Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការកាន់កាប់​ទីក្រុង​កោះ​កេរ​ឡើងវិញ ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧

spot_img

ប្រាង្គ​កណ្ដាល​ដែល​ជា​សំណង់​ទោល (១៩៩៦) ក្រុម​ប្រាសាទ​កោះ​កេរ ស្ថិតនៅក្នុង​ខេត្ត​សៀមរាប ស្រុក​កោះ​កេរ ឃុំ​ស្រយូវ​។ ក្រុម​ប្រាសាទ​នេះ​ដែល​ស្ថិត​នៅលើ​ទីតាំង​ចាស់ របស់​ព្រះ​រាជធានី​គោក​គគីរ ត្រូវបាន​កសាងឡើង​ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៤ នៅ​ចុង​ស​.​វ​ទី​១០​។ លុះ​សម័យ​ក្រោយមកទៀត រាជធានី​នេះ​ក៏​ត្រូវ​បាន​គេបោះបង់​ចោល នៅពេល​ដែល​ស្ដេច​អង្គ​នេះ​បាន​យាង​ទៅ​កាន់​រាជធានី​យ​សោធ​របុរៈ ឬ​អង្គរ​វិញ​។ ចុះ​តើ​មាន​ភស្ដុតាង​អ្វី សម្រាប់​សំគាល់ថា មាន​ការស្ដារ​ទីក្រុង​កោះ​កេរ​នេះ​ឡើង​វិញ នៅ​ចុង​ស​.​វ​ទី​១២ ដោយ​មហា​វិរក្សត្រ​ព្រះបាទ​ជ័យវរ្ម័​ន​ទី​៧ ?

​ជាបឋម សូមជម្រាបថា ការស្ដារ​ទីក្រុង​ចាស់ៗ ដែល​ទ្រុឌទ្រោម​បាក់បែក​ឡើងវិញ​នោះ ពុំមែន​ទើបតែ​កើតមានឡើង​ក្នុង​រាជ្យ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ នោះទេ ពោល​គឺ​ធ្លាប់បាន​កើតឡើង​រួចមកហើយ ក្នុង​អតីតកាល​ដ៏​យូរលង់ ។ ឧទាហរណ៍​ជាក់ស្ដែង​មួយ ព្រឹត្តិការណ៍​បែប​នេះ​ត្រូវបាន​អនុវត្ត​ឡើង​ក្នុង​រាជ្យ​របស់​ព្រះបាទ សុរិយា​វរ្ម័នទី​១ ដែល​បាន​សោយរាជ្យ​កាលពី​ស​.​វ​.​ទី​១១ ។​

តាម​ខ្លឹមសារ​នៃ​សិលាចារឹក Ka19 ដែល​យើង​បាន​រកឃើញ នៅ​ខេត្ត​បន្ទាយមានជ័យ​បច្ចុប្បន្ន ទីក្រុង​ល្វ ឬ​លពបុរី អតីត​ទឹកដី​ខ្មែរ ត្រូវបាន​ស្ដារឡើងវិញ តាម​ព្រះតម្រិះ​របស់​ស្ដេច​ខ្មែរ​អង្គរ​ខាងលើនេះ ក្រោយ​ពី​ទីប្រជុំជន​ដ៏​សំខាន់​នេះ​ត្រូវបាន​បំផ្លិចបំផ្លាញ ដោយ​សង្គ្រាម​រវាង​ខ្មែរ និង​មន ។​

​ក្បាច់​ផ្ដែរ​បែប​ពុទ្ធ​និយម​មិនទាន់​ឆ្លាក់​រួច​

ដូចនេះ ការស្ដារ​ទីក្រុង​បុរាណ​ឡើងវិញ ពុំមែន​ជា​រឿង​ថ្មីថ្មោង វា​ជា​ប្រពៃណី​ខ្មែរ​មួយ ដែល​ប្រមុខ​អ្នកដឹកនាំ​ខ្មែរ​តែងតែ​អនុវត្ត​គ្រប់​យុគ​គ្រប់​សម័យកាល ដូច​ដែល​ខ្លឹមសារ​នៃ​សិលាចារឹក​ខាងលើ​ជា​ភស្ដុតាង​ស្រាប់ ។

​ទិដ្ឋភាព​ប្រាសាទ​មើល​ពី​ក្រោយ​

ក្នុង​ការចុះ​ទៅ​សិក្សា​ស្រាវជ្រាវ​មួយ កាលពី​ឆ្នាំ​១៩៩៦ នៅ​ក្រុម​ប្រាសាទ​កោះ​កេរ​ជាមួយ​អភិ​រក្សដ្ឋាន​អង្គរ យើង​បាន​ប្រទះ​ឃើញ​ប្រាសាទ​បាក់បែក​មួយ ក្បែរ​ប្រាសាទ​ក​ន្ទ្រា​ប់ ដែល​ជា​មន្ទីរពេទ្យ ឬ​អរោគ្យសាលា​របស់​ព្រះបាទ​ជ័យវរ្ម័​ន​ទី​៧ ។ ដូច​សំណង់​ផ្សេងៗ ឯ​ទៀត​ដែរ អរោគ្យសាលា​នោះ​មាន​ទម្រង់ ៖ បួន​ជ្រុង​ទ្រ​វែង បែរមុខ​ទៅ​ទិសខាងកើត មាន​ស្រះ​ទឹក​មួយ​នៅ​ខាង​មុខ ក្លោងទ្វារ​ចូល​តែមួយគត់ និង​ប្រាង្គ​ទោល​មួយ​នៅ​ចំ​កណ្ដាល អម​ដោយ​សំណង់​បណ្ណាល័យ ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​កំពែង​ធ្វើ​អំពី​ថ្ម​បាយក្រៀម ។

