពអាត្មានិយមឲ្យមហាជនបានដឹង រីឯ ខេម បង្ហាញពីភាពមិនអត់ធ្មត់ឲ្យដល់ទីបញ្ចប់ ប៉ុន្តែក្នុងនាមជាឪពុកមិនគួរជួលគេឲ្យតាមវ៉ៃកូននាពេលកូនចាកចេញពីផ្ទះនោះទេ ហើយរឿង ខេម នេះ គឺខ្ញុំធ្លាប់ផ្តាំផ្ញើទៅថៅកែ ថោន តាមរយៈមិត្តភត្តិជិតស្និទ្ធ របស់គាត់ដែរថាកុំប្តឹង ខេម អីគឺវាអត់ចំណេញទេ ហើយគួរបើកចិត្តឲ្យធំទូលាយចំពោះអតីតបុគ្គលិករបស់យើង ទើបទទួលបានផលល្អពេលចុងបញ្ចប់ ហើយខ្ញុំជឿជាក់ថា នៅពេលដែលកូនរកស៉ីមានទៅ អាចបំភ្លេចផ្ទះខ្លួនឯងធ្លាប់ជ្រកនោះទេច្បាស់ណាស់គ្រប់មនុស្សទាំងអស់ គឺ នៅពេលដែលរកស៉ីមានបានទៅនឹងនឹកឃើញផ្ទះដែលខ្លួនធ្លាប់ជ្រកមុនគេជាដាច់ខាត…។សូមមានមតិប៉ុណ្ណឹងចុះពីខ្ញុំបាទ ពេជ្រ ស្រស់ ប៉ុន្តែរឿងជម្លោះ ខេម គឺតូចជាងរឿងជម្លោះខ្មែរគ្នាឯងអំពីរឿងព្រំដែននោះទេបាទ ” ។
ប៉ុន្តែទោះយ៉ាងណា នៅថ្ងៃទី២៥ខែសីហា ផលិតកម្មទីក្រុងភាពយន្ត (ថោន ) សូមប្រកាស និងបដិសេធរាល់ខ្លឹមសារក្នុងបណ្តាញសង្គម ហ្វេសប៊ុក ថា “ខ្ញុំមិននឹកស្មានថាមេខ្ញុំដែលសព្វថ្ងៃជាប្រធានមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុក្រុងភ្នំពេញ និងផេកឈ្មោះ (Khem ខេម) បានចុះផ្សាយ ។
ផលិតកម្មទីក្រុងភាពយន្ត (ថោន) សូមធ្វើការបដិសេធរាល់ខ្លឹមសារ ដែលអាខោនហ្វេសប៊ុកផេក ឈ្មោះ (Khem ខេម) ជាតារាចម្រៀងប្រចាំផលិតកម្មទីក្រុងភាពយន្ត (ថោន) បានបង្ហោះខ្លឹមសារខាងលើនេះ គឺជាការផ្សាយពត៌មានមិនពិត និង បរិហារកេរ្តិ៍ជាសាធារណៈ ។ ផលិតកម្មទីក្រុងភាពយន្ត (ថោន)ស្នើឲ្យលោក ប៉ុនសុណាវិនហៅ ខេមចេញមកសុំទោសជាសាធារណៈនិង កែតម្រូវនូវខ្លឹមសារដែលបានបង្ហោះជាបន្ទាន់។
ផលិតកម្មទីក្រុងភាពយន្ត (ថោន) សូមធ្វើការប្រកាសជាសាធារណៈឲ្យបានជ្រាបថា ឧកញ៉ា ជួប មាន ជាអគ្គនាយិកា (ម្ចាស់ផលិតកម្ម ថោន) លោកជំទាវ ចុះបញ្ជីត្រឹមត្រូវតាមច្បាប់ (វិញ្ញាបនបត្រ អាជីវកម្ម ទទួលស្គាល់ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លេខ ១៥៧ អនញ សភផវ ) មិនមាន តួនាទីអ្វី ជាមន្ត្រីរាជការនោះឡើយ។
