Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈាម​ស្រែក​ស្បែក​ហៅ គម្រប់​ខួបប្រាំពីរថ្ងៃ នគរបាល​ខេត្តកណ្ដាល​បំបែកសំណុំរឿង​ចាប់ខ្លួន​ជនសង្ស័យ​ជា​ឃាតករ​ចាក់​សម្លាប់​មិត្តភក្តិ​ខ្លួនឯង នៅ​ស្រុក​ស្អាង​

spot_img

​កណ្ដាល​៖ នគរបាល​ខេត្តកណ្ដាល សហការ​ជាមួយ​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ និង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញា​ខេត្តកណ្ដាល និង​ខេត្តពោធិ៍សាត់ បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​រហូត​បំបែកសំណុំរឿង ចាប់ខ្លួន​ជនសង្ស័យ​ជា​ឃាតករ​បាន​ហើយ នៅវេលា​ម៉ោង​១៦​និង​១០​នាទី ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ ខណៈដែល​ជនសង្ស័យ​ជា​ឃាតករ​ព្យាយាម​ទៅ​លាក់ខ្លួន​សម្ងំ​រស់នៅ​ភូមិ​ក្បាលហុង សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិសាត់ ក្រោយ​ធ្វើ​សកម្មភាព​យក​កាំបិត​ចាក់​សម្លាប់​មិត្តភក្តិ​ខ្លួនឯង​រហូត​ស្លាប់ កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង ១៨​និង​៥៥​នាទី នៅ​ចំណុច​ភូមិ​ក្បាលកោះ​កើត ឃុំ​កោះ​ខ្សាច់​ទន្លា ស្រុក​ស្អាង ខេត្តកណ្ដាល​។

​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួនបាន​មានឈ្មោះ គក សំបូរ ហៅ ភ្លោះ​ធំ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ​។ ចំណែក​យុវជន​រងគ្រោះ​ឈ្មោះ លី ពិសី ហៅ ពី​ពី​ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ថតរូប​។ ជនសង្ស័យ​និង​ជនរងគ្រោះ​ត្រូវជា​មិត្តភក្តិ​នឹង​គ្នា មាន​ទីលំនៅ​ភូមិ​ក្បាលកោះ​កើត ឃុំ​កោះ​ខ្សាច់​ទន្លា ស្រុក​ស្អាង ខេត្តកណ្ដាល​។

គួរ​រំ​ឮ​កថា កាលពី​ថ្ងៃកើតហេតុ ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០ យុវជន​រងគ្រោះ​និង​យុវជន​សង្ស័យ​បាននាំគ្នា​ផឹកស៊ី ហើយ​ពុំ​ដឹង​ជាមាន​រឿង​អ្វី បាន​កើតជា​ទំនាស់​ទាស់​ពាក្យសម្តី​គ្នា រហូត​ធ្វើ​ឲ្យ​យុវជន​សង្ស័យ​បាន​យក​កាំបិត​ចុង​ស្រួច​មកចាក់​លើ​យុវជន​រងគ្រោះ បណ្ដាល​ឲ្យ​របួសធ្ងន់ រួច​យុវជន​សង្ស័យ​បានគេច​ខ្លួន​បាត់ស្រមោល ។

ក្រោយពី​មាន​ហេតុការណ៍​កើតឡើង យុវជន​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជ័យជំនះ​ក្រុង​តាខ្មៅ តែ​ជា​អកុសល​យុវជន​រងគ្រោះ​ដាច់ខ្យល់​ស្លាប់​ខណៈ​បញ្ជូន​ដល់​មន្ទីរពេទ្យ​។ លុះ​មកដល់​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ នគរបាល​ខេត្តកណ្ដាល​កំណត់​មុខសញ្ញា​ច្បាស់​ថា ជនសង្ស័យ​កំពុង​លាក់ខ្លួន​ក្នុង​ខេត្តពោធិ៍សាត់ ហើយក៏​ធ្វើការ​សហការ​ជាមួយ​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ ,​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ និង​ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញា​ខេត្តកណ្ដាល និង​ខេត្តពោធិ៍សាត់ បើក​ប្រតិបត្តិការ​រហូត​ចាប់ខ្លួនបាន នៅវេលា​ម៉ោង​១៦​និង​១០​នាទី នៅ​ចំណុច​ភូមិ​ក្បាលហុង សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។​

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កំពុងធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនមក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ដើម្បី​ចាត់ការ​តាមច្បាប់​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×