កំពង់ស្ពឺ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៧ខែសីហានេះ បានចេញផ្សាយព័ត៌មានពីករណីកិច្ចប្រតិបត្តិការបង្ក្រាបបានមេខ្លោង ជួញដូរ គ្រឿងញៀនខុសច្បាប់ថា នៅថ្ងៃទី២៤ សីហា ២០២០ វេលាម៉ោង ១៩និង០០នាទី កម្លាំងជំនាញ (ក៤) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំលោក ឃឹង សារ៉ាត់ នាយករងមន្ទីរ និងមានការសម្របសម្រួល ពីលោកជំទាវព្រះរាជអាជ្ញា ចាត សូរស្មី បានបើកការស៊ើបអង្កេតស្រាវជ្រាវ បង្រា្កប នៅចំណុចផ្លូវជាតិលេខ០៣ ក្នុងផ្ទះសំណាក់ លី ហេង ស្ថិតក្នុងភូមិព្រៃកេះឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺឃាត់ខ្លួនជនសង្ស័យ៥នាក់ ដែលជួញដូរសារធាតុញៀនប្រភេទមេតំហ្វេតាមីនជាង ១គីឡូក្រាម។
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ជាលទ្ធផល កម្លាំងជំនាញ (ក៤)បានឃាត់ខ្លួនជនសង្ស័យ៥នាក់ ១-ឈ្មោះ អ៊ុក សូរិយា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ។ ២-ឈ្មោះ ជួន វណ្ណៈ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ។ ៣-ឈ្មោះ កេត សាវ៉ន ភេទប្រុស ៦២ឆ្នាំ ជនជាតិខ្មែរ។ ៤-ឈ្មោះ វង្ស ង៉ហុង ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិ វៀតណាម។ ៥-ឈ្មោះ ឡុង ស្រីពេជ្រ ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ និងចាប់យកវត្ថុតាង សារធាតុញៀនប្រភេទមេតំហ្វេតាមីន ១២៩៩,៥១ក្រាម (មួយគីឡូពីររយកៅសិបប្រាំបួនក្បៀសហាសិបមួយក្រាម) ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ៕ដោយ៖កូឡាប