​ទិដ្ឋភាព​ទូទៅ​នៃ​ប្រាសាទ​

ចំពោះ​យើង វត្តមាន​របស់​មន្ទីរ​ពេទ្យ​នេះ​ឆ្លុះ​បញ្ជាំង​នូវ​វត្តមាន​របស់​ព្រះ ពុទ្ធសាសនា​មហាយាន​នៅ​ទីនោះ និង​បង្ហាញ​ពី​ការកាន់កាប់​ឡើងវិញ​នូវ​ព្រះ​រាជធានី​ចាស់​យ៉ាង​ប្រាកដ ដោយ​ឥត​ប្រកែក ។​

​ប្រាង្គ​កណ្ដាល​មើល​ពី​កំពែង​ប្រាសាទ​

តើ​មូលហេតុ​អ្វី​ដែល​បាន​នាំ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ឲ្យកាន់កា​ប់ព្រះ​រាជធានី​កោះកេរ​ឡើងវិញ ? កុំភ្លេចថា ករណី​ដូច​គ្នា​នេះ​ក៏​ត្រូវបាន​កត់សម្គាល់​នៅ​បូជនីយដ្ឋាន​ភ្នំ​បាណន់ នៅ​ខេត្ត​បាត់ដំបង នៅ​ភ្នំ​រុង នៅ​ខេត្ត​បុរី​រម្យ និង​នៅ​ភិមា​យ នៅ​ខេត្ត​នគររាជ​សីមា​ដែរ ។​
សូមជម្រាបថា ការស្ដារ​ព្រះ​រាជធានី និងរ​ម្មនី​យដ្ឋា​ន​ចាស់ៗ តាមរយៈ​ការជួសជុល ឬ​ការបន្ថែម​នូវ​សំណង់​ថ្មីៗ​ដូចជា មន្ទីរពេទ្យ​ជា​ដើម គឺជា​ព្រះរាជ​កាតព្វកិច្ច​របស់​អតីត​ព្រះរាជា​ខ្មែរ​ទាំងឡាយ ដែល​ប្រវត្តិសាស្ត្រ​បាន​កត់ត្រា​ទុក ដើម្បី​ផ្សាភ្ជាប់​នឹង​ដូនតា ពោល​គឺ​អតីត​ព្រះមហាក្សត្រ​ដែល​បាន​ចែក​ឋាន​ទៅ ។ ដូច្នេះហើយ ទង្វើ​ដ៏​ប្រពៃ​នេះ ដែល តាមពិតទៅ ក៏​ជា​សញ្ញាណ​នៃ​ភក្ដីភាព និង​កត្តញ្ញូតាធម៌​ដ៏​ខ្ពង់ខ្ពស់​បំផុត ត្រូវបាន​អ្នកដឹកនាំ​ខ្មែរ​អនុលោម នា​គ្រប់​សម័យកាល​ទាំងអស់ ពី​បុរាណកាល ក៏ដូចជា​បច្ចុប្បន្នភាព​នេះដែរ ។​

​គោ​បុរៈ​ខាងត្បូង​នៃ​អរោគ្យ​សាលា​

មានន័យ​ថា ការសាងសង់​អរោគ្យសាលា​ធ្វើ​អំពី​ថ្មបាយក្រៀម ក្បែរ​ទីតាំង​នៃ​ប្រាសាទ​ចាស់ៗ ដូចជា​ប្រាសាទ​ក​ន្ទ្រា​ប់ គ្មាន​អាថ៌កំបាំង​អ្វី​ទេ សម្រាប់​យើង ព្រោះ​វា​ជា​តម្រូវការ​ចាំបាច់​របស់​ប្រមុខ​ដឹកនាំ​ខ្មែរគ្រប់​រូប ដែល​ស្ថិត​ក្នុង​ការបន្ដ​ការស្ដារ​ឡើង​វិញ ឬ​ការកសាង​ជាតិខ្មែរ ។​

​ស្រះ​ទឹក​នៅ​ពីមុខ​កំពែង​ថ្ម​បាយក្រៀម​

សរុបសេចក្ដី​មក ការ​ដែល​ទីក្រុង​បានកកើតឡើង ហើយ​ស្លាប់​ទៅ​វិញ ឬក៏​ជួនកាល​ត្រូវ​ស្ដារ​សក្ដានុពល​ឡើងវិញ​នោះ ដូច​ករណី​នៃ​ទីក្រុង​កោះ​កេរ គឺជា​រឿង​ធម្មតា ដែល​គប្បី​យើង​មិនត្រូវ​មាន​ការភ្ញាក់ផ្អើល​ឡើយ ៕ (​ម​.​ត្រា​ណេ​)​

spot_img
×