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ឆ្លើយតបនឹងផលិតកម្ម town តារាចម្រៀង ខេម បានចេញសារនៅលើផេកហ្វេសប៊ុកផ្លូវការ នៅយប់(ទៀបភ្លឺ) ថ្ងៃ ទី២៥សីហានេះថា “យប់ជ្រៅហើយ”។
លោកខេម បានបញ្ជាក់ថា ” អរគុណគ្រប់យ៉ាងមេ មេពិតជាមេដ៏ល្អមែន ច្រើនឆ្នាំមកហើយដែលឆ្កែមួយក្បាលនេះបម្រើម្ចាស់មិនដែលទាមទាអ្វីឡើយ ហើយក៏មិនដែលធ្វើអ្វីឲ្យមេលំបាកនោះទេ គ្រាន់តែឃើញលិខិតមួយដែលមេបង្ហោះជាសាធារណៈថាឆ្កែមួយក្បាលដែលស្មោះត្រង់រាប់ឆ្នាំនេះបំពានកុងត្រានោះគឺពិតជាភ្ញាក់ផ្អើលហួសចិត្ត ព្រោះឆ្កែមួយក្បាលនេះមិនដែលមានបំណងឡើយហើយឆ្កែមួយក្បាលនេះគឺសុំលាឈប់ដោយត្រឹមត្រូវមានទាំងលិខិតលាឈប់ព្រោះគិតថាផុតកុងត្រាហើយ តែមេថានៅកុងត្រា តែឆ្កែមួយក្បាលសុំមើលជាច្រើនលើកហើយ ថាបើនៅនឹងនៅច្រៀងទៀតតែមេគេចវេសរុញទៅអ្នកនេះអ្នកនោះមិនឱ្យមើល (ឬមេចង់ឲ្យខ្ញុំបង្ហាញភស្តតាងតាមហ្វេសប៊ុកនេះ)” ។
តារាចម្រៀងសំឡេងស្អករូបនេះបានលើកឡើងទៀតថា “ខ្ញុំមិននឹកស្មានថាមេខ្ញុំដែលសព្វថ្ងៃជា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញវត្តុក្រុងភ្នំពេញមានលុយរាប់សិបលានដុល្លារ ហៀរចាយមិនអស់ ជាមនុស្សដែលមានចំណេះដឹងខ្ពស់បែរមានគំនិតចង់បំផ្លាញឆ្កែមួយក្បាលដែលធ្លាប់រស់នៅបម្រើជាច្រើនឆ្នាំបក្ខពួកនិយមក្នុងក្រុមហ៊ុនដែលបែងចែកការស្រឡាញ់យ៉ាងឆ្ងាយផុតលេខ ទោះដឹងថាមេស្រឡាញ់ពួកគេនោះក្នុងឋានៈអ្វីក៏ដោយ ទាំងដែលឆ្កែមួយក្បាលនេះប្រឹងព្រុសឲ្យម្ចាស់ខ្លាំងជាងគេនៅក្រុមហ៊ុន។ទោះបីមេមិនដែលខ្វល់នឹងបោះឆ្អឹងឲ្យក៏ដោយក៏ឆ្កែមួយក្បាលនេះគោរពនឹងស្រឡាញ់ម្ចាស់ស្មោះស្ម័គ្របំផុត ។ មេអើយមេ មេមើលឃើញតែអ្នកពិសេសរបស់មេទាំងពីរនាក់ដែលមេផ្ដល់ឲ្យគ្រប់យ៉ាងតែឆ្កែមួយក្បាលនេះមេមិនដែលខ្វល់ទេចង់ឲ្យព្រុសក៏ហៅទៅព្រុស ។ មេកុំបង្ខំឲ្យឆ្កែអនាថ
