Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងកសិកម្ម លើកកម្ពស់​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ក្នុង​វិស័យ​កសិកម្ម​

spot_img

​ភ្នំពេញ ៖ មជ្ឈមណ្ឌល​ព័ត៌មាន និង​ឯកសារ​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​” សមិទ្ធផល​ប្រព័ន្ធ ព័ត៌មានវិទ្យា​ក្នុង​វិស័យ​កសិកម្ម​”​។
​គោលបំណង នៃ​ការរៀបចំ​សិក្ខាសាលា​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​អំពី​សារសំខាន់​និង​អត្ថប្រយោជន៍ នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​នៅក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា តាមរយៈ​កម្មវិធី​ទូរស័ព្ទ (Mobile Apps) ប្រព័ន្ធ​គេហទំព័រ​របស់​ក្រសួង និង​បណ្តាញ​ទំនាក់ទំនង​សង្គម (​ហ្វេ​ស​ប៊ុ​ក​) ផ្លូវការ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

​លោក​បណ្ឌិត សរ ចិ​ត្រា អគ្គលេខាធិការរង នៃ​ក្រសួងកសិកម្ម រុក្ខា​មា​ញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា កម្មវិធី​នេះ​បង្ហាញ​ឲ្យ​យើង​ដឹង​អំពី​ការចូលរួមចំណែក នៃ​បច្ចេកវិទ្យា​ក្នុងការ​អភិវឌ្ឍ​កសិកម្ម​ដែលមាន​ដូចជា គាំទ្រ​ដល់​ការរៀបចំ​យុទ្ធសាស្ត្រ​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ជំរុញ​នវានុវត្តន៍​ក្នុង​វិស័យ​កសិកម្ម ការធ្វើ​កសិកម្ម​ដោយ​និរន្តរភាព ជំរុញ​ទីផ្សារ​ផលិតផល​កសិកម្ម បង្កើន​សមត្ថភាព​ក្នុង​ការធ្វើ​កសិកម្ម សុវត្ថិភាព​ចំណីអាហារ​និង​តាមដាន​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម ការគ្រប់គ្រង​គ្រោះមហន្តរាយ​និង​ការជូនដំណឹង​ជាមុន និង​ជំនួយ​ដល់​ការស្វែងរក​ការធានារ៉ាប់រង និង​ហិរញ្ញវត្ថុ​។

​ក្នុងនោះ​ប្រព័ន្ធ​គេហទំព័រ​មាន​ដូ​ជា​៖ (១) គេហទំព័រ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ www.maff.gov.kh មាន​តំណ​ភ្ជាប់​ទៅ​គេហទំព័រ​របស់​មន្ទីរ​ទាំង​២៥​រាជធានី​-​ខេត្ត​២៥ (២). បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (៣) ប្រព័ន្ធ​សេវា​ព័ត៌មាន​ទីផ្សារ​) www.amis.org.kh ឬ CAMAgriMarket និង​(៤) គេហទំព័រ​ផ្សព្វផ្សាយ​កសិកម្ម (Web Portal: www.khmeragri.info (៥) បណ្តា​ល័យ​កសិកម្ម​អេឡិចត្រូនិក​ដែល​បាន​រក្សាទុក​និង​ចែករំលែក​ឯកសារ បច្ចេកទេស​កសិកម្ម​ស​ម្រា​ប់​សាធារណៈជន elibrary.maff.gov.kh និង​វីដេអូ​កសិកម្ម​ថ្មីៗ​ក្នុង YouTube ដែលមាន Channel: Cambodia Agriculture Video–MAFF​។

​លោក​បណ្ឌិត សរ ចិ​ត្រា អគ្គលេខាធិការរង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​លើកឡើងថា ស្ថិតក្នុង​បរិបទ​ថ្មី នៃ​ការនិយម​ប្រើប្រាស់​ទូរស័ព្ទ​ឆ្លាត​វៃ​ក្នុង​យុគសម័យ​ឧស្សាហកម្ម​៤.០ និង​សេដ្ឋកិច្ច​ឌីជីថល ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ក៏បាន​បង្កើតឡើង​នូវ​កម្មវិធី​លើ​ទូរស័ព្ទ​ឆ្លាត​វៃ​មួយចំនួនទៀត​ដើម្បី​ផ្តល់​ភាពងាយស្រួល និង​ចែករំលែក​ព័ត៌មាន​អំពី​វិស័យ​កសិកម្ម​ទាំងមូល​ដល់​សាធារណៈជន និង​ប្រជាកសិករ ដូចជា​៖ កម្មវិធី​ទូរស័ព្ទ​របស់​អគ្គនាយក​ដ្ឋា​ន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ GDAHP App និង​កម្មវិធី​ទូរស័ព្ទ​បណ្ណាល័យ កសិកម្ម​អេឡិចត្រូនិក (Agrilibrary) ដែល​រាល់​កម្មវិធី​ទូរស័ព្ទ​ទាំងអស់​បានដាក់​ឲ្យ​ដំណើរការ​នៅលើ iOS app store និង​Play Store (android) ។​
​លើសពីនេះទៅទៀត​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កំពុងតែ​ពិនិត្យមើល​កាលានុវត្តភាព​ក្នុងទិសដៅ​បង្កើត​កម្មវិធី​ផ្តល់ព័ត៌មាន ទិន្នន័យ​កសិកម្ម​នៅ​កម្ពុជា (Cambodia Agricultural Big Data Platform) និង​ប្រព័ន្ធ​ត្រួតពិនិត្យ និង​តាមដាន​ផលិតផល​កសិកម្ម​តាមរយៈ​ប្រព័ន្ធ​ព័ត៌មានវិទ្យា និង​ប្រព័ន្ធ​តាមដាន​ខ្សែ​ច្រ​វ៉ា​ក់​ផលិតផល​កសិកម្ម (Agricultural Product Traceability System) សម្រាប់​ពេលអនាគត​ផងដែរ​៕
ដោយ​៖CEN


spot_img
×