Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង បន្ត​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី នគរបាល និង​កងរាជអាវុធហត្ថ ដើម្បី​ចាត់វិធានការ​លើ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​

spot_img

​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ពង្រឹង​ការសហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ រឹតបន្តឹង​ចំពោះ យានដ្ឋាន​កែច្នៃ​យានយន្ត​ខុសច្បាប់ និង​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដែលជា​មូលហេតុ​ចម្បង​ធ្វើឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍ និង​ការខូចខាត​ផ្លូវ​មុន​អាយុកាល​។​

​ថ្ងៃ​ពុធ ទី​២៦ ខែសីហា ឆ្នាំ​២០២០ នៅ​ទី​ស្ដី​ក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ក្រោម​ឱវាទ​ក្រសួង​។​

កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​ពិភាក្សា ពី​វិធានការ​ទប់ស្កាត់​យានដ្ឋាន​ជួសជុល​និង​កែច្នៃ និង​យានដ្ឋាន​ដំឡើង​យានយន្ត​ខុសច្បាប់ ការគ្រប់គ្រង​ឯកសារ​ចុះបញ្ជី​យានយន្ត ការត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ការងារ​គ្រប់គ្រង និង​ត្រួតពិនិត្យ​ស្លាក​សញ្ញា​ចរាចរណ៍​តាម​ដងផ្លូវ​ជាតិ និង​ការងារ​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បានឱ្យដឹងថា ក្រសួង​នឹងធ្វើ​របាយការណ៍​អំពី ស្ថានភាព​នៃ​យានដ្ឋាន​គ្មាន​ច្បាប់​អនុញ្ញាត និង​យានដ្ឋាន​មានច្បាប់​អនុញ្ញាត និង​យានដ្ឋាន​មានច្បាប់​អនុញ្ញាត​តែ​កែច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស ជូន​ក្រសួងមហាផ្ទៃ និង​ជូន​អាជ្ញាធរ​ដែនដី ដើម្បី​ចាត់ការ​តាមច្បាប់​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា ក្រសួង​ត្រូវ​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ជាពិសេស​នគរបាល និង​កងរាជអាវុធហត្ថ ដើម្បី​ចាត់វិធានការ​លើ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​។​

​ដោយឡែក ចំពោះ​វិធានការ​ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​ក្រុមមន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ប្រើប្រាស់​យន្តការ​ជញ្ជីង​ចល័ត ជញ្ជីង​បង្កប់​ក្រោម​តួ​ផ្លូវ (WEIGHT IN MOTION) និង​កាមេរ៉ា​ចាប់​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ឱ្យបាន​ច្រើន​កន្លែង ដើម្បី​តាម​ចាប់​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ដែល​គេចវេះ មិន​ព្រម​ចូល​ថ្លឹង​នៅតាម​ស្ថានីយ​ជញ្ជីង ដែលជា​មូលហេតុ​ចម្បង​នាំឱ្យមាន​គ្រោះថ្នាក​ចរាច​ណ៍ អន្តរាយ​ដល់​ផ្លូវថ្នល់ និង​ខាតបង់​ថវិកាជាតិ​ជាដើម​។​

​ដោយឡែក​ទាក់ទង​នឹង​ការគ្រប់គ្រង និង​ត្រួតពិនិត្យ​ស្លាក​សញ្ញា​ចរាចរណ៍​តាម​ដងផ្លូវ​ជាតិ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់​របស់​ក្រសួង​សិក្សា​លម្អិត​គ្រប់​ផ្លូវ​ទាំងអស់ ដើម្បី​រៀបចំ​បំពាក់​ស្លាក​សញ្ញា​ឱ្យ​ត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ងាយ​មើលឃើញ និង​មានគុណ​ភាពល្អ​អាច​ប្រើប្រាស់​បានយូរ​អង្វែង ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​បន្តថា ការផ្ទេរកម្មសិទ្ធិ​យានជំនិះ​នឹងត្រូវ​ធ្វើតាម​ប្រព័ន្ធ​អន​ឡាញ ដោយហេតុថា​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពុង​សហការ​ជាមួយ​អគ្គនាយក​ពន្ធដារ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​ក្នុង​ការផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ ដោយ​ប្រជាពលរដ្ឋ​គ្រាន់តែ​ចូលទៅ​កាន់ កន្លែង​ផ្តល់​សេវា​ដែល​កំណត់ដោយ​ក្រសួង តែមួយ​កន្លែង​ជាការ​ស្រេច ដើម្បី​ទទួលបាន​សេវា និង​បង់ពន្ធ​ប្រាប់​ត្រា ដោយ​ប្រើប្រាស់​រយៈពេល​ខ្លី លឿន​រហ័ស និង​មិន​ស្មុគស្មាញ​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​បន្តថា ក្រសួង​នឹង​ផ្ដល់​គ្រឿងចក្រ​ជូន​មន្ទីរ​ទាំង​២៥ រាជធានី​-​ខេត្ត អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ដែលជា​អគ្គនាយកដ្ឋាន​ទើបតែ​បង្កើត​ថ្មី និង​ក្រុមការងារ​ពិសេស​ចុះ​ត្រួតពិនិត្យ​គុណភាព​ផ្លូវ យកទៅ​ប្រើប្រាស់​តាម​តម្រូវការ និង​ប្រើប្រាស់​គ្រឿងចក្រ​ទាំងនេះ​ឱ្យអស់​លទ្ធភាព​ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​អភិវឌ្ឍ​វិស័យនេះ​ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​៕ ដោយ​៖​កូ​ឡាប​

spot_img
×