ាមួយក្បាលនេះចេះខាំអី មេអើយទុកឲ្យគ្នារកឆ្អឹងចញ្ចឹមជីវិតនិងម្ដាយជាស្ត្រីមេម៉ាយដ៏កម្សត់ផង មេក៏ដឹង មេមានដឹងទេថាឆ្កែអនាថាមួយក្បាលនេះដេកហូរទឹកភ្នែកប៉ុន្មានឆ្នាំមុននឹងសម្រេចចិត្តចេញពីម្ចាស់ ប៉ុន្មានឆ្នាំចុងក្រោយសូម្បីតែចង់បានចម្រៀងចេញក៏ឆ្កែនេះត្រូវរត់ត្រុកៗដើរកបទខ្លួនឯងដែរ មេដែលមើលកំហុសខ្លួនឯងដែលធ្វើដាក់ឆ្កែនេះទេ? បើម្ចាស់ផ្ដល់ភាពកក់ក្ដៅឲ្យតែ5%នៃមនុស្សពិសេសទាំងពីរបស់មេឆ្កែមួយក្បាលនេះសុខចិត្តបម្រើម្ចាស់ដល់ថ្ងៃចុងក្រោយ។ឆ្កែម្នាក់នេះទ្រាំខាំធ្មេញសង្កត់បំផុតព្រោះស្រឡាញ់ម្ចាស់ មានពេលមួយនោះខ្ញុំគេងយំម៉ែសួរខ្ញុំថាកើតអីកូន? ខ្ញុំប្រាប់វិញថាខ្ញុំមិនចង់ចាកចេញពីកន្លែងចាស់ទេ ខ្ញុំមានអនុស្សាវរីយច្រើណាស់ ម៉ែប្រាប់ថាគ្មានការជួបណាដែលមិនបែកនោះទេកូនត្រូវស្ងប់ស្ងាត់ ម៉ែកូនទ្រាំច្រើនពេកហើយមែនទេ? កូនល្ងង់ណាស់មែនទេ? ឬមកពីគ្រួសារយើងគ្មានឪពុក គ្មានបងប្អូន គ្មានខ្សែ គ្មានខ្នង ទើបខ្ញុំទទួលរឿងទាំងនេះម៉ែអើយតើខ្ញុំគួរទ្រាំទៀតទេ “។
លោកថា “មែនហើយចេតនាមេពេលនេះចង់ឲ្យឆ្កែមួយក្បាលនេះត្រូវគេស្អប់ទ័លច្រកបូករួមទាំងកន្លែងថ្មីមេចង់ឲ្យគេស្អប់ខ្ពើមមែនទេ? មេមិនពិបាកធ្វើទេរឿងនេះ។
លិខិតអញ្ចើញរបស់មេមួយសន្លឹកនេះគឺពិតជាឃើញទឹកចិត្តដ៏ថ្លៃថ្លាណាស់សម្រាប់ឆ្កែមួយក្បាលនេះណាស់ ទោះបី ដីកាកោះរបស់តុលាកាក៏ទុកពេលឲ្យបានយូរជាងនេះដែរបើនិយាយពីផ្លូវច្បាប់ តើមេមានបំណងអ្វី? ហៅថ្ងៃនេះឲ្យទៅស្អែក ពីព្រោះស្អែកនេះមេដឹងថាឆ្កែនេះទទួលកម្មវិធីគេរកចំណីចញ្ចឹមក្រពះមែនទេ ។ មេក៏ដឹងថាខ្ញុំបានបញ្ចប់ការងាជាមួយគ្នាហើយមុនពេលចាកចេញមេចង់មានកម្មពារជាមួយគ្នាធ្វើអី ឬមេពិបាកទទួលយកនៃភាពជោគជ័យរបស់ខ្ញុំ”។
” មេអើយឆ្កែមួយក្បាលនេះមេកុំបង្ខំវាអី វាសុំមួយរស់ទេមានរឿងច្រើនណាស់ដែលឆ្កែមួយក្បាលនេះលាក់ក្នុងចិត្តដោយការឈឺចាប់បំផុត មេអាចដាក់កំហុសគ្រប់យ៉ាងមកឆ្កែអនាថានេះបានដើម្បីកិត្តិយសមេ តែបើមេព្យាយាមវៃក្បាលឆ្កែនេះអាចនឹងពេលមួយវាទ័លច្រក” លោកបញ្ជាក់បន្ថែមយ៉ាងដូច្នេះ៕
ដោយ៖កូឡាប