Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អន្តរក្រសួង វាយតម្លៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥

spot_img

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​ពុធ ទី​២៦ ខែសីហា ឆ្នាំ​២០២០ នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (​ក​.​អ​.​ក​) បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​កម្រិត​ថ្នាក់ដឹកនាំ ដើម្បី​ពិនិត្យ​ចុងក្រោយ និង​សម្រេច​លើ​សេចក្តីព្រាង​ក្របខណ្ឌ​តាមដាន និង​វាយតម្លៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ (IDP) និង​សេចក្តីព្រាង​សូចនាករ​គន្លឹះ​សម្រាប់​ការតាមដាន​និង​វាយតម្លៃ​ការអនុវត្ត IDP​។

​កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ ក​.​អ​.​ក​, ឯកឧត្តម ឈៀង យ៉ាណា​រ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​គណៈកម្មាធិកា​រ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​, ព្រមទាំង​ឯកឧត្តម លោកជំទាវ តំណាង​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ធ ដែល​ត្រូវបានចាត់តាំង​ជា​មន្ត្រី​បង្គោល និង​មន្ត្រី​បច្ចេកទេស សរុប​ចំនួន ១១៩ រូប​។

​ផ្អែក​តាម​ស្មារតី​នៃ​កិច្ចប្រជុំ​អន្តរក្រសួង​នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០ ចំពោះ​ការកំណត់​សូចនាករ​គន្លឹះ​សម្រាប់​ការតាមដាន​និង​វាយតម្លៃ​ការអនុវត្ត IDP អង្គប្រជុំ​បានអនុញ្ញាត​ឱ្យមាន​កិច្ចប្រជុំ​អន្តរក្រសួង​កម្រិត​បច្ចេក​ទេស​ចំនួន ២​លើក សម្រាប់​ពិនិត្យ​ពិភាក្សា​លើ​សេចក្ដីព្រាង​សូចនាករ​គន្លឹះ​កម្រិត​យុទ្ធសាស្ត្រ និង​កម្រិត​វិស័យ នៅ​ថ្ងៃទី​៦ និង​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ ដោយមាន​ការចូលរួម​ពី​មន្ត្រី​បច្ចេកទេស​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​។

​កិច្ចប្រជុំ​ទាំងពីរ​លើក​នេះ បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន និង​មានការ​ចូលរួម​ពិភាក្សា​យ៉ាង​ផុសផុល ដោយ​ក្នុងនោះ តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បានផ្ដល់​ធាតុ​ចូល​ជាច្រើន​លើ​សេចក្ដីព្រាង​សូចនាករ​ដែល​បានរៀបចំ​ឡើង​ដោយ ក​.​អ​.​ក ដូចជា​ការស្នើសុំ​បន្ថែម​, លុបចោល និង​កែសម្រួល​សូចនាករ​គន្លឹះ​មួយចំនួន សំដៅ​ធ្វើយ៉ាងណា​ឱ្យ​សូចនាករ​ទាំងនោះ​មាន​លក្ខណៈ​ប្រាកដនិយម សមស្រប និង​មាន​ប្រភព​ទិន្នន័យ​ច្បាស់លាស់​។​

​ជារួម អង្គប្រជុំ​នា​ថ្ងៃនេះ​បានសម្រេច​លទ្ធផល​ដូចខាងក្រោម​៖

(១) ឯកភាព​លើ​សេចក្តីព្រាង​ក្របខ័ណ្ឌ​តាមដាន និង​វាយតម្លៃ​ការអនុវត្ត IDP និង​សេចក្តីព្រាង​សូចនាករ​គន្លឹះ​កម្រិត​យុទ្ធសាស្ត្រ និង​កម្រិត​វិស័យ ។​

(២) ឯកភាព​ឱ្យ ក​.​អ​.​ក រៀបចំ​សិក្ខាសាលា​កម្រិត​ប​ចេ្ច​ក​ទេស​មួយ ដើម្បី​ផ្សព្វផ្សាយ​អំពី​ទម្រង់​គំរូ​របាយការណ៍ និង​ការកំណត់​សូចនាករ​គោល​កម្រិត​ប​ច្ចេកទេស សម្រាប់​វិធានការ​គោលនយោបាយ​នីមួយៗ​របស់ IDP ដោយមាន​ការចូលរួម​ពី​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ធ នៅក្នុង​សប្ដាហ៍​ទី​២ នៃ​ខែកញ្ញា ឆ្នាំ​២០២០​ខាងមុខ​។​

(៣) ក​.​អ​.​ក នឹង​ធ្វើការ​បូកសរុប​អនុសាសន៍​ណែនាំ​បន្ថែម​លើ​សេចក្ដីព្រាង​ឯកសារ​ទាំងពីរ​ដែល​បានទទួល​ការឯកភាព​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​នេះ ដើម្បី​ស្នើ​ដាក់ជូន​កិច្ចប្រជុំ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នាពេល​ឆាប់ៗ​ខាងមុខ មុននឹង​បន្ត​ដាក់ជូន​រាជរដ្ឋាភិបាល​ពិនិត្យ និង​សម្រេច​ដាក់ឱ្យ​ប្រើប្រាស់​ជា​ចុងក្រោយ​៕ ដោយ​៖​កូ​ឡាប​

spot_img
×